អ្នកតាមដានលើកឡើងថា ការដែលសកម្មជនគណបក្សប្រឆាំង និងសកម្មជនសង្គមដទៃទៀតសុំទោសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសាធារណៈ ព្រមទាំងទទួលស្គាល់កំហុស ហើយទទួលបានការលើកលែងទោសនោះជាការបង្ហាញពីភាពកម្សោយនៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
ការលើកឡើងរបស់ក្រុមអ្នកតាមដានបែបនេះធ្វើឡើងក្រោយព្រះមហាក្សត្រ ជាបន្តបន្ទាប់ បានចេញព្រះរាជក្រឹត្យលើកលែងទោសអតីតសកម្មជនគណបក្សសង្គ្រោះជាតិ និងសកម្មជនសង្គមផ្សេងទៀត នៅពេលពួកគេសរសេរលិខិតសុំអភ័យទោស និងស្នើសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្រោយចេញពីពន្ធនាគារវិញ អ្នកខ្លះក៏សម្រេចចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ហើយខ្លះទៀតសន្យាដកខ្លួនចេញពីសកម្មភាពដែលខ្លួនបានធ្វើកន្លងមក។
សកម្មជនដែលមិនបានសរសេរលិខិតសុំទោសនាយករដ្ឋមន្រ្តីមិនត្រូវបានដោះលែងទោសឱ្យនៅក្រៅឃុំឡើយ។
លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក ប្រាប់វីអូអេថា និន្នាការមួយនេះមិនមែនជារឿងចម្លែកអ្វីឡើយ នៅក្នុងបរិបទនយោបាយកម្ពុជា នៅមុនការបោះឆ្នោត។ លោកបន្ថែមថា ការសុំទោសនាយករដ្ឋមន្រ្តី ហើយត្រូវបានដោះលែងឱ្យមានសេរីភាពវិញមិនមែនជាការអនុវត្តច្បាប់ឡើយ ប៉ុន្តែវាពាក់ព័ន្ធនឹងរឿងនយោបាយ។
លោកបញ្ជាក់ថា៖ «ដូច្នេះខ្ញុំគិតថា នេះមិនមែនជារបៀបនៃការអនុវត្តច្បាប់ទេ។ របៀបនៃការអនុវត្តច្បាប់មិនអាចធ្វើបែបនេះបានទេ ប្រសិនបើបុគ្គលដែលសារភាពហ្នឹងជាបុគ្គលដែលមានទោសពៃរ៍ ឬក៏អ្នកដែលជាប់នូវពិរុទ្ធ ការចោទប្រកាន់របស់តុលាការ វាត្រូវតែដោះស្រាយតាមផ្លូវតុលាការ គឺត្រូវតែមានការស្រាវជ្រាវ និងបើកសវនាការឱ្យបានត្រឹមត្រូវ»។
ប្រធានសមាគមរូបនេះបញ្ជាក់ថា បើសិនជាការប្រព្រឹត្តបែបនេះនៅតែបន្តកើតមាននៅក្នុងសង្គមខ្មែរ វាមានផលប៉ះពាល់ដល់យុត្តិធម៌សង្គម។
លោកថ្លែងថា៖ «យើងឃើញថា ដំណើរការនៃការអនុវត្តច្បាប់ វាមានផលប៉ះពាល់ច្រើន។ បើសិនជាយើងប្រើប្រាស់នូវយន្តការនេះទៅពាក់ព័ន្ធជាមួយសិទ្ធិទទួលបានយុត្តិធម៌ហ្នឹង គឺថា វានឹងប៉ះពាល់។ អ៊ីចឹងវាទៅជារឿងមួយដែលថា ចាប់ទៅ ដើម្បីចង់ឱ្យនរណាម្នាក់ធ្វើអ្វីមួយ យើងចាប់ទៅ ហើយឱ្យគាត់សុំទោសទៅ»។
លោក នី សុខា អះអាងថា ការសុំទោសលោក ហ៊ុន សែន ហើយទទួលបានការដោះលែងជាការបង្ហាញពីឥទ្ធិពលរបស់អ្នកនយោបាយទៅលើឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជា។
កាលពីសប្តាហ៍មុន អតីតមន្ត្រីគណបក្សសង្គ្រោះជាតិនៅថ្នាក់ខេត្ត និងរាជធានីភ្នំពេញចំនួន១៤នាក់ត្រូវបានដោះលែង ក្រោយពួកគេបានសរសេរលិខិតម្នាក់មួយច្បាប់សុំទោស និងសុំកិច្ចអន្តរាគមន៍លើកលែងទោសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ពួកគេមួយចំនួនមានបញ្ហាសុខភាព ពេលរស់នៅក្នុងពន្ធនាគាររហូតដល់បង្ខំចិត្តសរសេរលិខិតសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ។
មន្ត្រីសិទ្ធិមនុស្សយល់ថា ការសុំទោសហើយទទួលបានការលើកលែងទោសមិនមែនជាការអនុវត្តទៅតាមនីតិវិធីឡើយ ប៉ុន្តែជាការសម្របសម្រួលនយោបាយ។
នាយកគ្រប់គ្រងកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេថា៖ «មនុស្សធម៌ ឬក៏រឿងសម្របសម្រួលនយោបាយវាជារឿងមួយ។ ប៉ុន្តែទាក់ទងនឹងបញ្ហានៃការអនុវត្តច្បាប់ និងយុត្តិធម៌ គឺយើងត្រូវពឹងផ្អែកទៅលើបញ្ហានៃការអនុវត្តដោយតម្លាភាព និងយុត្តិធម៌តាមនីតិវិធី ទៅតាមផ្លូវច្បាប់ដែលគោរពសិទ្ធិ។ អ៊ីចឹងការចោទប្រកាន់ទាំងឡាយណា បើសិនជាបទល្មើស ដែលប្រព្រឹត្តហើយអ្នកប្រព្រឹត្តបទល្មើសពិតប្រាកដ អាហ្នឹងយើងជាសង្គមស៊ីវិលគឺយើងជំរុញឱ្យមានការអនុវត្តច្បាប់ ក៏ប៉ុន្តែត្រូវតែពិនិត្យពិចារណាទៅលើការចោទប្រកាន់មួយចំនួនដែលមិនសមហេតុផល»។
ទោះជាយ៉ាងណា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់វីអូអេថា អ្នកដែលលើកឡើងបែបនេះមិនយល់ពីនីតិវិធីច្បាប់របស់កម្ពុជា ព្រមទាំងមើលមកក្នុងរូបភាពនយោបាយ។ លោកបន្ថែមថា នៅពេលជនជាប់ចោទដឹងកំហុសរបស់ខ្លួនហើយសារភាព វាអាចជាស្ថានសម្រាលមួយដើម្បីឱ្យចៅក្រមពិចារណាថា តើដាក់ឱ្យនៅក្រៅឃុំ ឬយ៉ាងណា។
លោកបញ្ជាក់ថា៖ «ជាទិដ្ឋភាពច្បាប់ ជានីតិវិធីរបស់តុលាការមិនមែនគ្រប់គ្នាឱ្យតែប្រព្រឹត្តបទល្មើសហើយសុំទោសបាននៅក្រៅឃុំនោះទេ។ វាអាស្រ័យទៅនឹងប្រភេទនៃបទល្មើស។ វាអាស្រ័យទៅនឹងអង្គហេតុ។ វាអាស្រ័យនឹងបច្ច័យ ហើយវាអាស្រ័យទៅនឹងលទ្ធភាពនៃការកែប្រែខ្លួនហើយមិនបង្កហានិភ័យដល់សង្គមជាតិ តាមរយៈការធ្វើសកម្មភាពផ្សេងៗដែលបង្កភាពចលាចលដល់សង្គម។ អាហ្នឹងចៅក្រមគេពិនិត្យពិចារណាតាមហ្នឹង ថាគួរឱ្យ ឬមិនឱ្យ»។
នៅក្នុងករណីដែលអ្នកជាប់ឃុំជាអ្នកនយោបាយមកពីគណបក្សជំទាស់វិញ ការសុំទោស និងទទួលស្គាល់កំហុសមិនត្រឹមតែធ្វើឱ្យពួកគេអាចរួចផុតពីការចោទប្រកាន់ ប៉ុន្តែថែមទាំងបានតំណែងក្នុងរដ្ឋាភិបាលទៀតផង។ តួយ៉ាង ដូចករណីសកម្មជនគណបក្សជំទាស់លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល។
ពួកគេទាំងពីរត្រូវបានតុលាការសម្រេចឃុំខ្លួនក្រោមបទចោទប្រកាន់ប្រមាថអង្គព្រះមហាក្សត្រ និងបង្កភាពវឹកវរក្នុងសង្គម។ បន្ទាប់មក លោក ស៊ីណន ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការងារ។ ចំណែកលោក ហ៊ុន កុសល ត្រូវបានតែងតាំងជាអនុរដ្ឋលេខាក្រសួងរៀបចំដែនដី។
អ្នកវិភាគនយោបាយ លោក សេង សារី ប្រាប់វីអូអេថា ដើម្បីមើលឱ្យយល់ពីស្ថានការណ៍នយោបាយនៅកម្ពុជា គេមិនត្រូវមើលនូវអ្វីដែលលោកហៅថា «វ៉ែនតាយុត្តិធម៌ និងវ៉ែនតាភាពត្រឹមត្រូវ»ឡើយ ប៉ុន្តែគេត្រូវមើលទៅលើនយោបាយ។
លោក សេង សារី ថ្លែងថា៖ «ជាកត្តាចិត្តវិទ្យា ពាក្យសុំទោសដែលចេញពីមនុស្សម្នាក់ ជាពិសេសនៅក្នុងបរិបទសង្គមខ្មែរផង មិនមែនជារឿងសាមញ្ញទេ ដែលហាមាត់សុំទោសនរណាមួយ ដោយមិនមានកំហុស។ អ៊ីចឹងហើយវាជាក់ស្តែងហើយដែលការសុំទោសរបស់បុគ្គលណាមួយដែលមិនមានកំហុស វាប្រាកដជាមានការគំរាមកំហែងអ្វីមួយនៅពីក្រោយខ្នងហើយ»។
បើតាមអ្នកវិភាគរូបនេះ ការដែលអ្នកទាំងនោះចេញមុខសុំទោសមិនមែនបង្ហាញថា ពួកគេមានកំហុសឡើយ ប៉ុន្តែជាចេតនាចង់បង្ហាញថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគឺកំពុងតែដើរនៅលើមាគ៌ាដ៏ត្រឹមត្រូវ៕