ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ខ្លះ​​មិន​ព្រម​ឱ្យ​ស្វាមី​ចុះចូល​បក្ស​កាន់​អំណាច​ដើម្បី​រួច​ពី​ការ​ឃុំ​ខ្លួន


រូបឯកសារ៖ ក្រុមស្ត្រីថ្ងៃសុក្រ ស្រែកទាមទារឱ្យដោះលែងអ្នកទោសនយោបាយ នៅមុខតុលាការកំពូល រាជធានីភ្នំពេញ ស្របពេលតុលាការបើកសវនាការលើសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់» របស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០ នាក់ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ ក្រុមស្ត្រីថ្ងៃសុក្រ ស្រែកទាមទារឱ្យដោះលែងអ្នកទោសនយោបាយ នៅមុខតុលាការកំពូល រាជធានីភ្នំពេញ ស្របពេលតុលាការបើកសវនាការលើសំណុំរឿង«រួមគំនិតក្បត់ និងញុះញង់» របស់អតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង ១០ នាក់ កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

សមាជិក​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​មួយ​ចំនួន​ដែល​មាន​សាច់​ញាតិ​ ជា​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ លើក​ឡើង​ថា រាល់​មុន​ពេល​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​មក​ដល់​ គឺ​តែង​តែ​មាន​សកម្មភាព​បំផុស​បំផុល​ឱ្យ​សកម្មជន​គណបក្ស​ជំទាស់​ងាក​ទៅ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​តាម​រូបភាព​ផ្សេងៗ​គ្នា។​

ប៉ុន្តែ​ពួក​គាត់​ថា​ ស្វាមី​របស់​ពួក​គាត់​នឹង​មិន​ទោរ​ទន់​ទៅ​តាម​ការ​បំផុស​បំផុល​ ហើយ​ក៏​មិន​ឱ្យ​ស្វាមី​ពួក​គាត់​ចុះចូល​គណបក្ស​កាន់​អំណាច​ដើម្បី​ទទួល​បាន​ការ​លើក​លែង​ទោស​ពី​ការ​ចោទ​ប្រកាន់​ដែល​ពួក​គាត់​ថា មាន​ជាប់​ហេតុផល​នយោបាយ។

អ្នក​ស្រី ព្រំ ​ចាន់ថា​ ភរិយា​លោក ​កាក់ ​កុម្ភារ ​ដែល​ជា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ដែល​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ ​បាន​លើក​ឡើង​ថា​ អ្នកស្រី​និង​ស្វាមី​កាន់​ជំហរ​ដាច់​អហង្ការ​មិន​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ ដោយ​អ្នក​ស្រី​អះអាង​ថា​ ស្វាមី​របស់​អ្នក​ស្រី​គ្មាន​កំហុស​ដែល​ត្រូវ​ទទួល​ការ​កាត់​ទោស​នៅ​តុលាការ​នោះ​ទេ។​

អ្នកស្រី​ថ្លែង​ថា៖​ «គ្រួសារ​ខ្ញុំ​អត់​មាន​កំហុស​ទេ​ ហើយ​ចាប់​គាត់​ទៅ​ពន្ធនាគារ​ដោយ​គ្មាន​កំហុស​ហើយ​ វា​អយុត្តិធម៌​ហើយ​ ហៅ​ប្តី​ខ្ញុំ​ចុះ​ចូល​ទៀត។ អ៊ីចឹង​សម្រាប់​ខ្ញុំ​ ខ្ញុំ​អត់​ធ្វើ​ដាច់​ខាត​តែ​ម្តង»។​

អ្នក​ស្រី​បន្ថែម​ថា ការ​បំផុស​បំផុល​ឱ្យ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​នៅ​មុន​ពេល​បោះ​ឆ្នោត​ថ្នាក់ជាតិ​ជានិច្ចកាល​កើត​ឡើង​តាមរូបភាព​ផ្សេងៗ​គ្នា ដូចជា​ការ​បំភិត​បំភ័យ ការ​គំរាម​កំហែង ​ការ​ប៉ុនប៉ង​វាយ​ប្រហារ​ និង​ប្រើប្រាស់​ហិង្សា​ឬ​ការ​ផ្តល់​មុខ​តំណែង​ក្នុង​រដ្ឋាភិបាល​ជាដើម។​

អ្នក​ស្រី​បញ្ជាក់​ថា៖ ​«ឱ្យ​តែ​ពេល​ជិត​បោះ​ឆ្នោត​តែងតែ​មាន​ការ​ទិញ ​ឬ​ក៏​បំផុស​បំផុល​ឱ្យ​ចូល​រួម​ជីវភាព​ជាមួយ​គណបក្ស​កាន់​អំណាច​ហើយ​ គឺ​អត់​ខុស​ទេ។ ប៉ុន្តែ​បើ​សិន​ជា​ប្រជា​ពលរដ្ឋ ​ឬ​មួយ​សកម្ម​ជន​ភ្លើង​ទៀន​ ​ដែល​គាត់​រឹង​ប៉ឹង​ ឬ​ថា​ គាត់​អត់​មាន​ការ​ភ័យ​ខ្លាច​ គាត់​នឹង​អាច​ទប់ទល់​ ឬ​មាន​ឆន្ទៈ​ថា​ នៅ​ឈរ​ជើង​ឱ្យ​នឹង ប៉ុន្តែ​បើ​សិន​ជា​គាត់​មាន​ការ​ភ័យ​ខ្លាច​នឹង​ការ​គំរាម​កំហែង​របស់​គណបក្ស​កាន់​អំណាច​ផង​ គាត់​នឹង​អាច​ចុះ​ចូល​រួម​ជីវភាព​ជាមួយ​គេ​ហើយ»។​

កន្លង​មក ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចេញ​សាល​ក្រម​ដោយ​ផ្តន្ទាទោស​អតីត​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ​ចំនួន​ ៥១​ នាក់​ឱ្យ​ជាប់​ពន្ធនាគារ ​ចាប់​ពី​ ៥ ​ឆ្នាំ​ទៅ ​៨ ​ឆ្នាំ ​ក្រោម​បទ​ចោទ​ «រួម​គំនិត​ក្បត់ ​និង​ញុះ​ញង់» ​នៅ​ក្នុង​សំណុំ​រឿង​គាំទ្រ​ការ​វិល​ត្រឡប់​របស់​លោក ​សម រង្ស៊ី ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​កាល​ពី​ឆ្នាំ​ ២០១៩។​

ក្នុង​ចំណោម​អ្នក​ខាង​លើ​នោះ​ក៏​មាន​លោក​ កាក់ កុម្ភារ​ និង​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផ្សេង​ទៀត ​ដូច​ជា​លោក ស៊ុន ធន់​ អតីត​សមាជិក​ក្រុម​ប្រឹក្សា​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ធំ ​និង​លោក​ កែវ ថៃ ​អតីត​ប្រធាន​ប្រតិបត្តិ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង។​

សមាជិក​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ម្នាក់​ទៀត​គឺ​អ្នក​ស្រី សេង ចាន់ថន​ អាយុ​ ៥០ ​ឆ្នាំ ​ភរិយា​របស់​លោក ​ស៊ុន ធន់ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​ ការ​សុំ​ចុះ​ចូល​របស់​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​មួយ​ចំនួន ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​ជា​សិទ្ធិ​ធ្វើ​នយោបាយ​របស់​បុគ្គល​ម្នាក់ៗ តែ​សុំ​ឱ្យ​អ្នក​ស្ម័គ្រ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​ទាំង​អស់​នោះ​ កុំ​ងាក​មក​វាយ​ប្រហារ​អតីត​សកម្មជន​គណបក្ស​ជំទាស់​ដែល​ធ្លាប់​ធ្វើការ​ជាមួយ​គ្នា។​

អ្នក​ស្រី​ថ្លែង​ថា៖ «ហើយ​ខ្ញុំ​យល់​ថា រឿង​មួយ​ទៀត​បើ​សិន​ជា​គាត់​ចូល​ទៅ​គេ​ហើយ ហើយ​សុំ​ឱ្យ​ពួក​គាត់​ហ្នឹង​ កុំ​វាយ​ប្រហារ​មក​លើ​ដៃ​គូ​ ឬ​ក៏​វាយ​ប្រហារ​មក​លើ​អ្នក​ដែល​ធ្លាប់​ធ្វើ​ការ​ជា​មួយ​គ្នា ព្រោះ​ពួក​គាត់​ធ្វើការ​បម្រើ​ជាតិ​ទេ ​មិន​មែន​បម្រើ​បុគ្គល​ទេ»។​

អ្នក​ស្រី​ សេង ចាន់ថន​ រៀបរាប់​ទៀត​ថា​ អ្នក​ស្រី​ និង​ស្វាមី​មិន​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​ស្វាមី​អ្នក​ស្រី​ចេញ​ពី​ពន្ធនាគារ​នោះ​ទេ ដោយ​សុខ​ចិត្ត​បន្ត​ជាប់​ពន្ធនាគារ​រហូត​ដល់​ពេល​កំណត់។​

អ្នក​ស្រី​បន្ថែម​ថា៖​ «បើ​សិន​ជា​គាត់​[ប្តី]​ចង់​ចូល​ជាមួយ​គេ​ គាត់​ចូល​តាំង​ពី​យូរ​ហើយ​មិន​បាច់​ចាំ​ដល់​ជាប់​គុក​រហូត​ដល់​ពីរ ​បី​ឆ្នាំ​ហើយ​បាន​នាំ​គ្នា​មក​ចុះ​ចូល​ដើម្បី​បាន​ចេញ​[ពី​ពន្ធនាគារ]​ទេ​ ព្រោះ​គាត់​តស៊ូ​យូរ​ហើយ។ ​គាត់​លំបាក​យូរ​ហើយ។ អ៊ីចឹង​គាត់​លំបាក​បន្តិច​ទៀត​ក៏​គាត់​អត់​អី​ដែរ»។​

កាលពី​ពេល​ថ្មីៗ​នេះ​ ​លោក ​ហ៊ុន កុសល ​ដែល​ធ្លាប់​អះអាង​ថា​ជា​អ្នក​គាំទ្រ​ដោយ​មាន​ភក្តី​ភាព​នឹង​អតីត​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​លោក​ កឹម សុខា ​ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ នៃ​ក្រសួង​រៀបចំ​ដែនដី ​នគរូបនីយ​កម្ម ​និង​សំណង់ ​និង​លោក​ យឹម ស៊ីណន ​អតីត​ប្រធាន​ចលនា​យុវជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ​ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។​

ការ​តែងតាំង​ពួក​គេ​ទាំង​ពីរ​នាក់​កើត​ឡើង​ បន្ទាប់ពី​ពួក​គេ​ត្រូវ​បាន​តុលាការ​ដោះលែង​ដោយ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅ​ឃុំ ​ពី​បទ​ប្រមាថ​ព្រះ​មហា​ក្សត្រ ​ពាក់ព័ន្ធ​នឹង​ពិធី​មួយ​នៅ​ខេត្ត​សៀមរាប​ដែល​ធ្វើ​ឡើង​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​ ដោយមាន​ការ​សម្រប​សម្រួល​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ក្រោយ​ពេល​ដែល​ពួកគេ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្រោយ​មក លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ថ្លែង​ការ​ពារ​អ្នកចុះ​ចូល​ទាំង​នោះ​ និង​បាន​ប្រាប់​អ្នក​ជំទាស់​កុំ​ឱ្យ​មាន​ការ​វាយ​ប្រហារ​ ឬ​ការ​ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ​ទៅ​លើ​បុគ្គល​ ដែល​បាន​សម្រេច​មក​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា។​

លោក​ ហ៊ុន សែន ​ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រនៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​ (NIE)​កាល​ពីថ្ងៃ​អង្គារ​ថា៖ «ហេតុ​អ្វី​បាន​ជា​ជេរ​គេ?​ ថ្ងៃ​ហ្នឹង​ថា​គេ​ស្នេហា​ជាតិ គ្រាន់​តែ​គេ​មក​គាំទ្រ​រដ្ឋាភិបាល​ភ្លាម​ ថា​ គេ​ក្បត់​ជាតិ​ភ្លាម។ វា​មិន​គួរៗ។​ គណបក្ស​ប្រជាជន​ អត់​មាន​វប្បធម៌​ហ្នឹង​ទេ។ ​ អ្នក​ណា​ចង់​ទៅ​ណា ​ អាហ្នឹង​រឿង​របស់​គេ​ ក៏​ប៉ុន្តែ​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ពួក​អ្នក​ដែល​និយាយ​ពី​ប្រជា​ធិបតេយ្យ​បែរ​ជា​ប្រឆាំង​នឹង​ដំណើរ​ការ​ប្រជាធិបតេយ្យ​ ប្រឆាំង​នឹង​ការ​ជ្រើស​រើស​ដោយ​សេរី​នៃ​សេរីភាព​ខាង​នយោបាយ​របស់​ប្រជាពលរដ្ឋ​ ហើយ​តែង​តែ​លាប​ពណ៌​គេ ​លក់​ក្បាល​អី​អ៊ីចេះ​ ​ក្បត់​មនសិការ​ស្អីៗ​ណា!»​

អ្នក​វិភាគ​នយោបាយ​ ​លោក ​សេង សារី ​កត់​សម្គាល់​ថា នៅ​ពេល​ជិត​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ម្តងៗ​ គឺ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​បាន​តែង​តាំង ​និង​ផ្តល់​តួនាទី​ដល់​មន្ត្រី​នយោបាយ​មក​ពី​គណ​បក្ស​ប្រឆាំង ដែល​ជា​យុទ្ធនាការ​នយោបាយ​ដើម្បី​បោស​សម្អាត​ចលនា​ប្រឆាំង។​

លោក​ប្រាប់​វីអូអេ​ថា ៖​«ចេតនា​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ក្នុង​ការ​តែងតាំង​មន្ត្រី​គណបក្ស​ប្រឆាំង​នេះ ​ធ្វើ​ឡើង​មុន​ការ​បោះ​ឆ្នោត​ជា​ទម្លាប់។ ​ហើយ​អ្វី​ដែល​សំខាន់​គឺ​មិន​មែន​ចេតនា​នៅ​ក្នុង​ការ​ទាញ​យក​ផល​ប្រយោជន៍​ ឬ​ទាញ​យក​សក្តានុពល​ពី​យុវជន​ទាំង​នោះ​ទេ ​គឺ​គ្រាន់​តែ​ធ្វើ​ម៉េច​ជា​យន្តការ​មួយ​ដើម្បី​កម្ទេច​ចលនា​ប្រឆាំង​ ឬ​ក៏​ធ្វើ​ឱ្យ​ចលនា​ប្រឆាំង​មិន​អាច​ងើប​រួច​ ​ឬ​បង្ហាញ​ទៅ​មហាជន​ថាមន្ត្រី​គណបក្ស​ប្រឆាំង​កំពុង​តែ​បាក់​ទំនប់​ ដូចទឹក​បាក់​ទំនប់​ក្នុង​ការ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន»។​

លោក​បន្ថែម​ថា​ ​តួនាទី​ដែល​អតីត​មន្ត្រី​គណបក្ស​ប្រឆាំង​ទទួល​បាន​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​នោះ ​នឹង​មិន​មាន​ឥទ្ធិ​ពល​យូរ​នោះ​ទេ ​ហើយ​នឹង​បាត់​សំឡេង​ទៅ​វិញ ​ដោយហេតុ​ថា​ ពួក​គេ​មិន​ហ៊ាន​បញ្ចេញ​គំនិត​យោបល់​អ្វី​បន្ត​ទៀត​នោះ​ទេ។​

ដោយ​ឡែក​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ លោក ​អំ សំអាត ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ដែល​បន្ត​រង​ការ​រិះគន់​ថា​ មាន​ភាព​ទន់​ ខ្សោយ​ ហើយ​នៅ​រាល់​ពេល​ដែល​មាន​ការ​ប្រជុំ​ត្រួត​ពិនិត្យ​ឡើង​វិញ​ជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​ ឬ​ក៏​ពេល​ចេញ​របាយ​ការណ៍​ផ្សេងៗ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស អ្នក​ជំនាញ​ច្បាប់​ នៅ​តែ​ទទូច​សុំ​ឱ្យ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ច្បាប់​ និង​ប្រព័ន្ធ​តុលាការ​ឱ្យ​កា្លយ​ទៅ​ជា​ប្រព័ន្ធ​ឯករាជ្យ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG