ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន កុសល ចុះចូល​ជាមួយ​គណបក្សកាន់​អំណាច ក្រោយ​ត្រូវបាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅឃុំ​តាម​ការសម្រុះ​សម្រួល​ពី​នាយក​រដ្ឋមន្ត្រី


រូបឯកសារ៖ លោក​ ហ៊ុន កុសល​ ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ នៅ​ក្រៅសាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ ពុធ​ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)​​
រូបឯកសារ៖ លោក​ ហ៊ុន កុសល​ ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ នៅ​ក្រៅសាលាដំបូង​រាជធានី​ភ្នំពេញ​ ថ្ងៃ​ ពុធ​ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២២។ (ហ៊ុល រស្មី/វីអូអេ)​​

សកម្ម​ជន​នយោ​បាយ​លោក ​ហ៊ុន កុសល ​ដែល​អះអាង​ថា ​មាន​ភក្តី​ភាព​នឹង​អតីត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​លោក ​កឹម សុខា​ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​ដោះ​លែង​ឱ្យស្ថិត​នៅ​ក្រៅ​ឃុំ​ ក្រោម​ការ​ជួយ​សម្រប​សម្រួល​ពី​នាយក​រដ្ឋ​មន្ត្រី​របស់​កម្ពុជា​គឺលោក ​ហ៊ុន​ សែន​។

​បើតាម​ដីកាបង្គាប់​ឱ្យដោះលែងចុះថ្ងៃទី​២២ ខែមេសា​ សាលា​ដំបូង​រាជ​ធានីភ្នំពេញ បានអនុញ្ញាត​ឱ្យលោក ហ៊ុន កុសល ​បានស្ថិតក្រៅ​ឃុំ​ កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន​។ ​

​លោក ហ៊ុន កុសល​ បាន​ឱ្យ​ដឹងតាមប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុកថា ការ​ដោះ​លែង​លោក​ឱ្យ​បាន​ស្ថិតនៅក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​នេះ ​គឺ​ដោយ​សារ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ជា​អ្នក​សម្រប​សម្រួល​។​

​ក្រោយចាកចេញ​ពីពន្ធនាគារកាលពី​ថ្ងៃ​ទី​២២​ ខែមេសា​ លោក ហ៊ុន​ កុសល​ បាន​បង្ហោះ​សារមួយ​លើ​គណនី​ហ្វេស​ប៊ុក​របស់​លោក​តាម​ន័យ​ដើម​ថា៖ «​ឱកាស​ដែល​ខ្ញុំអាច​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នេះ ដោយ​សារ​មាន​ការស​ម្រប​សម្រួលដ៏​សំខាន់​ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា។ ឆ្លៀតក្នុង​ឱកាសនេះ​ដែរ ខ្ញុំបាទ ​សូម​ថ្លែង​អំណរគុណ​ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​យោគ​យល់ និង​អនុ​គ្រោះ​ដើម្បី​សម្រប​សម្រួល​ដ៏​សំខាន់​ចំពោះ​រឿង​ក្តីរបស់ខ្ញុំ​»​។​

​ដំ​ណាល​គ្នានេះ​ លោក​ កុសល ​ក៏បាន​អំពាវ​ទៅលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ឱ្យ​មេត្តា​ជួយ​សម្រប​សម្រួល​ចំពោះ​សកម្ម​ជន​នយោ​បាយ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ទាំងឡាយ​ដែលកំពុង​ជាប់​ឃុំ​នៅ​មណ្ឌល​អប់រំ​កែប្រែ​(ម១) និង​សកម្ម​ជន​នយោ​បាយ ​និង​សកម្ម​ជន​សង្គម​ទាំងអស់​ដើម្បី​ឱ្យ​ពួកគេ​បាន​នៅ​ក្រៅ​ឃុំ អាច​ជួបជុំ​ឪពុក​ម្តាយ ស្វាមី ភរិយា ​សាច់ញាតិ ​និងគ្រួសារ​ផង​ដែរ​។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថា​ធិប្បាយ​បន្ថែម​ពីលោក ហ៊ុន កុសល ទាំង​តាមប្រព័ន្ធ​ទំនាក់​ទំនង​សង្គមហ្វេសប៊ុក​ និងតាម​ទូរស័ព្ទ​ បាន​នៅ​ឡើយ​ទេ​ នៅ​ថ្ងៃចន្ទនេះ​។

​យ៉ាង​ណា​ក៏​ដោយ​ បន្ទាប់​ពី​ជាប់​ពន្ធនា​គារ​បាន​៣១​ថ្ងៃ​គត់​ ហើយត្រូវបាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំកាល​ពីសប្តាហ៍​មុន​ លោក ហ៊ុន កុសល​ បាន​ប្រកាស​ថា​នឹង​ចូល​រួម​ជាមួយ​គណ​បក្ស​កាន់​អំណាច​ ដោយ​លើក​ហេតុផល​ពីស្នា​ដៃ​ដែល​គណ​បក្ស​នេះ​សម្រេច​បានក្នុង​ការ​កសាងប្រទេស​កម្ពុជា។

លោក ហ៊ុន កុសល​ បាន​ចេញវីដេអូ​មួយ​មានរយៈ​ពេល​ជាង​៣​នាទី ​ ដែល​គេ​ឃើញ​បង្ហោះ​ចែក​ចាយ​ក្នុង​តេឡេ​ក្រាម​របស់​លោក​នាយក​រដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បាន​លើក​ឡើងថា៖ «ក្រោយ​ពេ​ល​កូន​ជាប់​ក្នុង​ពន្ធនាគាររយៈ​ពេល​៣១​ថ្ងៃ កូន​បាន​ធ្វើការ​ពិចារណា និង​បាន​ធ្វើការ​ថ្លឹង​ថ្លែង​យ៉ាង​ល្អិត​ល្អន់ ចំពោះ​មាគ៌ា​នយោ​បាយ​ប្រកប​ដោយ​មេត្តា​ និង​មនោ​សញ្ចេតនា​ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ ជា​ហេតុ​ផលធ្វើ​ឱ្យកូន​ត្រូវតែ​សម្រេច​ចូល​រួម​ជីវភាព​នយោបាយ​ប្រកបដោយ​កា​រដឹង​គុណ ​ចំពោះ​សម្តេច​ពុក​ ដែល​បាន​កសាង​មាគ៌ាកម្ពុជា​ដែល​ប្រជា​ពល​រដ្ឋ​មិន​អាច​ខ្វះ​បាន​»​។

បន្ទាប់​ពីការចេញ​ផ្សាយ​វីដេអូ​របស់លោក ហ៊ុន កុសល​ នោះ ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បង្ហោះ​សារ​ជា​អក្សរ​ក្នុងប្រព័ន្ធ​តេឡេក្រាម​របស់​លោក​កាល​ពី​ថ្ងៃ​អាទិត្យថា​៖​ «​ក្នុង​នាម​គណ​បក្ស​ប្រជា​ជន​កម្ពុជា ខ្ញុំ​សូម​ស្វាគមន៍​ទទួល​យក​លោក​ ហ៊ុន កុសល ដើម្បី​ចូល​រួម​ជីវ​ភាព​នយោ​បាយ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​»។


គួរ​រំឭកថា​ ​លោក ​ហ៊ុន​ កុសល​ និង​សហ​ការី​លោក​ម្នាក់​គឺ​លោក ​យឹម​ ស៊ីណន ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួនតាម​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន សែន កាល​ពីថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២៣នេះ​។​

រូប​ផ្គុំរវាង​លោក​ ហ៊ុន កុសល​ និង​លោក​ យឹម ស៊ីណន
រូប​ផ្គុំរវាង​លោក​ ហ៊ុន កុសល​ និង​លោក​ យឹម ស៊ីណន

មួយ​ថ្ងៃ​ក្រោយ​មក​ គឺនៅថ្ងៃ​ទី២២ ខែ​មីនា ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​បាន​ចោទ​ប្រកាន់​ពួកគេ​ទាំង​ពីរនាក់​ពីបទ«​ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហា​ក្សត្រ»​ និង​បទ​«​ញុះញង់​បង្កឱ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» ដែលទាក់​ទង​ការ​បង្ហោះ​សារនិងរូប​ភាព​ប្រៀប​ធៀប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និងព្រះ​មហា​ក្សត្រ ​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី​១២ ​ឆ្នាំ​២០២៣ ​នៅ​ខេត្ត​សៀម​រាបទី​ដែល​ពួក​គេចោទ​ប្រកាន់​ថា ​លោក ហ៊ុន សែន មិន​គោរព​ព្រះ​មហា​ក្សត្រ តាម​រយៈ​រូបភាព​ដែល​បង្ហោះ​ក្នុង​ពិធី​មួយ​ក្នុង​ខេត្ត​សៀមរាប។ ​

​ប៉ុន្តែ​ លោក​ យឹម​ ស៊ីណន ដែល​ជា​ដៃគូ​របស់​លោក ​ហ៊ុន កុសល​ ​ត្រូវ​បានតុលាការ​ដោះ​លែងកាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ក្រោយ​ពេល​លោកចេញវីដេអូ និង​សរសេរ​លិខិត​សូម​ព្រះ​រាជ​ទាន​ទោស​ពីព្រះមហាក្សត្រ និង​សូមទោស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។ លោក យឹម ស៊ីណន អតីត​ប្រធាន​យុវជនអតីត​គណបក្សសង្គ្រោះ​នៅប្រទេស​កូរ៉េខាង​ត្បូង​ក៏បាន​សម្រេច​ចិត្ត​ចូល​ធ្វើនយោបាយ​ជាមួយ​គណបក្ស​កាន់​អំណាច​ផងដែរ។

ក្រោយ​ពេល​ចូលរួម​ជាមួយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ លោក ​យឹម​ ស៊ីណន​ ​ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​អនុរដ្ឋលេខាធិការនៃក្រសួងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

នាយកទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​ករណី​លោក ហ៊ុន កុសល​ ​មិន​មាន​អ្វី​ចម្លែក​ និង​មិន​ខុស​គ្នា​ពី​ករណី​មុន​ៗ​ដែរ ព្រោះ​នៅ​ពេល​ណា​ដែលមាន​ការ​ចរចា និង​សុំ​ទោស​ផ្នែក​នយោបាយ​ គឺ​លោក​តែងតែ​ឃើញ​សកម្ម​ជន​ទាំង​នោះ ត្រូវ​បានដាក់​ឱ្យ​ស្ថិត​នៅ​ក្រៅឃុំ​។​

​លោក​ថ្លែង​ថា​៖ ​«រឿង​មួ​យ​ចំនួ​នដែល​យើង​មើល​ឃើញ​នៅ​ចុង​ក្រោយ​នេះ ដូច​ជា​សកម្ម​ជន​គណបក្ស​នយោបាយ រឿង​អ្វី​ផ្សេង​ទៀត​ហ្នឹង​ហើយ​មិន​មាន​ការ​ចរចា​ផ្នែក​នយោបាយ ឬ​ក៏​ការ​ជជែក​[រក]​ដំណោះ​ស្រាយ​ផ្នែក​នយោបាយទេ អ្នក​ទាំងអស់​ហ្នឹង​ហាក់​ដូច​ជា​មិន​ឃើញ​ឱ្យ​នៅ​ក្រៅឃុំ ឬ​ក៏ការ​លើកលែង​ទោស​ទេ»។

លោក ​មុត ចន្ថា​ ជំនួយ​ការ​ដែល​ស្និទ្ធនឹង​លោក​ កឹម ​សុខា ​ប្រាប់​វីអូអេ​តាមប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ នៅ​ថ្ងៃ​ចន្ទនេះ​ថា ចំពោះ​ការសម្រេចចិត្ត​របស់​លោក ​យឹម ស៊ីណន ​និង​លោក ហ៊ុន កុសល ដែលទៅ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ គឺ​ជា​«សិទ្ធិ ​និង​ជម្រើស​របស់​បុគ្គល»​។

​អ្នក​វិភាគ​នយោបាយ​ ​លោក ​សេង សារី ប្រាប់វីអូអេ​នៅថ្ងៃ​ចន្ទនេះថា ​ឥទ្ធិ​ពល​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ទៅ​លើ​ប្រព័ន្ធ​តុលាការ ឬស្ថាប័ន​នីតិ​បញ្ញត្តិ​មួយចំនួន គឺ​មិន​មែន​ជារឿង​ចម្លែក​ទេ​ ដោយ​ហេតុ​ថា ​ការ​ដឹកនាំ​បច្ចុប្បន្ន​គឺ​ជា​ការ​ដឹក​នាំ​តាម​របៀប​«បុរស​ខ្លាំង​» ​ដែល​មនុស្ស​តែ​ម្នាក់​អាច​ចាត់​ចែង​ការងារ​បាន​គ្រប់កិច្ច​ការ​ងារ​របស់​ជាតិ។​ ​លោក​បន្ថែមថា ការ​ផ្តល់​តួនាទី​ឱ្យ​អតីត​សកម្ម​ជន​គណ​បក្ស​ប្រឆាំង ​គឺជា​ទម្លាប់​របស់​បក្សកាន់​អំណាច​ និងជា​ចេតនា​វាយ​កម្ទេច​ចលនា​ជំទាស់ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុងឆ្ពោះ​ទៅរក​ការបោះឆ្នោត​ថ្នាក់​ជាតិ​នៅខែ​កក្កដា​ ឆ្នាំ​២០២៣នេះ​៕

XS
SM
MD
LG