ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ថា ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​ធ្វើ​ឲ្យ​កាន់តែ​ងាយ​ស្រួល​សម្រាប់​ការ​បង្ក្រាប​អ្នក​ប្រឆាំង


មន្ត្រី​ប៉ូលិស​ឈរ​យាម​បុរស​អាយុ ២៣ឆ្នាំ​ឈ្មោះ Tong Ying-kit​ ពេល​មក​ដល់​តុលាការ​នៅ​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ២០២០។ លោក Tong Ying-kit គឺ​ជា​មនុស្ស​ទី១ ដែល​ត្រូវ​បា​នចោទ​ប្រកាន់​ដោយ​ច្បាប់​សន្តិសុខ​ថ្មី​ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​បើក​ម៉ូតូ​ចូល​ក្នុង​ក្រុម​ប៉ូលិស។
មន្ត្រី​ប៉ូលិស​ឈរ​យាម​បុរស​អាយុ ២៣ឆ្នាំ​ឈ្មោះ Tong Ying-kit​ ពេល​មក​ដល់​តុលាការ​នៅ​ទីក្រុង​ហុងកុង កាល​ពី​ថ្ងៃ​ទី​៦ កក្កដា ២០២០។ លោក Tong Ying-kit គឺ​ជា​មនុស្ស​ទី១ ដែល​ត្រូវ​បា​នចោទ​ប្រកាន់​ដោយ​ច្បាប់​សន្តិសុខ​ថ្មី​ដោយ​រង​ការ​ចោទ​ប្រកាន់​ថា​បើក​ម៉ូតូ​ចូល​ក្នុង​ក្រុម​ប៉ូលិស។

ដោយ​យក​លេស​ថា​ជា​បញ្ហា​សន្តិសុខ​ជាតិ គណបក្ស​កុម្មុយនិស្ត​ចិន​កំពុង​ប្រើ​ប្រាស់​ច្បាប់​សន្តិសុខ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ការពារ និង​ពង្រីក​ការ​គ្រប់គ្រង​អំណាច​ផ្ដាច់​ការ​និយម​បក្ស​តែ​មួយ លើ​ទីក្រុង​ហុងកុង ដែល​ជា​អតីត​ដែនដី​អាណានិគម​របស់​ចក្រភព​អង់គ្លេស។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាមដាន​ស្ថានការណ៍។

តើ​អ្នកណា​ជា​គោលដៅ​បន្ទាប់​នៃ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ​របស់​គណបក្ស​កុម្មុយនិស្ត​ចិន? អ្នក​ទាំង​នោះ​គឺ​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង និង​សកម្មជន​ដែល​មាន​គំនិត​ដូច​ក្រុម​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​អ្នក​ប្រកប​វិជ្ជាជីវៈ​សារព័ត៌មាន ដែល​រិះ​គន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​គំរាម​កំហែង​ខ្លាំង​ដល់​អំណាច​គ្រប់គ្រង​របស់​គណបក្ស​កុម្មុយនិស្ត​ចិន​នៅ​ទីក្រុង​ហុងកុង​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មេធាវី​សិទ្ធិ​មនុស្ស​ល្បីឈ្មោះ​មួយ​រូប​នៅ​ប្រទេស​ចិន ​ប្រាប់ VOA កាល​ពី​ពេល​ថ្មីៗ​នេះ។

មេធាវី​រូប​នេះ​បាន​ជាប់​ពន្ធនាគារ​បន្ទាប់ពី​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​ធ្វើ​វិទ្ធង្សនា​ប្រឆាំង​នឹង​រដ្ឋ។

ផល​ប្រយោជន៍​របស់​បក្ស

មេធាវី​រូប​នេះ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដោយ​សារ​តែ​បញ្ហា​រសើប​នេះ បាន​និយាយ​ថា៖ «វា​មិន​មែន​សម្រាប់​ប្រយោជន៍​ជាតិ​នោះ​ទេ ប៉ុន្តែ​វា​សម្រាប់​ប្រយោជន៍​របស់​របប​កុម្មុយនិស្ត​ច្រើន​ជាង ដែល​គណបក្ស​កុម្មុយនិស្ត​ចិន​កំពុង​ការពារ»។

លោក​បន្ថែម​ថា៖ «ដរាប​ណា​អ្នក​មិន​យល់​ស្រប​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង មតិយោបល់​របស់​អ្នក​អំពី​កិច្ចការ​នៅ​ទីក្រុង​ហុងកុង​អាច​នាំ​ទៅ​ដល់​ការ​ជាប់​ពន្ធនាគារ»។

ក្រុម​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​បាន​ឈ្នះ​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ស្រុក​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន ដែល​នេះ​ទំនង​ជា​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​ការ​រំពឹង​ទុក​របស់​ក្រុម​អ្នក​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​នៅ​ខែ​កញ្ញា​ខាង​មុខ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេដឹកនាំ​ទីក្រុង​ហុងកុង​នៅ​ឆ្នាំ ២០២២។

សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ?

លោក Zhang Xiaoming អនុ​ប្រធាន​ការិយាល័យ​កិច្ចការ​ទីក្រុង​ហុងកុង​និង​ម៉ាកាវ បាន​បដិសេធ​ថា ច្បាប់​នេះ​មិន​មែន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បំបិទ​មាត់​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ​នៅ​ទីក្រុង​ហុងកុង​នោះ​ទេ។

ដោយ​លើក​ឡើង​ពី​ពាក្យ​សម្ដី​របស់​អតីត​មេដឹកនាំ​ចិន​លោក តេង ស៊ាវភីង ក្នុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​នេះ លោក Zhang Xiaoming បាន​លើក​ឡើង​អំពី​រូបភាព​ជារួម​នៃ​ទិដ្ឋភាព​នយោបាយ​នា​ពេល​អនាគត​សម្រាប់​ទីក្រុង​ហុងកុង។

លោ Zhang Xiaomingបាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ «ពួក​អ្នក​ប្រឆាំង​នៅ​តែ​អាច​បញ្ចេញ​មតិ​ផ្ទុយ​ពី​នេះ​បាន ដែល​ក្នុង​នោះ​រួម​មាន​ទាំង​មតិ​យោបល់​ដែល​រិះគន់​រដ្ឋាភិបាល​ផង​ដែរ។ លោក តេង ស៊ាវភីង ធ្លាប់​បាន​និយាយ​ថា បន្ទាប់​ពី​ទីក្រុង​ហុងកុង​ត្រូវ​បាន​ប្រគល់​ជូន​ចិន​វិញ ពលរដ្ឋ​ក្នុង​ទីក្រុង​នេះ​នឹង​នៅតែ​អាច​រិះគន់​គណបក្ស​កុម្មុយនិស្ដ​ចិន​បាន ហើយ​នឹង​មិន​មាន​វិធានការ​អ្វី​ធ្វើ​ឡើង​ប្រឆាំង​នោះ​ឡើយ»។

លោក​បាន​បន្ត​ថា៖ «ទីក្រុង​ហុងកុង​មិន​អាច​ក្លាយ​ទៅ​ជា​មូលដ្ឋាន​សម្រាប់​ចលនា​ប្រឆាំង​នឹង​ប្រទេស​ចិន​ដោយ​ឈរ​ក្រោម​ស្លាក​ប្រជាធិបតេយ្យ​ឡើយ។ នេះ​មាន​ន័យ​ថា នឹង​មាន​ព្រំដែន​កំណត់​សម្រាប់​ការ​អនុវត្ត​គោលការណ៍​ប្រទេស​មួយ​ប្រព័ន្ធ​ពីរ»។

លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​មិន​អត់ធ្មត់​ចំពោះ​អ្នក​ដែល​មិន​បាន​រក្សា​នូវ​ព្រំដែន​កំណត់​នេះ​ឡើយ។

ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ថ្មី​ លើក​ម្រាមដៃ​៥ បង្ហាញ​នូវ​ការ​ទាមទារ ៥ ចំណុច នៅ​ថ្ងៃ​ខួប​នៃ​ការ​ប្រគល់​ទីក្រុង​ហុងកុង​ពី​ចក្រភព​អង់គ្លេស​ទៅ​ឲ្យ​ប្រទេស​ចិន។ បាតុកម្ម​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១ កក្កដា ២០២០។
ក្រុម​បាតុករ​ដែល​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​ថ្មី​ លើក​ម្រាមដៃ​៥ បង្ហាញ​នូវ​ការ​ទាមទារ ៥ ចំណុច នៅ​ថ្ងៃ​ខួប​នៃ​ការ​ប្រគល់​ទីក្រុង​ហុងកុង​ពី​ចក្រភព​អង់គ្លេស​ទៅ​ឲ្យ​ប្រទេស​ចិន។ បាតុកម្ម​នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី១ កក្កដា ២០២០។

ការ​បង្វែរ​ចំណាប់​អារម្មណ៍​រឿង​នយោបាយ

ខណៈ​ដែល​មាន​ការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​នៅ​ទីក្រុង​ហុងកុង ច្បាប់​សន្តិសុខ​ថ្មី​នេះ​ក៏​ដើរ​តួ​ជា​វិធី​មួយ​សម្រាប់​មេ​ដឹកនាំ​ចិន​លោក Xi Jinping នៅ​ក្នុង​ការ​បង្វែរ​ចំណាប់​អារម្មណ៍​របស់​ពលរដ្ឋ​ចេញ​ពី​សម្ពាធ​នយោបាយ​និង​សេដ្ឋកិច្ច​ដែល​ចេះ​តែ​កើន​ឡើង ដែល​លោក​កំពុង​ប្រឈម​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​ឆាក​អន្តរជាតិ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​តាមដាន​ស្ថានការណ៍។

លោក Wu Ruei-ren អ្នក​សិក្សា​ស្រាវជ្រាវ​នៅ​បណ្ឌិត្យសភា Sinica ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ បាន​និយាយ​ថា លោក​សង្ស័យ​ថា រដ្ឋបាល​របស់​លោក Xi Jinping បាន​ប្រញាប់ប្រញាល់​អនុម័ត​ច្បាប់​នេះ​តែ​ក្នុង​រយៈ​ពេល​មួយ​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​ច្បាប់​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ជា​លើក​ដំបូង ហើយ​ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​បង្វែរ​ចេញ​ពី​ការ​ឃ្លាំមើល​លើ​ការ​តស៊ូ​ផ្នែក​នយោបាយ​របស់​លោក​ផ្ទាល់។

លោក Wu កត់​សម្គាល់​ថា ការ​គ្រប់គ្រង​របស់​លោក Xi Jinping ត្រូវ​បាន​លប់​លើ​ដោយ​ការ​ផ្ទុះ​ឆ្លង​រាល​ដាល​ឡើង​វិញ​នៃ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ប៉េកាំង បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ការ​រក​ឃើញ​ថ្មី​នៃ​ជំងឺ​ផ្ដាសាយ​ជ្រូក​ប្រភេទ​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន ដែល​អាច​ឆ្លង​ដល់​មនុស្ស ក៏ដូចជា​គ្រោះ​ទឹក​ជំនន់​ខ្លាំងក្លា​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ផង​ដែរ។

លោក Wu បាន​ប្រាប់ VOA ដូច្នេះ​ថា៖ «នេះ​គឺ​ជា​យុទ្ធសាស្ត្រ​ដែល​គេ​ប្រើ​ជា​ញឹកញាប់ នៅ​ពេល​គេ​ជួប​បញ្ហា​ធំៗ។ នៅ​ពេល​មាន​វិបត្តិ អ្នក​ព្យាយាម​បង្វែរ​ចំណាប់​អារម្មណ៍​ពី​រឿង​ខាង​ក្នុង ទៅ​រឿង​ខាង​ក្រៅ។ នេះ​គឺ​ជា​ការ​បង្វែរ​ចំណាប់​អារម្មណ៍។ ខ្ញុំគិត​ថា លោក Xi Jinping កំពុង​តែ​ព្យាយាម​បង្វែរ​ចំណាប់​អារម្មណ៍»។

ប៉ុន្តែ​លោក Wu និង​មេធាវី​ដែល​មិន​បញ្ចេញ​ឈ្មោះ​នោះ បាន​និយាយ​ថា ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​មាន ៦៦ មាត្រា​នេះ មិន​ត្រឹម​តែ​ត្រូវ​បាន​អនុម័ត​ឡើង​យ៉ាង​តក់​ក្រហល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ត្រូវ​បាន​តាក់តែង​ឡើង​ដោយ​មាន​ខ្លឹមសារ​និង​ការ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​ដែល​មាន «ភាព​ស្រពិច​ស្រពិល​ខ្លាំង និង​ធ្វើ​តាម​តែ​ការ​នឹក​ឃើញ» ថែម​ទៀត​ផង៕

XS
SM
MD
LG