ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​ទីក្រុង​ហុងកុង ប្រតិកម្ម​ចំពោះ​ច្បាប់​សន្តិសុខ​ជាតិ​របស់​ចិន


រូបឯកសារ៖ ក្រុមអ្នកតវ៉ា​ប្រមូលផ្តុំគ្នា​នៅ​ផ្សារទំនើប​មួយ​កន្លែង នៅ​កណ្តាល​ទីក្រុង​ហុងកុង​ក្នុង​អំឡុងពេល​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​របស់​ទីក្រុង​ប៉េកាំង​នៅ​ហុងកុង​ នៅ​ថ្ងៃ​អង្គារ​ទី៣០ ខែមិថុនា ឆ្នាំ២០២០។

ច្បាប់​ថ្មី​នេះ នឹង​​ដាក់ទោស​ទណ្ឌធ្ងន់ធ្ងរ​លើ​អំពើ​ល្មើសច្បាប់​ទាំងឡាយណា​ដែល​ប្រឆាំង​នឹងរដ្ឋ​ ហើយនឹង​បញ្ចប់​សិទ្ធិ​សេរីភាព​សំខាន់ៗ​ជាច្រើន ដែល​ប្រជាជន​ក្នុង​ទីក្រុង​មួយ​នេះ ធ្លាប់​មាន​កន្លង​មក។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជាច្រើន​នៅ​ទីក្រុង​ហុងកុង បាន​ប្រកាស​ថា​រំលាយ​ខ្លួន​កាលពី​ថ្ងៃអង្គារ​កន្លង​ទៅ គឺ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយពី​ស្ថាប័ន​នីតិបញ្ញត្តិ​របស់​ចិន​អនុម័ត​ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​សម្រាប់​ទីក្រុង​ហុងកុង។

ច្បាប់​ថ្មី​នេះ នឹងដាក់ទោស​ទណ្ឌធ្ងន់ធ្ងរ​លើ​អំពើ​ល្មើសច្បាប់​ទាំងឡាយណា​ដែល​ប្រឆាំង​នឹងរដ្ឋ​ ហើយនឹង​បញ្ចប់​សិទ្ធិ​សេរីភាព​សំខាន់ៗ​ជាច្រើន ដែល​ប្រជាជន​ក្នុង​ទីក្រុង​មួយ​នេះ ធ្លាប់​មាន​កន្លង​មក។

អ្នកនាងIris Tong អ្នករាយការណ៍​ព័ត៌មាន VOA ជា​ភាសា​ចិន បាន​សន្ទនា​ជាមួយ​សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​៣ រូប អំពី​ប្រតិកម្ម​របស់​ពួកគេ​ចំពោះ​ច្បាប់​ថ្មី​នេះ​ និង​អនាគត​របស់​ទីក្រុង​ហុងកុង។

យុវជន Tony Chung វ័យ​១៩ ឆ្នាំ នៃ​អង្គការ Studentlocalism

យុវជន Chung គឺជា​អ្នកចាត់ចែង​អង្គការ Studentlocalism ជា​ស្ថាប័ន​នយោបាយ​មួយ​ដែល​ប្រមូល​ផ្តុំ​យុវសិស្ស​ភាគច្រើន​រៀន​នៅ​ថ្នាក់​អនុវិទ្យាល័យ ធ្វើការ​តស៊ូមតិ​ដើម្បី​ឯករាជ្យភាព​ទីក្រុង​ហុងកុង។ យុវជន​រូប​នេះ​បាន​និយាយ​ថា បើ​ស្ថានការណ៍​បែប​នេះ​មែន អង្គការ​របស់​លោក​នឹង​មិន​ស្ថិតស្ថេរ​យូរ​ទេ ព្រោះ​ថា បើ​សមាជិក​ក្រុម​របស់​លោក​គ្រាន់តែ​ចែកខិត្តប័ណ្ណ និង​ស្រែក​តាម​ពាក្យ​ស្លោក ហើយ​ពួកគេ​នឹង​ត្រូវរង​ការគំរាម​កំហែង​ពី​បទ​រំលោភ​ច្បាប់​នោះ។ យុវជន​រូបនេះ បាន​និយាយ​ទៀត​ថា៖

«យើង​ចង់​ផ្ទេរកិច្ចការ​ដែល​យើង​ធ្វើ​រាល់ថ្ងៃ​ដល់​សមាជិក​ក្រុម​យើង​នៅ​ក្រៅ​ប្រទេស។ អ្នក​នៅ​ក្រៅ​ប្រទេស​អាច​ផ្សព្វផ្សាយ​ទស្សនៈ​របស់​យើង តាមរយៈ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​គេហទំព័រ​នានា»។

យុវជន Chung យល់​ឃើញ​ថា​ ច្បាប់​ថ្មី​នេះ នឹង​ធ្វើ​ឱ្យ​ស្ថានភាព​នយោបាយ​នៅ​ទីក្រុង​ហុងកុង​ប្រេះឆា​កាន់តែ​ខ្លាំង។

យុវជន​ Chung បាន​និយាយ​ថា៖ «ពេលនោះ​នឹង​មាន​ក្រុម​មួយ​គោរព​ច្បាប់​កាន់​តែ​ខ្លាំង។ ព្រោះ​ពួកគេ​ដឹងថា​ ពួកគេ​មិន​អាច​បញ្ចេញមតិ ឬ​ ត្រូវ​ប្រុងប្រយ័ត្ន​កាន់​តែ​ខ្លាំង​នៅ​ពេល​ពួក​ចង់​បញ្ចេញ​ទស្សនៈ​របស់​ពួកគេ។ ហើយ​ក្រុម​ផ្សេង​ទៀតនឹងប្រើកម្លាំង។ ពួកគេ​នឹង​និយាយ​ថា ការបញ្ចេញ​ទស្សនៈ​គ្មាន​ប្រយោជន៍​ទៀត​ទេ​ ដូច្នេះ​ពួកគេ​ប្រហែល​ជា​ជ្រើសរើសប្រើប្រាស់កម្លាំង​វិញ។ ខ្ញុំ​គិតថា​ការវាយប្រហារ​ដោយ​អាវុធ ​និង​ជម្លោះ​តូចតាចមួយចំនួន​នឹង​កើតឡើង»។

យុវជនVentus Lau វ័យ​២៦ឆ្នាំ​ មកពី​ក្រុម​សភា​ស៊ីវិល​ទីក្រុង​ហុងកុង​ (Hong Kong Civil Assembly Team)

យុវជន Lau គឺជា​អ្នកនាំពាក្យ​នៃ​ក្រុម​សភា​ស៊ីវិល​ទីក្រុង​ហុង​កុង ដែល​ជា​ក្រុម​សិទ្ធិ​មនុស្ស​ជួយ​ទ្រទ្រង់​ដល់​ក្រុមសិទ្ធិ​មនុស្ស​ផ្សេងៗ​ទៀត​ ​នៅ​អំឡុង​ពេលបាតុកម្ម​តវ៉ា​ប្រឆាំង​ការធ្វើបត្យាប័ន​កាលពី​ឆ្នាំមុន។ យុវជន​រូបនេះ​និយាយ​ថា​ រឿង​ពិត​ គឺថា​គ្មាន​នរណា​ដឹង​ពី​ខ្លឹមសារ​ច្បាស់លាស់​នៃ​ច្បាប់​ថ្មី​នេះ​ទេ។

យុវជន​រូប​នេះ​ បាន​បន្ថែម​ថា៖ «រឿង​ដែល​គួរ​ឱ្យ​អស់​សំណើច​គឺថា​ យើងមិន​ទាំងដឹង​ថា តើ​ពេល​នេះ​យើង​កំពុង​រំលោភ​ច្បាប់​ដែរ ឬ យ៉ាងណា​ផង។ ឧទាហរណ៍​ប្រសិនបើ​យើង​លួច​របស់​ទ្រព្យ​អ្វី​មួយ​ យើង​ដឹង​ថា យើង​បាន​ប្រព្រឹត្ត​បទល្មើស​ និង​ប្រឈមមុខ​នឹង​ការចាប់​ខ្លួន​ ប៉ុន្តែ​តាមរយៈ​ច្បាប់​ស្តីពី​សន្តិសុខជាតិ​នេះ​ យើង​មិន​បាន​ដឹង​ថា​តើ​យើង​បានប្រព្រឹត្តបទ​ល្មើស​ ឬ យ៉ាងណា​ទេ ឬ​ក៏​ទង្វើ​ពី​អតីតកាល​របស់​យើង​អាច​ត្រូវ​រាប់​ចូល​ក្នុង​អំណាច​ច្បាប់​នេះ ​ឬ​ យ៉ាង​ណាដែរ។ យើង​កំពុង​ទាយពី​ច្បាប់​នេះ​ទាំងអស់​គ្នា។ វា​មិន​មែន​ជា​ច្បាប់​ទេ​ វា​គ្រាន់តែ​ជា​លេស​សម្រាប់​គណបក្ស​កុម្មុនីស្តចិន​កៀប​សង្កត់​អ្នករិះគន់​តែ​ប៉ុណ្ណោះ»។

លោក​ Albert Ho វ័យ​៦៨ឆ្នាំ នៃ​សម្ព័ន្ធភាព​ទីក្រុង​ហុងកុង

លោក Ho គឺជា​អនុប្រធាន​សម្ព័ន្ធភាព​ទីក្រុង​ហុងកុង​ ដែល​ជា​ស្ថាប័ន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បង្កើត​ឡើង​នៅ​ឆ្នាំ១៩៨៩​ គាំទ្រ​ដល់​បាតុកម្ម​នៅ​ទីលាន Tiananmen ក្នុង​រដ្ឋធានី​ប៉េកាំង។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ចាំបាច់​រត់ភៀស​ខ្លួន​ ឬ រំលាយ​ស្ថាប័ន​របស់​ខ្ញុំ​ឡើយ។ យើង​មិន​ដែល​ធ្វើការ​តស៊ូ​មតិ​ដើម្បី​ឯករាជ្យភាព​ទីក្រុង​ហុងកុង​ឡើយ​ យើង​តែងតែ​ធ្វើការ​តស៊ូមតិ​បែប​សន្តិវិធី​ដើម្បី​ឱ្យ​មាន​កំណែ​ទម្រង់​ប៉ុណ្ណោះ។ យើង​មិន​ដែល​ប្រាថ្នា​ប្រើ​អំពើ​ហិង្សា​ ដើម្បី​ផ្លាស់ប្តូរ​ស្ថានការណ៍​បច្ចុប្បន្ន​នេះ​ឡើយ»។

លោកយល់​ថា ប្រជាជន​ត្រូវតែ​មាន​ភាពបត់បែន​ និង​បន្ត​ស្មារតី​តស៊ូ​ប្រយុទ្ធ​របស់​ពួកគេ​ជានិច្ច។ លោក​បាន​លើក​យក​ស្តូប​អនុស្សាវរីយ៍​រំឮក​ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នៅ​ទីលាន Tiananmen ក្នុង​ឆ្នាំ១៩៨៩​ ជា​ឧទាហរណ៍​បញ្ជាក់៕

ប្រែ​សម្រួល​ដោយ​លោក កោះ​ សុគន្ធី

អត្ថបទ​ទាក់ទង

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG