សៀវភៅដែលសរសេរដោយសកម្មជនប្រជាធិបតេយ្យហុងកុងល្បីឈ្មោះមួយចំនួនបានចាប់ផ្ដើមបាត់រូបរាងពីបណ្ណាល័យនានានៅក្នុងទីក្រុងហុងកុង។ នេះបើយោងតាមការបង្ហាញរបស់ទិន្នន័យអនឡាញ ក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់កំហិតច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងនេះ។
លោក Joshua Wong ដែលជាសកម្មជនវ័យក្មេងដ៏ល្បីឈ្មោះបំផុតនៅក្នុងទីក្រុងហុងកុង និងអ្នកស្រី Tanya Chan ដែលជាសមាជិកសភាដែលមានទំនោររកប្រជាធិបតេយ្យ ស្ថិតក្នុងចំណោមអ្នកនិពន្ធរបស់សៀវភៅដែលត្រូវបានគេដកចេញនោះ។
ច្បាប់សន្តិសុខជាតិថ្មីរបស់ចិនសម្រាប់ទីក្រុងហុងកុងត្រូវបានអនុម័តកាលពីថ្ងៃអង្គារសប្ដាហ៍មុន ហើយវាគឺជាការផ្លាស់ប្ដូរខ្លាំងបំផុតមួយទាក់ទិននឹងវិធីគ្រប់គ្រងរបស់ទីក្រុងហុងកុង ដែលត្រូវបានចក្រភពអង់គ្លេសប្រគល់ឲ្យចិនវិញកាលពីឆ្នាំ ១៩៩៧ ក្រោមគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរ។
លោក Joshua Wong បាននិយាយថា លោកជឿថា ការដកចេញនូវសៀវភៅទាំងនេះគឺបានកើតឡើងដោយសារច្បាប់សន្តិសុខថ្មីនេះ។
លោកបានសរសេរនៅលើ Facebook ដោយប្រើឃ្លាដែលសំដៅលើការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយថា៖ «ការសង្កត់សង្កិនលើអ្នកប្រឆាំងនយោបាយនៅតែបន្តរីករាលដាល។ ច្បាប់សន្តិសុខជាតិថ្មីនេះគឺជាឧបករណ៍ដ៏សំខាន់នៅក្នុងការចោទថាជាបទឧក្រិដ្ឋសម្រាប់ការបញ្ចេញមតិនានា»។
ការស្វែងរកតាមគេហទំព័ររបស់បណ្ណាល័យសាធារណៈនានាបានបង្ហាញថា យ៉ាងហោចណាស់ សៀវភៅ ៣ ក្បាលដែលនិពន្ធដោយលោក Joshua Wong អ្នកស្រី Tanya Chan និងបញ្ញវ័ន្តក្នុងទីក្រុងហុងកុងលោក Chin Wan គឺមិនអាចរកឃើញសម្រាប់ជួលបានទេ។
នាយកដ្ឋានសេវាកម្សាន្ត និងវប្បធម៌នៃទីក្រុងហុងកុង ដែលជាអ្នកគ្រប់គ្រងលើបណ្ណាល័យនានា បានបញ្ជាក់ថា សៀវភៅទាំងនេះត្រូវបានដកចេញ ស្របពេលដែលកំពុងកំណត់មើលថាតើសៀវភៅទាំងនេះរំលោភលើច្បាប់សន្តិសុខជាតិឬក៏អត់៕