ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដានសាទរ​និង​​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​បង្កើន​ការ​រឹត​បន្តឹង​លើ​ភេសជ្ជៈ​កំប៉ុង ខណៈ​បារម្ភ​អំពី​ជំងឺ​ទឹក​នោម​ផ្អែម


តូប​អ្នកលក់​នៅ​សាលា​បឋម​សិក្សា​ទួលទំពូង នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ (ចឹង លីលី/វីអូអេ)
តូប​អ្នកលក់​នៅ​សាលា​បឋម​សិក្សា​ទួលទំពូង នៅ​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។ (ចឹង លីលី/វីអូអេ)

បន្ទាប់​ពី​មាន​សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ​ដែលហាម​ឃាត់​មិន​ឲ្យលក់​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ក្នុងនិង​ក្រៅ​បរិវេណ​សាលា អ្នក​តាម​ដាន​បាន​ជំរុញ​ឲ្យរដ្ឋាភិបាល​បង្កើន​ការ​រឹត​បន្តឹងត្រួត​ពិនិត្យ​កម្រិត​ជា​តិ​ស្ករ​ក្នុង​ភេសជ្ជៈ​កំប៉ុង មុន​នឹង​អនុញ្ញាត​ឲ្យ​ចរាចរ​នៅ​លើ​ទីផ្សារ។

កាល​ពី​ថ្ងៃ​អង្គារ ទី ១០ ខែធ្នូ ​ក្រសួង​អប់រំ​បាន​ចេញ​សេចក្តី​ណែនាំមួយ​ ដោយ​ប្រាប់ឲ្យ​មន្ទីរ​អប់រំ​រាជធានី ខេត្ត ការិយាល័យ​អប់រំ​នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ និង​គ្រប់គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ និង​ឯកជន និង​គ្រឹះ​ស្ថាន​អប់រំ​បច្ចេកទេស​នៅ​ទូទាំង​ប្រទេសត្រូវ​អនុវត្ត​បន្ត​ហាមឃាត់​ការ​ទទួល​ទាន ការ​ចែកចាយ ការ​តាំង​លក់ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ផលិត​ផល​ភេសជ្ជៈ​ប៉ូវ​កម្លាំង​គ្រប់​ប្រភេទ នៅ​តាម​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ​និង​ឯកជន ដើម្បី​ពង្រឹង​វិធានការ​អនុវត្ត​លើក​កម្ពស់​សុវត្ថិ​ភាព និង​សុខុមាល​ភាព​ចំណី​អាហារ ក្រោយពី​បានសង្កេត​ឃើញ​ថា ការ​អនុវត្ត​នា​ពេល​កន្លង​នៅ​មិន​ទាន់​បាន​គ្រប់​ជ្រុង​ជ្រោយ​តាម​សេចក្តី​ណែនាំ​នៅ​ឡើយ។

សេចក្តី​ណែនាំ​បញ្ជាក់​ថា ​ដើម្បី​ចូលរួម​យក​ចិត្ត​ទុក​ដាក់​បន្ថែមលើ​សុខភាព​របស់​សិស្ស​ រួមទាំង​ការ​បង្ការ​ហានិភ័យ​នៃ​ជំងឺ​មិន​ឆ្លង​ ជា​ពិសេស​ជំងឺ​ទឹក​នោមផ្អែម​ដែល​ពាក់ព័ន្ធ​នឹង​ទម្លាប់​ទទួល​ទាន​ចំណី​អាហារ​ ភេសជ្ជៈ​ផ្អែម​ និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង ក្រសួងអប់រំ​ហាមឃាត់​ការ​ទទួល​ទាន ​ការ​ចែកចាយ​ ការ​តាំង​លក់​ និង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ផលិតផល​ភេសជ្ជៈប៉ូវ​កម្លាំង​គ្រប់​ប្រភេទ នៅ​ក្នុង​និង​ជុំវិញ​ជាប់​បរិវេណ​គ្រឹះស្ថាន​សិក្សា​ចំណេះ​ទូទៅ​សាធារណៈ និង​ឯកជន និង​គ្រឹះស្ថានអប់រំ​បច្ចេក​ទេស។

សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំត្រូវបាន​ធ្វើ​ឡើង​តាម​អនុសាសន៍របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ​ដែល​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារអំពី​ក្តី​ព្រួយ​បារម្ភ​អំពី​ជំងឺ​មិន​ឆ្លង ជា​ពិសេសជំងឺ​ទឹក​នោម​ផ្អែម។

លោក យង់ គិមអេង ប្រធាន​មជ្ឃមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព លើក​ឡើងថា ​លោក​សាទរ​ចំពោះចំណាត់​ការ​របស់ក្រសួង​អប់រំ​ដែល​ហាម​ឃាត់​មិន​ឲ្យមានការលក់ដូរ​គ្រឿង​ភេសជ្ជៈផ្សេងៗ​នៅ​ម្តុំ​បរិវេណ​សាលា​រៀន។ ​លោក​ថា ​វិធាន​ការនេះ​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​នៅ​ទូទាំង​ប្រទេស។

លោក យង់​ គិមអេង លើកឡើងថថា ការ​ពិសារ​ភេសជ្ជៈអស់​ទាំង​នេះ​ច្រើន​លើស​លប់​ដោយ​សារ​តែ​មិន​មាន​ការ​យល់ដឹង ហើយ​កំពុង​បង្ក​ជា​ហានិភ័យ​ខ្លាំង​ដល់សុខភាព​របស់ប្រជា​ពលរដ្ឋ។

លោក​ថ្លែង​ថា​៖ «ប្រសិន​បើ​នៅតែបន្តប្រើប្រាស់ ថ្ងៃក្រោយ​ទៅគ្រោះ​ថ្នាក់ធំ​ណាស់។ គ្រោះថ្នាក់ទី ១ ​គឺគ្រោះ​ថ្នាក់​ទៅ​លើសុខ​ភាព ដែលយើង​ឃើញ​ថា​ពាក់ព័ន្ធនឹងការខូច​ក្រលៀន​ ដែល​មាន​ការផ្សព្វផ្សាយ​ជាញឹក​ញាប់។ អ៊ីចឹង​គ្រោះថ្នាក់នេះ ​បើយើងមិន​ព្រមដោះ​ស្រាយ​ទេ យើងអាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​ធនធាន​មនុស្ស ប៉ះ​ពាល់​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស ដែល​ជា​បន្ទុក​រដ្ឋ​ត្រូវ​ទទួល​រ៉ាប់រង​ចំពោះ​អ្នកមាន​ជំងឺ អ្នក​មាន​បញ្ហាសុខ​ ដោយ​សារ​តែ​ប្រើប្រាស់​ផលិត​ផល​គ្រឿង​កំប៉ុង​បែប​ហ្នឹង ដែល​គាត់​មិន​មាន​ព័ត៌មាន មិន​មាន​ការ​យល់​ដឹង»។

លោក កុយ វ៉ាននី អ្នកនាំ​ពាក្យ​ក្រសួង​សុខាភិបាល ប្រាប់វីអូអេថា ​កិច្ច​ការងារ​ត្រួត​ពិនិត្យ​ផលិត​ផល​ចំណីអាហារ ភេសជ្ជៈ​ គ្រឿង​កំប៉ុង និង​ស្រាបៀរ មុន​នឹង​អនុញ្ញាត​ឲ្យចរាចរ​លើ​ទីផ្សារ គឺ​ជា​ភារកិច្ច​របស់​ក្រសួង​សុខាភិបាល និង​សហ​ក្រសួង​ផ្សេង​ទៀត។ លោក​ថ្លែង​បន្ត​ថា​ ការ​ចេញ​សេចក្តី​ណែនាំ​ហាម​ឃាត់​មិន​ឲ្យលក់​ប្រភេទ​គ្រឿង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​នៅ​ក្នុង និង​ក្រៅ​បរិវេណ​ជាប់​សាលារៀន​ គឺ​ជា​ការ​បង្កើន​ការ​យល់​ដឹង​បន្ថែម​ដល់​សិស្សានុសិស្ស និង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​អំ​ពី​ការ​ទទួល​ទាន​ឲ្យបាន​ត្រឹម​ត្រូវ ចៀស​វាងផលប៉ះពាល់​ដល់​សុខភាព។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​ចង់​ជម្រាបជូន​ វា​មិន​មែន​ជា​យើង​ខិតខំ​ហាម​ឃាត់ហើយបាន​លទ្ធផល​ទេ សំខាន់​យើង​បាន​លើ​ការ​យល់​ដឹង​ជា​សកល​ជា​រួម​ ជា​សាធារណៈ​ អំពី​ផល​ប៉ះពាល់​ជា​យថា​ហេតុ ​មិន​មែន​ផល​ប៉ះពាល់​ទាំង​ស្រុង​ទេ ផល​ប៉ះពាល់​ជា​យថាហេតុ​ទៅ​លើ​សុខភាព។ ឧទាហរណ៍​យើង​ថា ​យើង​ខ្លាច​ស្ករ ​ប៉ុន្តែ​យើង​ត្រូវ​ការ​ស្ករ​ យើង​មិន​មែន​ទៅ​ហាម​ឃាត់​ស្ករ​បាន​ទេ តែ​បើ​យើង​បរិភោគ​ច្រើន​លើស​សេចក្តី​ត្រូវ​ការ​វា​បង្កើត​បញ្ហា​មួយ​ទៀត»។

ក្រោយ​ការ​ចេញ​សេចក្តី​ណែនាំ​របស់​ក្រសួង​អប់រំ​អំពី​ការ​ហាម​ឃាត់​ភេសជ្ជៈ​កំប៉ុង​លក់​ដូរ​ក្នុង​និង​ក្រៅ​បរិវេណ​សាលា​រៀន លោក រឿន ពិសី គ្រូ​កីឡា នៅ​សាលា​អនុវិទ្យាល័យ​ភ្នំជ្រាំង ក្នុង​ខេត្ត​បាត់​ដំបង ប្រាប់​វីអូអេ​ថា ​លោក​សាទរ​ចំពោះ​ការហាម​ឃាត់នេះ និង​ថាការ​ទទួល​ប្រភេទ​ភេសជ្ជៈ​ទាំង​អស់​នោះ​បង្ក​ហានិភ័យ​ខ្ពស់​សម្រាប់​សុខភាព​សិស្ស។

លោក​ថ្លែង​ថា៖ «និយាយ​ទៅ ​វា​អត់​ល្អ​ទេសម្រាប់​ក្មេងៗ ​ព្រោះ​វា​ជា​ប្រភេទ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ណាមួយ គាត់​អត់​គួរញាំ​ជា​ប្រចាំ​ទេ។ បញ្ហា​វា​ប្រឈម​ជំងឺ​ផ្សេងៗ​ដូច​ជាឃើញក្រសួង​សុខាភិបាល​ប្រកាស​ថ្មីៗ​ គឺ​ជំងឺ​ទឹក​នោម​ផ្អែម​លើ​ក្មេងៗ​ច្រើន»។

ថ្លែង​ក្នុង​ពិធីពិធី «បញ្ចុះ​បឋម​សីលា​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​នៅ​ទីតាំង​ទី ៣ ​នៃ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល» កាល​ពី​ថ្ងៃ​អង្គារ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពាវ​នាវ​ឲ្យក្រសួង​សុខាភិបាល​សហការ​ជា​មួយ​ក្រសួង​អប់រំ​ ចូលរួម​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ និង​សិស្សានុសិស្ស​ ការ​ពារ​សុខភាព​ តាម​រយៈ​ការ​ទទួល​ទាន​គ្រប់​ភេសជ្ជៈ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សុំ​ឲ្យក្រសួង​សុខាភិបាល​ និង​ក្រសួង​អប់រំ​ ពិនិត្យ​មើល​ធ្វើ​ការ​អប់រំ ការ​ត្រួត​ពិនិត្យ​ ក៏​ដូចជា​ការ​ណែនាំ​ទៅ​ដល់​អ្នក​លក់​ចំណី​អាហារ នៅ​តាម​សាលា​សម្រាប់​ក្មេង​តូចៗ​ផង ព្រោះ​ខ្ញុំ​ឃើញ​កំណើន​នៃ​ អ្នក​កើត​ទឹក​នោម​ផ្អែម​ ជា​ពិសេស​អ្នកទឹកនោម​ផ្អែម​អាយុ​ ៣០​ជាង ​៤០​ជាង ​... ជួន​កាល​ក្មែងៗ​ខ្លះ​ខ្ញុំ​ឃើញ លេង​អាប៉ូវ​កម្លាំង​មួយថ្ងៃ​ ៣​ កំប៉ុង​ហើយ ម្តាយ​អាណិត​កូន កូន​ចូល​ចិត្ត​ផ្អែម​ដាក់​ឲ្យ​ ​៣ ​កំប៉ុង​ពី​ក្មេង»។
គួរ​បញ្ជាក់​ថា ​កាល​ពី​ខែ​វិច្ឆិកា លោក ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល បាន​ថ្លែង​ថា​ជំងឺ​ទឹក​នោម​ផ្អែមគឺ​ជា​បញ្ហាសុខភាពធំ​នៅ​កម្ពុជា និង​នៅ​លើ​សកល​លោក។ លោក​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​បង្កើន​ការ​ផ្សព្វ​ផ្សាយ ដើម្បី​បង្ការ និង​ការពារដោយ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​អំពី​ជំងឺ​នេះ៕

វេទិកា​បញ្ចេញ​មតិ

អត្ថបទ​ទាក់ទង

XS
SM
MD
LG