ភ្នំពេញ — នៅតាមសាលារៀនគេតែងឃើញមានអាហារដ្ឋានដែលលក់នំចំណី និងម្ហូបអាហារសម្បូរបែបសម្រាប់សិស្សានុសិស្ស។ ក៏ប៉ុន្តែនំចំណីខ្លះហាក់មិនទទួលបានការពិនិត្យត្រឹមត្រូវ មុននឹងត្រូវបានយកមកដាក់លក់នោះទេ។
សម្រាប់សិស្សានុសិស្ស ការសិក្សាជារឿងចម្បង ប៉ុន្តែការបរិភោគចំណីអាហារដែលមិនមានការត្រួតពិនិត្យត្រឹមត្រូវ គ្មានអនាម័យនិងគុណភាពដែលប៉ះពាល់ដល់សុខភាព ក៏ជាហេតុមួយដែលធ្វើឱ្យការសិក្សារបស់សិស្សមានការអន់ថយផងដែរ។
ជាក់ស្តែង យុវតី លៀប សុខគាង វ័យ ១៨ ឆ្នាំជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ធ្លាប់ពុលចំណីដែលបានញុំានៅសាលា ដោយសារតែបរិភោគនំកញ្ចប់។ នាងបានរៀបរាប់ថា នៅពេលដែលនាងបានញុំារួច ក៏ស្រាប់តែមានអាការៈមិនស្រួលខ្លួនហើយឈឺក្បាលជាដើម ដែលជាហេតុធ្វើឱ្យនាងខាតពេលវេលាសិក្សា។
កញ្ញាថ្លែងថា៖ «ធ្លាប់ញុំាបែបនំកញ្ចប់ៗអានំចង្កឹះ ដូចនំរបស់វៀតណាមហើយកញ្ចប់ពណ៌ខ្មៅ។ កាលហ្នឹងញុំាច្រើន ព្រោះចូលចិត្តញុំាអាហ្នឹង។ ពេលហ្នឹងគិតថាផលិតផលហ្នឹងបែបម៉េចទេ ដឹងតែទំនង ក្លិនឆ្ងាញ់ រសជាតិឆ្ងាញ់ ដឹងតែចង់ញុំា។ តែពេលញុំាហើយ របៀបដូចឈឺក្បាល ហើយរាងចុកពោះ។ ហើយតាំងពីពេលហ្នឹង ក៏ខ្ញុំឈប់ញុំានំហ្នឹងរហូតដល់ឥឡូវ ព្រោះដោយសារតែខ្ញុំដូចអត់ស្រួលខ្លួន ហើយឈឺក្បាលតែម្តង អត់បានរៀនទេ។ ខ្ញុំមកផ្ទះអ៊ីចឹងបង»។
គេតែងឃើញនំចំណីប្រភេទកញ្ចប់បែបនេះជាច្រើនប្រភេទមានដាក់លក់ជាហូរហែ នៅតាមសាលារៀនសាធារណៈ និងឯកជនមួយចំនួនធំនៅទូទាំងប្រទេសកម្ពុជា។ ហើយករណីពុលចំណីអាហារនៅតាមសាលារៀន ដូចជាបទពិសោធន៍ផ្ទាល់របស់យុវតី លៀប សុខគាង ក៏កំពុងកើតមានឡើងជាញឹកញាប់ផងដែរ ក្នុងចំណោមសិស្សានុសិស្សកម្ពុជា ដោយបង្កជាក្តីបារម្ភកាន់តែខ្លាំងឡើងអំពីសុខមាលភាពរបស់សិស្ស និងជំរុញឱ្យមានកិច្ចប្រឹងប្រែងលើការត្រួតពិនិត្យប្រភេទនិងគុណភាពចំណីអាហារ ដែលត្រូវបានដាក់លក់នៅតាមសាលារៀន។
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ និងឯកជន ដោយក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅតែមានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានដល់ការសន្លប់ជាដើម។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រសួងអប់រំបានបង្ហោះសារដោយភ្ជាប់ជាមួយរូបភាពចំណីអាហារ និងភេសជ្ជៈមួយចំនួនដែលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។
កំពុងអង្គុយលើបង់សរសេរមេរៀន យុវជន ឈួន ឫទ្ធី ជាសិស្សថ្នាក់ទី ១២ នៃវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានប្រាប់វីអូអេថា ខ្លួនធ្លាប់បានបរិភោគនំចំណីដែលមិនមានប្រភព ឬកាលបរិច្ឆេទមិនច្បាស់លាស់នៅសាលារៀន។ ហើយវាបានបង្កឱ្យយុវជនរូបនេះមានជំងឺផ្សេងៗ ដូចជាឈឺបំពង់ក ឬគ្រុនពោះវៀនជាដើម។ ឫទ្ធី បានរៀបរាប់ទៀតថា ពេលមានជំងឺម្តងៗ វាបានបង្កផលប៉ះពាល់ដល់ហិរញ្ញវត្ថុ និងជីវភាពរបស់គ្រួសារ ដោយសារតែការចំណាយទៅលើការព្យាបាលសុខភាពរបស់ខ្លួន។
លោកថ្លែងថា៖ «ចាប់តាំងពីពេលហ្នឹងមក ខ្ញុំកាត់បន្ថយច្រើន ដូចនំកញ្ចប់អ៊ីចឹងៗ គឺអត់ញុំាសូវញុំាទៀតទេ។ ហើយភាគច្រើនដែលញុំា គឺត្រូវមើលកាលបរិចេ្ឆទសិនថា វាជិតហួសកំណត់នៅ ហើយបរិមាណជាតិស្ករដែលគេដាក់នៅក្នុងសារធាតុផ្សំសិនថា នៅក្នុងហ្នឹងមានសារធាតុផ្សំអីខ្លះ»។
សិស្សថ្នាក់ទី ១២ រូបនេះ បានរៀបរាប់បន្ថែមថា ចំណីអាហារខ្លះដែលត្រូវបានដាក់លក់នៅសាលារៀនមិនមានអនាម័យនោះទេ ខណៈអាជីវករខ្លះមិនសូវយកចិត្តទុកដាក់លើគុណភាពចំណីអាហារដែលលក់ឱ្យសិស្សានុសិស្សឡើយ នៅពេលដែលពួកគេយកនំចំណីទាំងនោះមកលក់ដូរ។ យុវជន ឈួន ឫទ្ធី ក៏បញ្ជាក់ថា អាហារដែលខ្លួនបរិភោគនៅផ្ទះ មានអនាម័យជាងនៅសាលា ពីព្រោះអ្នកលក់ខ្លះមិនបានរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនឡើយ នៅពេលដែលធ្វើអាហារលក់។
លោកថ្លែងថា៖ «ខុសគ្នាច្រើនដោយសារតែនៅពេលដែលយើងញុំាបាយនៅផ្ទះទៅ យើងធ្វើខ្លួនឯងទៅ វាអនាម័យជាងនៅសាលា ពេលខ្លះយើងឃើញអ្នកលក់ ធ្វើលក់ៗតែយើងអត់ដឹងថានៅពីក្រោយខ្នងរបស់អ្នកលក់ហ្នឹង គេមានអនាម័យឬក៏អត់ទេ»។
ស្ថិតនៅបរិវេណនៃវិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ក្នុងរាជធានីភ្នំពេញ តូបលក់ចំណីអាហារប្រមាណជាង ១០ តូប មានលក់ម្ហូបអាហារ ដូចជាបាយស្រូប ស៊ុបមីគុយទាវ ប្រហិត ម្ជូរស្វាយ និងភេសជ្ជៈផ្សេងៗ ដូចជាទឹកសុទ្ធ តែបៃតង និងតែក្រូចឆ្មារជាដើម។ គេក៏ឃើញមាននំកញ្ចប់ និងស្ករគ្រាប់ផ្សេងៗ ដែលត្រូវបានដាក់លក់នៅតាមតូបលក់ចំណីអាហារក្នុងវិទ្យាល័យនេះផងដែរ។
ក្នុងអំឡុងពេលអ្នកសារព័ត៌មានវីអូអេបានចុះទៅវិទ្យាល័យ ជាស៊ីមចំរើនរដ្ឋ ជារៀងរាល់ម៉ោងសម្រាក សិស្សានុសិស្សក្នុងវិទ្យាល័យនេះបាននាំគ្នាទៅតូបលក់នំចំណីអាហារ ដោយភាគច្រើនពួកគេចូលចិត្តញុំាស៊ុបមីគុយទាវ បាយស្រូប និងតែបៃតងជាដើម។ ហើយសិស្សខ្លះទៀតបានទិញម្ជូរស្វាយសម្រាប់ញុំា ក្រោយពួកគេបានបរិភោគអាហារថ្ងៃត្រង់រួច។ ក្នុងចំណោមភេសជ្ជៈដែលមានលក់នៅវិទ្យាល័យនេះ ក៏រួមមានភេសជ្ជៈប៉ូវកម្លាំង និងភេសជ្ជៈផ្អែមមួយចំនួនដូចជាកូកាកូឡាជាដើម។
កំពុងអង្គុយលើបង់រំលឹកមេរៀនជាមួយមិត្តភក្តិក្រោមដើមឈើក្នុងសាលា យុវតី គង់ សុបញ្ញា ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានប្រាប់វីអូអេថា នាងមិនសូវចូលចិត្តផឹកភេសជ្ជៈកំប៉ុងនោះទេ ពីព្រោះវាអាចនឹងនាំឱ្យមានជំងឺផ្សេងៗ។ យុវសិស្សរូបនេះបន្តថា លោកគ្រូ អ្នកគ្រូ នៅក្នុងថ្នាក់តែងណែនាំសិស្សចៀសវាងផឹកភេសជ្ជៈប៉ូវកម្លាំង ដែលមានជាតិស្ករខ្ពស់។
យុវតីរូបនេះថ្លែងថា៖ «[លោកគ្រូ អ្នកគ្រូ] គាត់អត់ឱ្យញុំារបៀបស្ទីង កូកា របៀបដែលមានជាតិហ្គោសខ្លាំង ហើយផ្អែមខ្លំាង ច្រើនតែឱ្យញុំាទឹកសុទ្ធ»។
លោក ព្រាប ប៊ុនណា ដែលជាគ្រូបង្រៀនគីមីវិទ្យាថ្នាក់ទី ១២ នៃវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានលើកឡើងថា ការណែនាំរបស់ក្រសួងអប់រំស្តីពីសុខភាពចំណីអាហារ និងការលក់ដូរនំចំណីផ្សេងៗសម្រាប់សិស្សានុសិស្ស ជាកិច្ចការល្អ ពីព្រោះវាជំរុញឱ្យអ្នកលក់ចៀសវាងលក់ចំណីអាហារណា ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់សិស្សនៅក្នុងសាលា។ លោកបន្ថែមថា លោកតែងតែណែនាំសិស្សានុសិស្សឱ្យបានដឹងពីប្រភេទចំណីអាហារដែលគួរញុំា និងមិនគួរញុំា ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពរបស់សិស្ស។
លោកថ្លែងថា៖ «បាទណែនាំតើស៎កូន ព្រោះអីធម្មតាទាក់ទងជាមួយអាហារខ្លះ វាអត់ត្រូវនឹងវ័យគាត់ញុំា តែគាត់ញុំាទៅ នាំឱ្យគាត់មានផលប៉ះពាល់អ៊ីចឹង ប៉ុន្តែណែនាំហើយរឿងគាត់ទៅទិញ មិនទៅទិញ ក៏អត់ដឹងដែរ ប៉ុន្តែសំខាន់ បើក្នុងសាលាវាអត់លក់ ក៏ជាការល្អមួយដែរ»។
គ្រូបង្រៀនគីមីវិទ្យារូបនេះ ក៏បញ្ជាក់ដែរថា សិស្សានុសិស្សគួរបរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់ ក្នុងនោះមានដូចជាបន្លែ សាច់ និងផ្លែឈើដែលគ្មានជាតិគីមីជាដើម។
លោកថ្លែងថា៖ «ប៉ុន្តែគ្រាន់ថា បើបន្លែអីៗហ្នឹងគឺវាល្អហើយ ប៉ុន្តែវាក៏ត្រូវការសាច់ទាក់ទងជាមួយបំប៉នរាងកាយដែរ ហ្នឹងបើយើងនិយាយតាមត្រឹមត្រូវ ប៉ុន្តែបើបន្លែ និងសាច់របស់យើងសម្បូរទៅដោយជាតិគីមីអាហ្នឹងក៏វាអត់ល្អដែរ»។
អ្នកស្រី កង សុជាតា គ្រូបង្រៀនគីមីវិទ្យាថ្នាក់ទី ១១ ម្នាក់នៃវិទ្យាល័យជាស៊ីមចំរើនរដ្ឋ ក៏បានគាំទ្រវិធានការណែនាំរបស់ក្រសួងអប់រំ ហើយជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមលើប្រភេទចំណីអាហារណាដែលល្អដល់សុខុមាលភាពរបស់សិស្សានុសិស្ស ដូចជាផ្លែឈើ ឬនំខ្មែរជាដើម។
អ្នកស្រីថ្លែងថា៖ «សម្រាប់អ្នកគ្រូ ប្រសិនបើមានលក់ចំណីអាហារអ៊ឹចឹង សម្រាប់អាហារដូចជា Snack [អាហារសម្រន់] អ៊ីចឹងអាចជាផ្លែឈើអ៊ីចឹងទៅ។ អ៊ីចឹងផ្លែឈើមានច្រើន អាចចិតជាចំណិតៗដោតចង្កាក់លក់ ឬអាចជានំខ្មែរ នំអ៊ីចឹងទៅ»។
អ្នកគ្រូបង្រៀនវ័យ ៣១ ឆ្នាំរូបនេះ ក៏បានសង្កេតឃើញថា ករណីដែលសិស្សពុលចំណីអាហារនៅក្នុងម៉ោងរៀនមានច្រើន។ ហើយភាគច្រើនវាបង្កទៅជាជំងឺក្រពះ និងពោះវៀន ដែលជាហេតុធ្វើឱ្យសិស្សានុសិស្សត្រូវឈប់សម្រាកពីការសិក្សាជាច្រើនថ្ងៃ ដែលអាចធ្វើឱ្យការសិក្សារបស់ពួកគេអន់ថយ។
អ្នកគ្រូ កង សុជាតា ថ្លែងថា៖ «ទាក់ទងនឹងសិស្សគាត់ឈប់សម្រាកអត់មករៀន ដោយសារពុលចំណីហ្នឹង គឺអ្នកគ្រូបានជួបច្រើន។ អ៊ីចឹងករណីខ្លះនិយាយឱ្យចំទៅ គាត់ចូលចិត្តញុំាំមី អ៊ីចឹងនៅពេលដែលគាត់ញុំាមីអ៊ីចឹងទៅ ធ្វើឱ្យគាត់មានបញ្ហាពោះវៀន និងក្រពះ ជួនកាលទៅមករៀនគាត់ញុំា ញុំាហើយបានប្រហែលកន្លះម៉ោង ១ ម៉ោងអី គាត់ចាប់ផ្តើមចុកពោះអ៊ីចឹង សុំច្បាប់ទៅផ្ទះ។ អ៊ីចឹងក្រោយពីគាត់សុំច្បាប់ទៅផ្ទះ ហ្នឹង ៣-៤ ថ្ងៃ បានគាត់បានធូរ បានគាត់បានមករៀន»។
សម្រាប់អាជីវករនៅតាមសាលារៀនវិញ ពួកគេក៏បានសាទរវិធានការរបស់ក្រសួងអប់រំ ក្នុងការពង្រឹងការត្រួតពិនិត្យគុណភាពចំណីអាហារ ដែលដាក់លក់ឱ្យសិស្ស ទោះបីជាពួកគេបារម្ភថា សិស្សនៅតែអាចមានជម្រើសទិញចំណីអាហារមិនល្អពីក្រៅសាលារៀនក្តី។
កំពុងឈររៀបចំកន្លែងលក់នំចំណីក្នុងតូបរបស់ខ្លួន អ្នកស្រី សេង ចន្ថា បានប្រាប់វីអូអេថា អ្នកស្រីបានធ្វើតាមសេចក្តីណែនាំរបស់ក្រសួង ក៏ដូចជាមានការណែនាំពីនាយកសាលា ដោយមិនឱ្យមានលក់ភេសជ្ជៈប៉ូវកម្លាំងដែលមានជាតិស្ករខ្ពស់នោះទេ។ អាជីវករវ័យ ៤៦ ឆ្នាំរូបនេះបន្តថា បើទោះបីជានៅក្នុងសាលាមិនមានលក់ភេសជ្ជៈកំប៉ុងក្តី ក៏នៅតែមានសិស្សខ្លះលួចទិញភេសជ្ជៈទាំងនោះពីខាងក្រៅមកដែរ។
អ្នកស្រីថ្លែងថា៖ «មានអ្នកទិញមកអ៊ីចឹងទៅ មកទិញទឹកកកយើងទៅ គាត់យកមកពីផ្ទះខ្លួនគាត់។ គាត់សួរតា៎ ពេលក្មេងៗណាដែលគាត់យកមកពីផ្ទះ ឬយកមកពីក្រៅអ៊ីចឹងហាស ទិញពីក្រៅ អ្នកខាងក្រៅមានលក់តែអ្នកខាងក្នុងអត់មានលក់ទេ អ្នកខាងក្នុងគេបិទហើយស្ទីង គេអត់លក់ទេ»។
កន្លងមក ក្រសួងអប់រំបានចេញលិខិតណែនាំសាលារៀនទូទាំងប្រទេសដើម្បីចូលរួមទប់ស្កាត់ការលក់ចំណីអាហារ ៦ ប្រភេទ ក្នុងនោះមានដូចជា ចំណីអាហារគ្រប់ប្រភេទដែលហួសកាលបរិច្ឆេទប្រើប្រាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ការ៉េម ទឹកសេរ៉ូ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូ ចាហួយ នំដូណាត់ និងនំផ្អែមគ្រប់ប្រភេទ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា។
លោកបន្ថែមថា ក្រសួងអប់រំបានណែនាំទៅគណៈគ្រប់គ្រងសាលា ត្រូវមានកិច្ចសន្យារវាងអ្នកលក់ដូរ និងនាយកសាលាអំពីការលក់ចំណីអាហារដែលត្រូវបានទប់ស្កាត់នេះ។ ហើយក្នុងករណីមានការលក់ដូរផ្ទុយពីកិច្ចសន្យា គណៈគ្រប់គ្រងសាលារៀនអាចអនុវត្តន៍វិធានការរដ្ឋបាលដែលមានជាធរមានបាន។
លោកបញ្ជាក់ក្នុងន័យដើមតាមបណ្តាញតេឡេក្រាមមកកាន់វីអូអេថា៖ «ជាយន្តការរដ្ឋបាលមន្ទីរអប់រំ យុវជន និងកីឡាជំរុញការអនុវត្តសេចក្តីណែនាំដោយសហការជាមួយគណ:គ្រប់គ្រងសាលារៀន។ គណ:គ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងកិច្ចការទូទៅនៅទីតាំងសាលារៀន។ ករណីលក់ដូរនៅសាលារៀន គណៈគ្រប់គ្រងសាលារៀនមានកិច្ចសន្យារវាងអ្នកលក់ដូរ និងនាយកសាលា។ ដូចនេះ គណៈគ្រប់គ្រងសាលារៀនត្រូវគ្រប់គ្រងការលក់ដូរដែលត្រូវស្របជាមួយកិច្ចសន្យាលក់ដូរលើទីតាំងសាលារៀន។ បើការលក់ដូរផ្ទុយពីកិច្ចសន្យានេះ គណៈគ្រប់គ្រងសាលារៀនអាចអនុវត្តន៍វិធានការរដ្ឋបាលមានជាធរមាន»។
លោក រស់ សុវាចា ក៏បញ្ជាក់ផងដែរថា ក្រសួងអប់រំកំពុងបន្តយកចិត្តទុកដាក់ខ្ពស់ លើការពិនិត្យតាមដានសុខភាពសិស្សានុសិស្ស និងបុគ្គលិកអប់រំគ្រប់កម្រិតថ្នាក់ តាមយន្តការដែលមានស្រាប់ ជាពិសេសតាមរយ:យន្តការរបស់នាយកដ្ឋានសុខភាពសិក្សារបស់ក្រសួង និងក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយវិស័យអប់រំ។ លោកថា ក្រសួងអប់រំបាននឹងបន្តជំរុញឱ្យគ្រូបង្រៀន និងគណ:គ្រប់គ្រងសាលារៀនទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់អំពីបញ្ហាសុខភាពរបស់សិស្ស ដែលជាកត្តាដ៏សំខាន់មួយអាចជះឥទ្ធិពលដល់ការសិក្សា។
លោកសរសេរក្នុងន័យដើមថា៖ «ទន្ទឹមនេះក្រសួងបានបញ្ចូលខ្លឹមសារសុខភាពទៅក្នុងកម្មវិធីសិក្សាពីថ្នាក់បឋមសិក្សាដល់ថ្នាក់ទី ១២ និងបានឱ្យគ្រប់ភាគីពាក់ព័ន្ធជាពិសេសគណៈគ្រប់គ្រងតាមសាលាផ្សព្វផ្សាយអំពីសេចក្ដីណែនាំរបស់ក្រសួងឱ្យបាននៅទូទាំងប្រទេស។ ការងារនេះក្រសួងបាននឹងកំពុងធ្វើតាំងពីអាណត្តិមុនមក ដើម្បីលើកកម្ពស់ការយល់ដឹង ដើម្បីជាបច្ច័យទ្រទ្រង់សុខភាពរបស់សិស្សានុសិស្សនិងបុគ្គលិកអប់រំ»។
បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា និងក្រុមប្រឹក្សាជាតិគាំពារសង្គម កំពុងធ្វើការដោយសហការជាមួយនឹងអង្គការកម្មវិធីអាហារពិភពលោក ដោយទទួលជំនួយគាំទ្រពីក្រសួងកសិកម្មរបស់សហរដ្ឋអាមេរិក ដើម្បីពង្រឹងសុខភាពចំណីអាហារនៅតាមសាលារៀននៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះ កម្មវិធីផ្តល់អាហារដល់សិស្សានុសិស្សនៅកម្រិតថ្នាក់មត្តេយ្យ និងបឋមសិក្សា កំពុងក្លាយជាគំរូមួយដោយប្រើប្រាស់ប្រភពគ្រឿងផ្សំពីកសិករក្នុងស្រុកមានគុណភាព និងសុវត្ថិភាព ដែលមិនត្រឹមតែជួយដល់សុខុមាលភាពរបស់សិស្ស តែថែមទាំងលើកទឹកចិត្តដល់ភាពជាម្ចាស់ការរបស់សហគមន៍ និងជួយទ្រទ្រង់ដល់សេដ្ឋកិច្ចក្នុងស្រុកថែមទៀតផង។
គិតចាប់តាំងពីឆ្នាំ ២០០៧ មក សហរដ្ឋអាមេរិកបានធ្វើគំរោងតាមរយៈកម្មវិធីផ្តល់អាហារដល់សាលារៀនរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានផ្តល់ប្រាក់ចំនួន ១២២.៦ លានដុល្លារ ដើម្បីកាត់បន្ថយអសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជា និងជួយដល់សិស្សសាលាកម្ពុជាឱ្យទទួលបានអាហារនៅតាមសាលារៀនដែលមានសុខភាពល្អ និងមានជីវជាតិ។ នេះបើតាមអ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កញ្ញា Stephanie Arzate ដែលបានប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងសារអេឡិចត្រូនិចអ៊ីម៉ែល។
កាលពីឆ្នាំ ២០២២ ក្រសួងកសិកម្មសហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្តដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីបន្តកម្មវិធីអាហារនៅតាមសាលារៀនរបស់ខ្លួននៅតាមជនបទក្នុងប្រទេសកម្ពុជា។ កម្មវិធីនេះនឹងធានាថា រដ្ឋាភិបាលកម្ពុជាអាចទទួលយកការផ្តល់ជូនអាហារនៅតាមសាលាដល់សិស្សានុសិស្សកម្ពុជានៅឆ្នាំ ២០២៧។ កញ្ញា Stephanie Arzate អ្នកនាំពាក្យរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា លើកឡើងថា កម្មវិធីអាហារនៅតាមសាលារៀននេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការឱ្យមានវិវឌ្ឍនភាព ការកាត់បន្ថយអត្រាបោះបង់ការសិក្សា និងការកែលម្អអក្ខរកម្មរបស់សិស្សានុសិស្សកម្ពុជាផងដែរ។
កញ្ញាបញ្ជាក់ក្នុងន័យដើមថា៖ «កម្មវិធីអាហារនៅតាមសាលារបស់ USDA នៅតែជាធាតុផ្សំវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីរបស់យើង។ វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់កុមារកម្ពុជា តាមរយៈការកាត់បន្ថយអត្រាបោះបង់ការសិក្សា ការកែលម្អអក្ខរកម្ម និងការបង្កើនការអភិវឌ្ឍការយល់ដឹងរបស់សិស្ស»។
កាលពីឆ្នាំ ២០២១ រដ្ឋមន្រ្តីក្រសូងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុង បានលើកឡើងអំពីកម្មវិធីសុខភាពសិក្សាគ្រប់ជ្រុងជ្រោយ ដោយបង្កើតនិងពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មការគ្រប់គ្រងសាលារៀន គ្រូបង្រៀន តំណាងអ្នកលក់ដូរក្នុងសាលា អាណាព្យាបាល និងអាជ្ញាធរ លើការត្រួតពិនិត្យសុវត្ថិភាពអនាម័យ សុវត្ថិភាពចំណីអាហារ និងសុខភាពរបស់សិស្សានុសិស្ស។
ហើយសម្រាប់យុវសិស្សដែលវីអូអេបានសម្ភាសន៍ ពួកគេភាគច្រើនសង្ឃឹមថា នាពេលអនាគត នៅតាមសាលាសាធារណៈនីមួយៗអាចនឹងមានអាហារដ្ឋានដែលមាន ម្ហូបអាហារ ឬក៏នំចំណីដែលមានជីវជាតិ និងសារធាតុបំប៉នគ្រប់គ្រាន់។
យុវជន ឈួន ឫទ្ធី យល់ថា អាហារដ្ឋានដែលម្ហូបអាហារត្រូវបានដាក់លក់ទទួលបានការពិនិត្យត្រឹមត្រូវបែបនេះ នឹងជួយធ្វើឱ្យសិស្សមានសុខភាពល្អប្រសើរ។
យុវជនរូបនេះថ្លែងថា៖ «ប្រសិនបើក្រសួងគាត់អ៊ីចឹង វាល្អច្រើន ដើម្បីឱ្យពួកក្មេងៗ ឬក៏ពួកសិស្សានុសិស្សហ្នឹងទទួលបានសុខភាពល្អ ដោយសារតែពេលដែលក្រសួងដាក់អ៊ីចឹងទៅ របស់ដែលអាចលក់បានគឺសុទ្ធតែមានស្តង់ដា និងមានប្រភពផលិតច្បាស់លាស់ ដើម្បីឱ្យអ្នកទិញហ្នឹង នៅពេលដែលញុំាទៅ ហ្នឹងគឺមានសុខភាពល្អ»៕