សិស្សានុសិស្ស និងអាណាព្យាបាលមួយចំនួននៅរាជធានីភ្នំពេញបានបង្ហាញការគាំទ្រចំណាត់ការរបស់ក្រសួងអប់រំ ដែលហាមមិនឱ្យមានការលក់នំចំណីណាដែលប៉ះពាល់ដល់សុខភាពសិស្ស ខណៈពួកគេកំពុងព្រួយបារម្ភអំពីចំណីអាហារដែលដាក់លក់នៅក្បែរសាលារៀន។
បើទោះបីជាមានការហាមឃាត់មិនឱ្យមានលក់ភេសជ្ជៈកំប៉ុង នំកញ្ចប់ និងស្ករគ្រាប់ដែលប៉ះពាល់ដល់សុវត្ថិភាព និងសុខុមាលភាពសិស្សនេះក៏ដោយ រហូតមកដល់ពេលនេះ គេក៏នៅតែឃើញក្នុងអាហារដ្ឋាននៃសាលាមួយចំនួនក្នុងរាជធានីភ្នំពេញ បន្តលក់ជាធម្មតា ដែលទាមទារឱ្យមានចំណាត់ការតឹងរ៉ឹងជាងនេះបន្ថែមទៀត។
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំបានក្រើនរំឭកនូវសេចក្តីណែនាំស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណះទូទៅសាធារណៈ និងឯកជន ដោយក្រសួងសង្កេតឃើញថា សិស្សានុសិស្សនៅតាមគ្រឹះស្ថានសិក្សាមួយចំនួន នៅតែមានអាការៈពុលចំណីអាហារ ទន់ដៃទន់ជើង និងឈានដល់ការសន្លប់ជាដើម។ ក្រសួងអប់រំក៏បានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយរូបភាពចំណីអាហារ និងភេសជ្ជៈមួយចំនួនដែលប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។
សិស្សានុសិស្ស និងអាណាព្យាបាលមួយចំនួនបានសាទរចំពោះចំណាត់ការរបស់ក្រសួង ប៉ុន្តែសាលារៀនមួយចំនួននៅតែមិនទាន់អាចទប់ស្កាត់បានល្អប្រសើរនៅឡើយ។
អ្នកស្រី អ៊ុក ស៊ីថុន អាយុ៤៣ឆ្នាំ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថាអ្នកស្រីគាំទ្រចំពោះការហាមសាលាមិនឱ្យលក់ដូរចំណីអាហារដែលប៉ះពាល់សុខភាពកុមារ ព្រោះអ្នកស្រីយល់ថាចំណីអាហារទាំងនោះបានប៉ះពាល់សុខភាពរបស់សិស្ស។
អ្នកស្រីថ្លែងថា៖ «គាត់ចេញមកអ៊ីចឹងៗ [ការហាមប្រាប់មិនឱ្យលក់ចំណីអាហារដែលប៉ះពាល់សុខភាពក្នុងសាលា]ល្អណាស់ ដើម្បីសុខភាពកុមារៗផង អាណិតគ្នា គ្នាដឹងតែម៉ាក់ឱ្យលុយមក ដឹងតែចង់ទិញនំនៅសាលា គ្នាអត់ចេះមើលឌឺឡេៗ [កាលបរិច្ឆេទហួសកំណត់] អ៊ីចឹងគាត់ធ្វើអ៊ីចឹងល្អ គាំទ្រគាត់[ក្រសួងអប់រំ]»។
អ្នកស្រីបន្ថែមថាអ្នកស្រីតែងតែដាក់ទឹកដោះគោក្នុងកាបូបរបស់កូនស្រី អាយុ៥ឆ្នាំ ដែលរៀននៅសាលាមត្តេយ្យមួយកន្លែងក្នុងរាជធានីភ្នំពេញ ដើម្បីទុកឱ្យគេញុំាំជំនួសឱ្យការចាយលុយ ឬទិញរបស់ញុំាំ ដែលប៉ះពាល់ដល់សុខភាព។
យុវតី ផន លីនដា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏យល់ឃើញថាការត្រួតពិនិត្យ និងហាមឃាត់ចំណីអាហារមួយចំនួនមិនឱ្យលក់ដូរក្នុងសាលា ជារឿងល្អផងដែរ ព្រោះដើម្បីកុំឱ្យសិស្សឆាប់ឈឺ ដោយសារ សារធាតុគីមីពីចំណីអាហារដែលលក់តាមសាលារៀន។
យុវតីរូបនេះប្រាប់អ្នកសារព័ត៌មានវីអូអេនៅថ្ងៃអង្គារនេះថា៖ «បើសិនជាខ្ញុំញុំាំរបស់គេ ពេលខ្លះខ្ញុំឈឺ ខ្ញុំឧស្សាហ៍ឈឺ អ៊ីចឹងម៉ាក់គាត់ដាក់[បាយ]ឱ្យ[យកមកញុំាំនៅសាលា]»។
បើតាមយុវតី ផន លីនដា នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ ក៏នៅមានការលក់ភេសជ្ជៈកំប៉ុងផ្អែម និងនំកញ្ចប់មួយចំនួនផងដែរ។
អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិកវីអូអេ ដែលបានចុះទៅទីតាំងវិទ្យាល័យព្រះស៊ីសុវត្ថិ នៅថ្ងៃអង្គារនេះ ក៏ឃើញនៅមានការលក់ដូរនំចំណីដែលក្រសួងបានហាមឃាត់ ដូចទៅនឹងការលើកឡើងរបស់សិស្សានុសិស្សផងដែរ។
យុវតី ជៀម សុធាប៊ីឡា អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០នៅវិទ្យាល័យបាក់ទូក ប្រាប់អ្នកសារព័ត៌មានវីអូអេនៅថ្ងៃអង្គារនេះថាការហាមឃាត់លក់នំចំណីអាហារ និងភេសជ្ជៈមួយចំនួននេះ គឺជារឿងល្អ ដើម្បីការពារសិស្សកុំឱ្យមានជំងឺឈឺស្កាត់។
យុវតីរូបនេះបញ្ជាក់ថាលោកគ្រូ អ្នកគ្រូមួយចំនួនក៏បានណែនាំកូនសិស្សទាក់ទងនឹងនំចំណីដែលហាមឃាត់នេះផងដែរ ប៉ុន្តែក្នុងអាហារដ្ឋានរបស់សាលារៀន គឺនៅតែមានការលក់នំចំណីទាំងអស់នោះ។ សម្រាប់យុវតីរូបនេះ ដោយសារបានយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ ទើបកញ្ញាមិនដែលទិញនំចំណីនៅសាលារៀនទេ គឺតែងតែដាក់បាយយកមកញុំា។
យុវតីរូបនេះបញ្ជាក់ថា៖ «ប្អូនខ្ញុំអាចធ្លាប់ញ៉ាំ ដោយសារធ្លាប់ទិញអីញ៉ាំ អ៊ីចឹងទៅមានអារម្មណ៍ថាមានការឈឺពោះ ហើយរៀងឧស្សាហ៍ឈឺ ដោយសារតែពពួក[ចំណីអាហារដែលប៉ះពាល់] អ៊ីចឹង»។
ចំណែកយុវជន ឌឹម សុបញ្ញា អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១២ នៅវិទ្យាល័យបាក់ទូក និយាយថាគ្រូបង្រៀនមួយចំនួនក៏តែងតែប្រាប់កូនសិស្សអំពីការបរិភោគចំណីអាហារដែលអាចប៉ះពាល់សុខភាពនេះផងដែរ ប៉ុន្តែនៅក្នុងអាហារដ្ឋានសាលា គឺអ្នកលក់នៅតែលក់ជាធម្មតា។
យុវជនរូបនោះបញ្ជាក់ថា៖ «គាត់[គ្រូបង្រៀន] និយាយច្រើនដង[ទាក់ទងចំណីអាហារប៉ះពាល់សុខភាព] តែអ្នក[លក់]នៅហ្នឹង គឺនៅតែលក់»។
នៅថ្ងៃអង្គារនេះ នៅក្នុងអាហារដ្ឋានវិទ្យាល័យបាក់ទូក អ្នកសារព័ត៌មានសំឡេងសហរដ្ឋអាមេរិកវីអូអេក៏សង្កេតឃើញថាអ្នកលក់មួយចំនួន នៅតែបន្តលក់នំចំណីដែលក្រសួងបានហាមឃាត់នេះផងដែរ ជាពិសេសទឹកដែលមានជាតិផ្អែមខ្លាំង។
អ្នកស្រី ស្រី ស្រស់ អាយុ៣៣ឆ្នាំ ជាអ្នកលក់គ្រឿងភេសជ្ជៈកំប៉ុងកូកាកូឡា ស្ទីង និងតែបៃតងនៅក្នុងវិទ្យាល័យបាក់ទូក ប្រាប់វីអូអេថាគ្រូដែលត្រួតពិនិត្យចំពោះការហាមឃាត់អាហារក្នុងសាលានេះ ក៏តែងតែចុះចាប់មិនឱ្យលក់នំចំណីជាញឹកញាប់ ដូចដែលក្រសួងបានហាមឃាត់នោះផងដែរ។ ប៉ុន្តែអ្នកស្រីថាបើទោះបីជា សាលាមិនអនុញ្ញាតឱ្យលក់នំចំណីទាំងនោះក៏ដោយ ក៏សិស្សនៅតែទិញយកមកពីខាងក្រៅដដែល ដូច្នេះទើបអ្នកស្រីសម្រេចចិត្តលក់គ្រឿងភេសជ្ជៈផ្អែមបន្តិចបន្តួចនៅតូបរបស់អ្នកស្រី។
អ្នកស្រីបញ្ជាក់ថា៖ «ទាល់តែប្រាប់សិស្សឱ្យខ្លាំងជាងអ្នកលក់នៅខាងក្នុង ពីព្រោះសិស្សវាអត់ខ្វល់ទេ បើអត់ឱ្យវាទិញនៅក្នុងសាលា អ៊ីចឹងវាយួរមកពីខាងក្រៅមក។ អ៊ីចឹងបើហាមគឺហាមអ្នកនៅខាងក្រៅ បើខាងក្នុងតែប៉ុន្មានតូបហ្នឹង»។
បើតាមក្រសួងអប់រំ សេចក្តីណែនាំស្តីពីការពង្រឹងវិធានការអនុវត្តការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារ គឺជាការណែនាំបន្ថែមដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ និងគណៈគ្រប់គ្រងសាលាទាំងអស់ ឱ្យមានការអនុវត្ត ពង្រឹងវិធានការលើកកម្ពស់សុវត្ថិភាព ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ សេចក្តីណែនាំរបស់ក្រសួងអប់រំបានបញ្ជាក់អំពីចំណីអាហារដែលមានការហាមឃាត់មិនឱ្យមានការលក់ដូរ រួមមានចំណីអាហារដែលហួសកំណត់កាលបរិច្ឆេទ មិនដឹងប្រភពផលិតច្បាស់លាស់ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម កាហ្វេ ទឹកស៊ីរ៉ូគ្រប់ប្រភេទ ស្ករសូកូឡា ស្ករគ្រាប់ និងស្ករកៅស៊ូ ចាហ៊ួយ នំដូណាត់ នំផ្អែម និងតំណាប់ផ្អែមជាដើម។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបាននៅឡើយទេ។
ចំណែកប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា លោក អ៊ូច វុទ្ធី ថ្លែងថាក្រសួងពាក់ព័ន្ធត្រូវតែសហការជាមួយអាជ្ញាធរ ដើម្បីត្រួតពិនិត្យរាល់ផលិតផលដែលលក់លើទីផ្សារឱ្យបានដិតដល់ ដើម្បីបញ្ចៀសកុំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ៕
សិស្សនិងអាណាព្យាបាលបារម្ភអំពីចំណីអាហារលក់តាមសាលារៀនប៉ះពាល់សុខភាព
ភ្នំពេញ —