គេរំពឹងថាលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងប្រកាសពីការបង្កើនថវិកាសម្រាប់បោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងប្រទេសឡាវ។ លោកអូបាម៉ាគឺជាប្រធានាធិបតីសហរដ្ឋអាមេរិកទីមួយ ដែលនឹងទៅធ្វើទស្សនកិច្ចនៅប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ នាខែកញ្ញាខាងមុខនេះ។ ក្នុងអំឡុងពេលសង្រ្គាមជាមួយប្រទេសវៀតណាម សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចង្កោមជាង២៧០លានគ្រាប់នៅប្រទេសឡាវ ហើយសព្វថ្ងែនេះនៅមានគ្រាប់បែកមិនទាន់ផ្ទុះរាប់លានគ្រាប់កប់នៅក្នុងប្រទេសនេះ។
សម្រស់ស្រស់ត្រកាលនៃព្រៃភ្នំនៅខេត្ត Xieng Khouang ដែលស្ថិតនៅភាគឦសាន ប្រទេសឡាវ បានបិទបាំងកេរ៍តំណែលដ៏ប្រល័យ ដែលជាគ្រាប់មិនទាន់ផ្ទុះបន្សល់ទុក ពីការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរដោយសហរដ្ឋអាមេរិក អស់រយៈពេលប្រាំបួនឆ្នាំ។
សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចំនួន២លានតោន នៅក្នុងប្រទេសឡាវក្នុងចន្លោះឆ្នាំ ១៩៦៤ទៅឆ្នាំ ១៩៧៣ ក្នុងប្រតិបត្តិការសម្ងាត់មួយ ដើម្បីកាត់ផ្តាច់បណ្តាញផ្គត់ផ្គង់ទៅឲ្យវៀតណាមខាងជើង។
ការណ៍នេះបានបន្សល់ទុកទៅឲ្យអង្គការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ ឬហៅថាUXO ដែលជាអង្គការចំណុះរដ្ឋាភិបាលឡាវ ធ្វើការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះទាំងនោះ។ នាង កាន់ ថាលី (Kan Thalee) ភ្នាក់ងារបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃ អង្គការ UXO និយាយថា៖ «ខ្ញុំធ្វើការងារនេះ ដោយសារខ្ញុំស្រឡាញ់ការងារនេះ។ ខ្ញុំចង់ឲ្យអ្នកភូមិរស់នៅមានសុវត្ថិភាព ហើយពួកគេអាចធ្វើស្រែចំការលើដីរបស់ពួកគេបានដោយសុវត្ថិភាព»។
ប្រហែល១ភាគ៣នៃគ្រាប់បែកដែលបានទម្លាក់ក្នុងប្រទេសឡាវ គឺជាគ្រាប់មិនទាន់ផ្ទុះ ដូច្នេះការធ្វើស្រែចំការរបស់អ្នកភូមិពោរពេញទៅដោយគ្រោះថ្នាក់។ អ្នកភូមិចំនួនច្រើនជាងមួយម៉ឺននាក់បានស្លាប់ និងរបួសដោយសារគា្រប់បែកមិនទាន់ផ្ទុះក្រោយសង្រ្គាមបានបញ្ចប់។
មានការប៉ាន់ស្មានថា ជិតមួយភាគរយនៃគ្រាប់មិនទាន់ផ្ទុះក្នុងប្រទសឡាវ ត្រូវបានបោសសម្អាតចាប់តាំងពីឆ្នាំ ១៩៧៣ មក។
លោក ឃីងផេត ភីមម៉ាវង្ស (Kingphet Phimmavong) អ្នកសម្របសម្រួលប្រចាំតំបន់នៃអង្គការ UXO ឡាវថ្លែងថា រដ្ឋាភិបាលផ្តោតលើការបោសសម្អាតដីស្រែចំការ ដើម្បីលើកកម្ពស់ការអភិវឌ្ឍកសិកម្មនៅក្នុងតំបន់នេះ។
ប៉ុន្តែនេះជាការងារដ៏ច្រើនមួយ ហើយកម្មវិធីដែលពឹងផ្អែកលើជំនួយថវិកាពីបរទេសបែបនេះ មានការខ្វះខាតបុគ្គលិក និងបច្ចេកវិទ្យាដើម្បីពន្លឿនការងារបោសសម្អាតនេះ។ លោកថ្លែងថា៖ «ជារៀងរាល់ឆ្នាំបុគ្គលិកទាំង១២ក្រុមរបស់យើងបោសសម្អាតបានផ្ទៃដី៦០០ហិកតា ដែល១ក្រុមអាចសំអាតបាន៥០ហិកតាក្នុង១ឆ្នាំ។ ប៉ុន្តែបើយើងប្រៀបធៀបជាមួយនឹងចំនួនផ្ទៃដីចំការ ដែលប្រជាជនចង់ឲ្យសម្អាតដើម្បីអាចធ្វើស្រែចំការបាននោះគឺមានដល់ទៅ ៥.000 ទៅ ៦.000 ហិកតា ហើយពួកយើងអាចធ្វើបានតែ១០ភាគរយប៉ុណ្ណោះ»។
ប្រជាជនរស់នៅក្នុងខេត្ត Xieng Khouang បានរៀនពីរបៀបរស់នៅ នៅលើតំបន់ដែលមានគ្រាប់មិនទាន់ផ្ទុះ ក៏ប៉ុនែ្តមានយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើននេះ បានបន្សល់ស្លាកស្នាមអស់មួយជីវិត។
កាលពី១០ឆ្នាំមុន នាង អេ វូ (Ai Vue)បានបាត់បង់កូនប្រុសម្នាក់ ខណៈពេលដែលកូនប្រុសរបស់នាង និងបងប្អូនជីដូនមួយរបស់គេបានស្លាប់ ដោយសារតែគ្រាប់បែក មិនទាន់ផ្ទុះដែលពួកគេបានរកឃើញ។ «យើងមិនបានដឹង ថាតើពួកគេបានដំគ្រាប់នោះ ឬក៏គ្រាន់តែកាន់ធ្លាក់ទៅលើដី ហើយវាបានផ្ទុះឡើងយ៉ាងណានោះទេ»។
ករណីគ្រោះថ្នាក់បានធ្លាក់ចុះ ហើយប្រជាជនអាចធ្វើស្រែចំការបានលើផ្ទៃដីមួយចំនួន ប៉ុន្តែគ្រាប់បែកមិនទាន់ផ្ទុះដែលបានបន្សល់ទុកជាច្រើនក្នុងខេត្តXieng Khouangនឹងស្ថិតនៅដក់ជាប់ក្នុងអារម្មណ៍របស់ក្មេងជំនាន់ក្រោយៗទៀតផងដែរ៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា