ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សហរដ្ឋ​អាមេរិក​ប្រឈម​បញ្ហា​មួយ​ចំនួន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ និង​កម្ពុជា


លោក ចន ឃែរី រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក ថត​រូប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន មុន​កិច្ច​ប្រជុំ​ទ្វេភាគី​កាល​ពី​ថ្ងៃទី២៦ ខែ​មករា ឆ្នាំ​២០១៦ នៅ​វិមាន​សន្តិភាព​នៅ​ទីក្រុងភ្នំពេញ។ (រូបថត៖ក្រសួងការ​បរទេស)

មុន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន លោក ឃែរី បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ និង​កម្ពុជា។ ប្រទេស​ទាំង​ពីរ​នេះ​គឺជា​ប្រទេស​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង ហើយ​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​តែ​ពង្រីក​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ទាំង​ពីរ​នេះ​ដែរ។

លោក ចន ឃែរី (John Kerry) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ទៅ​ដល់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ប្រទេស​ចុងក្រោយ​បង្អស់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាស៊ី ដែល​ប្រឈម​នឹង​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។ ជម្លោះ​នេះ​ទំនង​ស្ថិត​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ពិភាក្សា​របស់​លោក​នៅ​ទីនោះ។

មុន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន លោក ឃែរី បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ និង​កម្ពុជា។ ប្រទេស​ទាំង​ពីរ​នេះ​គឺជា​ប្រទេស​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​មាន​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង ហើយ​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​តែ​ពង្រីក​ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​ទាំង​ពីរ​នេះ​ដែរ។

អ្នក​វិភាគ​ថា ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ទាំង​ពីរ​នេះ​គឺ​ធ្វើ​ឡើង​មួយ​ផ្នែក ដើម្បី​ពិភាក្សា​អំពី​កិច្ច​ប្រជុំ​កំពូល ដែល​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​នឹង​ជួប​ជាមួយ​នឹង​មេដឹកនាំ​អាស៊ីអាគ្នេយ៍ នៅ​កន្លែង​លំហែកាយ Sunnylands នៅ​រដ្ឋ​កាលីហ្វរញ៉ា នៅ​ខែ​ក្រោយ​នេះ។ លោក ឃែរី បាន​ព្យាយាម​បង្កើត​មតិរួម​មួយ ក្នុង​ការ​ឆ្លើយតប​នឹង​សកម្មភាព​របស់​ចិន​ក្នុង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។

លោក Nicholas Thomas អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ម្នាក់ នៅ​សាកល​វិទ្យាល័យ​ទីក្រុង​ហុងកុង បាន​ឲ្យ​ដឹង​ថា៖​«‍បញ្ហា​មួយ​ដែល​ខ្ញុំ​ទាញ​ថា លោក ឃែរី សម្រេច​បាន​ពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​នោះ​ គឺ​អំពី​ជំហរ​ដែល​ប្រទេស​ឡាវ​នឹង​ប្រឆាំង​លើ​សេចក្តី​សម្រេច​ចិត្ត​ផ្សេងៗ​ក្នុង​បញ្ហា​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង»។

ប្រទេស​ឡាវ​នឹង​ធ្វើ​ជា​ប្រធាន​សមាគម​អាស៊ីអាគ្នេយ៍​ទាំង​១០ប្រទេស ឬ​អាស៊ាន​នៅ​ឆ្នាំ​នេះ ហើយ​នឹង​រៀបចំ​កិច្ច​ប្រជុំ​កំពូល​មួយ ដែល​មេដឹកនាំ​ពី​សហរដ្ឋ​អាមេរិក និង​ចិន​នឹង​ចូលរួម។

រូបឯកសារ៖ រូបថតពី​អាកាស​ដែល​បង្ហាញ​ឲ្យ​ឃើញ​កោះសិប្បនិមិត្ត​របស់ចិន​នៅ​តំបន់​សមុទ្រចិន​ខាង​ត្បូង​កាលពី​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០១៥។
រូបឯកសារ៖ រូបថតពី​អាកាស​ដែល​បង្ហាញ​ឲ្យ​ឃើញ​កោះសិប្បនិមិត្ត​របស់ចិន​នៅ​តំបន់​សមុទ្រចិន​ខាង​ត្បូង​កាលពី​ថ្ងៃទី១១ ខែ​ឧសភា ឆ្នាំ​២០១៥។

សមាជិក​អាស៊ាន​បាន​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ដើម្បី​កំណត់​បទប្បញ្ញត្តិ​មួយ​សម្រាប់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បន្ត​ពង្រីក​ដែនទឹក​របស់​ខ្លួន ហើយ​សង្កត់​ធ្ងន់​ពី​ការ​អះអាង​របស់​ខ្លួន​លើ​តំបន់​ដែន​ទឹក​ដែលស្ថិត​ក្នុង​ជម្លោះ​ដ៏​ក្តៅ​គគុក​នោះ។

សិទ្ធិ​ដែន​ទឹក

ក្រោយ​ពី​បាន​ជួប​ជាមួយ​នឹង​នាយក​រដ្ឋ​មន្ត្រី​ឡាវ​មក លោក ឃែរី បាន​ប្រាប់​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ប្រទេស​ឡាវ​ដែល​មិនមាន​ដែល​ដែន​ទឹក​នេះ​ ចង់​ឃើញ​ការ​គោរព​សិទ្ធិ​ដែន​ទឹក ហើយ​បញ្ចៀស​ការ​ប្រឈម​មុខ​គ្នា​ខាង​យោធា​នៅ​ក្នុង​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

ការណ៍​ដែល​ចិន​សាងសង់​កោះ​សិប្បនិមិត្ត​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​អាច​ជា​មូលដ្ឋាន​យោធា​នោះ គឺជា​ក្តី​កង្វល់​ដ៏​ធំមួយ​របស់​ប្រទេស​ជិតខាង​ចិន​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ចិន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​ដែល​ថា ​ការ​សាងសង់​នេះ​គឺ​សម្រាប់​គោលដៅ​យោធា​នោះ។

អត្ថបទ​អត្ថាធិប្បាយ​កាល​ពី​ថ្ងៃអង្គារ នៅ​ទីក្រុង​ប៉េកាំង បង្ហាញ​មន្ទិល​សង្ស័យ​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក ឃែរី និង​សមត្ថភាព​របស់​អាមេរិក​ក្នុង​ការ​ទាក់ទាញ​«‍ប្រទេស​ទាំងពីរ​[ឡាវ និង​កម្ពុជា] ​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​ចិន‍»។ អត្ថបទ​នេះ​បាន​អះអាង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​តែ​ទទួល​បាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​នៅ​ក្នុង​តំបន់ ប្រសើរ​ជាង​ឥទ្ធិពល​របស់​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន។

កាសែត​ Global Times របស់​បក្ស​កុម្មុយនិស្ត​ចិន បាន​ដក​ស្រង់​សម្តី​របស់ Shen Shishun អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ចិន​ស្តី​ពី​ទំនាក់ទំនង​អន្តរជាតិ ថា វា​ជា​ការ​គិត​ដ៏​ប្រសើរ ដែល​ដំណើរ​ទស្សនកិច្ច​របស់​លោក ឃែរី ទៅកាន់​ប្រទេស​កម្ពុជា និង​ឡាវ​ នឹង​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​ការ​ប្រឆាំង​នឹង​ចិន​ក្នុង​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

កម្ពុជា​គាំទ្រ​ចិន
នៅ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​អង្គារ​នេះ ការ​គាំទ្រ​របស់​កម្ពុជា​ដល់​ចិន​បាន​កើត​មាន​ឡើង។ លោក​រដ្ឋ​មន្ត្រី​ការបរទេស​កម្ពុជា ហោ ណាំហុង បាន​បញ្ជាក់​ពី​គោលជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​លើ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​អះអាង​ថា​ សមាគម​អាស៊ាន​មិន​មែន​ជា​បក្ស​នយោបាយ​ដែល​ដោះស្រាយ​ជម្លោះ​ដែន​ដី​ទេ ហើយ​ថា​ជម្លោះ​ដែនដី​ត្រូវ​ដោះស្រាយ​ដោយ​ទ្វេភាគី។

លោក ចន ឃែរី (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ពិភាក្សា​ជាមួយ​នឹងលោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ Thongsing Thammavong ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​នៅ​ការិយាល័យ​រដ្ឋាភិបាល​ឡាវ​នៅ​ទីក្រុង​វៀងច័ន្ទ កាល​ពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៦។
លោក ចន ឃែរី (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ពិភាក្សា​ជាមួយ​នឹងលោក​នាយក​រដ្ឋ​មន្ត្រី​ឡាវ Thongsing Thammavong ក្នុង​អំឡុង​កិច្ច​ប្រជុំ​មួយ​នៅ​ការិយាល័យ​រដ្ឋាភិបាល​ឡាវ​នៅ​ទីក្រុង​វៀងច័ន្ទ កាល​ពីថ្ងៃទី២៥ ខែមករា ឆ្នាំ​២០១៦។

នៅ​ប្រទេស​ឡាវ និង​កម្ពុជា លោក ឃែរី ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម។ នៅ​ទីក្រុង​ភ្នំពេញ លោក​បាន​កត់​សម្គាល់​ថា សហរដ្ឋ​អាមេរិក​គឺជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា ហើយ​ថា​ ប្រទេស​ទាំង​ពីរ​កំពុង​ស្វែងរក​វិធី​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្ម និង​ការ​វិនិយោគទុន​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ។

នៅ​ប្រទេស​ឡាវ លោក ឃែរី បាន​ពិភាក្សា​អំពី​បញ្ហា​ជាច្រើន​ដែល​ប្រទេស​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយ​គ្នា​បាន។ លោក ឃែរី បាន​និយាយ​ទៅ​កាន់​សិស្ស​មួយ​ក្រុម​ដែល​ជា​សមាជិក​នៃ​គម្រោង​ផ្តួចផ្តើម​សម្រាប់​ភាព​ជា​អ្នក​ដឹកនាំ​របស់​យុវជន​អាស៊ីអាគ្នេយ៍​ថា៖​«‍សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ចិត្ត​នឹង​ធ្វើការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​នឹង​ប្រទេស​ឡាវ និង​ប្រទេស​ផ្សេង​ទៀត​ ដែល​ជា​សមាជិក​របស់​សមាគម​អាស៊ាន។ លោក​ប្រធានា​ធិបតី អូបាម៉ា បាន​អញ្ជើញ​មេដឹកនាំ​អាស៊ាន​ទាំង​អស់​ឲ្យ​មក​ជួបជុំ​គ្នា​នៅ​រដ្ឋ​កាលីហ្វរញ៉ា​នៅ​ខែ​ក្រោយ​នេះ»។

លោក​ក៏​បាន​បន្ថែម​ថា៖​«‍បច្ចុប្បន្ន​នេះ យើង​កំពុង​ធ្វើការ​ជាមួយ​នឹង​ប្រទេស​ឡាវ ដើម្បី​ឆ្លើយតប​នឹង​ការ​ស្នើសុំ​របស់​ប្រទេស​ឡាវ​ ដើម្បី​ចូល​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​នឹង​បើក​ឱកាស​ធ្វើ​ពាណិជ្ជកម្ម​ដល់​ប្រទេស​នេះ»។

ក៏ប៉ុន្តែ លោក Thomas បាន​យល់​ថា ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ទាំង​ពីរ​នេះ​មិនមែន​ងាយ​ស្រួល​នោះ​ទេ ដោយសារ​តែ​ប្រទេស​ទាំង​ពីរ​នេះ​ជា​ប្រទេស​ដ៏​តូច ហើយ​ជា​ប្រទេស​ដែល​«ស្ថិត​នៅ​ក្នុង​រង្វង់​ឥទ្ធិពល​ដ៏​ពិត​ប្រាកដ​របស់​ចិន‍»។

លោក បាន​បញ្ជាក់​បន្ថែម​ថា៖​ ជាក់​ស្តែង​នៅ​ប្រទេស​ឡាវ​ «‍គេ​ឃើញ​មាន​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន​ដ៏​ធំ​របស់​ចិន និង​ការ​បណ្តាក់​ទុន​របស់​ចិន​ក្នុង​វិស័យ​កសិកម្ម ដែល​ជួយ​ផ្តល់​ស្ថិរភាព​ស្បៀង​អាហារ​ដល់​ឡាវ។ បើ​ទោះ​បី​ជា​មាន​ភាព​តានតឹង​ដែល​កើត​មាន​ឡើង​ ដោយសារ​តែ​ការ​ឆ្លង​ព្រំដែន​របស់​ចិន​ចូល​ក្នុង​ប្រទេសក្តី ក៏​រដ្ឋាភិបាល​ឡាវ​នៅ​តែ​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​ចិន​យ៉ាង​ពិត​ប្រាកដ»៕

ប្រែសម្រួល​ដោយ ទែន សុខស្រីនិត

XS
SM
MD
LG