ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៥០​ឆ្នាំ​ក្រោយ ​ការ​ជជែក​ដេញ​ដោល​ពី​សង្រ្គាម​វៀតណាម​នៅ​តែ​បន្ត


អតីត​ទាហាន​អាមេរិក​ដែល​បម្រើ​ការ​ក្នុង​សង្រ្គាម​វៀត​ណាម លោក Ignacio Perez មាន​ការ​រំជួល​ចិត្ត​នៅ​ពេល​កូន​ស្រី​របស់​ប្រធានាធិបតី Lyndon B. Johnson ​បំពាក់​មេដៃ​នៅ​លើ​អាវ​របស់​គាត់ នៅ​ក្នុង​ពិធី​ជួប​ជុំ​ស្តី​ពី​សង្គ្រាម​វៀតណាម នៅ​ឯ​បណ្ណាល័យ​ LBJ​ ក្នុង​សាកល​វិទ្យាល័យ ​Austin​ រដ្ឋ ​Texas កាល​ពីថ្ងៃទី​២៧ ខែ​មេសា។
អតីត​ទាហាន​អាមេរិក​ដែល​បម្រើ​ការ​ក្នុង​សង្រ្គាម​វៀត​ណាម លោក Ignacio Perez មាន​ការ​រំជួល​ចិត្ត​នៅ​ពេល​កូន​ស្រី​របស់​ប្រធានាធិបតី Lyndon B. Johnson ​បំពាក់​មេដៃ​នៅ​លើ​អាវ​របស់​គាត់ នៅ​ក្នុង​ពិធី​ជួប​ជុំ​ស្តី​ពី​សង្គ្រាម​វៀតណាម នៅ​ឯ​បណ្ណាល័យ​ LBJ​ ក្នុង​សាកល​វិទ្យាល័យ ​Austin​ រដ្ឋ ​Texas កាល​ពីថ្ងៃទី​២៧ ខែ​មេសា។

លោក ​Kerry​ ​និយាយ​​ថា ​ការ​ប្រែ​ក្លាយ​សម្ព័ន្ធភាព​រវាង​​អាមេរិក​និង​​វៀតណាម​តាម​រយៈ​​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ទៀត​ បាន​ប្រែ​ក្លាយ​ប្រទេស​ទាំងពីរ​ ពី​សត្រូវ​ទៅ​ជា​ប្រទេស​ដៃគូ។

លោក​រដ្ឋមន្ត្រី​ការ​បរទេស ​John Kerry ​របស់​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​សុន្ទរកថា​ដោយ​រំជួល​ចិត្ត​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សង្រ្គាម​វៀតណាម​នៅ​ឯ​បណ្ណាល័យ​ LBJ​ ក្នុង​សាកល​វិទ្យាល័យ ​Austin​ រដ្ឋ ​Texas។​

លោក ​Kerry​ បាន​ថ្លែង​ទាំងអួល​ដើម​ក​ពី​អ្នក​ ដែល​បាន​ចូល​រួម​ក្នុង​សង្រ្គាម​វៀតណាម ​និង​ក្រោយ​មក​ទៀត​បាន​ចូល​រួម​តវ៉ា​ប្រឆាំង​នឹង​សង្រ្គាម។​ លោក​បាន​និយាយ​ពី​តម្លៃ​របស់​អ្នក​ដែល​ចូល​រួម​ក្នុង​សង្រ្គាម​ និង​ការ​ប្រែ​ក្លាយ​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​វៀតណាម ​តាម​រយៈ​ការ​ភ្ជាប់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ និង​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ទៀត​ បាន​ប្រែ​ក្លាយ​ប្រទេស​ទាំងពីរ​ ពី​សត្រូវ​ទៅ​ជា​ប្រទេស​ដៃគូ។

ដោយ​សារ​តែ​មាន​ភាព​ចម្រូងចម្រាស​ពី​សង្រ្គាម​នៅ​តែ​បន្ត​ ការ​ចូលរួម​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ John Kerry​ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តី​ពី​សង្រ្គាម​វៀតណាម​ ក៏​បាន​ជួប​ប្រទះ​នូវ​ភាព​ចម្រូងចម្រាស​ខ្លះ​ដែរ។​ អតីត​យុទ្ធជន​វៀតណាម​មួយ​ចំនួន​បាន​លើក​ឡើង​ ពី​តួនាទី​របស់​លោក​រដ្ឋមន្ត្រី John Kerry ​នៅ​ក្នុង​សង្រ្គាម​ ដោយ​និយាយ​ចំអក​ថា​លោក​គឺ​ជា​អ្នក​បែរ​ខ្នង​ចេញ​ពី​បុព្វហេតុ​ដែល​ពួក​គេ​បាន​ប្រយុទ្ធ​គ្នា​ ក្នុង​ប្រទេស​វៀតណាម​ គឺសង្រ្គោះវៀតណាម​ខាងត្បូង​ចេញ​ពី​ការ​ឈ្លានពាន​ពី​ពួក​កុម្មុយនិស្ត។​

អ្នក​រិះគន់​លោក​ Kerry​ មួយ​ចំនួន​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សង្រ្គាម​វៀតណាម​ និង​មួយ​ចំនួន​បាន​ចូលរួម​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ អ្នក​ដែល​បាន​ពលី​ជីវិត​ក្នុង​ប្រទេស​វៀតណាម ​ពិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ខាង​ក្រៅ​បណ្ណាល័យ។ លោក​ Edward Zielinski ​ដែល​បើក​ឧទ្ធម្ភាគចក្រ​នៅ​ក្នុង​ប្រទេស​វៀតណាម​នៅ​ឆ្នាំ​១៩៦៩ និង​ឆ្នាំ​១៩៧០ ​មិន​ពេញ​ចិត្ត​និង​វត្តមាន​របស់​លោក​ Kerry ​ក្នុង​ពិធី​នេះ​ទេ។

លោក​ John Kerry ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​វា​ជា​ការ​អាម៉ាស់។ ​ដោយសារ​តែ​គាត់​គឺ​ជា​ជន​ក្បត់​ ​ជាពិសេសសម្រាប់​ក្រុម​អតីត​យុទ្ធជន​វៀតណាម»។​

លោក​គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ក្រុម​អតីត​យុទ្ធជន ​ដែល​គិត​ថា​ត្រូវ​បាន​គេ​ក្បត់​ដោយ​ការ​តវ៉ា​ប្រឆាំង​និង​សង្រ្គាម​របស់​លោក Kerry ​បន្ទាប់​ពី​លោក​វិល​ត្រឡប់​មក​ដល់​មាតុភូមិ​វិញ។​ ភាគច្រើន​នៃ​ពួក​គេ​ជឿជាក់​ថា​ លោក​ប្រើ​បា្រស់​យោធា​ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ​របស់​លោក។​

ប៉ុន្តែ​ក្រុម​អតីត​យុទ្ធជន​ផ្សេង​ទៀត​ មិន​បាន​យល់​ឃើញ​ដូច្នេះ​ទេ។​ លោក​ Thomas Goff អតីត​វរសេនីយ៍​ទោ​ចូលនិវត្តន៍​ ជា​អ្នក​ដឹកនាំ​ការ​ប្រយុទ្ធ​ក្នុង​សង្រ្គាម​ប្រទេស​វៀតណាម​និយាយ​ថា គាត់​មាន​ការ​គោរព​លោក​ Kerry យ៉ាង​ខ្លាំង។ លោក​ថា៖

​«ខ្ញុំ​ក៏​បាន​ក្លាយ​ជា​អ្នក​ប្រឆាំង​និង​សង្រ្គាម​ម្នាក់​ដែរ។ ​សង្រ្គាម​នោះ​ជា​គ្រោះ​មហន្តរាយសម្រាប់​យោធា​សហរដ្ឋអាមេរិក ​ជា​គ្រោះ​មហន្តរាយ​ដ៏​អាក្រក់​មួយ​ យើង​ចំណាយ​ពេល​រាប់​ឆ្នាំ​ដើម្បី​ជម្នះ​សង្រ្គាម​នោះ»។​

ក្នុង​ចំណោម​អ្នក​គាំទ្រ​លោក​ Kerry ​ផ្សេង​ទៀត​ មាន​លោក​ Herry Kissinger ​អតីត​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ក្នុង​អាណត្តិ​លោក​ប្រធានាធិបតី ​Richard Nixon បាន​ធ្វើ​ការ​ចរចា​សន្តិភាព​រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​វៀតណាម​ខាងជើង។ ​លោក​ថ្លែង​ថា លោក​នៅ​ចាំ​បាន​កាល​ពី​លោក​ធ្វើ​ការ​នៅ​ក្នុង​សេតវិមាន​ ហើយ​ពេល​នោះ​លោក​ Kerry​ បាន​ដឹកនាំ​ការ​តវ៉ា​នៅ​ខាង​ក្រៅ។​ បន្ទាប់​មក​ទៀត​លោក​ និង​លោក ​Kerry​ បាន​ក្លាយ​ជា​មិត្តភក្តិ​ដ៏​ល្អ​ និង​គោរព​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​តាំង​ពី​ពេល​នោះ​មក។

ទាំង​លោក ​Kissinger និង​លោក​ Kerry គឺ​ជា​ទិសដៅ​របស់​អ្នក​តវ៉ា​រាប់ពាន់​អ្នក​ដែល​បាន​ស្រែក​ និង​លើក​សញ្ញា​នៅ​ខាង​ក្រៅ​បណ្ណាល័យ​ LBJ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ពួកគេ​បាន​ចោទ​ប្រកាន់​លោក​ Kissinger ថា​ លោក​បាន​ជួយធ្វើ​សង្រ្គាម​ខុសច្បាប់​នៅ​ក្នុង​ប្រទេស​វៀតណាម ​និង​បាន​ថ្កោល​ទោស​លោក​ Kerry ពី​ការ​ជាប់ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អន្តរាគមន៍​របស់​សហរដ្ឋអាមេរិក ​នៅ​តំបន់​មជ្ឈិមបូព៌ា​ និង​នៅ​កន្លែង​ផ្សេង​ទៀត។

ការ​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​ជាមួយ​សង្រ្គាម​វៀតណាម​ ដែល​បាន​បន្ថែម​ការ​កត់​សំគាល់​នូវ​ការ​នឹក​ឃើញ​មួយ​ដង​មួយ​កាល​ ហើយ​ក្រុម​អ្នក​តវ៉ា​វ័យក្មេង​បាន​ស្រែក​ថា​«ហេ​ ហេ​ LBJ​ ថ្ងៃ​នេះ​អ្នក​បាន​សម្លាប់​ក្មេង​ប៉ុន្មាន​នាក់?»​ ពាក្យ​នេះ​ច្រើន​ប្រើប្រាស់​ដោយ​ក្រុម​អ្នក​តវ៉ា​ នៅ​ខាងក្រៅ​សេតវិមាន​អំឡុង​ពេល​អាណត្តិ​ លោក​ប្រធានាធិបតី Lyndon Johnson។

កិច្ច​សន្ទនា​នៅ​លើ​វេទិកា​ជាមួយ​អ្នក​ផលិតភាព​យន្ត​ឯកសារ ​លោក​ Ken Burns ​លោក​Kerry បាន​និយាយ​ពី​ការ​ចង់​កំហឹង​របស់​មនុស្ស​មួយ​ចំនួន​ ដែល​មិន​បាន​គោរព​តាម​ច្បាប់​របស់​សង្រ្គាម។ លោក​ថ្លែង​ថា៖

«មនុស្ស​មួយ​ចំនួន ​បាន​នៅ​ជាប់​គាំង​នៅ​មួយ​កន្លែង។​ ពួកគេ​មិន​មាន​លទ្ធភាព​ធ្វើ​ការ​ផ្លាស់ប្តូរ ហើយ​នេះ​វា​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់»។​

លោក​ Kerry ​បាន​ស្វាគមន៍​ ដោយ​ការ​គោរព​ដល់​ប្រជាជន​អាមេរិក ​ដែលបម្រើ​កងទ័ព លោក​បន្ថែម​ថា​ មិន​មាន​លក្ខណៈរបៀប​នេះ​ទេ ​អំឡុង​ពេល​បែកបាក់​សង្រ្គាម​ក្នុង​វៀតណាម។​ លោក​ថ្លែង​ថា​នេះ​គឺ​ជា​ពាក្យ​ ដែល​លោក​បង្កើត​ឡើង​គឺ​«ការ​មិន​យល់​គ្នា​គឺ​ជា​គ្រោះ​ថ្នាក់»​ រវាង​ជនជាតិ​អាមេរិក​ ដែល​ប្រយុទ្ធ​ដើម្បី​ប្រទេស និង​អ្នក​ដែល​មិន​ជាប់ពាក់ព័ន្ធ​និង​កម្លាំង​ប្រដាប់​អាវុធ។ លោក​និយាយ​ថា​ប្រជាជន​អាមេរិក​គ្រប់​រូប​គួរ​តែ​ចូលរួម​បម្រើ​ប្រទេស​ទោះ​បី​ជា​ ការងារ​នោះ​មិន​ពាក់ព័ន្ធ​នឹង​ការងារ​យោធា​ក៏​ដោយ។​

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ថ្លែង​ថា សហរដ្ឋ​អាមេរិក​គួរ​ទទួល​យក​បទ​ពិសោធន៍​របស់​ខ្លួន​នៅ​សង្រ្គាម​វៀតណាម​ ជា​មេរៀន​ក្នុង​ការ​មើល​ឃើញ​ពិភពលោក​តាម​ទស្សនៈ​ផ្សេងៗ​ទៅ​តាម​ការ​យល់​ឃើញ​របស់​ជនជាតិ​នីមួយៗ​ លោក​ថ្លែង​ថា៖

«យើង​គួរ​តែ​គិត​ថា បើ​សិន​យើង​ជា​ពួក​គេ​វិញ ​និង​ព្យាយាម​មើល​ឃើញ​ប្រទេស​របស់​ពួកគេ​ឲ្យ​ដូច​កាល​ដែលគេ​មើល​ឃើញ​ប្រទេស​របស់​ពួក​គេ​ដូច្នេះ​ដែរ។​ បន្ថែម​ពី​នេះ​ប្រសិន​បើ​ប្រជាជន​អាមេរិក​អាច​ធ្វើ​បាន​ យើង​អាច​ធ្វើ​បាន​ប្រសើរ​ជាង​នេះ‍»។

កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សង្រ្គាម​វៀតណាម​បន្ត​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មាន​ការ​លើក​ឡើង​ពី​ទស្សនៈ​របស់​ក្រុម​មនុស្ស​ដែល​ប្រឆាំង​ នឹង​សង្រ្គាម​ក្នុង​សម័យ​សង្រ្គាម​វៀតណាម​ និង​ក្រុម​អ្នក​ចម្រៀង​រ៉ក់ កិច្ចពិភាក្សា​ដោយ​ក្រុម​អតីត​យុទ្ធជន​ ពី​ការ​មើល​ឃើញ​សង្រ្គាម​ពី​សមរភូមិ និង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ Pham Quang Vinh​ឯកអគ្គរដ្ឋទូត​វៀតណាម​នៅ​សហរដ្ឋអាមេរិក៕

ប្រែ​សម្រួល​ដោយ ​ស៊ូ​ ពេជ្រចិន្តា

XS
SM
MD
LG