ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Kissinger បដិសេធ​ការ​អះអាង​ដែល​ថា​ ការ​នៅ​ស្ងៀម​របស់​អាមេរិក​ គឺ​ជា​ការ​​បោះ​បង់​ចោល​ប្រជុំ​កោះ Paracel


លោក​ Henry Kissingerដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស និងជា​អតីត​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ ថ្លែង​សុន្ទរកថា​នៅ​កិច្ច​ប្រជុំ​កំពូល​ស្តី​ពី​សង្គ្រាម​វៀតណាម​នៅ​ឯ​បណ្ណាល័យ​ប្រធានាធិបតី​ Johnson ក្នុង​ក្រុង Austin រដ្ឋ​ Texas ថ្ងៃ​អង្គារ ទី​២៦ ខែ​មេសា ឆ្នាំ​២០១៦។ (AP Photo/Nick Ut)

អតីត​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Henry Kissinger បាន​បដិសេធ​​ថា​លោក​មិន​បាន​​ចុះ​ហត្ថលេខា​​​លើ​កិច្ច​ព្រមព្រៀង​ណា​មួយ​ជាមួយ​រដ្ឋាភិបាល​ចិន​ ដែល​​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចូល​កាន់កាប់​ប្រជុំ​កោះ​ Paracelដែល​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះទេ។

អតីត​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Henry Kissinger បាន​បដិសេធថា​លោក​មិន​បានចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ណា​មួយ​ជាមួយ​រដ្ឋាភិបាល​ចិន​ ដែលត្រួស​ត្រាយ​ផ្លូវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចូល​កាន់កាប់​ប្រជុំ​កោះ​ Paracelដែល​មាន​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះទេ។

លោក​ Kissinger បាន​ថ្លែង​នៅកិច្ច​ប្រជុំ​កំពូល​សង្រ្គាម​វៀតណាម (Vietnam War Summit) ​ក្នុង​ក្រុង​ Austin ​រដ្ឋ​ Texas នៅ​ចុង​ខែ​មេសាថា ​ប្រជុំ​កោះ​ Paracel ដែល​ជា​ចំណុច​ប៉ះទង្គិច​គ្នា​រវាង​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​ក្រុង​ប៉េកាំង​ ពេល​នោះ​មិន​សំខាន់​ដូច​បញ្ហា​ផ្សេងៗ​ទៀត​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ឡើយ។

អតីត​ទីប្រឹក្សា​ប្រធានាធិបតី​រូប​នេះ​បាន​និយាយ​ថា៖

«គោលជំហរ​របស់​អាមេរិក​ចំពោះ​បញ្ហា​ប្រជុំ​កោះ​នេះ​ គឺ​ថា ​យើង​មិន​ប្រកាន់​ជំហរ​ណា​មួយ​ទាក់ទង​នឹង​អធិបតេយ្យភាព​នៃ​ប្រជុំ​កោះ​ទាំង​នេះ​ឡើយ។​ នៅ​ក្នុង​ឆ្នាំ​១៩៧៤​ ខណៈ​ពេល​មាន​រឿង​អាស្រូវ​ ​Watergate និង​សង្រ្គាម​នៅមជ្ឈិម​បូព៌ា​ ខ្ញុំអាច​ធានា​ឲ្យ​អ្នក​ថា​ រឿង​ប្រជុំ​កោះ​ Paracel មិន​មែន​ជា​បញ្ហា​ចម្បង​នៅ​ក្នុង​ចិត្ត​យើង​ទេ។​ ប៉ុន្តែ​ មិន​ដែល​មាន​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ដែល​និយាយ​ថា ​យើង​បាន​ប្រគល់​សិទ្ធិ​ឲ្យ​ចិន​កាន់​កាប់​ប្រជុំ​កោះ Paracel ឡើយ​ ហើយរដ្ឋាភិបាល​ចិន​ក៏​មិន​បាន​ធ្វើ​ការទាមទារ​ណា​មួយ​ផង​ដែរ»។​

រូប​ឯកសារ៖ រូប​ភាព​ឯកសារ​មួយ​នេះ​ថត​បាន​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២ ដែល​បង្ហាញ​ពី​ចំណែក​នៃ​ក្រុង​ Sansha ត្រង់​កោះ Yongxing ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កោះ Woody ស្ថិត​ក្នុង​ប្រជុំ​កោះ Paracel ​ដែល​ជា​ប្រជុំ​កោះ​មាន​ជម្លោះ ហើយ​ដែល​ប្រទេស​ចិន​ចាត់​ទុក​ថា​ជា​ចំណែក​ដែន​ដី​របស់​ខេត្ត​ហៃណា (Hainan)។​ ​(AFP PHOTO)
រូប​ឯកសារ៖ រូប​ភាព​ឯកសារ​មួយ​នេះ​ថត​បាន​នៅ​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១២ ដែល​បង្ហាញ​ពី​ចំណែក​នៃ​ក្រុង​ Sansha ត្រង់​កោះ Yongxing ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កោះ Woody ស្ថិត​ក្នុង​ប្រជុំ​កោះ Paracel ​ដែល​ជា​ប្រជុំ​កោះ​មាន​ជម្លោះ ហើយ​ដែល​ប្រទេស​ចិន​ចាត់​ទុក​ថា​ជា​ចំណែក​ដែន​ដី​របស់​ខេត្ត​ហៃណា (Hainan)។​ ​(AFP PHOTO)

អារម្មណ៍​របស់​អ្នក​ជាតិ​និយមនៅ​ប្រទេស​វៀតណាម​ទៅ​លើ​ប្រទេស​ចិន​កំពុងតែ​ពុះ​កញ្ជ្រោល​ខ្លាំង ដោយសារតែ​ចិន​ដែល​ជា​ប្រទេសជិត​ខាង​ដ៏​ធំ​របស់​វៀតណាមបាន​ពង្រឹង​ការ​ទាមទារគ្រប់គ្រង​លើដែន​ទឹក​ដែល​មាន​ជម្លោះ​ តាមរយៈ​ការ​បង្កើន​កង​យោធា​ និង​គម្រោង​បង្កើត​កោះ​សិប្បនិម្មិតជា​ច្រើន។

ប្រជាជន​វៀតណាម​មួយ​ចំនួន​ ជាពិសេស​អ្នក​ដែល​ប្រយុទ្ធ​ឲ្យ​អតីត​កង​កម្លាំង​វៀតណាម​ខាង​ត្បូង​ដែល​គាំទ្រ​ដោយ​សហរដ្ឋ​អាមេរិក​ មាន​ការ​ខឹង​សម្បារ​នឹង​សហរដ្ឋ​អាមេរិក​ជុំវិញ​ការមិន​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ចម្បាំង​លើ​ផ្ទៃ​សមុទ្រ​ជាមួយ​ចិន​ នៅ​ឆ្នាំ១៩៧៤​ ដែល​បណ្តាល​ឲ្យ​ប្រជាជន​វៀតណាម​រាប់​សិប​នាក់​បាន​ស្លាប់​ ហើយ​ទី​បញ្ចប់​វៀតណាម​ត្រូវ​បង្ខំ​ចិត្ត​ដក​កម្លាំងចេញ​ពី​ប្រជុំ​កោះ​ Paracel។

នៅ​ពេល​នោះ​ លោក ​Kissinger គឺ​ជា​ប្រមុខ​ការ​ទូតក្នុង​រដ្ឋបាល​(រដ្ឋាភិបាល)​របស់​លោក​ប្រធានាធិបតី Nixon​ ដែល​បាន​ស្វែង​រក​ការ​ផ្សះផ្សារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន។​ នៅ​ក្នុង​កិច្ច​សន្ទនា​ដោយបើក​ចំហ​មួយ ដែល​ពេល​ខ្លះ​មាន​លក្ខណៈ​តឹងតែងជាមួយ​នឹង​ក្រុមអ្នក​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សង្រ្គាម​វៀតណាម​ក្នុងក្រុង​ Austin លោក​ Kissinger បាន​និយាយ​ថា​ លោក​មាន​ការ​អាណិត​អាសូរ​ចំពោះ​ការ​រងទុក្ខ​លំបាក​របស់​ប្រជាជន​នៅវៀតណាម​ខាង​ត្បូង​ និង​បាន​ហៅ​ការ​ជម្លៀស​បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​ទីក្រុង​ Saigon (ព្រៃនគរ) ថា​ ជា​ «ពេល​វេលា​មួយ​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​បំផុត»​ ក្នុង​ជីវិត​របស់​លោក។

សង្រ្គាម​ដ៏​ចម្រូងចម្រាស ដែល​បាន​បញ្ចប់​កាល​ពី​៤១​ឆ្នាំ​មុននេះ ត្រូវ​បាន​លើក​មក​និយាយ​សារ​ជា​ថ្មី​ដោយបុគ្គល​ជាន់​ខ្ពស់​នៅ​ក្នុង​ជួរ​រដ្ឋបាលប្រធានាធិបតី​អាមេរិក​កាល​ពី​អតីតកាល​ និង​នា​ពេល​បច្ចុប្បន្ន។​

អតីត​ជំនួយការ​ប្រតិបត្តិ​របស់​ប្រធានាធិបតី​ Lyndon B. Johnson គឺ​លោក ​Tom Johnson បាន​និយាយ​ថា​ លោក​ «ត្រេកអរ»​ និង​ «សាទរ»​ ចំពោះ​ការ​វិវត្ត​ទៅ​មុខ​ ដែល​កើត​មាន​ឡើងនៅ​ក្នុង​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​ហាណូយ​ និង​វ៉ាស៊ីនតោន។

លោក​បាន​ថ្លែង​ថា ​ភាគី​ទាំង​សងខាង​កាន់តែ​ជិត​ស្និទ្ធ​នឹង​គ្នា​ ដោយ​សារ​តែ​ពួកគេ​ចង់​ «ធ្វើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច»​ ខណៈ​ពេល​ដែល​អ្នក​ខ្លះ​ថា​មកពី​ភាព​គឃ្លើន​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ Johnson បាន​និយាយ​ថា៖

«ខ្ញុំ​ដឹង​ថា​ មាន​ការ​បារម្ភ​មួយ​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹងកង​យោធា​របស់​ចិន។​ មាន​ក្តី​បារម្ភ​អំពី​កោះ​សិប្បនិម្មិត​ដែល​ត្រូវ​បាន​បង្កើត​ឡើងថ្មីៗ​ ប៉ុន្តែ​ខ្ញុំ​យល់​ថា​អ្នក​ដឹកនាំ​ទាំង​សង​ខាង​ក៏​មើល​ឃើញ​ពី​សារៈសំខាន់​នៃ​ពាណិជ្ជកម្ម​ផង​ដែរ»។​

ទន្ទឹម​នឹង​នេះ​ រដ្ឋមន្រ្តី​ការ​បរទេស​លោក John Kerry ដែល​ជា​អតីត​ទាហាន​ក្លាយ​ខ្លួន​ជា​អ្នក​តវ៉ា​ប្រឆាំង​សង្រ្គាម​វៀតណាម​ បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​កាលពី​ថ្ងៃ​ទី​២៧​ ខែ​មេសា​ ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ហាណូយ​ បាន​ធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​ ចាប់​តាំង​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​ស្តារឡើង​វិញ។

លោក​បាន​ថ្លែង​ថា៖

«ម្ភៃ​ឆ្នាំ​មុន​ មាន​អ្នក​ទេសចរ​ជនជាតិ​អាមេរិក​តិច​ជាង​៦០.០០០​នាក់​ មក​លេង​ប្រទេស​វៀតណាម​ជា​រៀង​រាល់​ឆ្នាំ។ បច្ចុប្បន្ន​ មាន​ជិត​កន្លះ​លាន​នាក់។​ ម្ភៃ​ឆ្នាំ​មុន​ ពាណិជ្ជកម្មទំនិញ​ទ្វេ​ភាគី​ជាមួយ​វៀតណាម​មាន​ចំនួន​តែ​៤៥១​លាន​ដុល្លារ​ប៉ុណ្ណោះ។ សព្វថ្ងៃ​នេះ​ មាន​ច្រើន​ជាង​៤៥​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ»។

លោក​រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក​ John Kerry (ឆ្វេង) និង​អតីត​ប្រធានាធិបតី​ប្រទេស​វៀតណាម លោក Truong Tan Sang ជជែក​គ្នា​ក្នុង​ជំនួប​ប្រជុំ​មួយ​នៅ​ឯ​វិមាន​ប្រធានាធិបតី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​សុក្រ ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ (Brendan Smialowski via AP)
លោក​រដ្ឋមន្ត្រី​ការ​បរទេសសហរដ្ឋ​អាមេរិក​ John Kerry (ឆ្វេង) និង​អតីត​ប្រធានាធិបតី​ប្រទេស​វៀតណាម លោក Truong Tan Sang ជជែក​គ្នា​ក្នុង​ជំនួប​ប្រជុំ​មួយ​នៅ​ឯ​វិមាន​ប្រធានាធិបតី​ក្រុង​ហាណូយ ប្រទេស​វៀតណាម ថ្ងៃ​សុក្រ ទី​៧ ខែ​សីហា ឆ្នាំ​២០១៥។ (Brendan Smialowski via AP)

លោក​ Kerry បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន ភាគី​ទាំង​ពីរ​កំពុង​សហការ​គ្នា​លើ​បញ្ហា​សន្តិសុខ​ ជាពិសេស​ ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ ​ដែល​ជា​បញ្ហា​មួយ​លោក​និយាយ​ថាគេ​ទំនង​ជា​មិន​បាន​ប្រមើល​មើល​ទុក​មុន​ទេ កាលពី​ពីរ​ទសវត្សរ៍​កន្លង​ទៅ។

អ្នក​ការ​ទូត​ជាន់ខ្ពស់​របស់​អាមេរិក​រូប​នេះ​ បាន​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​ហាណូយ​ និង​វ៉ាស៊ីនតោន​ «នៅ​តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ពិត​ប្រាកដ​ណាស់​ ប៉ុន្តែ​យើង​និយាយ​អំពី​ភាព​ខ្វែង​គំនិត​គ្នាទាំងអស់​នោះ​ដោយ​ស្មោះត្រង់​ និង​ជា​ប្រចាំ​ ហើយ​វា​ជា​រឿយៗ​ឲ្យ​មាន​ផ្លែផ្កា»។

កិច្ច​សន្ទនា​អំពី​ប្រវត្តិសាស្ត្រ​នៃ​គោលនយោបាយ​របស់​អាមេរិក​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ត្រូវ​បាន​កើត​ឡើង​ស្រប​គ្នា​ជាមួយ​នឹង​ការ​ដាក់​ឲ្យ​សភា​ពិភាក្សានូវច្បាប់​ដែល​ស្នើ​រួម​ដោយ​គណបក្ស​ទាំង​ពីរ​កាល​ពី​ខែ​មេសា​ ដែល​បាន​អំពាវនាវឲ្យសេតវិមាន​បង្កើន​ការ​ដាក់​កង​ទាហាន​ជើងទឹក​យាម​ល្បាត​របស់​អាមេរិក​ នៅ​តំបន់​សមុទ្រ​រងជម្លោះ​ ​ហើយ​ដែលសម្បូរ​ទៅ​ដោយ​ធនធាន៕

ប្រែសម្រួល​ដោយ សើ​ សាយ្យាណា

XS
SM
MD
LG