ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកពង្រីកគំនិតផ្តួចផ្តើមដើម្បីជួយប្រទេសឡាវ


រដ្ឋមន្រ្តី​ការបរទេស John Kerryពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្រ្តី​ឡាវ​ លោក Thongsing Thammavong អំឡុង​ពេល​ប្រជុំ​របស់​គាត់​នៅ​ទីស្តី​ការគណរដ្ឋមន្រ្តីទីក្រុង​វៀងច័ន្ទកាលពី​ថ្ងៃ​ទី​២៥ មករា ២០១៦។
រដ្ឋមន្រ្តី​ការបរទេស John Kerryពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្រ្តី​ឡាវ​ លោក Thongsing Thammavong អំឡុង​ពេល​ប្រជុំ​របស់​គាត់​នៅ​ទីស្តី​ការគណរដ្ឋមន្រ្តីទីក្រុង​វៀងច័ន្ទកាលពី​ថ្ងៃ​ទី​២៥ មករា ២០១៦។

សហរដ្ឋ​អាមេរិក កំពុង​បង្កើន​កិច្ច​ប្រឹងប្រែង​ ដើម្បី​ជួយ​ប្រទេសឡាវ​ដោះ​ស្រាយ​បញ្ហា​នានារួមមានបញ្ហា​កង្វះ​ស្បៀង​អាហារ​មីន​និង​គ្រាប់​មិន​ទាន់​ផ្ទុះ ហើយ​និង​លទ្ធភាព​ទទួល​បាន​បច្ចេកវិទ្យា​ប្រើប្រាស់​ជាដើម សម្រាប់​ប្រទេស​នៅ​តាម​ដង​ទន្លេមេគង្គ​។

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក ចន ឃែរី បាន​គូស​បញ្ជាក់​ពី​គំនិត​ផ្តួចផ្តើម​ទាំង​នេះ ក្នុង​អំឡុង​ទស្សនកិច្ច​របស់​លោក​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង​វៀងច័ន្ទ។ លោក ឃែរីក៏​បាន​ថ្លែង​អំពី​បញ្ហា​ប្រឈម​នានា​នៅ​ខាងក្រៅ​តំបន់​អាស៊ី​ផងដែររួម​មានកិច្ច​ចរចា​សន្តិភាព​ស៊ីរីដែល​គេ​គ្រោង​នឹង​រៀបចំ​ធ្វើឡើង​ជាដើម។

​លោកបាន​ធ្វើ​អត្ថាធិប្បាយ​បែបនេះជាមួយ​ក្រុម​អ្នក​យក​ព័ត៌មាន ក្រោយ​ពីបានជួប​ជាមួយ​មន្ត្រី​នានាដែល​រួម​ទាំង​លោក​នាយករដ្ឋមន្ត្រី​ Thongsing Thammavong និង​រដ្ឋមន្ត្រី​ការបរទេស​ឡាវThongloun Sisoulith ផងដែរ។

ការ​ថ្លែង​នោះបាន​សាង​គ្រឹះ​ដល់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេស​មួយ​ក្នុង​រដ្ឋកាលីហ្វ័ញ៉ា​នៅ​ខែ​ក្រោយ ដែល​កិច្ច​ប្រជុំ​កំពូល​នេះនឹង​ត្រូវ​បាន​ទទួល​ចាត់ចែង​ដោយ​ប្រធានាធិបតី​អាមេរិកលោក បារ៉ាក់ អូបាម៉ា។

​លោក ឃែរី មាន​ប្រសាសន៍​ថាសហរដ្ឋ​អាមេរិកបាន​សម្ភោជ​ កម្មវិធី​មួយ​ដែល​មាន​ទឹក​ប្រាក់​៦លានដុល្លារដើម្បី​ជួយ​ផ្តល់​អាហារ​ដល់​កូនសិស្ស​នៅ​តាម​សាលារៀន​ទូទាំង​ប្រទេស​ឡាវ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​ភាព​អត់​ឃ្លាន ដែល​បាន​បន្ទុច​បង្អាក់​ការ​រីកលូតលាស់​របស់​កុមារ​នៅក្នុង​ប្រទេស​ឡាវ។

​លោក ឃែរី ក៏​បាន​ថ្លែង​អំណរគុណ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ឡាវ​ ចំពោះ​ការ​ជួយ​ជ្រុំ​ជ្រែង​នៅក្នុង​ការ​ដោះស្រាយ​បញ្ហា​នានា​ ទាក់ទង​នឹង​សង្គ្រាម​វៀតណាម ដោយ​រួម​ទាំង​គ្រាប់បែក​មិន​ទាន់​ផ្ទុះ​រាប់តោន ដែល​យន្តហោះ​ចម្បាំង​អាមេរិក​ បាន​ទម្លាក់​លើ​ប្រទេស​ឡាវ។

ប្រមាណ​៣០​ភាគរយ​នៃ​គ្រាប់​ទាំង​នោះ​មិន​ទាន់​ផ្ទុះ​នៅ​ឡើយ​ទេ​ដែល​បានឆក់​យក​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចាប់តាំង​ពី​សង្គ្រាម​វៀតណាម​នោះ​មក។

​លោក ឃែរី មាន​ប្រសាសន៍​ថា​សហរដ្ឋ​អាមេរិកក៏​កំពុង​ពិចារណា​ថាតើ​ខ្លួន​អាច​បង្កើន​មូលនិធិ​ពី​ចំនួន​បច្ចុប្បន្ន​ ដែល​មាន​ទឹកប្រាក់​១៩លាន​និង​៥សែន​ដុល្លារ​នេះ ថែម​ទៀត​បានដែរ​ឬ​យ៉ាង​ណា ដើម្បី​ជួយ​ប្រទេស​ឡាវ​ ក្នុង​សកម្មភាព​កម្ចាត់​មីន។

លោក ឃែរី ​ថ្លែង​ថាខណៈ​ដែល​ចំនួន​អ្នក​រងគ្រោះ​និង​ស្លាប់​ដោយ​សារ​គ្រាប់​មិនទាន់​ផ្ទុះ បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់​សម្គាល់​នោះ ក៏​ប៉ុន្តែ​វា​នៅ​តែ​ជា​បញ្ហា​នៅក្នុង​ប្រទេស​នេះ​នៅ​ឡើយ។

លោក មាន​ប្រសាសន៍​បន្ថែម​ថា​សហរដ្ឋ​អាមេរិកកំពុង​ធ្វើ​ការ​ជាមួយ​ប្រទេស​ឡាវ​ទាក់​ទង​នឹង​បញ្ហា​បច្ចេកវិទ្យា ដែល​អាច​ជួយ​បង្កើន​សមត្ថភាព​របស់​ប្រទេស​នៅ​តាម​ដងទន្លេ​មេគង្គ​ក្រោម​មួយ​នេះ​ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG