នៅក្នុងការគោរពវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារតែការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកនៅក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា កាលពី៧ទសវត្សរ៍មុន លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានមានប្រសាសន៍ថា ពិភពលោកមានការទទួលខុសត្រូវរួមគ្នាមួយ ដើម្បីទប់ស្កាត់កុំឲ្យហេតុការណ៍ដែលបានកើតឡើងក្នុងទីក្រុងមួយនេះនៃប្រទេសជប៉ុនកើតឡើងជាថ្មីម្តងទៀតបាន។
លោក អូបាម៉ា បានមានប្រសាសន៍កាលពីថ្ងៃសុក្រ នៅឯសួនរំឭកវិញ្ញាណក្ខន្ធសន្តិភាពក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា យ៉ាងដូច្នេះថា៖ «យើងឈរនៅទីនេះ នៅកណ្ដាលទីក្រុងនេះ និងស្រមើស្រមៃអំពីព្រឹត្តិការណ៍ដែលបានកើតឡើង នៅពេលដែលគ្រាប់បែកបរមាណូត្រូវបានទម្លាក់ចុះមក។ យើងសាកដាក់អារម្មណ៍របស់យើងទៅក្នុងកុមារតូចៗដែលកំពុងតែមានអារម្មណ៍ច្របូកច្របល់ ចំពោះអ្វីដែលពួកគេបានមើលឃើញ។ យើងសាកស្តាប់ការទួញសោកដែលមិនមានសម្លេង។ យើងចងចាំរាល់ជនស្លូតត្រង់ដែលគ្មានកំហុសទាល់តែសោះនេះ ត្រូវបានគេសម្លាប់យ៉ាងច្រើននៅក្នុងសង្គ្រាមដ៏អាក្រក់នេះ និងសង្គ្រាមដែលបានកើតឡើងពីមុន និងសង្គ្រាមដែលនឹងកើតឡើងបន្ទាប់ទៀត»។
លោកប្រធានាធិបតី អូបាម៉ា និងលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe បានបង្កើតប្រវត្តិសាស្រ្ត តាមរយៈការដើរឆ្លងកាត់សួនរំលឹកវិញ្ញាក្ខន្ធនេះជាមួយនឹងគ្នា។ យន្តហោះចម្បាំងរបស់អាមេរិកមួយគ្រឿងបានទម្លាក់គ្រាប់បែកបរមាណូដំបូងបង្អស់របស់ពិភពលោកទៅលើទីក្រុង ហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ ក្នុងអំឡុងពេលនៃសង្គ្រាមលោកលើកទី២ ដែលបានសម្លាប់មនុស្សអស់រាប់ម៉ឺននាក់និងដែលអាចធ្វើឲ្យមនុស្សដែលកើតជំនាន់ក្រោយមានជំងឺ ដោយសារតែសារធាតុវិទ្យុសកម្មថែមទៀតផង។
លោក Obama ជាប្រធានាធិបតីអាមេរិកទីមួយក្នុងអាណត្តិរបស់លោកដែលបានទៅកាន់ទីក្រុងនេះ
មេដឹកនាំអាមេរិករូបនេះ បានមានប្រសាសន៍បន្ទាប់ពីរូបលោក និងលោក Abe បានដាក់កម្រងផ្កានៅឯសួនរំលឹកវិញ្ញាណក្ខន្ធសន្តិភាពថា «យើងមកទីនេះដើម្បីចូលរួមរំលែកទុក្ខដល់អ្នកស្លាប់»។ លោក អូបាម៉ា បានមានប្រសាសន៍ដោយទឹកមុខមាំថា៖ «យើងមានការទទួលខុសត្រូវរួមគ្នាក្នុងការក្រឡេកមើលទៅប្រវត្តិសាស្រ្តនេះ។ យើងត្រូវតែសួរថា តើអ្វីដែលយើងត្រូវធ្វើខុសពីនេះ ដើម្បីទប់ស្កាត់កុំឲ្យទុក្ខវេទនានេះកើតឡើងម្តងទៀត។ យើងត្រូវតែស្រមើស្រមៃឡើងវិញអំពីទំនាក់ទំនងរបស់យើងរវាងគ្នានិងគ្នា ក្នុងនាមជាមនុស្សជាតិ»។
លោក Obama ក៏បានអំពាវនាវឲ្យមានការភ្ញាក់រំលឹកចំពោះអាវុធនុយក្លេអ៊ែរផងដែរ
លោក Obama បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ពិភពលោកបានផ្លាស់ប្ដូរទាំងស្រុងនៅទីនេះ។ ប៉ុន្តែថ្ងៃនេះ ក្មេងៗនៅក្នុងទីក្រុងនេះនឹងឆ្លងផុតថ្ងៃរបស់ពួកគេដោយសន្តិភាព។ នេះជារឿងមួយដ៏មានតម្លៃ។ វាពិតជាមានតម្លៃណាស់ក្នុងការការពារនិងពង្រីកការការពារដល់កុមារគ្រប់រូប។ នេះគឺជាអនាគតដែលយើងអាចជ្រើសរើសបាន។ អនាគតរបស់ទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្កាសាគី ត្រូវបានគេដឹងរួចទៅហើយ មិនដូចជាស្រមោលខ្មៅនៃអាវុធបរមាណូនោះទេ ប៉ុន្តែវាប្រៀបដូចជាការចាប់ផ្តើមភ្ញាក់រលឹករបស់យើងអីចឹង»។
មេដឹកនាំទាំងពីរនាក់បានឈរទល់មុខគ្នានៅពីមុខសួនរំឭកវិញ្ញាណក្ខន្ធ ដែលមានរាងកោង ដែលជានិមិត្តសញ្ញានៃចេតិយទទេ។ ពាក្យដែលឆ្លាក់នៅក្នុងរចនាសម្ព័ន្ធនោះសរសេរថា «សូមទៅកាន់សុគតិភព ចំពោះកំហុសដែលនឹងមិនកើតឡើងម្តងទៀតទេ»។
សួនសន្តិភាពរបស់ជប៉ុនមួយនេះមិនបានកំណត់ឲ្យច្បាស់ថា តើកំហុសនេះសំដៅទៅលើការទម្លាក់គ្រាប់បែករបស់អាមេរិក ឬភាពគឃ្លើនរបស់ជប៉ុន និងសង្គ្រាមដែលបានកើតឡើងចំពោះពួកគេនោះទេ។ នេះគឺជាសំណួរដែលប្រទេសនីមួយៗនៅតែឆ្លើយខុសៗគ្នា។
ប៉ុន្តែខណៈដែលមេដឹកនាំទាំងពីររូបដាក់កម្រងផ្កានៅចេតិយដែលទទេនោះ ពួកគេបានបញ្ជាក់យ៉ាងច្បាស់ថា គោលបំណងរបស់ពួកគេគឺមិនមែនដើម្បីប្តឹងផ្តល់រឿងកាលពីអតីតកាលនោះទេ ប៉ុន្តែគឺដើម្បីធ្វើឲ្យកាន់តែជាសះស្បើយ និងដើម្បីចេញការព្រមានខ្លាំងក្លាទៅលើការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅពេលអនាគត។
បន្ទាប់ពីបញ្ចប់សុន្ទរកថារបស់លោកមក លោកអូបាម៉ាបានស្វាគមន៍រាក់ទាក់អ្នករស់រានជីវិតពីការទម្លាក់គ្រាប់បែកនៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា ចំនួនពីរនាក់ដែលបានចូលរួមនៅក្នុងពិធីនេះ ដែលម្នាក់មានឈ្មោះថា Sunao Tsuboi វ័យ៩១ឆ្នាំ ជាប្រធានអង្គការអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនៅក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងម្នាក់ទៀតមានឈ្មោះថា Shigeaki Mori ដែលបានបង្កើតទីរំឭកវិញ្ញាណក្ខន្ធមួយសម្រាប់អ្នកជាប់ពន្ធនាគារជនជាតិអាមេរិកាំងនៅក្នុងសង្គ្រាម ដែលត្រូវបានគេសម្លាប់នៅក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា នោះ។
លោក Abe មិនស្វះស្វែងរកការសុំអភ័យទោសពីលោក អូបាម៉ា ចំពោះការសម្រេចរបស់អាមេរិកក្នុងការទម្លាក់គ្រាប់បែកបរមាណូទៅលើទីក្រុង ហ៊ីរ៉ូស៊ីម៉ា និងទីក្រុង ណាហ្កាសាគីទេ ហើយលោកមិនបានទទួលការសុំអភ័យទោសនោះដែរ។ សូម្បីតែប្រជាជនជប៉ុន ដែលជាអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនេះបាននិយាយថា វាគ្រប់គ្រាន់សម្រាប់ពួកគេហើយ ចំពោះការដែលនៅទីបំផុតមានប្រធានាធិបតីអាមេរិកម្នាក់ដែលនៅកាន់អំណាចបានមកទីនេះនោះ។
អ្នកកាសែតជប៉ុនមួយចំនួនបានប្រាប់ VOA ថា ពួកគេមានអារម្មណ៍ថា ខ្លួនជាជនរងគ្រោះនៅក្នុងប្រទេសជប៉ុន ហើយវាត្រូវបានឆ្លុះបញ្ចាំងតាមរយៈការតាំងពិពណ៌ជាច្រើននៅក្នុងសារមន្ទីររំឭកវិញ្ញាណក្ខន្ធសន្តិភាពហ៊ីរ៉ូស៊ីម៉ា។
អាគារធំជាងគេមួយនោះដាក់បង្ហាញរបស់របររបស់ជនរងគ្រោះ ដោយរួមមានប្រអប់ដាក់អាហារពេលថ្ងៃត្រង់ដែលត្រូវបានដុត និងកង់ដែលមានកង់បីមួយដែលក្មេងប្រុសអាយុបីឆ្នាំម្នាក់កំពុងជិះ។ ការស្ទង់មតិថ្មីមួយរបស់កាសែតជប៉ុនមួយបានរកឃើញថា ៨៩ភាគរយនៃជនជាតិជប៉ុនដែលបានចូលរួមក្នុងការស្ទង់មតិនោះបានឆ្លើយថា ពួកគេគាំទ្រយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី អូបាម៉ា ទៅកាន់ទីក្រុង ហ៊ីរ៉ូស៊ីម៉ា ដែលនេះឆ្លុះបញ្ចាំងពីឆន្ទៈមុតមាំដើម្បីឲ្យមានសន្តិភាពនិងដើម្បីទប់ស្កាត់ការរីករាលដាលការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
មុនដំណើរទស្សនកិច្ចនេះ លោក Josh Earnest រដ្ឋមន្ត្រីសារព័ត៌មានរបស់សេតវិមានបានមានប្រសាសន៍ថា៖ «អ្វីដែលខ្ញុំគិតគឺថា លោកប្រធានាធិបតីពិតជាគោរពទៅតាមអ្វីដែលលោកប្រធានាធិបតី [Harry] Truman បានសម្រេចចិត្តសម្រាប់បុព្វហេតុដ៏ត្រឹមត្រូវ»។ ប៉ុន្តែលោក Earnest ក៏បានថ្លែងថា សហរដ្ឋអាមេរិកពិតជាមានការទទួលខុសត្រូវពិសេសមួយ ក្នុងនាមជាប្រទេសតែមួយគត់ដែលធ្លាប់ប្រើប្រាស់គ្រាប់បែកបរមាណូ ដើម្បីបេសកកម្មទប់ស្កាត់ការរីករាលដាលការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
អស់រយៈពេលជិត៧១ឆ្នាំមកហើយ ចាប់តាំងពីពេលដែលគ្រាប់បែកបរមាណូនោះបានផ្ទុះឡើងជារាងផ្សិតនៅលើអាកាសក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា ហើយបីថ្ងៃក្រោយមក បានកើតឡើងនៅក្នុងទីក្រុងណាហ្កាសាគី។ មនុស្សប្រហែល១៤០.០០០នាក់នៅក្នុងទីក្រុងទាំងពីរនេះ បានស្លាប់បាត់បង់ជីវិតនៅក្នុងឆ្នាំតែមួយនោះ ហើយអ្នកដែលនៅរស់រានមានជីវិតនិងកូនៗរបស់ពួកគេ បានប្រឈមនឹងទុក្ខវេទនាដែលគេមិនដឹង ដោយសារតែសារធាតុវិទ្យុសកម្មពុល។
មូលហេតុដែលសហរដ្ឋអាមេរិកបានសម្រេចធ្វើយ៉ាងដូច្នេះ គឺដើម្បីបញ្ចប់ភាពគឃ្លើនដែលមានរយៈពេលរាប់ឆ្នាំរបស់ជប៉ុន ដើម្បីរក្សាជីវិតមនុស្សជាច្រើននាក់ទៀត ដែលអាចនឹងបាត់បង់នៅក្នុងការឈ្លានពានរបស់អាមេរិក។ ប៉ុន្តែប្រជាជនជប៉ុនជាច្រើនយល់ឃើញខុសពីនេះ ដោយនិយាយថា បុរស ស្ត្រី និងក្មេងៗដែលគ្មានកំហុស ត្រូវបានកម្ទេចទៅជាផេះផង់និងត្រូវបានបំពុល។
អតីតយុទ្ធជននិងជនជាតិអាមេរិកាំងជាច្រើននាក់ជំទាស់នឹងដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា ទៅកាន់ទីក្រុង ហ៊ីរ៉ូស៊ីម៉ា។
ការផ្សះផ្សាជាមួយនឹងអតីតសត្រូវនៅក្នុងសង្គ្រាមទាំងពីរនេះ ហាក់ដូចជាចំណងធម្មតាមួយ ដែលទំនងនឹងក្លាយជាដំណើរទស្សនកិច្ចចុងក្រោយបង្អស់របស់លោក អូបាម៉ា ទៅកាន់តំបន់អាស៊ីក្នុងនាមជាប្រធានាធិបតី។
នៅប្រទេសវៀតណាម ដែលលោកបានធ្វើដំណើរទស្សនកិច្ចមុនពេលទៅកាន់ប្រទេសជប៉ុន លោកប្រធានាធិបតីបានដកទណ្ឌកម្មគ្រឿងសព្វាវុធដែលមានរយៈពេល៥០ឆ្នាំ និងបានផ្លាស់ប្ដូរបទពិសោធន៍ផ្ទាល់ខ្លួនយ៉ាងទូលំទូលាយជាមួយនឹងមេដឹកនាំវៀតណាមវ័យក្មេងនៅក្នុងវេទិកាសាធារណៈមួយ ដោយលោកបានប្រាប់ពួកគេឲ្យធ្វើអ្វីដែលពួកគេចូលចិត្ត។
លោក អូបាម៉ា បានត្រឡប់មកកាន់រដ្ឋធានី Washington វិញហើយ៕
ប្រែសម្រួលដោយ ហុង ចិន្តា