ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​មេដឹកនាំ G7 បាន​បូក​សរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​ខ្លួន​ថា ការ​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​សាកលលោក​គឺ​ជា​អាទិភាព​បន្ទាន់


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​មេដឹកនា​ក្រុម​ប្រទេស G-7 ឈរ​ថត​រូប​រួម​គ្នា​ជាមួយ​ដៃគូ​ក្នុង​សហគមន៍​នៅ​ក្នុង​ក្រុង Shima ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា និង​មេដឹកនា​ក្រុម​ប្រទេស G-7 ឈរ​ថត​រូប​រួម​គ្នា​ជាមួយ​ដៃគូ​ក្នុង​សហគមន៍​នៅ​ក្នុង​ក្រុង Shima ប្រទេស​ជប៉ុន​ កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

ក្រុម​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ជាងគេ​បំផុត​នៅ​ក្នុង​ពិភពលោក​ឬ​ហៅ​ថា G7 ​បាន​ស្នើ​ឲ្យ​ដាក់​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ជា​អាទិភាព​ទី​មួយ​ជា​បន្ទាន់ និង​បាន​សម្តែង​ក្តី​បារម្ភ​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង ប្រទេស​រុស្ស៊ី និង​ជម្លោះ​ដែន​សមុទ្រ ខណៈ​ដែល​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​បាន​បញ្ចប់​នៅ​ថ្ងៃ​សុក្រ​នេះ។
សេចក្តី​ថ្លែងការណ៍​ចុង​ក្រោយ​បង្អស់​នៃ​កិច្ចប្រជុំ​នេះ​បាន​លើក​ឡើង​ពី​បញ្ហា​ទូលំទូលាយ​ដែល​សេដ្ឋកិច្ច​សាកលលោក​កំពុង​ជួប​ប្រទះ ខណៈ​ដែល​មេដឹកនាំ G7 មាន​ការ​ខ្វែង​គំនិត​គ្នា​មួយ​ចំនួន ជុំវិញ​វិធីសាស្រ្ត​ក្នុង​ការ​បង្កើន​ចំណូល​ចូល​រដ្ឋ។ ​

សេចក្តីប្រកាស​ដែល​មាន​ចំនួន​៣២​ទំព័រ​នេះ​បាន​សរសេរ​ថា «តម្រូវ​ការ​ទាប​និង​បញ្ហា​ស្មុគស្មាញ​ដែល​មិន​អាច​ដោះស្រាយ​បាន គឺ​ជា​កត្តា​គន្លឹះ​ដែល​ធ្វើ​ឲ្យ​បារម្ភ​ដល់​កំណើន​សេដ្ឋកិច្ច​ជាក់ស្តែង​និង​សក្តានុពល​កំណើន។ យើង​នៅ​តែ​ប្តេជ្ញា​ដើម្បី​ធានា​ថា កំណើន​នេះ​មាន​លក្ខណៈ​ទូលំទូលាយ និង​ធ្វើ​ឲ្យ​សម្បូរ​ការងារ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​គ្រប់​ភាគី​ទាំងអស់​នៅ​ក្នុង​សង្គម​របស់​យើង»។​

បណ្តា​ប្រទេស​ទាំង​នោះ​ឯកភាព​ប្រឆាំង​នឹង​ «ការ​បន្ទាប​តម្លៃ​ដ៏​ប្រកួតប្រជែង​នៃ​រូបិយប័ណ្ណ» របស់​ពួកគេ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​មួយ​ដែល​កាន់​តែ​ស្វាហាប់​និង​មាន​តុល្យភាព​បូក​បញ្ចូល​គ្នា ក្នុង​ការ​ទទួល​បាន​កំណើន​ដ៏​ខ្លាំងក្លា មាន​និរន្តរភាព និង​មាន​តុល្យភាព​មួយ ដោយ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​តម្រូវការ​របស់​បុគ្គល​ម្នាក់ៗ​នៅ​ក្នុង​ប្រទេស​នីមួយៗ។​

ខណៈ​ដែល​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​មាន​ប្រសាសន៍​ដោយ​សុទិដ្ឋិនិយម​អំពី​និរន្តរភាព​នៃ​ការ​រើប​ឡើងសេដ្ឋកិច្ច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក លោក​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន Shinzo Abe បាន​បញ្ចេញ​ទស្សនៈ​ព្រួយបារម្ភ​ទៅ​លើ​សេដ្ឋកិច្ច​សាកលលោក ដោយ​ប្រៀបធៀប​ស្ថានភាព​សេដ្ឋកិច្ច​នា​ពេល​បច្ចុប្បន្ន​នេះ​ជាមួយ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​កាល​ពី​ឆ្នាំ​២០០៨ នៅ​ពេល​ដែល​ធនាគារ​វិនិយោគ​អាមេរិក Lehman Brothers បាន​ដួល​រលំ និង​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​សាកលលោក​ជាប់​គាំង។​

អ្នក​តាម​ដាន​ស្ថានភាព​សេដ្ឋកិច្ច​ជាច្រើន​នាក់​ជឿ​ថា លោក Abe ធ្វើការ​ប្រៀបធៀប​យ៉ាង​ដូច្នេះ​គឺ​ដើម្បី​ទុក​ពេលវេលា​សម្រាប់​លោក​ក្នុង​ការ​ពន្យារ​ពេល​អនុវត្ត​ផែនការ​បង្កើន​ពន្ធ​ប្រើប្រាស់ក្នុង​ប្រទេស​ជប៉ុន ដែល​នេះ​ជា​ដំណើរ​វិវឌ្ឍន៍​មួយ​ដែល​បណ្តា​មេដឹកនាំ​នានា​មិនគាំទ្រ ដូចជា​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel ដែល​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ចំណាយ​របស់​សាធារណជន​ដើម្បី​បង្កើន​កំណើន​សេដ្ឋកិច្ច។ ​

ក្រុម​មេដឹកនាំ G7 ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​អនុលោម​ទៅ​តាម​បទបញ្ញត្តិ​របស់​អង្គការ​សហប្រជាជាតិ និង​បញ្ឈប់​រាល់​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ការបាញ់​កាំជ្រួច​មីស៊ីល និង​សកម្មភាព​បង្ក​រឿង​ដទៃ​ទៀត។

ក្រុម​មេដឹកនាំ​ទាំង​នេះ​ក៏​បាន​ថ្កោលទោស​ទៅ​លើ​ប្រទេស​រុស្ស៊ី​ចំពោះ​ការបញ្ចូល​ឧបទ្វីប Crimea របស់​ប្រទេស​អ៊ុយក្រែន​ទៅ​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន​ផង​ដែរ ដោយ​បាន​ចាត់​ទុក​សកម្មភាព​នេះ​ថា​ខុស​ច្បាប់។ ក្រុម​មេដឹកនាំ G7 បាន​ព្រមាន​អំពី​ការបន្ថែម​ចំណាត់ការ​ដាក់​កំហិត​ខ្លាំង​ជាង​មុន​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ ប៉ុន្តែ​មេដឹកនាំ​ទាំង​នេះ​ក៏​បាន​បន្ថែម​ថា គេ​អាច​នឹង​ដក​ទណ្ឌកម្ម​ទាំង​នោះ​ចេញ​បាន ប្រសិន​បើ​ប្រទេស​រុស្ស៊ី​បំពេញ​ទៅ​តាម​លក្ខខណ្ឌ​មួយ​ចំនួន ដូចជា​គោរព​អធិបតេយ្យភាព​របស់​ប្រទេស​អ៊ុយក្រែន​ឲ្យ​បាន​ពេញលេញ​ជាដើម។

ដោយ​មិន​បាន​លើក​ឡើង​ពី​ប្រទេស​ចិន​ឲ្យ​ចំ សេចក្តី​ប្រកាស​ចុង​ក្រោយ​នេះ​បាន​សន្យា​ថា​នឹង​ជួយ​ដល់​ការ​ដោះស្រាយ​វិវាទ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ចិន​បាន​សាងសង់​កោះ​សិប្បនិម្មិត​របស់​ខ្លួន​យ៉ាង​គឃ្លើន បើ​ទោះ​បី​ជា​មាន​ការទាមទារ​ពី​សំណាក់​ប្រទេស​ជិត​ខាង​ក៏​ដោយ៕

XS
SM
MD
LG