លោក John McCain សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិងជាសមាជិកនៃគណៈកម្មាធិការគ្រប់គ្រងអាវុធ ដែលធ្លាប់ជាអ្នកទោសសង្គ្រាមជាប់ពន្ធនាគារនៅក្នុងប្រទេសវៀតណាម បានមានប្រសាសន៍ថា លោកនឹងសាទរចំពោះការដកទណ្ឌកម្មនេះ ប៉ុន្តែវាគួរភ្ជាប់ដោយលក្ខខណ្ឌដែលតម្រូវឲ្យមានការលើកកម្ពស់សិទ្ធិមនុស្សផងដែរ។ បញ្ហានេះនឹងក្លាយជាប្រធានបទសំខាន់នៅក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក Barack Obama ទៅកាន់ប្រទេសវៀតណាមនៅថ្ងៃអាទិត្យនេះ។
មានរឿងរ៉ាវជាច្រើនដែលបានផ្លាស់ប្ដូររវាងអតីតសត្រូវនៅក្នុងសង្គ្រាមទាំង២ ដូចអ្វីដែលលោក John McCain ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិងជាអតីតបេក្ខជនប្រធានាធិបតី បានដឹងយ៉ាងច្បាស់។ លោកគឺជាអ្នកបើកបរយន្តហោះចម្បាំងម្នាក់ក្នុងអំឡុងសង្គ្រាមវៀតណាម។ យន្តហោះរបស់លោកត្រូវបានគេបាញ់ទម្លាក់ ហើយលោកបានជាប់ជាអ្នកទោសសង្គ្រាមចំនួន៥ឆ្នាំកន្លះនៅក្នុងទីក្រុងហាណូយ ដោយលោកបានទទួលរងទារុណកម្មនិងមិនត្រូវបានគេអើពើ។
ប៉ុន្តែលោកមិនបានចងកំហឹងអ្វីនោះទេ ដូចដែលលោកបានថ្លែងប្រាប់ VOA យ៉ាងដូច្នេះថា៖
«ខ្ញុំគិតថា កាលយើងចាប់ធ្វើឲ្យទំនាក់ទំនងរបស់យើងត្រឡប់ឈានទៅភាពប្រក្រតីឡើងវិញ នោះមានការផ្សះផ្សាគ្នារវាងប្រទេសទាំងពីរនិងប្រជាជននៃយើងទាំងពីរ។ មានបុគ្គលមួយចំនួនដែលធ្វើអំពើមិនល្អមកលើខ្ញុំនៅក្នុងពន្ធនាគារ ហើយខ្ញុំសង្ឃឹមថា នឹងមិនជួបពួកគេទាំងនោះម្តងទៀតទេ។ ប៉ុន្តែបញ្ហានេះមិនបានផ្លាស់ប្ដូរទស្សនៈរបស់ខ្ញុំដែលថា ប្រជាជនវៀតណាមគឺអស្ចារ្យណាស់ ហើយពួកគេគឺជាមិត្តដ៏ល្អរបស់យើង។ យើងត្រូវការពួកគេ ហើយពួកគេក៏ត្រូវការយើងដែរ។
លោក McCain មានប្រសាសន៍ថា លោកចង់ផ្តល់សមត្ថភាពយោធាបន្ថែមទៀតដល់វៀតណាម ដើម្បីប្រឆាំងនឹងការកើនឡើងនូវភាពគឃ្លើនរបស់ចិននៅក្នុងតំបន់នេះ។ ប៉ុន្តែលោកជឿថា ការដកទណ្ឌកម្មអាវុធពីវៀតណាមគួរតែតម្រូវឲ្យរដ្ឋាភិបាលក្រុងហាណូយលើកកម្ពស់សិទ្ធិមនុស្ស។ វៀតណាមបានដាក់សម្ពាធឲ្យដកទណ្ឌកម្មនេះចេញទាំងស្រុង។
លោក Brian Harding អ្នកជំនាញការខាងតំបន់អាស៊ី បាននិយាយថា សន្តិសុខនឹងក្លាយជាប្រធានបទសំខាន់នៅក្នុងដំណើរទស្សនកិច្ចរបស់លោកអូបាម៉ា ទៅកាន់ទីក្រុងហាណូយនិងទីក្រុងហូជីមិញ។
លោក Brian Harding ថ្លែងប្រាប់ VOA ថា៖
«ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមកំពុងតែមាននិន្នាការវិជ្ជមានយ៉ាងខ្លាំង។ របៀបវារៈកំពូលរបស់លោកប្រធានាធិបតីអូបាម៉ានឹងមានដូចជា បញ្ហាសន្តិសុខ សិទ្ធិមនុស្ស និងពាណិជ្ជកម្ម។ ខ្ញុំគិតថា មនុស្សគ្រប់គ្នានឹងចាំមើលថា តើ សហរដ្ឋអាមេរិកនឹងដកទណ្ឌកម្មលក់គ្រឿងសព្វាវុធឲ្យវៀតណាមក្នុងដំណើរទស្សនកិច្ចរបស់លោកឬយ៉ាងណា»។
លោក Harding និយាយថា សង្គ្រាមវៀតណាមនៅតែជាស្រមោលអតីតកាលសម្រាប់ប្រទេសទាំង២ ប៉ុន្តែអនាគតទំនងជាល្អ។
«វៀតណាមគឺជាប្រទេសមួយដែលមានប្រជាជនវ័យក្មេង។ ប្រជាជនវៀតណាម ជាពិសេសយុវជនកាន់តែមានអារម្មណ៍វិជ្ជមានចំពោះសហរដ្ឋអាមេរិក។
នៅក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតីក៏នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនផងដែរ ដែលប្រទេសជប៉ុននេះក៏ជាអតីតសត្រូវរបស់អាមេរិកនៅក្នុងសង្គ្រាមផងដែរ ហើយលោកទំនងនឹងសង្កត់ធ្ងន់ទៅលើអំណាចនៃការផ្សះផ្សាដើម្បីកែប្រែចំណងទាក់ទងជាមួយនឹងប្រទេសទាំង២នេះ៕
ប្រែសម្រួលដោយ ហុង ចិន្តា