លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា បានថ្លែងថា បន្ទាប់ពីបានចំណាយពេលជាមួយយុវជនក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមរយៈពេល៣ថ្ងៃកន្លងទៅនេះ លោកមានសុទិដ្ឋិនិយមចំពោះអនាគតរបស់ប្រទេសមួយនេះ។ នៅក្នុងពេលចែករំលែកបទពិសោធន៍និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់លោក ជាមួយនឹងយុវជនវៀតណាមក្នុងវេទិកាសាធារណៈហៅថា Town Hall នៅក្រុងហូជីមិញកាលពីថ្ងៃពុធកន្លងទៅនេះ លោកប្រធានាធិបតីបានសារភាពថា កាលពីលោកនៅក្មេង លោកក៏មិនសូវជាយកចិត្តទុកដាក់ប៉ុន្មានដែរ។
លោកប្រធានាធិបតីបានថ្លែងទៅកាន់យុវជនប្រមាណ៨០០នាក់ដែលជាសមាជិកបណ្ដាញកម្មវិធីគំនិតផ្តួចផ្តើមមេដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ ហៅកាត់ថា (YSEALI) ហើយអ្នកទាំងនោះសាទរស្វាគមន៍លោកជាមួយនឹងសម្លេងហ៊ោកញ្ជ្រៀវ ទង់ជាតិអាមេរិកាំង និងការក្រោកឈរទះដៃយ៉ាងគគ្រឹកគគ្រេង។ YSEALI គឺជាកម្មវិធីពិសេសរបស់លោក អូបាម៉ា ដែលបានចាប់ផ្តើមនៅឆ្នាំ២០១៣ ក្នុងគោលបំណងពង្រឹងការអភិវឌ្ឍ និងបណ្តាញនៃភាពជាអ្នកដឹកនាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
លោកប្រធានាធិបតីបានក៏បានលើកឡើងផងដែរថាកាលលោកនៅក្មេង លោកធ្លាប់រស់នៅ នៅប្រទេសមួយនៅអាស៊ីអាគ្នេយ៍ គឺប្រទេសឥណ្ឌូនេស៊ី ហើយថាតំបន់នេះមានឥទ្ធិពលមកលើអត្តសញ្ញាណគាត់។
យុវជនម្នាក់សុំដំបូន្មានពីលោកប្រធានាធិបតី ពីរបៀបក្លាយជាអ្នកដឹកនាំដ៏ល្អមួយរូប ដែលលោក អូបាម៉ា បានឆ្លើយតបវិញថា ពួកគេបានរៀបចំខ្លួនបានល្អជាងកាលលោកមានអាយុដំណាលនេះរួចទៅហើយ។ លោកមានប្រសាសន៍ថា៖
«ជាដំបូង ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថា កាលខ្ញុំនៅអាយុដំណាលអ្នកទាំងអស់ ខ្ញុំមិនចេះរៀបចំ មិនសូវប្រឹងរៀន ហើយអត់ចេះដឹងច្រើនដូចអ្នកទាំងអស់គ្នាទេ។ ហើយកាលខ្ញុំនៅក្មេង ខ្ញុំឡេះឡោះច្រើនណាស់ អត់ប្រឹងរៀនហើយ ចាប់អារម្មណ៍តែបាល់បោះ និងស្រីៗ។ ខ្ញុំមិនសូវជាយកចិត្តទុកដាក់ប៉ុន្មានទេ»។
លោកបានថ្លែងបន្តទៀតថា មានវិធីច្រើនណាស់ដើម្បីក្លាយជាអ្នកដឹកនាំ ហើយលោកបានផ្តល់ដំបូន្មានថា ព្យាយាមស្វែងរកអ្វីដែលពួកគេស្រឡាញ់ ហើយដាក់ចិត្តដាក់កាយ និងខំប្រឹងប្រែងធ្វើឲ្យពេញទំហឹង។ លោកថា៖
«អ្នកទាំងអស់គ្នាអាចផ្លាស់ប្តូរពិភពលោកឲ្យឆ្លុះបញ្ចាំងគុណតម្លៃដ៏ប្រសើររបស់យើង និងផ្លាស់ប្តូរតំបន់នេះប្រកបដោយផ្លូវវិជ្ជមាន»។
ការជជែកនេះក៏ឈានចូលទៅប្រធានបទអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីផងដែរ។
យុវនារីម្នាក់ ដែលជានិស្សិតកំពុងរៀននៅរដ្ឋ Montana បានសួរលោកប្រធានាធិបតី អូបាម៉ា ថាតើក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត តើលោកគិតថា លោកនិងពិភពលោក នឹងក្លាយទៅជាយ៉ាងណាបន្ទាប់ពីអាណត្តិប្រធានាធិបតីបន្ទាប់ត្រូវបញ្ចប់ ដែលអាចជាអាណត្តិរបស់លោក Bernie Sanders លោកស្រី Hillary Clinton ឬក៏លោក Donald Trump។
លោកថា លោកនឹងត្រឡប់ទៅធ្វើអ្វីដែលលោកតែងតែធ្វើកន្លងមកនេះ គឺព្យាយាមជួយប្រជាជនក្រីក្រ ឲ្យបានធូរធារ។
«ខ្ញុំគិតថាខ្ញុំអាចនឹងក្លាយទៅជាអ្នកដឹកនាំសហគមន៍ម្នាក់ គ្រាន់តែថារាងល្បីជាងមុនបន្តិច»។
បន្ទាប់ពីបានសំណួរមួយទៀតដែលចង់ឲ្យលោកបញ្ចេញមតិជុំវិញលទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០១៦ លោកប្រធានាធិបតីថ្លែងទាំងស្រងូតស្រងាត់ថា៖ «យើងនឹងឆ្លងផុតរឿងនេះ»។ លោកថ្លែងថា ពេលខ្លះអាមេរិកធ្វើខុស ប៉ុន្តែមិនយូរមិនឆាប់ នឹងដើរលើផ្លូវត្រូវវិញ ហើយ«យើងនឹងលែងអីហើយ ខ្ញុំសន្យា»។
តារាចម្រៀង Rap វ័យក្មេងល្បីឈ្មោះម្នាក់មកពីក្រុងហូជីមិញ វ័យ២៦ឆ្នាំ បានសួរសំណួរចុងក្រោយ។ នាងថា នាងប្រឈមនឹងឧបសគ្គជាច្រើនក្នុងនាមជាតារាចម្រៀង Rapស្រី ហើយសួរទៅលោកប្រធានាធិបតីអំពីការគាំទ្រសិល្បៈពីសំណាក់រដ្ឋាភិបាល។ លោកក៏សុំឲ្យនាងច្រៀង Rap ហើយថែមទាំងប្រើមាត់ធ្វើជាសំឡេងបន្ទរឲ្យនាងទៀតផង។ រួចនាងក៏ច្រៀង Rap ជាភាសាវៀតណាម។ លោក អូបាម៉ា ថ្លែងថា រដ្ឋាភិបាលមួយចំនួនអាចកើតក្តីភ័យព្រួយអំពីរឿងនេះព្រោះថា សិល្បៈអាចបង្កឲ្យគ្រោះថ្នាក់ ប៉ុន្តែលោកបន្ថែមថា៖ «អ្នកត្រូវតែអនុញ្ញាតឲ្យប្រជាជនបញ្ចេញមតិផ្ទាល់ខ្លួន»។
វេទិកាសាធារណៈដែលមានលក្ខណៈផ្ទាល់ខ្លួនមួយនេះ បានបញ្ចប់ទស្សនកិច្ចជាប្រវត្តិសាស្ត្រមួយដែលក្នុងអំឡុងពេលនោះ លោកប្រធានាធិបតីបានដកទណ្ឌកម្មនាំចូលគ្រឿងសព្វាវុធចូលវៀតណាមដែលមានអាយុកាល៥០ឆ្នាំ ជាលើកដំបូង និងថ្លែងសុន្ទរកថាទទូចឲ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋខ្លួន។
ប្រជាជនវៀតណាមរាប់ពាន់នាក់ឈរជាជួរតាមដងផ្លូវដើម្បីបានឃើញលោកប្រធានាធិបតី អូបាម៉ា ដែលលោកថ្លែងថា សហរដ្ឋអាមេរិកនិងវៀតណាមគឺកំពុងតែធ្វើដំណើរលើមាគ៌ារួមគ្នាមួយ ក្នុងរយៈពេល១០០ឆ្នាំទៅមុខទៀត។
ទិសដៅបន្ទាប់សម្រាប់លោកប្រធានាធិបតី អូបាម៉ា គឺប្រទេសជប៉ុន ដែលលោកនឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe៕
ប្រែសម្រួលដោយ ហឿន សុភ័ក្ត្រ