ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សម្លាប់​នៅ​កោះ​Okinawa ស្ថិត​ក្នុង​របៀបវារៈ​របស់​លោក​អូបាម៉ា​មុន​កិច្ច​ប្រជុំ G7


ក្មេង​ប្រុស​ម្នាក់​យក​ដៃស្ទាប​ទៅ​លើ​ផែនទី​កោះ Okinawa ដែល​ត្រូវ​បាន​គូរ​ឡើង​នៅ​ជិត​ស្ថានីយ​ទ័ពអាកាស​អាមេរិក​។
ក្មេង​ប្រុស​ម្នាក់​យក​ដៃស្ទាប​ទៅ​លើ​ផែនទី​កោះ Okinawa ដែល​ត្រូវ​បាន​គូរ​ឡើង​នៅ​ជិត​ស្ថានីយ​ទ័ពអាកាស​អាមេរិក​។

នាយករដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នឹង​លើក​បញ្ហា​ឧក្រិដ្ឋកម្ម ដែល​បាន​ប្រព្រឹត្ត​ដោយ​អ្នក​ធ្វើការ​នៅ​មូលដ្ឋាន​យោធា​អាមេរិក នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក បារ៉ាក់ អូបាម៉ា នៅ​យប់​ថ្ងៃ​ពុធ​នេះ មុន​ពេល​កិច្ច​ប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​ ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​ជាងគេ​លើ​ពិភពលោក​ទាំង​៧ ឬ​ហៅ​ថា G7 នោះ។ នេះ​បើ​យោង​តាម​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ។

របៀបវារៈ​នេះ ត្រូវ​បាន​ដាក់​ចូល​យ៉ាង​ប្រញិបប្រញាប់​នៅក្នុង​កិច្ច​ពិភាក្សា​ទ្វេភាគី ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​អតីត​ទាហាន​ជើងទឹក​ម៉ារីនអាមេរិកាំង​ម្នាក់ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មុន បន្ទាប់​ពី​មាន​ការ​បាត់​ខ្លួន​ស្រី​ជនជាតិ​ជប៉ុន​វ័យ​២០​ឆ្នាំ​ម្នាក់ កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​មេសា ហើយ​ដែល​ក្រោយ​មក គេ​បាន​ប្រទះឃើញ​សាកសព​ស្រី​នោះ កាល​ពី​សប្ដាហ៍​មុន។

​ការ​ស្លាប់​របស់​ស្រ្តី​វ័យ​ក្មេង​នេះ បាន​ធ្វើ​ឲ្យ​គេ​នឹកឃើញ​ដល់​ព្រឹត្តិការណ៍​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​សិស្ស​សាលា​ជប៉ុន​ ដោយ​បុគ្គលិក​យោធា​អាមេរិក​ នៅ​លើ​កោះOkinawa កាល​ពី​ឆ្នាំ​១៩៩៥។ ព្រឹត្តការណ៍​នោះ បាន​បញ្ឆេះ​ឲ្យ​មាន​បាតុកម្ម​តវ៉ា​ដ៏ធំ នៅលើ​កោះ​នោះ ប្រឆាំង​នឹង​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ទី​នោះ។

ឧក្រិដ្ឋកម្ម​ថ្មីៗ​ទាក់​ទិន​នឹង​ស្រ្តី​វ័យ​ក្មេង​ជប៉ុន​នេះ អាច​ក្លាយ​ជា​ការ​បន្ទច់បង្អាក់​បន្ថែម​ទៀត ដល់​ការ​ជំរុញ​របស់​លោក អាបេ ឲ្យ​មាន​ការ​រើ​ទីតាំង​មូលដ្ឋាន​ទ័ព​អាកាស​របស់​អាមេរិក ទៅកាន់​ផ្នែក​មួយ​ទៀត នៃ​កោះOkinawa ដោយសារ​វិធានការ​នេះ បាន​ប្រឈម​នឹង​ការ​ជំទាស់​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ជប៉ុន​រួច​ទៅ​ហើយ​នោះ៕

កិច្ច​ប្រជុំ​របស់​លោក អាបេ និង​លោក អូបាម៉ា ត្រូវ​គេ​មើល​ឃើញ​ថា ទំនង​ជា​មិន​អាច​លួង​ចិត្ត​ពលរដ្ឋ​នៅ​កោះOkinawa ​បាន​ច្រើន​ទេ។

លោក Masaaki Gabe សាស្ត្រាចារ្យ​ខាង​ទំនាក់ទំនង​អន្តរជាតិ​នៅ​សាកលវិទ្យាល័យ the Ryukyus មាន​ប្រសាសន៍​ថា ​«តាម​ខ្ញុំ​យល់ មេដឹកនាំ​ទាំង​ពីរ គ្រាន់​តែ​ធ្វើ​ឲ្យ​គេ​មើល​ឃើញប្រតិកម្ម​មួយ​ ដើម្បី​បង្អន់​ស្ថានភាពឈឺ​ចុកចាប់​នៅ​កោះOkinawa​តែ​ប៉ុណ្ណោះ »៕

XS
SM
MD
LG