ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាសែត New York Times៖ លោក Trump បង់​ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋ​ចំនួន ៧៥០ ដុល្លារ ក្នុង​ឆ្នាំ ២០១៦ និង ២០១៧


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត នៅ​សេតវិមាន​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​កាសែត នៅ​សេតវិមាន​ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

សេចក្ដីរាយការណ៍នេះបានឲ្យ​ដឹង​ថា លោកTrump ដែល​ជា​អ្នកការពារ​ខ្លាំងក្លា​លើ​ឯកសារ​ប្រកាស​ពន្ធ​ប្រាក់ចំណូល​របស់​លោក និងជា​ប្រធានាធិបតី​ក្នុងសម័យ​ទំនើប​តែ​ម្នាក់គត់​ដែល​មិន​បញ្ចេញ​ឯកសារ​នេះជា​សាធារណ: មិនបាន​បង់ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋាភិបាល​សហព័ន្ធ​រយ:ពេល ១០ ឆ្នាំ ក្នុង​អំឡុង​ពេល ១៥ ឆ្នាំ​ចុង​ក្រោយនេះ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​បង់​ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋាភិបាល​សហព័ន្ធ​ត្រឹមតែ ៧៥០ ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ ២០១៦ ដែល​ជា​ឆ្នាំ​ដែល​លោក​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី និង​ឆ្នាំ ២០១៧ ដែល​ជា​ឆ្នាំ​ដំបូង​នៃ​ការ​កាន់​តំណែង​ជា​ប្រធានាធិបតី​របស់​លោក​នៅ​សេតវិមាន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​មួយ​របស់​កាសែត The New York Times ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

សេចក្ដី​រាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា លោកTrump ដែល​ជា​អ្នក​ការពារ​ខ្លាំងក្លា​លើ​ឯកសារ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល​របស់​លោក និង​ជា​ប្រធានាធិបតី​ក្នុង​សម័យ​ទំនើប​តែ​ម្នាក់​គត់​ដែល​មិន​បញ្ចេញ​ឯកសារ​នេះ​ជា​សាធារណ: មិន​បាន​បង់ពន្ធ​ប្រាក់​ចំណូល​ជូន​រដ្ឋាភិបាល​សហព័ន្ធ​រយ:ពេល ១០ ឆ្នាំ ក្នុង​អំឡុង​ពេល ១៥ ឆ្នាំ​ចុង​ក្រោយ​នេះ។

ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក​ប្រធានាធិបតី Trump បង្ហាញ​ថា លោក​រក​ចំណូល​បាន​យ៉ាង​តិច ៤៣៤ លាន ៩ សែន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​ក្នុង​ឯកសារ​បង់ពន្ធ​ដាក់​ថា​ខាត​ចំនួន ៤៧ លាន ៤ សែន​ដុល្លារ​ទៅ​វិញ។

លោក Alan Garten ដែល​ជា​មេធាវី​និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ Trump Organization មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​ការ​ស្នើសុំ​យោបល់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ទាក់ទិន​នឹង​សេចក្ដី​រាយការណ៍​របស់​កាសែត The New York Times នេះ​ទេ។ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់​កាសែត The New York Times ថា លោក Trump ពិតជា​បាន​បង់ពន្ធ​រាប់​លាន​ដុល្លារ។

លោក Trump បាន​ច្រាន​ចោល​សេចក្ដី​រាយការណ៍​របស់​កាសែត The New York Times នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា​ជា «ព័ត៌មាន​ក្លែងក្លាយ» និង​នៅតែ​បញ្ជាក់​ថា លោក​បាន​បង់​ពន្ធ ទោះបីជា​លោក​មិន​បាន​បញ្ជាក់​លម្អិត​ក៏ដោយ៕

XS
SM
MD
LG