ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​គ្រោង​សម្រេច​លើ​សំណុំ​រឿង​ទាក់ទិន​នឹង​ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក Trump


លោកប្រធានាធិបតី Donald Trump ចូលរួមកម្មវិធីពិភាក្សាស្តីអំពី «ការជជែកគ្នាថ្នាក់ជាតិអំពីវិធានការបើកដំណើរការសាលារៀនឡើងវិញដោយសុវត្ថិភាព» នៅសេតវិមាន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។
លោកប្រធានាធិបតី Donald Trump ចូលរួមកម្មវិធីពិភាក្សាស្តីអំពី «ការជជែកគ្នាថ្នាក់ជាតិអំពីវិធានការបើកដំណើរការសាលារៀនឡើងវិញដោយសុវត្ថិភាព» នៅសេតវិមាន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ចេញ​សេចក្ដី​ប្រកាស​ចុងក្រោយ​អំពី​មតិ​យោបល់​របស់​ខ្លួន​ក្នុង​ដំណាក់កាល​បច្ចុប្បន្ន ដោយ​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​សំណុំ​រឿង​ដែល​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ចំនួន ៣ ពាក់ព័ន្ធ​នឹង​សំណើ​របស់​គណៈកម្មាធិការ​សភា​មួយ​ចំនួន និង​រដ្ឋអាជ្ញា​ទីក្រុង New York ម្នាក់ ដែល​សុំ​ឲ្យ​មាន​ការ​បង្ហាញ​ឯកសារ​ពន្ធ​លើ​ប្រាក់​ចំណូល និង​ឯកសារ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​របស់​លោក​ប្រធានាធិបតី Donald Trump។

លោក Trump ដែល​ធ្វើ​ផ្ទុយ​ទៅ​នឹង​ការ​អនុវត្ត​កន្លង​មក​របស់​បេក្ខជន​ប្រធានាធិបតី​សម័យ​ទំនើប ដោយ​បដិសេធ​មិន​បង្ហាញ​ឯកសារ​ពន្ធ​របស់​លោក​ជា​សាធារណៈ​ នៅ​ពេល​លោក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦ នោះ បាន​ប្រឹងប្រែង​រារាំង​ការ​បញ្ចេញ​ឯកសារ​ទាំង​នេះ និង​ឯកសារ​ផ្សេងៗ​ទៀត​ ទាក់ទិន​នឹង​រឿង​ហិរញ្ញវត្ថុ​របស់​លោក។

នៅ​ក្នុង​សំណុំ​រឿង​ពីរ​បញ្ចូល​គ្នា គណៈកម្មាធិការ​មួយ​ចំនួន​នៃ​រដ្ឋសភា​បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​មាន​ការ​បង្ហាញ​ឯកសារ​ហិរញ្ញវត្ថុ​របស់​លោក Trump ពី​ធនាគារ​ពីរ​កន្លែង គឺ​ធនាគារ Capital One និង​ធនាគារ Deutsche Bank ក៏​ដូចជា​ពី​ក្រុមហ៊ុន​គណនេយ្យ Mazars USA ផង​ដែរ។

ចំណុច​សំខាន់​ដែល​ចៅក្រម​វាយ​តម្លៃ​នៅ​ក្នុង​សំណុំ​រឿង​ទាំង​នេះ គឺ​ការ​បែងចែក​អំណាច​ក្នុង​ចំណោម​ស្ថាប័ន​នានា​នៃ​រដ្ឋាភិបាល​សហព័ន្ធ និង​អំណាច​សភា នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ប្រធានាធិបតី។

លោក Patrick Strawbridge ដែល​ជា​មេធាវី​របស់​លោក Trump បាន​បញ្ជាក់​នៅ​ក្នុង​អំឡុង​ពេល​បង្ហាញ​អំណះអំណាង​ផ្ទាល់​មាត់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ​ថា ដីកា​កោះ​ហៅ​ទាំង​នេះ​គ្មាន​គោល​បំណង​ផ្នែក​ច្បាប់​សំខាន់​ណា​មួយ​ទេ ហើយ​សមាជិក​សភា​មិន​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​រឿង​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតី​ដោយ​ប្រើ​អំណាច​គ្មាន​ការ​កំណត់​នោះ​ឡើយ៕

XS
SM
MD
LG