ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រឡូកនៅក្នុងទំនាក់ទំនងជាមួយនឹងមេដឹកនាំផ្សេងៗនៅលើពិភពលោក ដែលរួមមានទាំងប្រធានាធិបតីចិនលោក Xi Jinping ផងនោះ គឺក្នុងគោលបំណងធ្វើឲ្យអន្តរាយដល់ប្រយោជន៍ជាតិដើម្បីផលចំណេញនយោបាយផ្ទាល់ខ្លួនរបស់លោក។ នេះបើយោងតាមការបញ្ជាក់របស់លោក John Bolton ដែលជាអតីតទីប្រឹក្សាសន្តិសុខជាតិរបស់លោក។
នៅក្នុងអត្ថបទបញ្ចេញមតិមួយចុះផ្សាយក្នុងកាសែត Wall Street Journal កាលពីថ្ងៃពុធ លោក Bolton បានសរសេរថា នៅក្នុងអំឡុងពេលកិច្ចប្រជុំ G-20 ក្នុងទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន កាលពីឆ្នាំ ២០១៨ លោក Trump បានស្នើលោក Xi Jinping ឲ្យបង្កើនការទិញរបស់ប្រទេសចិននូវផលិតផលកសិកម្មរបស់សហរដ្ឋអាមេរិក ដើម្បីជួយខ្លួនលោកឲ្យទទួលបានសន្លឹកឆ្នោតគាំទ្រពីបណ្ដារដ្ឋកសិកម្មនានានៅក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកា ឆ្នាំ ២០២០ ខាងមុខ ជាថ្នូរនឹងការយកពន្ធគយលើទំនិញចិនក្នុងអត្រាមួយដែលចិនពេញចិត្ត។
លោក Bolton បានសរសេរថា នៅក្នុងការប្រជុំរបស់លោកទាំងពីរកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០១៩ ក្នុងអំឡុងពេលកិច្ចប្រជុំ G-20 នៅក្នុងទីក្រុង Osaka ប្រទេសជប៉ុន លោក Xi Jinping បានប្រាប់លោក Trump ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនគឺជាទំនាក់ទំនងដ៏សំខាន់ជាងគេបំផុតនៅលើពិភពលោក។
រឿងរ៉ាវដូចគ្នានៃទំនាក់ទំនងរវាងលោក Trump និងលោក Xi Jingping ក៏មានបង្ហាញផងដែរនៅក្នុងសៀវភៅកម្រាស់ ៥៩២ ទំព័រ របស់លោក Bolton ដែលនឹងជិតចេញផ្សាយក្នុងពេលឆាប់ៗនេះ។ សៀវភៅនេះមានចំណងជើងថា៖ «បន្ទប់ដែលរឿងរ៉ាវបានកើតឡើង៖ កំណត់ប្រវត្តិសេតវិមាន (The Room Where It Happened: A White House Memoir)។
សៀវភៅនេះគ្រោងនឹងចេញផ្សាយនៅសប្ដាហ៍ក្រោយ ប៉ុន្តែវាបានជាប់ពាក់ព័ន្ធនឹងជម្លោះផ្លូវច្បាប់ដែលកើនឡើងខ្លាំងមួយ។ ក្រសួងយុត្តិធម៌បានដាក់បទបញ្ជាបន្ទាន់មួយកាលពីយប់ថ្ងៃពុធ ដើម្បីបញ្ឈប់ការចេញផ្សាយសៀវភៅរបស់លោក Bolton នេះ គឺក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីបានដាក់ពាក្យបណ្ដឹងក្នុងគោលបំណងបញ្ឈប់ការបោះពុម្ពផ្សាយសៀវភៅនេះ។
រដ្ឋបាលលោក Trump អះអាងថា លោក Bolton កំពុងធ្វើឲ្យមានគ្រោះថ្នាក់ដល់រឿងសន្តិសុខជាតិ៕