ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ថ្លឹងថ្លែង​ថា​តើ​លោក Trump ត្រូវ​បង្ហាញ​ឯកសារ​ពន្ធ​ប្រាក់​ចំណូល​ឬ​ក៏​អត់


តុលាការ​កំពូលសហរដ្ឋ​អាមេរិក​ត្រូវ​បាន​ឃើញ​បន្ទាប់​ពី​ការ​តស៊ូ​មតិ លើ​សំណុំ​រឿង Trump v. Mazars និង​សំណុំ​រឿង Trump v. Deutsche Bank AG។
តុលាការ​កំពូលសហរដ្ឋ​អាមេរិក​ត្រូវ​បាន​ឃើញ​បន្ទាប់​ពី​ការ​តស៊ូ​មតិ លើ​សំណុំ​រឿង Trump v. Mazars និង​សំណុំ​រឿង Trump v. Deutsche Bank AG។

ការ​ច្រានចោល​ជា​យូរ​មក​ហើយ​របស់​លោក​ប្រធានាធិបតី Donald Trump នៅ​ក្នុង​ការ​បញ្ចេញ​ឯកសារ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល​របស់​លោក បាន​លេច​ឡើង​នៅ​ក្នុង​សវនាការ​របស់​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ នៅ​ពេល​ដែល​ចៅក្រម​ថ្លឹងថ្លែង​ថា​តើ​សភា និង​រដ្ឋអាជ្ញា​មូលដ្ឋាន​មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​លើ​ប្រធានាធិបតី​ដែល​កំពុង​កាន់​តំណែង​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ។

ក្រុម​ចៅក្រម​បាន​ស្ដាប់​ការ​បង្ហាញ​អំណះអំណាង​ផ្ទាល់​មាត់​នៅ​ក្នុង​សំណុំ​រឿង​ចំនួន ២ ដែល​មាន​ការ​ចាប់​អារម្មណ៍​ពី​សាធារណជន។ សំណុំ​រឿង​ទាំង​ពីរ​នោះ​ពាក់ព័ន្ធ​នឹង​ដីកា​កោះហៅ​របស់​គណៈកម្មាធិការ​មួយ​ចំនួន​របស់​រដ្ឋសភា និង​របស់​រដ្ឋអាជ្ញា​កំពូល​នៃ​ទីក្រុង New York ដែល​ចង់​ឲ្យ​មាន​ការ​បង្ហាញ​ឯកសារ​ប្រកាស​ពន្ធ​ប្រាក់​ចំណូល និង​ឯកសារ​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​របស់​លោក Trump។

កន្លង​មក លោក Trump បាន​ស្វះស្វែង​រារាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​មិន​ឲ្យ​ប្រគល់​ឯកសារ​ទាំង​នោះ​ដល់​អ្នក​ស៊ើប​អង្កេត ប៉ុន្តែ​តុលាការ​សហព័ន្ធ​នៅ​ក្នុង​ទីក្រុង New York និង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​សម្រេច​ប្រឆាំង​នឹង​លោក​កាល​ពី​ឆ្នាំ​មុន ដែល​ករណី​នេះ​ជំរុញ​ឲ្យ​មេធាវី​របស់​លោក Trump ប្ដឹង​បន្ត​ទៅ​តុលាការ​កំពូល។

គណៈកម្មាធិការ ៣ របស់​រដ្ឋសភា កំពុង​ស៊ើប​អង្កេត​លើ​លោក Trump និង​លើ​អាជីវកម្ម​របស់​លោក អស់​រយៈពេល​មួយ​ឆ្នាំ​មក​ហើយ។ គណៈកម្មាធិការ​ទាំង​នេះ​អះអាង​ថា ពួកគេ​ត្រូវការ​ព័ត៌មាន​ទាំង​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​របស់​ពួកគេ។

រី​ឯ​រដ្ឋអាជ្ញា​ប្រចាំ​សង្កាត់ Manhattan ក្នុង​ទីក្រុង New York លោក Cyrus Vance Jr. វិញ ចង់​បាន​ព័ត៌មាន​ទាំង​នេះ​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេត​របស់​ក្រុមប្រឹក្សា​តុលាការ​លើ​ការ​ចំណាយ​ប្រាក់​បំបិទ​មាត់ ដែល​អតីត​មនុស្ស​របស់​លោក Trump បង់​ឲ្យ​ស្ត្រី​ពីរ​នាក់​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០១៦៕

XS
SM
MD
LG