ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈ​មាន​ការ​ថមថយ​ក្នុង​ប្រទេស លោក ត្រាំ អាច​ព្យាយាម​ពង្រឹង​ឥទ្ធិពល​លើ​ឆាក​អន្តរជាតិ


ប្រធានាធិបតី​ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​០៧ វិច្ឆិកា ២០១៨។
ប្រធានាធិបតី​ ត្រាំ ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្នុង​សេតវិមាន​រដ្ឋ​ធានី​វ៉ាស៊ីនតោនកាលពី​ថ្ងៃទី​០៧ វិច្ឆិកា ២០១៨។

មេដឹកនាំ​ពិភពលោក​នានា​កំពុងតែ​ប្រតិកម្ម​ទៅ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី​អាមេរិក ខណៈ​ដែល​ដៃគូ​និង​គូប្រជែង​របស់​អាមេរិក​ព្យាយាម​ស្វែង​យល់​ថា​តើ​អាទិភាព​ថ្មី​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​រដ្ឋសភា​អាមេរិក​អាច​មាន​ន័យ​យ៉ាង​ណា​សម្រាប់​អនាគត​របៀបវារៈ​គោលនយោបាយ​ការបរទេស​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

ខណៈ​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​បង្ហាញ​កាន់​តែ​ច្បាស់​ថា ​គណបក្ស​ប្រជាធិបតេយ្យ​ទទួល​បាន​ជ័យជម្នះ​គ្រប់គ្រង​រដ្ឋសភា​អាមេរិក​កាល​ពី​យប់​ថ្ងៃ​អង្គារ​នោះ ការ​អបអរ​សាទរ​របស់​គណបក្ស​ប្រជាធិបតេយ្យ​បាន​ចាប់​ផ្តើម​ឡើង ខណៈ​ដែល​លោកស្រី Nancy Pelosi មេដឹកនាំ​សំឡេង​ភាគតិច ប្រកាស​ថា «នេះ​ជា​ថ្ងៃ​ថ្មី​មួយ​នៅ​ក្នុង​សហរដ្ឋអាមេរិក»។ តើ​វា​គឺ​ជា​ថ្ងៃ​ថ្មី​សម្រាប់​គោលនយោបាយ​ការបរទេស​អាមេរិក​ឬ​យ៉ាង​ណា? លោក​សាស្ត្រាចារ្យ Peter Trubowitz នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាមេរិក​នៃ​សាលា​សេដ្ឋកិច្ច​និង​វិទ្យាសាស្ត្រ​នយោបាយ​ក្នុង​ទីក្រុង ឡុងដ៏ បាន​ថ្លែង​ថា «មិន​ដូច្នេះទេ‍»។ លោក​បាន​មាន​ប្រសាសន៍​ថា៖​

«អំណាច​សំខាន់​ដែល​លោក ដូណាល់ ​ត្រាំ មាន​ក្នុង​ពេល​ឥឡូវ​នេះ​គឺ​ស្ថិត​នៅ​លើ​គោលនយោបាយ​ការបរទេស ដែល​លោក​មាន​ឆន្ទានុសិទ្ធិ​និង​យុទ្ធសាស្ត្រ​ច្រើន​ជាង​គោលនយោបាយ​ក្នុង​ស្រុក។ ដូច្នេះ​ខ្ញុំ​ទន្ទឹង​រង់ចាំ​មើល​លោក ត្រាំ រឹតបន្តឹង​កាន់​តែ​ខ្លាំង​ទៅ​លើ​ពាណិជ្ជកម្ម​ជាមួយ​ចិន អ៊ីរ៉ង់ និង​បញ្ហា​ព្រំប្រទល់​ជាមួយ​នឹង​ម៉ិកស៊ិក»។

លោក Trubowitz ថ្លែង​ថា សមាជិក​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រហែល​ជា​នឹង​ផ្តល់​ការ​គាំទ្រ​ដល់​ជំហរ​របស់​លោក ត្រាំ ចំពោះ​ប្រទេស​ចិន។ រដ្ឋាភិបាល​ក្រុង វ៉ាស៊ីនតោន​ បាន​កំណត់​យក​ពន្ធគយ​ចំនួន​២៥០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន ដោយ​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង ប៉េកាំង​ ថា ធ្វើ​ពាណិជ្ជកម្ម​មិន​យុត្តិធម៌។ ក្រុម​មន្ត្រី​ចិន​មិន​បាន​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ។ អឺរ៉ុប​ក៏​ភ័យ​ខ្លាច​ថា អាមេរិក​យក​ពន្ធ​គយ​លើ​ទំនិញ​នាំ​ចេញ​សំខាន់ៗ​របស់​ខ្លួន​ដូចជា​រថយន្ត ផង​ដែរ។ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់ លោក Heiko Maas ថ្លែង​កាល​ពី​ថ្ងៃ ​ពុធ​ ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​មិន​ទំនង​ជា​ជួយ​សម្រួល​ដល់​ភាព​តានតឹង​នេះ​ឡើយ។ លោក Maas បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​ថា៖

«យើង​ត្រូវ​តែ​ស្វែងរក​ចម្លើយ​ពី​អាមេរិក​ចំពោះ​ពាក្យស្លោក​ដែល​ថា «គិត​ពី​ផលប្រយោជន៍​អាមេរិក​មុន» ដែល​ចំពោះ​ខ្ញុំ គឺ​ត្រឹម​តែ​ធ្វើ​ឲ្យ​អឺរ៉ុប​រួបរួម​គ្នា​ប៉ុណ្ណោះ»។ ​
មេដឹកនាំ​អឺរ៉ុប​ដទៃទៀត​បាន​កោតសរសើរ​អំពី​តួលេខ​ស្ត្រី​ដែល​ត្រូវ​បាន​បោះឆ្នោតជ្រើសរើស​ឲ្យ​ចូល​កាន់​តំណែង​នៅ​សភា។ អ្នក​នាំ​ពាក្យ​ម្នាក់​របស់​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ថ្លែង​ថា ទំនាក់ទំនង​ជាមួយ​នឹង​អាមេរិក​នឹង​មិន​ផ្លាស់ប្ដូរ​នោះ​ទេ ខណៈ​ដែល​ទំនាក់ទំនង​នេះ​មាន​ភាព​លំបាក​ធ្ងន់ធ្ងរ​រួច​ទៅ​ហើយ។ ​

នៅ​មជ្ឈិមបូព៌ា ប្រទេស​អ៊ីស្រាអែល​បាន​ជំរុញ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថា កុំ​ឲ្យ​ការ​ចាញ់​ឆ្នោត​នេះ​ប៉ះពាល់​ដល់​ផែនការ​សន្តិភាព​សម្រាប់​តំបន់​នេះ​ឲ្យ​សោះ។ ក្នុង​នោះ​គេ​ឃើញ​ថា សហរដ្ឋអាមេរិក​បាន​ប្តូរ​ទីតាំង​ស្ថានទូត​របស់​ខ្លួន​ដ៏​ចម្រូងចម្រាស​ពី​ទីក្រុង Tel Aviv ទៅ​កាន់​ទីក្រុង Jerusalem។ ​

ពួក​ប៉ាឡេស្ទីន​ក៏​បាន​ទាមទារ​យក​ទីក្រុង Jerusalem ជា​រដ្ឋធានី​នៃ​រដ្ឋ​នេះ​នា​ពេល​អនាគត​ផង​ដែរ។ លោក Nabil Shaathដែល​ជា​ទីប្រឹក្សា​ប្រធានាធិបតី​ប៉ាឡេស្ទីនលោក Mahmoud Abbas បាន​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចំណាត់ការ​នេះ​នៅ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន។ លោក Shaath បាន​ថ្លែង​ថា៖

«សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋអាមេរិក​កំពុង​តែ​ខិត​កាន់​តែ​ជិត​ទៅ​កាន់​ជំហរ​មួយ​ដែល​ប្រហែល​ជា​អាច​ដឹកនាំ​ដំណើរការ​សន្តិភាព​បាន​»។

មេដឹកនាំ​ពិភពលោក​កំពុង​តែ​ចង់​ដឹង​ថា តើ​អ្វី​នឹង​កើតឡើង​បន្ទាប់​ទៀត​នៅ​ក្នុង​សហរដ្ឋអាមេរិក។ នេះ​បើយោង​តាម​អ្នក​វិភាគ លោក Trubowitz។ លោក Trubowitz បាន​មាន​ប្រសាសន៍​ថា៖ ​

«ថា​តើ​នឹង​ត្រូវ​រង់ចាំ​ដល់​លោក ដូណាល់ ត្រាំ​ ចប់​អាណត្តិ​របស់​លោក​រយៈពេល​ពីរ​ឆ្នាំ​ទៀត​ ឬយ៉ាង​ណា? នោះ​គេ​នឹង​អាច​ឃើញ​មាន​ការ​គណនា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ចំនួន​ទៅ​លើ​រដ្ឋាភិបាល​ក្រុង តេហេរ៉ង់ រដ្ឋាភិបាល​ក្រុង ប៉េកាំង ហើយ​ប្រហែល​ជា​នៅ​ក្នុង​រដ្ឋធានី​មួយ​ចំនួន​នៅ​អឺរ៉ុប​ផង​ដែរ‍»។

យុទ្ធសាស្ត្រ​នយោបាយ​នេះនឹង​ពិបាក​គណនា ដោយសារ​តែ​នយោបាយ​អាមេរិក ត្រូវ​បាន​គេ​មើល​ឃើញ​ថា កាន់​តែ​ប្រែប្រួល​យ៉ាង​ឆាប់​រហ័ស៕ ​

ប្រែសម្រួល​ដោយ​អ្នក​នាង ហុង ចិន្តា

XS
SM
MD
LG