ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

ស្ត្រី​ម៉ូស្លីម​អាមេរិកាំង​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ជាប់​ឆ្នោត​ជា​សមាជិក​រដ្ឋសភា


អ្នកស្រី Rashida Tlaib និងអ្នកស្រី Ilhan Omar បេក្ខនារី ២ រូប​​ខាងគណបក្សប្រជាធិបតេយ្យ។

ក្នុង​ចំណោម​បេក្ខជន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ ដែល​បាន​ឈ្នះ​ការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ហើយ​ក្លាយ​ជា​សមាជិក​រដ្ឋសភា​អាមេរិក រួមមាន​បេក្ខជន​ពីរនាក់ ដែល​នឹង​បង្កើត​ប្រវត្តិសាស្ត្រ​នៅ​ខែ​មករា។

សម្រាប់​អ្នក​បោះឆ្នោត​នៅ​ទីក្រុង Detroit ដូចជា​លោក David White ការ​បោះឆ្នោត​ឲ្យ​អ្នកស្រី Rashida Tlaib ដែល​ជា​អតីត​អ្នក​តាក់តែង​ច្បាប់​ថ្នាក់​រដ្ឋ Michigan ឲ្យ​ក្លាយ​ជា​សមាជិក​រដ្ឋសភា មិនមែន​គ្រាន់​តែ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​នោះ​ទេ តែ​ដើម្បី​បង្កើត​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ។

លោក David White បាន​ថ្លែង​ថា៖

«‍អ្នកស្រី Rashida Tlaib តំណាង​ឲ្យ​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​អស់ ដែល​នឹង​លុប​បំបាត់​ការ​វាយ​តម្លៃ​ទុក​ជា​មុន​នានា។ អ្នកស្រី​ មិន​ត្រឹម​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​សហគមន៍​ម៉ូស្លីម​ប៉ុណ្ណោះ​ទេ តែ​រួម​ទាំង​ការ​គាំទ្រ​ពី​បុគ្គល​ជាច្រើន ហើយ​វា​គ្រាន់​តែ​ចៃដន្យ​ថា គាត់​ជា​អ្នក​កាន់​សាសនា​ម៉ូស្លីម​តែ​ប៉ុណ្ណោះ។ ហើយ​អត្ត​សញ្ញាណ​របស់​គាត់​នេះ មិន​គួរ​រឹតត្បិត​សមត្ថភាព​គាត់​ នៅ​ចំពោះ​មុខ​ពលរដ្ឋ​ទេ»។

កត្តា​អត្តសញ្ញាណ​នេះ ក៏​មិន​បាន​រឹតត្បិត​លើ​ឱកាស​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​បោះឆ្នោត​ចម្រុះ​ពូជសាសន៍​នៅ​តំបន់ Minneaplis ដល់​អ្នកស្រី Ilhan Omar ដែល​ជា​អតីត​ជនភៀស​ខ្លួន​ស៊ូមាលី និង​បេក្ខជន​សមាជិក​រដ្ឋសភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ឲ្យ​ឈ្នះ​ដៃ​គូ​ប្រជែង​របស់​អ្នកស្រី មក​ពី​គណបក្ស​សាធារណរដ្ឋ​ដែរ។

អ្នកស្រី Ilhan Omar បាន​ថ្លែង​ថា៖

«‍នៅ​យប់​នេះ មិន​ថា​នៅ​ក្នុង​តំបន់​ខ្ញុំ​ទេ គឺ​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​តែ​ម្តង យើង​ឃើញ​ថា ពលរដ្ឋ​ជ្រើស​យក​ក្តី​សង្ឃឹម ជាជាង​ភាព​ភ័យ​ខ្លាច និង​ការ​រួបរួម​គ្នា ជាជាង​ការ​បែកបាក់​គ្នា»។

អ្នកស្រី Ilhan Omar បេក្ខនារី​ខាងគណបក្ស​ប្រជាធិបតេយ្យ បង្ហាញ​ប្រតិកម្ម​បន្ទាប់ពី​ពិធី​ជប់លៀង​នៅ​រាត្រី​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី នៅក្នុង​ទីក្រុង Minneapolis រដ្ឋMinnesota នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកស្រី Ilhan Omar បេក្ខនារី​ខាងគណបក្ស​ប្រជាធិបតេយ្យ បង្ហាញ​ប្រតិកម្ម​បន្ទាប់ពី​ពិធី​ជប់លៀង​នៅ​រាត្រី​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី នៅក្នុង​ទីក្រុង Minneapolis រដ្ឋMinnesota នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

ទោះ​បី​ជា​ស្ត្រីម៉ូស្លីម​អាមេរិកាំង​ទាំង​ពីរ​នាក់​នេះ បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​តំបន់​ដែល​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ខ្លាំង​ក្តី ក៏​ជ័យ​ជម្នះ​របស់​អ្នក​ទាំង​ពីរ ត្រូវបាន​អ្នក​បោះឆ្នោត​នៅ​ទីក្រុង Detroit ដូចជា​កញ្ញា Allyson Brooks យល់ថា គួរ​តែ​កើត​ឡើង​ជា​យូរ​មក​ហើយ។ ​

កញ្ញា Allyson Brooks បាន​និយាយ​ថា៖

«‍វា​មិន​គួរ​ឲ្យ​ជឿ​សោះ​ថា ​ដល់​ឆ្នាំ២០១៨ ទើប​យើង​អាច​ឃើញ​ជ័យ​ជម្នះ​បែប​នេះ ហើយ​ជ័យ​ជម្នះ​នេះ​អាច​ក្លាយ​ជា​ជ័យ​ជម្នះ​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ។ យើង​ត្រូវការបេក្ខជន​ម៉ូស្លីម​ច្រើន​ទៀត​នៅ​រដ្ឋសភា និង​ព្រឹទ្ធសភា»។

អ្នកស្រី Rashida Tlaib ដែល​បាន​ឈ្នះការ​បោះឆ្នោត​ពាក់​កណ្តាល​អាណត្តិ ហើយក្លាយ​ជា​សមាជិក​រដ្ឋ​សភា​អាមេរិក​ពី​រដ្ឋ Michigan បាន​ថ្លែង​ថា៖

«‍ការណ៍​ដែល​ខ្ញុំ​ជា​ជនជាតិ​អារ៉ាប់ និង​អ្នក​កាន់​សាសនា​ម៉ូស្លីម នឹង​នៅតែ​ជា​អត្តសញ្ញាណ​របស់​ខ្ញុំ តែ​ដូច​ព្រះគ្រូ Muhammed ដែល​ស្រឡាញ់​សន្តិភាព លោក​ផ្តោត​សំខាន់​លើ​យុត្តិធម៌ ហើយ​យុត្តិធម៌​នេះ​ហើយ នឹង​ស្ថិត​នៅ​ក្នុង​ការ​គិត​របស់​ខ្ញុំ»។

អ្នកស្រី Tlaib ដែល​បាន​ក្លាយ​ជា​សមាជិក​រដ្ឋសភាអាមេរិក​ដែល​មាន​កំណើត​ប៉ាឡេស្ទីន​ដំបូង​គេ សន្យា​ថា កត្តិនាម​របស់​អ្នក​ស្រី​ដែល​ជា​អ្នក​រិះគន់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ និង​គោលនយោបាយ​នៃ​រដ្ឋបាល​របស់​លោក នឹង​មិន​ផ្លាស់ប្តូរ​ឡើយ នៅពេល​ដែល​អ្នក​ស្រី​ចូល​បំពេញ​តួនាទី​អ្នកស្រី​ជា​សមាជិក​រដ្ឋសភា​នៅ​ពេល​ខាង​មុខ​នេះ។

អ្នកស្រី Rashida Tlaib បេក្ខនារី​ខាងគណបក្ស​ប្រជាធិបតេយ្យ អបអរ​ជ័យជម្នះ​របស់​អ្នកស្រី​ជាមួយ​ម្តាយ​របស់​អ្នកស្រី នៅក្នុង​ពិធី​ជប់លៀង​នៅ​រាត្រី​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី នៅក្នុង​ទីក្រុង Detroit រដ្ឋ Michigan នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨។
អ្នកស្រី Rashida Tlaib បេក្ខនារី​ខាងគណបក្ស​ប្រជាធិបតេយ្យ អបអរ​ជ័យជម្នះ​របស់​អ្នកស្រី​ជាមួយ​ម្តាយ​របស់​អ្នកស្រី នៅក្នុង​ពិធី​ជប់លៀង​នៅ​រាត្រី​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ប្រធានាធិបតី នៅក្នុង​ទីក្រុង Detroit រដ្ឋ Michigan នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

អ្នកស្រី Tlaib បាន​ថ្លែង​ថា៖ «‍​រឿង​នេះ​នឹង​មិន​កើត​ឡើង​ដាច់​ខាត។ ខ្ញុំ​មិនមែន​ជា​មនុស្ស​បែប​នេះ​ទេ។ ខ្ញុំ​យល់​ពី​ការណ៍​ដែល​ថា មនុស្ស​ជា​ច្រើន​បាន​ប្រាប់​ខ្ញុំ​ជា​ច្រើន​លើក​ថា ពួក​គេចង់​បាន​ការ​ផ្លាស់ប្តូរ​ថ្មី ដូច្នេះ​ហើយ​បាន​ជា​ពួកគេ​បោះឆ្នោត​ឲ្យ​ខ្ញុំ។ ពួកគេ​ត្រូវការ​បុគ្គល​ដែល​ចូល​ទៅ​ដល់​រដ្ឋសភា ហើយ​តស៊ូ​មតិ​ដើម្បី​ការ​ផ្លាស់ប្តូរ»។

ហើយ​អ្នក​បោះឆ្នោត ដូច​លោក David White ជឿជាក់​ថា អ្នកស្រី Tlaib អាច​ធ្វើ​កិច្ចការ​នេះ​បាន។

លោក David White បាន​និយាយ​ថា៖ «‍បុគ្គលិក​លក្ខណៈ​របស់​អ្នកស្រី Rashida គឺ​ថា គាត់​អាច​ឈរ​ចំ​កណ្តាល​ហ្វូង​មនុស្ស ធ្វើ​សេចក្តី​ថ្លែង​ការណ៍​រិះគន់​លោក [ដូណាល់ ត្រាំ] ម៉ាត់ៗ​តែ​ម្តង ហើយ​យើង​ក៏​ត្រូវការ​បុគ្គលិក​លក្ខណៈ​បែប​ជំនះ​នេះ​ខ្លះៗ​ដែរ ទោះបី​ជា​ខ្ញុំ​មិន​សូវ​ចូលចិត្ត​បុគ្គលិក​លក្ខណៈ​បែប​នេះ​ក្តី»។

បុគ្គលិក​លក្ខណៈ​បែប​ណា​នោះ នឹង​ត្រូវ​សាកល្បង​ជា​លើក​ដំបូង​នៅ​ខែ​មករា នៅ​ពេល​ដែល​អ្នកស្រី Rashida Tlaib និង​អ្នកស្រី Ilhan Omar ស្បថ​ចូល​កាន់​តំណែង​លើក​ដំបូង​ជា​សមាជិក​រដ្ឋ​សភា នៅ​រដ្ឋសភា​អាមេរិក​ដែល​គណបក្ស​ប្រជាធិបតេយ្យ​របស់​អ្នក​ទាំងពីរ​គ្រប់គ្រង​សម្រាប់​អាណត្តិ​ថ្មី​នេះ៕

​ប្រែ​សម្រួល​ដោយអ្នកនាង ទែន សុខស្រីនិត

XS
SM
MD
LG