ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រត់​ចេញ​ពី​កូរ៉េ​ខាងជើង​ម្នាក់​ថា ​ លោក ​ត្រាំ ​ព្រមាន​ទៅ​លោក ​គីម ក្នុង​សុន្ទរកថា​ស្តីពី​ស្ថានភាព​ប្រទេស​ជាតិ


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់​ ត្រាំ ថ្លែង​នៅ​ជិត​លោក Ji ដែល​ជានិស្សិត​ផ្នែក​ច្បាប់នៅ​សាកល​វិទ្យាល័យ ​Dongguk ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០២ កុម្ភៈ ២០១៨។
ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូណាល់​ ត្រាំ ថ្លែង​នៅ​ជិត​លោក Ji ដែល​ជានិស្សិត​ផ្នែក​ច្បាប់នៅ​សាកល​វិទ្យាល័យ ​Dongguk ​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​០២ កុម្ភៈ ២០១៨។

ជនជាតិ​កូរ៉េខាងជើង​ម្នាក់​ដែល​ពិការ​ដៃ​ជើង​និង​បាន​រត់​ចេញ​ពី​ប្រទេស​កូរ៉េ​ខាងជើង​ដោយ​​ឈើ​ច្រត់​និយាយ​ថា ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ​ បាន​ផ្ញើ​​ការ​ព្រមាន​មួយ​នា​ពេល​ថ្មីៗ​នេះ ​នៅ​ពេល​ដែល​លោក​និយាយ​ដល់​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​​កូរ៉េ​ខាងជើង។

ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​ប្រទេស​ជាតិ​ប្រចាំ​ឆ្នាំ​កាលពី​ថ្ងៃ​ទី​៣០ ខែ​មករា​ កន្លង​ទៅ​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ​បាន​ថ្លែង​ថា៖ «គ្មាន​របប​ណា​ដែល​គាបសង្កត់​ពលរដ្ឋ​របស់​ខ្លួន​ទាំង​ស្រុង​និង​ឃោរឃៅ​ជាង​របប​ផ្តាច់​ការ​ដ៏​គ្មាន​មេត្តា​ដូច​របប​កូរ៉េ​ខាង​ជើង​ទេ។ ​យើង​គ្រាន់តែ​មើល​បែប​ផែន​ខិល​ខូច​នៃ​របប​កូរ៉េ​ខាងជើង​ យើង​នឹង​អាច​ស្វែង​យល់​ពី​សភាព​នៃ​ការ​គំរាម​កំហែងអាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ​ចំពោះ​អាមេរិក​និង​សម្ព័ន្ធ​មិត្ត​របស់​យើង។

សុន្ទរកថា​របស់​លោក​ ត្រាំ​ បាន​ទទួល​ស្គាល់​ពី​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ ដោយ​លើក​យក​ករណី​លោក​ Ji Seong-ho ជា​ឧទាហរណ៍​។លោក Ji និយាយ​ថា «នឹង​មាន​ន័យ​ណាស់​ចំពោះ​ប្រជាពលរដ្ឋ​កូរ៉េ​ខាងជើង។ ការណ៍​នេះ​អាច​នឹង​ក្លាយជា​ការ​គំរាម​កំហែង​ធំ​មួយ​ចំពោះ​របប​កូរ៉េ​ខាងជើង»។​

លោក​ Ji បាន​លើក​ឈើ​ច្រត់​ទាំង​គូ​របស់​លោក​គ្រវី​ឡើង​ នៅ​ពេល​ដែល​លោក​ត្រាំ​ បាន​ថ្លែង​អំពី​លោក ​និង​និយាយ​ថា​ លោក​មាន «ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​» និង «មាន​កិត្តិយស​ណាស់​» ដែល​ត្រូវ​បាន​លោក​ ត្រាំ​ និយាយ​អំពី​លោក​នៅ​ក្នុង​សុន្ទរកថា​ស្តី​ពី​ស្ថានភាព​ប្រទេស​ជាតិ​ប្រចាំ​ឆ្នាំ​លើក​ដំបូង​របស់​លោក​ និង​ត្រូវ​បានក្រុម​តំណាងរាស្រ្ត​អាមេរិក​ទះដៃ​សាទរ។

លោក​ Ji បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា​កូរ៉េ​ថា៖ «ខ្ញុំ​រំភើប​រហូត​ស្រក់​ទឹក​ភ្នែក។ ខ្ញុំ​មិន​ដែល​មាន​អារម្មណ៍​ថា​ទទួល​បាន​កិត្តិ​យស​បែប​នេះ​ទេ​ក្នុង​ជីវិត​របស់​ខ្ញុំ»។ ​

លោក ត្រាំ បាន​យក​រឿង​រ៉ាវ​របស់​លោក ជី ដើម្បី​ពណ៌នា​អំពី «សភាព​ខូចខិល» របស់​កូរ៉េ​ខាង​ជើង​នៅ​ពេល​ដែល​លោក​បាន​និយាយ​ថា មេដឹកនាំ​ទោល​ គីម ជុង​អ៊ុន បន្ត«ចចេស» ផលិត​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​មីស៊ីល​ ដែល​«នៅ​ពេល​ឆាប់ៗនេះ​អាច​នឹង​គំរាម​ដល់​សហរដ្ឋ​អាមេរិក»។ ជាជាង​ថ្កោល​ទោស​កូរ៉េខាងជើង​ ដូច​ដែល​លោក​បាន​ថ្លែង​និង​សរសេរ​លើ​បណ្តាញTwitter កាលពី​ពេលមុនៗ​ លោក​ ត្រាំ បាន​លើកឡើង​អំពី​ការ​រត់​គេច​ខ្លួន​ពី​ភាព​អស់​សង្ឃឹម​និង​ភាព​អត់​ឃ្លាន​របស់​លោក​ Ji។​

ដូច​ពលរដ្ឋ​កូរ៉េ​ខាងជើង​ផ្សេង​ទៀត​ដែរ​ លោក​ Ji រងគ្រោះ​ដោយសារ​គ្រោះ​ទុរភិក្ស​ក្នុង​ប្រទេស​កូរ៉េខាងជើង​ចន្លោះ​ឆ្នាំ​១៩៩៥​និង​ឆ្នាំ​១៩៩៨។ ដោយសារ​តែ​គ្រោះ​ធម្មជាតិ​ជាច្រើននិង​ការ​ដួល​រលំ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ខ្លួន ​បន្ទាប់​ពី​ការ​ដួល​រលំ​សហភាព​សូវៀត​ដែល​បាន​បាត់បង់​ការ​គាំទ្រ​សំខាន់​ៗ ហើយ​ប្រជាជន​ជាង​៣​លាននាក់​បាន​ស្លាប់ ​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ជាច្រើន​មិន​មាន​លទ្ធភាពអាច​ផ្គត់ផ្គង់​ជីវភាព​បាន។​

កាលពី​ឆ្នាំ​១៩៩៦ នៅ​ពេល​លោក Ji នៅ​ជា​យុវជន ​រាងកាយ​របស់​លោក​ហើម​បន្ទាប់ពី​លោក​ហូប​ស្មៅ​និង​ដី។ ​លោក Ji បាន​ប្រាប់ VOA កាល​ពី​ឆ្នាំ​២០១៧ ថា «បំណង​ប្រាថ្នា​របស់​ខ្ញុំ​គឺ​ចង់​បរិភោគ​គ្រាប់​ពោត​ពីរ​ឬ​បី​គ្រាប់​ប៉ុណ្ណោះ មិន​ប្រាថ្នា​ដល់​បាយ​ស​មួយ​ចាន​ទេ។ ហើយ​បំណង​ប្រាថ្នា​ធំ​បំផុត​របស់​ខ្ញុំ​នៅ​ពេល​ដែល​ខ្ញុំ​ចាកចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​គឺ​ចម្អិន​សត្វ​មាន់​ទាំង​មូល​មួយ​ក្បាល ​ហើយ​បរិភោគ​ឲ្យ​អស់​គ្មាន​សល់»។

លោក Ji និយាយ​ថា មាន​ពេល​មួយ​នោះ «​ខ្ញុំ​កំពុង​ជួយ​ឪពុកម្តាយ​របស់​ខ្ញុំ​ផ្គត់ផ្គង់​ជីវភាព​ ដោយ​លួច​ធ្យូង​ពី​រថភ្លើង​ដើម្បី​យក​ទៅ​លក់​នៅ​ផ្សារ ខ្ញុំ​ស្រាប់​តែ​វិល​មុខ​ ហើយ​ធ្លាក់​ពី​លើ​រថភ្លើងដែល​កំពុង​តែ​ចរាចរណ៍​ទៅ​មុខ ហើយ​រថភ្លើង​នោះ​ក៏​កិន​ខ្ញុំ»។ ពេលនោះ​ហើយដែល​ដៃ​ឆ្វេង​និង​ជើង​ឆ្វេង​របស់​លោក​ត្រូវ​បាន​កាត់​ចោល​ដោយ​មិន​ប្រើ​ថ្នាំ​ស្ពឹក​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង។

លោក Ji បាន​ឆ្លង​ចូល​ប្រទេស​ចិន​ដោយ​ប្រើ​ឈើ​ច្រត់ ដើម្បី​រក​ចំណី​អាហារ​។ ប៉ុន្តែ​នៅ​ពេល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ លោក​ត្រូវ​បាន​ឆ្មាំ​កូរ៉េខាងជើង​ចាប់​ខ្លួន។ លោក​បាន​ប្រាប់ VOA កាល​ពី​ឆ្នាំមុន​ថា៖ «ពួកគេ​ប្រាប់​ខ្ញុំ​ថា ដោយ​សារ​ខ្ញុំ​ពិការ​ ខ្ញុំ​បាន​នាំ​ភាព​អាម៉ាស់​ចូលប្រទេស​កូរ៉េ​ខាងជើង​ ហើយ​មនុស្ស​ដែល​មាន​ជើង​តែ​ម្ខាង​គួរ​តែ​ស្នាក់​នៅ​ក្នុង​ផ្ទះ។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​អស់​ជំនឿ​លើ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង»។

លោក Ji បាន​រត់​ចេញ​ពី​ប្រទេស​កូរ៉េ​ខាងជើង​កាល​ពី​ឆ្នាំ​២០០៦ ដោយ​ឆ្លង​តាម​ទន្លេ Tumen ទៅកាន់​ប្រទេស​ចិន​ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ​និង​មីយ៉ាន់ម៉ា មុន​នឹង​ចូល​ទៅកាន់​ប្រទេស​ថៃ។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ពី​ប្រទេស​ថៃ​ទៅ​កាន់​កូរ៉េ​ខាងត្បូង​ ទី​ដែល​លោក​ទទួល​បាន​ដៃ​និង​ជើង​សិប្បនិម្មិត។

លោក​ Ji នៅតែ​ថែរក្សា​ឈើ​ច្រត់​ចាស់​របស់​លោក ដែល​លោក​បាន​លើក​គ្រវី​នៅ​ចំពោះ​មុខ​តំណាងរាស្រ្ត​។ លោក​ជី​បាន​និយាយ​ថា៖ «ឈើច្រត់​មួយ​គូ​នេះ​តំណាងឲ្យ​ការ​រក​ឃើញ​សេរីភាព​របស់​ខ្ញុំ​ និង​បង្ហាញ​ថា​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ជីវិត​ថ្មី​មួយ។ ​វា​គឺ​ជា​សារ​ដែល​ខ្ញុំ​ចង់​ផ្ញើ​ទៅកាន់​ គីម​ ជុង​អ៊ុន និង​របប​របស់​ គីម ជុង​អ៊ុន»។

បច្ចុប្បន្ន លោក​ Ji​ ជា​អ្នក​គ្រប់គ្រង​អង្គការ​សកម្មភាព​និង​ការ​បង្រួបបង្រួម​សម្រាប់​សិទ្ធិមនុស្ស ​(NAUH) ក្នុង​ទីក្រុង សេអ៊ូល ដែល​ជា​អង្គការ​មួយ​ជួយ​ប្រជាជន​ដែល​ចាកចេញ​ពី​កូរ៉េ​ខាងជើង​ដោយ​ធ្វើ​ការ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ចូល​មក​ប្រទេស​កូរ៉េ​ខាងត្បូង​និង​រៀបចំ​ឲ្យ​មាន​ការ​បង្រួបបង្រួម។

យោង​តាម​ក្រសួង​បង្រួប​បង្រួម​ជាតិ​កូរ៉េខាងត្បូង​ ប្រជាពលរដ្ឋ​កូរ៉េខាងជើងដែល​ចុះ​ចូល​មក​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន​៣១.៣៣៩ នាក់ បើគិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨​ដល់​ឆ្នាំ២០១៧៕

ប្រែ​សម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG