ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បើក​ឲ្យ​មាន​ការ​ពិភាក្សា​អំពី​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​តួកគី Mevlut Cavusoglu បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​មួយ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​តួកគី Mevlut Cavusoglu បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​អង់ការ៉ា ប្រទេស​តួកគី កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​នូវ​ឆន្ទៈ​ថ្មី​ក្នុង​ការ​ពិភាក្សា​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង ប៉ុន្តែ​វា​នៅតែ​ពិបាក​ក្នុង​ការ​ឃើញ​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ​ចំពោះ​វិបត្តិ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​ដដែល។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា លោក​មាន​គោល​បំណង​រក្សា​បណ្ដាញ​ទំនាក់ទំនង​ឲ្យ​នៅ​បើក​ចំហ​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង និង​កំពុង​រង់ចាំ​មើល​សញ្ញា​ណា​មួយ​ដែល​បញ្ជាក់​ថា រដ្ឋាភិបាល​របស់​លោក Kim Jong Un ត្រៀម​ខ្លួន​រួចរាល់​សម្រាប់​ការ​ចរចា។

ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី Donald Trump ចំពោះ​ការ​គាំទ្រ​ឲ្យ​មាន​នូវ​ការ​ពិភាក្សា​បែប​ស៊ីជម្រៅ​ដោយ​គ្មាន​លក្ខខណ្ឌ​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដូច​នេះ និង​ការ​ងាក​ចេញ​ពី​ការ​ពិភាក្សា​អំពី​ការ​វាយ​ប្រហារ​ជា​មុន​ដោយ​ប្រើ​កម្លាំង​យោធា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង បាន​កើត​ឡើង​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​បន្ធូរបន្ថយ​ភាព​តានតឹង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នៅ​ឯ​កីឡា​អូឡាំពិក ដែល​បាន​ចរចា​ឡើង​ដោយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In។

ការ​យល់ព្រម​របស់​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ការ​ចូលរួម​នៅ​ក្នុង​កីឡា​អូឡាំពិក​រដូវ​រងា​នៅ​ក្នុង​ទីក្រុង PyeongChang ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​កើត​ឡើង​ស្រប​ពេល​ដែល​មាន​ការ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​កិច្ច​ប្រឹងប្រែង​ខ្លាំងក្លា​របស់​កូរ៉េ​ខាង​ជើង​កាល​ពី​ឆ្នាំ​មុន​ក្នុង​ការ​អភិវឌ្ឍ​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​ដែល​មាន​សមត្ថភាព​អាច​ហោះ​ដល់​សហរដ្ឋ​អាមេរិក​បាន។

សហរដ្ឋ​អាមេរិក​បាន​រួម​ចំណែក​នៅ​ក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នេះ​ដោយ​ការ​ពន្យារពេល​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​នឹង​កូរ៉េ​ខាង​ត្បូង​រហូត​ទាល់តែ​ការ​ប្រកួត​កីឡា​អូឡាំពិក​ត្រូវ​បាន​បញ្ចប់​រួចរាល់៕

XS
SM
MD
LG