មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកមួយចំនួនបញ្ជាក់ថា លោកអនុប្រធានាធិបតី Mike Pence មានគម្រោងជួបជាមួយនឹងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងកាលពីដើមខែនេះ ប៉ុន្តែកូរ៉េខាងជើងបានលុបចោលនូវជំនួបនោះនៅនាទីចុងក្រោយ។
ជំនួបនោះបានគ្រោងធ្វើឡើងនៅថ្ងៃទី ១០ ខែកុម្ភៈ កន្លងទៅនេះ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Mike Pence ក្នុងការចូលរួមនៅក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang ប្រទេសកូរ៉េខាងត្បូង។
លោក Mike Pence បានគ្រោងជួបពិភាក្សាជាមួយនឹងអ្នកស្រី Kim Yo Jong ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងលោក Kim Yong Nam ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាប្រទេសកូរ៉េខាងជើង។ អ្នកស្រី Kim Yo Jong និងលោក Kim Yong Nam គឺជាអ្នកដឹកនាំគណៈប្រតិភូរបស់ប្រទេសកូរ៉េខាងជើងមកចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិក។ បើយោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Washington Post ជំនួបនេះបានគ្រោងធ្វើឡើងនៅវិមានប្រធានាធិបតីកូរ៉េខាងត្បូងនៅក្នុងទីក្រុងសេអ៊ូល។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី Heather Nauert បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា៖ «លោកអនុប្រធានាធិបតី Mike Pence បានត្រៀមខ្លួនរួចរាល់ដើម្បីចាប់យកឱកាសនោះផ្ដោតលើភាពចាំបាច់នៃការលះបង់របស់កូរ៉េខាងជើងចំពោះកម្មវិធីគ្រាប់ផ្លោងមីស៊ីល និងនុយក្លេអ៊ែរខុសច្បាប់របស់ខ្លួន។ នៅនាទីចុងក្រោយ មន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងបានសម្រេចចិត្តលុបចោលជំនួបនេះ។ យើងសោកស្ដាយដែលពួកគេបានបរាជ័យក្នុងការក្ដាប់យកឱកាសនេះ»៕