ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​អាមេរិក​ជំរុញ​ឲ្យ​ចិន​ចាត់​វិធានការ​លើ​កូរ៉េខាងជើង បន្ទាប់​ពី​និស្សិត​អាមេរិក​បាន​ស្លាប់​


លោក​រដ្ឋមន្រ្តី​ការបទេស​អាមេរិក​ Rex Tillerson ជួប​ជាមួយ​និង​ទេសាភិបាល​ចិន​ Yang Jiechi និង Fang Fenghui នៅ​ក្នុង​កិច្ច​ពិភាក្សាការទូត​និង​សន្តិសុខ​នៅ​ក្រសួង​ការបរទេស​អាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃទី​២១ មិថុនា​ ២០១៧។

មន្ត្រី​ការទូត​កំពូល​របស់​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ បាន​ជួប​ជាមួយ​ដៃគូ​ចិន​របស់​ខ្លួន​សម្រាប់​កិច្ចប្រជុំ​ដែល​នឹង​ផ្តោត​យ៉ាង​ខ្លាំង​ទៅ​លើ​ប្រទេស​កូរ៉េ​ខាងជើង បន្ទាប់​ពី​និស្សិត​អាមេរិក​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​នៅ​កូរ៉េខាងជើង បាន​ស្លាប់​កាល​ពី​ដើម​សប្តាហ៍​នេះ។

លោក Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​និង​លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​របស់​អាមេរិក​បាន​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​ទីប្រឹក្សារដ្ឋ​របស់​ចិន​លោកYang Jiechi និង​លោក Fang Fenghui ឧត្តមសេនីយ៍​ចិន​ដែល​កូរ៉េខាងជើង​គោរព។ នេះ​បើយោង​តាម​លោកស្រី Susan Thornton មន្ត្រី​ការទូត​ជាន់ខ្ពស់​របស់​អាមេរិក​ទទួល​បន្ទុក​អាស៊ី​ខាង​កើត។

លោកស្រី​បាន​ថ្លែង​ថា «យើង​បន្ត​ជំរុញ​ឲ្យ​ចិន​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កូរ៉េខាងជើង ដោយ​រួម​ទាំង​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​នូវ​ទណ្ឌកម្ម​ទាំងអស់​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ‍​ផង​ដែរ»។ ​

ជាមួយ​នឹង​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង លោកស្រី Thornton បាន​និយាយ​ថា មន្ត្រី​ការទូត​ទាំងអស់​ក៏​នឹង​ពិភាក្សា​អំពី​ការ​សាងសង់​កោះ​សិប្បនិម្មិត​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ជាមួយ​នឹង​អាមេរិក​និង​ប្រទេស​ជិតខាង​របស់​ចិន សហប្រតិបត្តិការ​យោធា​រវាង​អាមេរិក​និង​ចិន និង​ការប្រយុទ្ធនឹង​ក្រុមរដ្ឋឥស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​ស៊ីរី​ផង​ដែរ៕

XS
SM
MD
LG