ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​នាយក​រដ្ឋមន្ត្រី​ខ្មែរ​គាំទ្រ​សិទ្ធិ​ស្មើគ្នា​រវាង​កូរ៉េ​ខាងជើង ​និង​មហា​អំណាច​ រឿង​អាវុធ​នុយក្លេអ៊ែរ


រូបឯកសារ៖ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពេល​ថ្លែង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​ VOA កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។
រូបឯកសារ៖ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ពេល​ថ្លែង​បទសម្ភាសន៍​ផ្តាច់មុខ​មួយ​ជាមួយ​ VOA កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៤។

ថ្មីៗនេះ​ ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​មាន​បន្ទូល​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា​បើ​ប្រទេស​ចិន​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​មិន​បាន​ ព្រះអង្គ​នឹង​និយាយ​ជាមួយ​កូរ៉េ​ខាងជើង​ ដើម្បី​ធ្វើ​យ៉ាងណា​មិន​ឲ្យ​មាន​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ។

ក្រោយ​ពី​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​អ្នកគាំទ្រ​ព្រះអង្គ នៅ​ក្នុង​ខេត្ត កំពង់ចាម​កាល​ពី​ថ្ងៃ​អាទិត្យ ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច និង​ជា​នាយក​រដ្ឋមន្ត្រី​ទី១ ចង់​ឃើញ កូរ៉េ​ខាងជើង​និង​ប្រទេស​មហា​អំណាច​នានា មាន​ភាព​ស្មើគ្នា​ចំពោះ​សិទ្ធិ​ដែល​ត្រូវ​មាន​ ឬ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

ព្រះអង្គ​មាន​បន្ទូល​ដូច្នេះ​ក្នុង​ពេល​អង្គការ​សហប្រជាជាតិ​ និង​មហាអំណាច​ ហើយ​សហរដ្ឋ​អាមេរិក បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ប្រឆាំង​ការ​បាញ់​សាកល្បង​អាវុធ​ប្រល័យលោក​របស់​ក្រុង​ព្យុងយ៉ាង​ក្ដី។

«ថ្វី​ត្បិត​តែ​គាត់​បាញ់ អា​រឿង​បាញ់​នេះ ខ្ញុំ​សូម​ជម្រាប​ថា​ហេតុអ្វី​បាន​ជា អាមេរិកាំង កូរ៉េ​ខាងត្បូង ហើយនិង​ជប៉ុន​មាន ហើយ​គាត់​កូរ៉េ​ខាង​ជើង អត់​មាន វា​មិន​ត្រូវ។ បើ​មាន មាន​ទាំងអស់​គ្នា បើ​អត់ ត្រូវ​អត់​ទាំង​អស់​គ្នា»។

ប្រទេស​កូរ៉េ​ខាងជើង​ បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ប្រល័យ​លោក​របស់​ខ្លួន​ជារឿយៗ ហើយ​គំរាម​ធ្វើ​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​អន្តរជាតិ ​ជាពិសេស​អង្គការ​សហ​ប្រជាជាតិ​ថ្កោលទោស​ចំពោះ​អាវុធ​ប្រល័យលោក​ដ៏​ខ្លាំងក្លា​នេះ។

ឆ្លើយតប​នឹង​សកម្មភាព​គឃ្លើន​របស់​កូរ៉េ​ខាង​ជើង​ភ្លាមៗ សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​កង​នាវា​ចម្បាំង​របស់​ខ្លួន​ ចូល​មក​ក្នុង​ដែន​ទឹក​ឧបទ្វីប​កូរ៉េ។

ថ្មីៗនេះ​ ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ​មាន​បន្ទូល​ប្រាប់​អ្នកសារព័ត៌មាន​ក្នុងស្រុក​ថា​បើ​ប្រទេស​ចិន​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​មិន​បាន​ ព្រះអង្គ​នឹង​និយាយ​ជាមួយ​កូរ៉េ​ខាងជើង​ ដើម្បី​ធ្វើ​យ៉ាងណា​មិន​ឲ្យ​មាន​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ ។

ក្នុង​ពេល​កូរ៉េ​ខាងជើង​បង្កើន​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ​ហើយ​ប្រទេស​ចិន​ជា​មហាអំណាច​ពិភពលោក​មួយ មិនទាន់​អាច​ដោះស្រាយ​ចេញ​នោះ ព្រះអង្គ​ហាក់​ដូចជា​បង្ហាញ​ពី​សុទិដ្ឋិនិយម មិន​ច្បាស់លាស់​មួយ ទោះ​បី​ជា​ព្រះអង្គ​ បាន​បង្ហាញ​ព្រះទ័យ​ព្យាយាម​ពិភាក្សា​ជាមួយ មេដឹកនាំ​កូរ៉េខាងជើង​នៅ​ពេល​ព្រះអង្គ​យាង​ទៅ​បំពេញ​ទស្សនកិច្ច ក្នុង​ប្រទេស​កូរ៉េខាងជើង​នៅ​ខែ​កក្កដា​ខាង​មុខ​ក្តី។

«បញ្ហា​នេះ​ប្រសិន​បើ​ប្រទេស​ធំ​មួយ​គឺ​ ប្រទេស​ចិន​ដែល​ជា​មិត្ត​ជិតស្និទ្ធ​របស់​កូរ៉េ​ខាងជើង​ ដោះស្រាយ​បញ្ហា​នេះ​មិន​រួច​ទេ យើង​ជា​ខ្មែរ​ដូចជា​ពិបាក»។​

ព្រះអង្គ​បាន​ដាក់​គម្រោង​ការ​យាង​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នៅ​ខែ​កក្កដា​ខាង​មុខ ក្រោយ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​សង្កាត់​ថ្ងៃ​ទី​៤ ខែ​មិថុនា ដែល​ព្រះអង្គ​ កំពុង​មមាញឹក​ក្នុង​ការ​ចុះ​មូលដ្ឋាន​ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត។

ព្រះអង្គ​បាន​ជួប​ជាមួយ​ប្រេសិត​ពិសេស​របស់​កូរ៉េខាងជើង​គឺ​លោក ម៉ា ជុលស៊ូ (Mar Chol Su) ដែល​បាន​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ​កាល​ពី​ខែ​មុន ដើម្បី​រៀបចំ ដំណើរ​ទស្សនកិច្ច​ព្រះអង្គ​ក្នុង​នាម​គណបក្ស​រាជា​និយម​ហ៊្វុនស៊ីនប៉ិច។

គោលបំណង​នេះ ​ត្រូវ​គេ​រាយការណ៍​ថា ​គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គណបក្ស​ពលករ​កូរ៉េ​ខាងជើង​ និង​មួយ​ផ្នែក​ទៀត ព្រះអង្គ​ក៏មាន​ព្រះទ័យ​ចូលរួម​ជួយ​បញ្ចៀស​សង្គ្រាម​នុយក្លេអ៊ែរ​ក្នុង​តំបន់​ផង​ដែរ។

ទោះបីជា​មាន​ការ​បង្កើន​ការសាកល្បង​នុយក្លេអ៊ែរ និង​លទ្ធភាព​នៃ​សង្គ្រាម​ជាមួយ​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាងត្បូង ​មិន​ទាន់​ថមថយ​ក្តី ពលករ​ខ្មែរ​ជាច្រើន​ដែល​កំពុង​ធ្វើការ​នៅ​ជិត​ព្រំដែន​កូរ៉េខាងជើង​បាន​ថ្លែង​ប្រាប់ VOA​ថា ​ពួកគេ​ហាក់​ដូចជា​គ្មាន​ក្តី​បារម្ភ​ខ្លាំងក្លា​ពេក​ទេ ដោយសារ​តែ​ការ​គំរាម​បែប​នោះ​បាន​កើត​ឡើង​ជា​រឿយៗ ក្រៅ​ពី​បញ្ជាក់​ពី​ទំនុក​ចិត្ត​ដល់​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង។

លោក ហែម សំបូរ អាយុ​៤៧​ឆ្នាំ​ ដែល​កំពុង​ធ្វើ​ការ​ជា​ពលករ​ខ្មែរ​ផ្នែក​គ្រឿង​អេឡិចត្រូនិក​នៅ​ចម្ងាយ​៥០​គីឡូម៉ែត្រ​ពី​ព្រំដែន​កូរ៉េ​ខាងជើង​ បាន​ថ្លែង​ថា​ លោក​មិន​សូវ​បារម្ភ​ទេ ដោយសារ​លោក​សម្ដែង​ការ​ទុកចិត្ត​លើ​ប្រព័ន្ធ​ការពារ​របស់​កូរ៉េ​ខាងត្បូង​និង​សហរដ្ឋ​អាមេរិក។

«នៅ​កូរ៉េ​នេះ​ខ្ញុំ​គិត​ថា ​ជម្លោះ​គ្នា​ប្រទេស​នឹង​ប្រទេស​ដូចជា​មិន​សូវ​បារម្ភ​ដូច​នៅ​ស្រុក​ខ្មែរ​ពីព្រោះ​ថា ​យើង​អ្នក​ធ្វើការ​គិត​តែ​ធ្វើការ​ទៅ អ្នក​ការពារ​ គេ​ការពារ​ផ្សេង។ អញ្ចឹង​អត់​ព្រួយ​ទេ វា​ខុស​ពី​ស្រុក​ខ្មែរ បើ​ថា​បាញ់​គ្នា​អញ្ចឹង ប្រជាជន​ពិបាក​រកស៊ី។ តែ​នៅ​កូរ៉េ(ខាង​ត្បូង) នេះ​ជា​រឿង​ធម្មតា»។

លោក​បន្ថែម​ថា​ ក្រុមហ៊ុន​ហាក់​ដូចជា​មិនបាន​ប្រាប់​ពី​រឿង​គំរាមកំហែង​របស់​កូរ៉េខាងជើង​ទេ តែ​លោក​ថា​បើ​ច្បាប់​គេ​ឲ្យ​ទៅ​ផ្ទះ​វិញ លោក​នឹង​ទៅ​វិញ​ដែរ។

លោក ហែម សំបូរ មាន​ស្រុក​កំណើត​នៅ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ ហើយ​នៅធ្វើការ​នៅ​កូរ៉េ​១១ឆ្នាំ​មក​ហើយ ដើម្បី​ចិញ្ចឹម​កូន​៥​នាក់​ និង​ទ្រទ្រង់​ជីវភាព​គ្រួសារ។

ចំណែក​លោក ឃីម គឿន អាយុ​៣៦​ឆ្នាំ រស់​នៅ​ស្រុក ពោធិ៍រៀង ខេត្ត​ព្រៃ​វែង ក៏​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​អេឡិចត្រូនិក​មួយ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ជិត​នឹង​ទល់ដែន​កូរ៉េ​ខាង​ជើង​ បាន​ថ្លែង​ថា​ លោក​មិន​សូវ​បារម្ភ​ប៉ុន្មាន​ទេ​ ដោយសារ​ ជនជាតិ​កូរ៉េ​ដូច​ជា​អ្នកគ្រប់គ្រង​របស់​លោក​ក៏​មិន​សូវ​បារម្ភ​ដែរ នៅ​ពេល​លោកសួរនាំ​ពី​ការ​ចង់​វាយប្រហារ​អាវុធ​នុយក្លេអ៊ែរ​នោះ។

«ជនជាតិ​កូរ៉េ​ គាត់​ថា​ មិនបាច់​គិត​ទេ​រឿង​ហ្នឹង។ គាត់​ថា​កូន​គាត់ និង​ឪពុក​ម្ដាយ​គាត់​ក៏​នៅ​ទី​នេះ​ទាំងអស់​គ្នា​ដែរ ខំ​តែ​ធ្វើការ​ទៅ​បាន​ហើយ ព្រោះអី​នៅ​ទី​នេះ (ប្រទេស​កូរ៉េ​ខាងត្បូង) គាត់​ថា​ថ្នាក់ដឹកនាំ​ប្រទេស​ខាងលើ​គេ​ចេះ​ដោះ​ស្រាយ​ហើយ​គ្នា​គេៗ​ចេះ​និយាយ​គ្នា​ហើយ មិន​បាច់​បារម្ភ​ទេ។ យើង​ខំ​តែ​ធ្វើ​ការ​ទៅ»។

ព្រះអង្គ​ម្ចាស់ ​នរោត្តម រណឫទ្ធិ ដែល​បាន​យាង​ចូល​មក​ដឹកនាំ​គណបក្ស​ហ៊្វុនស៊ីនប៉ិច​វិញ​កាល​ពី​ចុង​ឆ្នាំ​២០១៥ គឺ​ជា​បុត្រា​របស់​សម្ដេច​ឪ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ ដែល​គេ​ស្គាល់​ថា ​ជា​មិត្ត​ដ៏​ជិតស្និទ្ធ​របស់ មេដឹកនាំ​កូរ៉េខាងជើង​ជាច្រើន​ជំនាន់​ ជាពិសេស​លោក សេនាប្រមុខ គីម អ៊ីលស៊ុង តាំង​ពី​ទសវត្សរ៍​១៩៧០។

ព្រះអង្គម្ចាស់​ នរោត្តម រណឫទ្ធិ មាន​បន្ទូល​ទៀត​ថា​ប្រទេស​កូរ៉េ​ខាងជើង និង សហរដ្ឋ​អាមេរិក ទំនង​ជា​អាច​បន្ធូរបន្ថយ​ភាព​តានតឹង​បាន​ដោយសារ​លោក​ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​មាន​ទំនោរ ខិត​ទៅ​រក​ការ​ជួប​ចរចា​គ្នា។

កាល​ពី​ខែ​មុន ប្រទេស​កូរ៉េខាងជើង​តាមរយៈ​ស្ថានទូត​របស់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា​ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រទេស​កម្ពុជា​និង​អាស៊ាន​ជួយ​ដោះស្រាយ​បញ្ហា​ភាព​តានតឹង​រឿង​អាវុធ​នុយក្លេអ៊ែរ​នេះ​ផងដែរ៕

XS
SM
MD
LG