ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េខាង​ជើង លោក Kim Jong Un ចង់​បង្កើន​សមត្ថភាព​យោធា ស្របពេល​ត្រៀម​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ


មនុស្សម្នា​មើល​ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ​ដែល​បង្ហាញ​ព័ត៌មាន​អំពី​ការដង្ហែ​ក្បួន​យោធា​របស់​កូរ៉េ​ខាងជើង កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២២។
មនុស្សម្នា​មើល​ទូរទស្សន៍​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ​ដែល​បង្ហាញ​ព័ត៌មាន​អំពី​ការដង្ហែ​ក្បួន​យោធា​របស់​កូរ៉េ​ខាងជើង កាលពី​ថ្ងៃទី​២៦ ខែ​មេសា ឆ្នាំ​២០២២។

ទីភ្នាក់ងារព័ត៌មាន Reuters រាយការណ៍ថា បើតាម​សេចក្តីរាយការណ៍​របស់​បណ្តាញ​ផ្សាយព័ត៌មានរដ្ឋនៅថ្ងៃសុក្រនេះ​ មេដឹកនាំប្រទេស​កូរ៉េខាងជើង​លោក Kim Jong Un បានអំពាវនាវ​ឱ្យ​កងយោធា​កូរ៉េខាងជើង​«ពង្រឹង​កម្លាំង​របស់​ខ្លួន​គ្រប់បែបយ៉ាង​ដើម្បី​រំលាយ​សត្រូវចោល ខណៈដែល​រូបភាព​ផ្កាយ​រណបវិទ្យាសាស្ត្រ​បានបង្ហាញ​នូវការត្រៀមខ្លួន​ធ្វើការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។

លោក Kim បានធ្វើការកត់សម្គាល់បែបនេះ ក្នុងអំឡុងពេល​ថតរូប​ជាមួយ​កងទ័ព ក្រុមអ្នកផ្សាយ​ព័ត៌មាន​របស់​រដ្ឋ និង​អ្នកឯទៀត ដែល​ទាក់ទិននឹងការរៀបចំ​ព្យុហយាត្រា​យោធា យ៉ាងអធិកអធម​មួយ​កាលពីថ្ងៃចន្ទ ដើម្បីកត់សម្គាល់​ខួបទី៩០​នៃការ​បង្កើត​កងទ័ព​កូរ៉េខាង​ជើង។

ក្បួន​ព្យុហយាត្រា​នោះ មានការ​ដាក់តាំង​កាំជ្រួចម៉ីស៊ីល​ថ្មីៗ​របស់​កូរ៉េខាងជើង ដែលមានរួមទាំង​កាំជ្រួច​បាញ់ឆ្លងទ្វីប ICBM និង​កាំជ្រួចម៉ីស៊ីល​ដែលមានល្បឿន​លឿនជាងសំឡេង​ដល់ទៅ៥ដង​ផងដែរ។

ការ​ដាក់តាំងទាំងនេះ បានបង្ហាញ​នូវ​«ទំនើបកម្ម សេចក្តីក្លាហាន និងការអភិវឌ្ឍយ៉ាង​ឆាប់រហ័ស​របស់​កងកម្លាំង​ប្រដាប់អាវុធ​របស់​ប្រទេស​នេះ​ និងសមត្ថភាព​របស់​កងយោធា​ក្នុងវិស័យបច្ចេកវិជ្ជា ដែលគ្មាននរណា​អាច​ប្រៀបបាន‍» នេះ​ជាសម្តីរបស់​លោក Kim Jong Un ​ដែល​បាន​ប្រាប់កងទ័ព​របស់​លោក​ នៅពេលថតរូប​ជាមួយពួកគេ។ នេះបើតាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA។

កូរ៉េខាងជើង​និយាយថា​ខ្លួន​ប្រឆាំង​ជំទាស់​នឹងសង្គ្រាម ហើយថាអាវុធ​របស់ខ្លួនសម្រាប់យកទៅ​ប្រើប្រាស់​ដើម្បីការពារខ្លួន​តែប៉ុណ្ណោះ ក៏ប៉ុន្តែ​នៅក្នុង​ពិធី​ព្យុហយាត្រា​កាលពីថ្ងៃចន្ទ លោក Kim បានថ្លែងថា បេសកកម្ម​របស់កង​កម្លាំង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង មានច្រើនលើស​ពីការ​រារាំង​កុំឱ្យមាន​សង្គ្រាម​ទៅទៀត ដោយថែមទាំង​រួមបញ្ចូល​នូវការការពារ​«ផលប្រយោជន៍​ជាគោល​របស់​ប្រទេស​ផងដែរ‍»។

កាល​ពី​ខែ​មុន​ កូរ៉េខាងជើង​បានធ្វើការ​សាកល្បង​អាវុធ ICBM របស់ខ្លួនឡើងវិញ ហើយមានសញ្ញា​បង្ហាញថា​ខ្លួននឹងធ្វើការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ជាលើកទីមួយ​ចាប់តាំងពីឆ្នាំ​២០១៧​មក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG