រដ្ឋាភិបាលក្រុងព្យុងយ៉ាងរបស់ប្រទេសកូរ៉េខាងជើង កំពុងបដិសេធសំណើរបស់សហរដ្ឋអាមេរិកដើម្បីចរចា ហើយអាចមានគម្រោងនឹងធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាលើកទី១ ក្នុងរយៈពេលជិត៥ឆ្នាំកន្លងទៅ នៅថ្ងៃទី១៥ ខែមេសាខាងមុខនេះ ដែលជាថ្ងៃឈប់សម្រាករបស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់បេសកជនកំពូលទទួលបន្ទុកកិច្ចការកូរ៉េខាងជើងនៅក្រសួងការបរទេសអាមេរិក ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Sung Kim ដែលជាតំណាងពិសេសរបស់អាមេរិកសម្រាប់គោលនយោបាយកូរ៉េខាងជើង បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនគិតថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងអាចនឹងមានគម្រោងបង្ហាញនូវសមត្ថភាពអាវុធនុយក្លេអ៊ែរដ៏ខ្លាំងរបស់ខ្លួននៅចំថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៅសប្តាហ៍ក្រោយ ដែលជាទិវាខួបអនុស្សារីយ៍លើកទី១១០ នៃថ្ងៃកំណើតរបស់លោក Kim Il Sung ដែលជាបិតាស្ថាបនិកនៃសារធារដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬកូរ៉េខាងជើងនោះ។
លោក Sung Kim បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានដោយយោងទៅលើការសាកល្បងកាំជ្រួចបាល់លីស្ទិកនាពេលថ្មីៗនេះរបស់កូរ៉េខាងជើងថា «យើងមានក្តីបារម្ភថា ក្នុងអំឡុងពេលនៃទិវាខួបកំណើតថ្ងៃទី១៥ ខែមេសា ខាងមុខនេះ កូរ៉េខាងជើង អាចព្យាយាមដើម្បីធ្វើការបង្កហេតុថ្មីមួយទៀត»។
លោកបាននិយាយទៀតថា៖ «ខ្ញុំមិនចង់និយាយទស្សន៍ទាយច្រើននោះទេ ប៉ុន្តែខ្ញុំគិតថា កូរ៉េខាងជើងអាចបាញ់សាកល្បងកាំជ្រួចថ្មីមួយទៀត ហើយដែលអាចជាការសាកល្បងអាវុធនុយក្លេអ៊ែរមួយផងដែរ»។
កូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនជាច្រើនដងចាប់តាំងពីឆ្នាំ២០១៦មក ហើយចុងក្រោយបំផុតដែលប្រទេសនេះធ្វើការសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួននោះ គឺក្នុងឆ្នាំ២០១៧។
លោក Sung Kim បានបន្ថែមទៀតថា រដ្ឋាភិបាលក្រុងព្យុងយ៉ាង បានបន្តបដិសេធសំណើជួបចរចារបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនដើម្បីបន្តការពិភ្សាគ្នាឡើងវិញ ជុំវិញការលុបចោលអាវុធនុយក្លេអ៊ែរទាំងអស់ចេញពីឧបទ្វីបកូរ៉េនោះ។
លោកបន្តទៀតថា៖ «យើងមិនបានទទួលការឆ្លើយតបណាមួយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងនោះឡើយ ដែលនេះជាការខកចិត្តមួយ ព្រោះយើងបានបញ្ជូនសារជាច្រើនលើកច្រើនសារទៅឲ្យកូរ៉េខាងជើង ទាំងតាមផ្លូវទូតនិងឯកជនផងដែរដើម្បីអញ្ជើញពួកគេចូលរួមនៅក្នុងកិច្ចសន្ទនាមួយ ដោយគ្មានលក្ខខណ្ឌជាមុន»។
លោក Sung Kim ក៏បានឲ្យដឹងផងដែរថា ប្រទេសចិននិងរុស្ស៊ី មិនបានជួយប្រធានាធិបតីអាមេរិកលោក Joe Biden ក្នុងការជំរុញឲ្យមានការចាប់ផ្តើមការចរចាគ្នាឡើងវិញជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un នោះឡើយ៕