ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រេសិត​អាមេរិក​​​ទៅ​ដល់​​​កូរ៉េខាង​ត្បូង​ដើម្បី​ពិភាក្សា​​ពីបញ្ហា​​​មីស៊ីល​ និង​ភាពតានតឹង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង


តំណាង​ពិសេស​អាមេរិក​​សម្រាប់​ប្រទេស​កូរ៉េខាង​ជើង​លោក Sung Kim ​ជួប​ជាមួយ​​ប្រេសិត​កូរ៉េ​ខាងត្បូង​ស្តី​​ពី​បញ្ហា​​​អាវុធ​នុយក្លេអ៊ែរ​​កូរ៉េ​ខាង​ជើង​​លោក Noh Kyu-duk នៅ​ក្រសួង​ការបរទេស​ក្នុង​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២។ (Reuters)
តំណាង​ពិសេស​អាមេរិក​​សម្រាប់​ប្រទេស​កូរ៉េខាង​ជើង​លោក Sung Kim ​ជួប​ជាមួយ​​ប្រេសិត​កូរ៉េ​ខាងត្បូង​ស្តី​​ពី​បញ្ហា​​​អាវុធ​នុយក្លេអ៊ែរ​​កូរ៉េ​ខាង​ជើង​​លោក Noh Kyu-duk នៅ​ក្រសួង​ការបរទេស​ក្នុង​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០២២។ (Reuters)

ប្រេសិត​អាមេរិក​សម្រាប់​ប្រទេស​កូរ៉េខាង​ជើង​ បាន​ទៅ​ដល់ទីក្រុង​សេអ៊ូល​នៃ​ប្រទេស​កូរ៉េខាង​ត្បូងហើយនៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ពិភាក្សា​ជាមួយ​សមភាគី​របស់​លោក​ក្នុង​ការស្វែង​រក​វិធី​ដើម្បី​ដោះស្រាយ ជុំវិញការ​បង្កើន​ការបាញ់​សាកស្បង​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង​និង​ក្តីបារម្ភស្តី​ពី​លទ្ធភាព​នៃ​ការ សាកល្បងឡើង​វិញនៃ​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។

តំណាង​ពិសេស​អាមេរិកសម្រាប់​ប្រទេស​កូរ៉េខាង​ជើង​លោក Sung Kim និង​អនុ​ប្រធាន​របស់​លោក​ គឺ​លោក Jung Pak នឹង​ជួប​ជាមួយមន្ត្រី​កូរ៉េ​ខាង​ត្បូង​ដែលក្នុង​នោះ​ក៏​រួម​មាន​ប្រេសិត​កូរ៉េ​ខាងត្បូង​ស្តីពី​បញ្ហា​អាវុធ​នុយក្លេអ៊ែរកូរ៉េ​ខាង​ជើងលោក Noh Kyu-duk ផង​ដែរ​ក្នុង​អំឡុង​នៃដំណើរ​ទស្សនកិច្ច​រយៈពេល​៥ថ្ងៃ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​នេះ។

នាយ​អគ្គសេនាធិការ​រួម បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា ការមក​ដល់​របស់​ប្រេសិត​ពិសេស​សហរដ្ឋ​អាមេរិកក៏​កើតមាន​ឡើង​ជួនគ្នា​ទៅនឹងការចាប់ផ្តើម​នៃការ​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំរួមគ្នា​រវាង​កងទ័ព​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​ផង​ដែរ។ សមយុទ្ធ​យោធា​នេះ គឺ​ជាការ​ហ្វឹកហាត់​អំពី​ការការពារ​លេណដ្ឋាន​បញ្ជាប្រយុទ្ធ​ដោយ​ប្រើ​ប្រព័ន្ធ​កំព្យូទ័រ។

កូរ៉េខាង​ជើង បានថ្កោល​ទោស​ការ​ធ្វើ​សមយុទ្ធ​យោធា​នោះថា ជា​ការសាកល្បង​ដើម្បី​ធ្វើ​សង្គ្រាម។ ការធ្វើ​សមយុទ្ធយោធា​មួយចំនួនរវាង​កូរ៉េ​ខាង​ត្បូង​និង​សហរដ្ឋអាមេរិក ត្រូវ​បាន​កាត់បន្ថយក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះស្របពេល​ដែល​មាន​កិច្ចប្រឹង​ប្រែងស្វែង​រក​ដំណោះស្រាយ​ការទូត​ជា​មួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​និង​ដោយសារតែ​ការរិតបន្តឹង​នៃ​ជំងឺកូវីដ១៩ផង​ដែរ។

កាលពី​ថ្ងៃ​សៅរ៍​សប្តាហិ៍​មុន កូរ៉េ​ខាង​ជើង បាន​បាញ់​សាកល្បងនូវ​អ្វីដែលសារព័ត៌មាន​រដ្ឋកូរ៉េខាង​ជើង​ហៅ​ថា កាំជ្រួច​មីស៊ីល​ដែល​បាន​ទាក់ទិន​នឹង​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​កលល្បិច​របស់​ខ្លួន​ដែរ។

ពេល​អញ្ជើញ​ទៅ​ដល់​កូរ៉េ​ខាង​ត្បូង លោក Sung Kim បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា លោកមក​ទី​នេះ​ដើម្បី​បន្តនូវការសម្របសម្រួល​ដ៏​ជិតស្និទ្ធ​មួយ​ស្តី​ពីការ​វិវត្ត​របស់​កូរ៉េខាង​ជើង។ នេះ​បើតាម​ការចេញ​ផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន Yonhap របស់​កូរ៉េ​ខាង​ត្បូង​ដោយ​មិន​បរិយាយ​លម្អិត​នោះ​ឡើយ។

លោក Sung Kim បាន​និយាយ​ថា លោក​បើក​ចំហ​សម្រាប់​ការពិភាក្សាជាមួយ​កូរ៉េ​ខាង​ជើង​នៅ​គ្រប់​ពេល​ទាំង​អស់​ដោយ​មិន​មាន​លក្ខខណ្ឌ​ជា​មុន​នោះឡើយ ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​រហូត​មក​ដល់​ពេល​នេះ​ បាន​បដិសេធ​នូវ​សំណើ​ទាំង​នោះ​និង​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនថា​នៅ​តែ​រក្សា​គោលនយោបាយ​អរិភាព​ដូច​ជា​ការដាក់​ទណ្ឌកម្ម​លើ​កូរ៉េ​ខាង​ជើងនិង​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាដើម។

ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាង​ត្បូង​ក៏​បានរាយការណ៍​ផង​ដែរ​ថា លោក​ Sung Kim ក៏​នឹង​ត្រូវ​គេ​រំពឹង​ផង​ដែរ​ថា នឹង​ជួប​ជាមួយ​ក្រុម​អន្តរកាលរបស់​ប្រធានាធិបតីទើប​ជាប់​ឆ្នោត​ថ្មី​កូរ៉េ​ខាង​ត្បូង​លោក Yoon Suk-yeol ដែល​នឹង​ចូល​កាន់​តំណែង​ក្នុង​ខែឧសភា​ក្រោយ​នេះ៕

XS
SM
MD
LG