ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាញ់​បង្ហោះ​មីស៊ីល​ជាថ្មី​ទៀត​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​


ពលរដ្ឋ​ទស្សនា​​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​អំពី​ការ​បង្ហោះ​មីស៊ីល​កូរ៉េ​ខាង​ជើង​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ​ទី​១២ ខែ​មករា ឆ្នាំ​២០២២។
ពលរដ្ឋ​ទស្សនា​​ការ​ផ្សាយ​ព័ត៌មាន​តាម​ទូរទស្សន៍​អំពី​ការ​បង្ហោះ​មីស៊ីល​កូរ៉េ​ខាង​ជើង​​នៅ​ស្ថានីយ​រថភ្លើង​មួយ​កន្លែង​​នៅ​ទី​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ពុធ​ទី​១២ ខែ​មករា ឆ្នាំ​២០២២។

កូរ៉េ​ខាង​ជើង​បាន​បាញ់​បង្ហោះ​អ្វី​ដែល​ទំនង​ជា​មីស៊ីល​ផ្លោង​ចំនួន​ពីរ​ទៀត​ដែល​ជា​ការ​បាញ់​សាកល្បង​មីស៊ីល​លើក​ទី៣​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ឆ្នាំ​ថ្មី​នេះ។​នេះ​បើតាម​ប្រទេស​កូរ៉េ​ខាងត្បូង​ដែល​រាយ​ការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ។​

ការ​បាញ់​បង្ហោះ​នេះ​បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ក្រសួង​ការ​បរទេស​ប្រទេស​កូរ៉េ​ខាងជើង​បាន​ព្រមាន​អំពី​វិធានការ​«ខ្លាំងឡើង»​ក្នុង​ការ​ឆ្លើយតប​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​សាកល្បង​មីស៊ីល​ពីមុនៗ។​យោធា​កូរ៉េ​ខាងត្បូង​ដែល​តាម​ដាន​យ៉ាង​ដិត​ដល់​នូវ​ការ​បាញ់​សាកល្បង​បែប​នេះ​បាន​និយាយ​ថា​ កូរ៉េ​ខាងជើង​បាន​បាញ់​អ្វី​ដែល​ទំនង​ជា​មីស៊ីល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី​ចំនួន​ពីរ​គ្រាប់​ពី​ខេត្ត​ Pyongan​ ខាង​ជើង​នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ។​

មុន​នេះ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ Kyodo​ របស់​ជប៉ុន​បាន​រាយ​ការណ៍​ថា​ ការ​បាញ់​សាកល្បង​នេះ​ពាក់ព័ន្ធ​នឹង​កាំជ្រួច​មួយ​គ្រាប់​ដែល​ធ្លាក់​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ​របស់​ប្រទេស​ជប៉ុន។​វីអូអេ​មិន​ទាន់​អាច​បញ្ជាក់​ពី​ភាព​ខុសគ្នា​រវាង​របាយ​ការណ៍​របស់​ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ទេ។​កូរ៉េខាង​ជើង​បាន​សាកល្បង​កាំជ្រួច​ចំនួន​៤​គ្រាប់​រួច​មក​ហើយ​ក្នុង​អំឡុង​ពេល​ការ​បាញ់​បង្ហោះ​ចំនួន​៣ ​លើកដោយ​ឡែក​ពី​គ្នា​ក្នុង​រយៈ​ពេល​១០​ថ្ងៃ​ចុង​ក្រោយ​នៅ​ពេល​ដែល​ទំនាក់​ទំនង​រវាង​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាងជើង​ធ្លាក់​ដល់​កម្រិតទាប។​

ការ​សាកល្បង​២​លើក​មុនៗ​រួម​មាន​អ្វី​ដែល​កូរ៉េ​ខាងជើង​អះអាង​ថា​ជា​មីស៊ីល​លឿន​ជាង​សំឡេង។​ថ្វីបើ​ពួក​អ្នក​វិភាគ​ខាង​ការពារ​ជាតិ​និយាយ​ថា កូរ៉េ​ខាង​ជើង​អាច​និយាយ​បំផ្លើស​សមត្ថភាព​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​នេះ​ក៏​ដោយ​ក៏​អាវុធ​បែប​នេះ​ទំនង​ជា​ធ្វើ​ឱ្យ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​សហរដ្ឋ​អាមេរិក​កាន់តែ​លំបាក​ក្នុងការ​ចាប់​និង​បាញ់​ស្ទាក់។​

គេ​មិន​ដឹង​ច្បាស់​ថា​តើ​មីស៊ីល​អ្វី​ដែល​កូរ៉េ​ខាងជើង​បាន​បាញ់​នៅ​ថ្ងៃ​សុក្រ​នេះ។ ជា​ធម្មតា​កូរ៉េ​ខាងជើង​មិន​លាត​ត្រដាង​អំពី​ការ​បាញ់​បង្ហោះ​របស់​ខ្លួន​ឡើយ​រហូត​ទាល់តែ​សារព័ត៌មាន​រដ្ឋ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​បន្ទាប់។​

សហ​រដ្ឋ​អាមេរិក​នៅ​សប្តាហ៍​នេះ​បាន​ចេញ​ការ​ថ្កោលទោស​ខ្លាំង​ជាង​ធម្មតា​ប្រឆាំង​ការ​បាញ់​បង្ហោះ​របស់​កូរ៉េ​ខាងជើង។​ សហ​រដ្ឋ​អាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​ដល់​ជនជាតិ​កូរ៉េ​ខាងជើង​៥​នាក់​ដែល​សហរដ្ឋ​អាមេរិក​បាន​ចោទ​ថា​បាន​ជួយ​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​កម្មវិធី​អាវុធ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Antony Blinken ​បាន​ហៅ​ការ​បាញ់​ការ​សាកល្បង​របស់​កូរ៉េ​ខាងជើង​ថា​«បាន​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​យ៉ាង​ខ្លាំង»​ហើយ​មាន​បំណង​មួយ​ផ្នែក​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍។​

លោក ​Blinken ​បាន​ប្រាប់​បណ្តាញ​ទូរទស្សន៍​អាមេរិក​ MSNBC​ ថា៖ ​«កូរ៉េ​ខាងជើង​បាន​ធ្វើ​ដូច្នេះ​កាលពី​មុន។​ កូរ៉េ​ខាង​ជើង​ប្រហែល​នឹង​បន្ត​ធ្វើ​ដូច្នេះ​ទៀត។​ក៏​ប៉ុន្តែ​យើង​បាន​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ជាមួយ​សម្ព័ន្ធ​មិត្ត​និង​ដៃគូ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ពួក​គេ​និង​យើង​អាច​ការពារ​យ៉ាង​ត្រឹមត្រូវ​ហើយ​ថា ​នឹង​មាន​ប្រតិឃាត​និង​ផលវិបាក​ចំពោះ​កូរ៉េ​ខាង​ជើង​សម្រាប់​សកម្មភាព​ទាំង​នោះ»៕

XS
SM
MD
LG