ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង ព្រមាន​ពី​វិបត្តិ បើ​កូរ៉េ​ខាងជើង ចាប់ផ្តើម​សាកល្បង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ឆ្ងាយ​ឡើងវិញ


រូបឯកសារ៖ មនុស្សម្នា មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​ផ្សាយ​វីដេអូ​ផ្ទាល់​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in ថ្លែង​សុន្ទរកថា​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​នៅ​ស្ថានីយ​រថភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ បាន​ព្រមាន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ឧបទ្វីប​កូរ៉េ អាច​ធ្លាក់​ចូល​ក្នុង «ស្ថានភាព​វិបត្តិ» ប្រសិនបើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បន្ត​ការគំរាម​កំហែង​ដោយ​ការបាញ់​សាកល្បង​កាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ឆ្ងាយ។ នេះ​ បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ បាន​ធ្វើ​ការសាកល្បង​អាវុធ​ចំនួន៧ដង​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​កាលពី​ខែ​មករា រួមទាំង​កាំជ្រួច​មីស៊ីល​ដែល​មាន​កម្លាំងខ្លាំង​បំផុត​ចាប់តាំង​ពី​ឆ្នាំ២០១៧ នៅ​ពេល​ដែល​មេដឹកនាំ​ គីម ជុងអ៊ុន បាន​ឈ្លោះ​ប្រកែក​ជាមួយ​អតីត​ប្រធានាធិបតី​អាមេរិកលោក Donald Trump ដោយ​ការបាញ់​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល។

ការចរចា​ថ្នាក់​មេដឹក​នាំ​កំពូល​រវាង​លោកTrump និង​លោក Kim ត្រូវ​បាន​ធ្វើ​ឡើង ក៏ប៉ុន្តែ បាន​បរាជ័យ​នៅ​ឆ្នាំ២០១៩ ហើយ​កាន់តែ​យ៉ាប់យឺន​នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង បាន​បង្កើន​ទ្វេ​ដង​នូវ​ការអភិវឌ្ឍ​ខាង​យោធា ដោយ​បាន​ព្រមាន​កាល​ពី​ខែ​មុន​ថា ខ្លួន​មិន​អាច​បោះបង់​ចោល​ការផ្អាក​ដោយ​ការបង្ខិត​បង្ខំ​ការសាកល្បង​កាំជ្រួច​មីស៊ីល​រយៈ​វង់​ប្រតិបត្តិការ​ឆ្ងាយ​ និង​អាវុធ​នុយក្លេអ៊ែរ​ទេ។

នៅ​ក្នុង​បទសម្ភាសន៍​ជា​លាយ​លក្ខណ៍​អក្សរ​ជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ រួមទាំងទីភ្នាក់ងារ​សារព័ត៌មាន AFP ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae-in បាន​និយាយ​ថា រាល់​សកម្មភាព​របស់​កូរ៉េខាង​ជើង​ដើម្បី​ចាប់​ផ្តើម​ការសាកល្បងកាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិការ​ឆ្ងាយ​ឡើង​វិញ នឹង​បំផ្លាញ​កិច្ចខំ​ប្រឹងប្រែង​ជា​ច្រើនឆ្នាំ​ និង​ការ​ចរចា​សន្តិភាព។

លោកបាន​និយាយ​ទៀត​ថា៖ «ប្រសិនបើការបាញ់​កាំជ្រួច​ជា​បន្ត​បន្ទាប់​របស់​កូរ៉េ​ខាងជើង ​ឈាន​ដល់​ការ​ល្មើស​ដល់​ការផ្អាក​ការសាកល្បងកាំជ្រួច​មីស៊ីល​វង់​ប្រតិបត្តិ​ឆ្ងាយ​នោះ ឧបទ្វីប​កូរ៉េ​ អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​វិបត្តិ​ដែល​យើង​បាន​ជួបប្រទះ​កាល​ពី​ប្រាំ​ឆ្នាំ​មុន»។

លោក Moon ដែល​បាន​បន្ត​ការ​ចរចា​សន្តិភាព​ម្តង​ហើយ​ម្តង​ទៀត​ជាមួយ​កូរ៉េខាង​ជើង​ក្នុង​អំឡុង​អាណត្តិ ៥ ឆ្នាំ​របស់​លោក នឹង​ត្រូវ​ចាកចេញ​ពី​តំណែង​នៅ​ខែ​ឧសភា​ខាង​មុខ​នេះ។ កូរ៉េ​ខាង​ត្បូង​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​កាន់អំណាច​តែ​មួយ​អាណត្តិប៉ុណ្ណោះ​៕

XS
SM
MD
LG