ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋធានីវ៉ាស៊ីនតោន​ផ្តោត​ការត្រួតពិនិត្យ​ខ្លាំង​លើ​តំបន់ Silicon Valley


រូបឯកសារ៖ សមាជិកសភា​គណបក្សសាធារណរដ្ឋលោកស្រី Zoe Lofgren ថ្លែងនៅវិមាន Capitol Hill នៅ​ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
រូបឯកសារ៖ សមាជិកសភា​គណបក្សសាធារណរដ្ឋលោកស្រី Zoe Lofgren ថ្លែងនៅវិមាន Capitol Hill នៅ​ក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។

២០១៩​គឺ​ជា ​ឆ្នាំដ៏រង្គោះរង្គើរ​មួយ​សម្រាប់​ទំនាក់ទំនង​រវាង​រដ្ឋធានីវ៉ាស៊ីនតោន​ និង​តំបន់​ Silicon Valley ហើយ​វា​អាច​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ២០២០​នេះ។ សមាជិកសភា​និង​និយ័តករ​នានា​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​ត្រួតពិនិត្យ​មើល​ក្រុមហ៊ុន​បច្ចេកវិទ្យា​ពាក់ព័ន្ធ​នឹង​បញ្ហាធំៗ​មួយចំនួន​ដូចជា​ការប្រកួតប្រជែង​ ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នកប្រើប្រាស់​នៅ​លើអ៊ិន​ធឺណិត​ ដំណើរការ​បំផ្លែង​ទិន្នន័យ​ ភាពលម្អៀង​ និង​ការសន្យា​របស់​ពួកគេ​ក្នុង​ការ​ចាត់វិធានការណ៍​ដោះស្រាយ​បញ្ហា​ទាំងនេះ។

ការ​ខកចិត្ត​ទាំងនេះ​អាច​នឹង​បណ្តាល​ឲ្យ​មាន​ការបង្កើត​បទបញ្ញត្តិ​ថ្មីៗ​ដែល​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ជា​សកល​ដល់​ទំនាក់ទំនង​របស់​អ្នកប្រើប្រាស់​នៅលើ​អ៊ិនធឺណិត។​
នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ការខឹង​សម្បារ​លើ​តំបន់ Silicon Valley ហាក់​ដូច​ជា​នៅ​តែ​បន្ត​កើត​ឡើង។

សមាជិក​ព្រឹទ្ធសភា​លោក Richard Blumenthal បាន​ថ្លែងថា៖
«មនុស្ស​ខឹង​សម្បារ​និង​មាន​ការភ័យខ្លាច​ជាង​ពេល​ណាៗ​ទាំងអស់។ ពួកគេ​មិន​ខ្វល់ ថាតើ​វា​ជា​ច្បាប់​សហព័ន្ធ ​ឬ​ច្បាប់​រដ្ឋ​នោះ​ទេ។ ពួកគេ​ចង់​ឲ្យ​មាន​ច្បាប់‍»។

ចំណែក​ឯ​អ្នកស្រី Elizabeth Warren ធ្លាប់​បាន​និយាយ​ថា៖ «ដល់​ពេល​ត្រូវ​បំបែក​ក្រុមហ៊ុន​ធំៗ​ទាំងនេះ​ហើយ​ ដើម្បី​កុំ​ឲ្យ​ពួកគេ​មាន​អំណាច​លើ​អ្នក​ផ្សេង​ខ្លាំង​ពេក។ ខ្ញុំ​មាន​ផែនការ​ការពារ​អ្នកប្រើប្រាស់​និង​ការ​ប្រកួតប្រជែង‍»។

ឥឡូវនេះ​ក្រុមបច្ចេកវិទ្យា​កំពុង​រង​ការរិះគន់​ពី​គណបក្ស​ប្រជាធិបតេយ្យ​និង​ពី​គណបក្ស​សាធារណរដ្ឋ។ ហើយ​នៅក្នុង​ឆ្នាំ២០២០នេះ​នឹង​ទំនង​ជា​មាន​សម្ពាធ​កាន់​តែ​ខ្លាំង។

លោក Carl Guardino នៃ​ក្រុម​ភាព​ជា​អ្នកដឹកនាំ​នៅ​តំបន់ Silicon Valley បាន​និយាយ​ថា៖ «គួរ​ឲ្យ​ចាប់អារម្មណ៍​នៅ​ពេល​អ្នក​គិត​អំពី​ទំនាក់ទំនង​រវាង​រដ្ឋធានី​នៃ​ប្រទេស​ និង​រដ្ឋធានី​នៃ​តំបន់​ច្នៃប្រឌិត​នៃ​ពិភពលោក។ បើទោះបី​ជា​ទំនាក់ទំនង​នេះ​មិន​ទាន់​ឈាន​ដល់​ការបែកបាក់​គ្នា​នៅក្នុង​តុលាការ​ក៏ដោយ​ ក៏​វា​មិន​ល្អ​ដូចកាល​ពី​មុន​ដែរ»។

មិនត្រឹម​តែ​មិន​ល្អ​ជាមួយ​គ្នា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ឥឡូវនេះ​ថែម​ទាំង​មាន​ការ​គំរាម​កំហែង​ផាកពិន័យ​ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​លើ​ឯកជនភាព​របស់អ្នក​ប្រើប្រាស់ឬ​ការ​រារាំង​ការប្រកួតប្រជែង​ទៀត​ផង។

ច្បាប់ថ្មីៗ​ទាំងនេះ​អាច​ជួយ​ឲ្យ​អ្នកប្រើប្រាស់​អាមេរិកាំង​អាច​គ្រប់គ្រង​ទិន្នន័យ​របស់​ពួកគេ​នៅ​លើ​អ៊ិនធឺណិត​បាន​ផងដែរ។ ពួកគេ​ក៏​អាច​ដាក់​កំហិត​លើ​លទ្ធភាព​របស់​ក្រុមហ៊ុន​ក្នុងការ​លក់​ព័ត៌មាន​របស់​អ្នកប្រើប្រាស់​ និង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​មាន​តម្លៃ​រាប់ពាន់លានដុល្លារ​ផងដែរ។

សភា​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋ California អ្នកស្រី Zoe Lofgren បាន​ថ្លែង​ថា៖
«មិនមែន​មាន​តែ​ពលរដ្ឋ​អាមេរិកាំង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​គឺ​អ្នកប្រើប្រាស់​អ៊ីនធឺណិត​នៅ​ជុំវិញ​ពិភពលោក​ទាំងមូល ​ដែល​បារម្ភ​អំពី​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅ​លើ​អ៊ិនធឺណិត។ ខ្ញុំ​គិតថា​យើង​ចាំបាច់​ត្រូវ​បង្កើត​ច្បាប់​មួយ​ចំនួន​ចំពោះ​បញ្ហា​នេះ»។

អ្នកប្រើប្រាស់​ផលិតផល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក​នៅ​ក្រៅ​ប្រទេស​ក៏​អាច​មើលឃើញ​ពីការផ្លាស់ប្តូរនេះដែរ ប្រសិនបើពួកសមាជិកសភា​ធ្វើ​តាម​ការគំរាមកំហែង​ដោយបំបែកក្រុមហ៊ុនធំៗទាំងនេះដូចជាក្រុមហ៊ុន Facebook ជាដើម ដោយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​កម្មវិធី​នានា​របស់​ក្រុមហ៊ុន​នេះ​ដែល​កំពុង​ពេញនិយម​ ដូចជា​កម្មវិធី​ Instagram​ ទៅ​ជា​ក្រុមហ៊ុន​ប្រកួតប្រជែង​ដាច់​ដោយ​ឡែក​មួយ។

អ្នកស្រី Sally Hubbardនៃ​វិទ្យានស្ថាន​ទីផ្សារ​បើក​ទូលាយ​ឬ Open Markets បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​បញ្ហា​សកលលោក។ ទាំងនេះ​គឺ​ជា​បញ្ហា​នៃ​ភាពផ្តាច់​មុខ​ជា​សកល។ ខ្ញុំ​គិត​ថា​ មនុស្ស​ទូទៅ​ចង់​ឲ្យ​អាមេរិក​ដើរតួនាទី​ជា​អ្នកដឹកនាំ​ដើម្បី​បញ្ឈប់​បញ្ហា​ទាំងនេះ​នៅ​ក្នុង​ក្រុមហ៊ុន​ផ្ទាល់​របស់​ពួកគេ»។

លោក Garrett Johnson នាយកប្រតិបត្តិ​អង្គការ Lincoln Network បាន​ថ្លែង​ថា៖
‍«រដ្ឋធានី​វ៉ាស៊ីនតោន​ឥឡូវ​នេះ​កំពុង​ភ្ញាក់ផ្អើល​អំពី​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៃ​បច្ចេកវិទ្យាទៅលើ​សង្គម​ វប្បធម៌ ​និង​សេដ្ឋកិច្ច​ ហើយ​តំបន់ Silicon Valley ក៏​កំពុង​ភ្ញាក់ផ្អើល ចំពោះ​ផលប៉ះពាល់​សង្គម​ដែល​ខ្លួន​បាន​បង្កឡើង​ មិន​ត្រឹមតែ​ទៅលើ​លទ្ធិប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​ទៅ​លើ​សេដ្ឋកិច្ច​និង​ការងារ​ផងដែរ។ ការ​ប៉ះទង្គិច​កំពុងកើតឡើង​ ហើយ​គេ​កត់សម្គាល់​ឃើញ​ថា​វាកើតឡើង​កាន់​តែ​ខ្លាំង​ឡើងៗ‍»។

ស្របពេល​ជាមួយគ្នា​នេះ​រដ្ឋធានី​វ៉ាស៊ីនតោន​កំពុង​ត្រួតពិនិត្យ​តំបន់ Silicon Valley ដោយ​មាន​ការបារម្ភ​កាន់​តែ​ខ្លាំង​ពាក់ព័ន្ធ​នឹង​ការពង្រីក​តួនាទី​របស់​ចិននៅ​ក្នុង​វិស័យ​ទំនាក់ទំនង​ជា​សកល​ដ៏ជឿនលឿន ​និង​ថាតើ​ប្រទេស​ផ្តាច់ការ​នេះ​អាច​ទុកចិត្ត​បាន​ដែរ​ឬទេ​ ចំពោះ​ការរក្សា​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នោះ​។

លោក Larry Diamond នៃ​វិទ្យាស្ថាន Hoover បាន​ថ្លែង​ថា៖ «ប្រសិនបើ​ក្រុមហ៊ុន Huawei ឬ​ក្រុមហ៊ុនចិន​ផ្សេងទៀត​មាន​លទ្ធភាព​បង្កើត ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍​របស់​ក្រុមហ៊ុន​ផ្សេងទៀត​ ទីក្រុងផ្សេងទៀត​ និង​កន្លែង​ផ្សេងទៀត​នៅក្នុង​ពិភពលោក នោះ​អ្នកត្រូវ​តែ​ជឿថា​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន Huawei អាចផ្ទេរ​ទិន្នន័យ​ទាំងអស់​ត្រឡប់​ទៅ​កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ​ធំៗ​នៅក្នុង​ប្រទេស​ចិន​វិញ»។

តើរដ្ឋធានី​វ៉ាស៊ីនតោន​នឹង​បំបែកក្រុមហ៊ុន Facebook ដែរ​ឬ​ទេ? ឬ​តើ​នឹង​ដាក់​បទបញ្ញត្តិ​តឹងរឹង​លើ​ទិន្ន័យអ្នក​ប្រើប្រាស់​ដែរ​ឬ​ទេ? តើ​ការប្រកួត​ជា​សកល​ជាមួយ​នឹង​ប្រទេសចិន​នឹង​ធ្វើ​ឡើង​តាម​របៀប​ណា? ចម្លើយ​ទំនង​ជា​នឹង​ត្រូវ​បង្ហាញ​តាម​រយៈទំនាក់ទំនង​ប្រចាំ​ថ្ងៃ​សម្រាប់​អ្នកប្រើប្រាស់​ប្រមាណ​៥ពាន់លាននាក់​ក្នុង​ពិភពលោក​ដែល​ត្រូវ​បាន​ប៉ាន់ស្មាន់​ថា​នឹង​ប្រើប្រាស់​អ៊ិនធឺណិត​នៅ​ឆ្នាំ​២០២០នេះ៕

ប្រែសម្រួលដោយអ្នកស្រី ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG