ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​បច្ចេកវិទ្យា ​Silicon Valley ​ដែល​ធ្លាប់​ជា​ទីលាន​ប្រកួត ​ឥឡូវ​ក្លាយ​ជា​បាវសាក់​សម្រាប់​បេក្ខជន​ប្រធានាធិបតី​អាមេរិក


រូបឯកសារ៖ ទិដ្ឋភាព​នៃ​ស្នាក់​ការ​កណ្ដាល​របស់​ក្រុម​ហ៊ុន​ Apple នៅ​ទីក្រុង​ Cupertino រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​ផ្នែក​មួយ​នៃ​ Silicon Valley។
រូបឯកសារ៖ ទិដ្ឋភាព​នៃ​ស្នាក់​ការ​កណ្ដាល​របស់​ក្រុម​ហ៊ុន​ Apple នៅ​ទីក្រុង​ Cupertino រដ្ឋ​កាលីហ្វ័រញ៉ា ដែល​ជា​ផ្នែក​មួយ​នៃ​ Silicon Valley។

​បេក្ខជន​ប្រធានាធិបតី​អាមេរិក ​ជា​យូរយារ​ណាស់​មក​ហើយ​ តែង​តែ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​បច្ចេកវិទ្យា​ Silicon Valley ​ដើម្បី​រៃ​អង្គាស​ប្រាក់ ​ហើយ​តែង​តែ​និយាយ​អំពី​ការ​បង្កើត​ថ្មី​និង​អនាគតដោយ​មាន​ទិដ្ឋភាពបរិវេណ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ណាមួយ​នៅ​ពី​ក្រោយ។ ប៉ុន្តែ​នៅ​ឆ្នាំ​នេះ​ អ្វីៗ​បាន​ផ្លាស់​ប្ដូរ​ហើយ។​

បេក្ខជន​ប្រធានាធិបតី​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​ ២០២០ កំពុង​ប្រឈម​មុខ​ដោះស្រាយ​នឹង​អ្វី​មួយ​ដែល​គេ​ហៅ​ថា​«‍Tech-lash»​ ដែល​ជាប្រតិកម្ម​ដ៏​ខ្លាំង​ក្លា​របស់​សាធារណ​ជន​ប្រឆាំង​នឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ ​ដោយសារ​បញ្ហា​នានា​រួម​មាន​ការ​លេច​ធ្លាយ​ទិន្នន័យ​អ្នក​ប្រើប្រាស់ ​ការ​កើន​ឡើង​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​យ៉ាង​ឆាប់​រហ័ស ការ​ចោទ​ប្រកាន់​ពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​កម្មករ និង​ការ​អះ​អាង​អំពី​ការ​ត្រួត​ពិនិត្យ​ខ្លឹមសារ​នៃ​សំឡេង​ជន​អភិរក្ស​និយម ព្រម​ទាំង​ការ​ព្រួយ​បារម្ភ​អំពី​ការ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​នូវ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ជ្រុល​ហួស​ហេតុ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។

បេក្ខជន​ប្រធានាធិបតី​ខ្លះ ​ថែម​ទាំង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ធំៗ​ ថែម​ទៀត​ផង។

​ថ្មីៗ​នេះ ​លោក ​Pete Buttigieg​ អភិបាល​ក្រុង​ South Bend ​នៃ​រដ្ឋ ​Indiana ​បាន​ចូល​រួម​ជាមួយ​ក្រុម​បាតុករ​ នៅ​ខាង​ក្រៅ​ទីស្នាក់ការ​ធំ​របស់​ក្រុមហ៊ុន ​Uber ​ដោយ​តវ៉ា​ឱ្យ​មាន​ច្បាប់​ថ្មី​មួយ​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ដែល​អាច​ឱ្យ​កម្មករ​ជាប់កិច្ច​សន្យា ដូចជា​អ្នក​រត់​ឡាន​ Uber ​ជាដើម ​ក្លាយ​ជា​បុគ្គលិក​ក្រុម​ហ៊ុន។

ចំណែក​ឯ​បេក្ខជន​ខ្លះ​ទៀត ដូចជា​សមាជិក​ព្រឹទ្ធសភា រួម​មាន​អ្នក​ស្រី​ Elizabeth Warren​ អ្នកស្រី Kamala Harris ​និង​លោក ​Bernie Sanders​ ជាដើម ​សុទ្ធ​តែ​ចេញ​មុខ​គាំទ្រ​វិធានការ​ច្បាប់​សម្រាប់​ដោះស្រាយ​បញ្ហា​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ទាំង​នោះ៕

XS
SM
MD
LG