ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំបន់​បច្ចេកវិទ្យា​ Silicon Valley មិន​ជឿ​លើ​ការ​ព្រួយបារម្ភ​​លើ​គោលបំណង​ចិន


រូបឯកសារ៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំនានានៅលើសាកលលោក មានវត្តមាននៅតំបន់បច្ចេកវិទ្យា Silicon Valley។ 
រូបឯកសារ៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំនានានៅលើសាកលលោក មានវត្តមាននៅតំបន់បច្ចេកវិទ្យា Silicon Valley។ 

​បន្ទាប់​ពី​មាន​ចំណង​កាន់​តែ​រឹងមាំ​ជា​ច្រើន​ឆ្នាំ​រវាង​ប្រទេស​ចិន​និង​តំបន់​ Silicon Valley តំបន់​បច្ចេកវិទ្យា​មួយ​នេះ​កំពុង​តែ​ជាប់​គាំង​ក្នុង​ការ​ប្រជែង​គ្នា​រវាង​ចិន និង​អាមេរិក ក្នុង​ការ​បង្កើត​បច្ចេកវិទ្យា​​ទំនាក់ទំនង​ជំនាន់​​ថ្មី​នានា។

ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក និង​ចិន​កំពុង​តែ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងដែល​មានការ​ព្រួយ​បារម្ភ​ផ្សេងៗកំពុង​តែ​កើត​មាន​ឡើង​នៅ⁠សហរដ្ឋអាមេរិក​ ពាក់ព័ន្ធ​នឹង​គោលបំណង​បច្ចេកវិទ្យា​របស់​ចិន តំបន់​បច្ចេកវិទ្យា ​Silicon⁠ Valley ក៏​កំពុង​តែ​ជាប់​គាំង​ក្នុង​ទំនាស់​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​។

គេហៅថា ​ឥទ្ធិពល​លោក ​ត្រាំ។ កំណើន​នៃការ​រឹត​បន្តឹង​ពី​រដ្ឋាភិបាលលើ​ការ​វិនិយោគ​របស់​ចិន​នៅ​តំបន់ ​Silicon⁠ Valley ធ្វើ​ឲ្យ​រាំង​ស្ទះ​កិច្ច​ព្រម​ព្រាង​ពាណិជ្ជកម្ម។ ក្រុមហ៊ុន​ទើប​បង្កើតថ្មី​នានា​ថែម​ទាំង​បដិសេធ​ការ​វិនិយោគ​ពី​ចិន​ទៀត​ផង។​

​បន្ទាប់​ពី​មាន​ចំណង​កាន់​តែ​រឹងមាំ​ជា​ច្រើន​ឆ្នាំ​រវាង​ប្រទេស​ចិន ​និង​តំបន់​ Silicon Valley តំបន់​បច្ចេកវិទ្យា​មួយ​នេះ​កំពុង​តែ​ជាប់​គាំង ​ក្នុង​ការ​ប្រជែង​គ្នា​រវាង​ចិន និង​អាមេរិក ក្នុង​ការ​បង្កើត​បច្ចេកវិទ្យាទំនាក់ទំនង​ជំនាន់ថ្មី​នានា។

លោក​ Michael Wessel សមាជិក​គណៈកម្មាការ​ត្រួត​ពិនិត្យ​សេដ្ឋកិច្ច និង​សន្តិសុខ​អាមេរិក-ចិន​និយាយ​ថា៖​

«​កិច្ច​ប្រឹងប្រែង​ច្នៃ​ប្រឌិត​របស់​ចិន​ គឺ​ទូលំទូលាយ និង​ស៊ីជម្រៅ។ ចិន​ចង់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ភាព​ច្នៃ​ប្រឌិត​លើ​ពិភពលោក ហើយ​កំពុង​តែ​ធ្វើ​ទាំង​រឿងស្រប​ច្បាប់​និង​ខុស​ច្បាប់​ ដើម្បី​សម្រេច​គោលដៅ​នេះ»។

អាមេរិកថា វិធីសាស្រ្ត​ទាំង​អស់​នោះ រួម​មាន ការ​លួច​ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ខ្នាត​ធំ​ ដើម្បី​លួចអាថ៌កំបាំង​ក្រុមហ៊ុន​ ការ​បងំ្ខឲ្យ​មាន​ការ​ផ្តល់បច្ចេកវិទ្យា​ឲ្យ​ទៅ​ដៃគូ​ភាគី​ចិន​ និង​គោលនយោបាយ​រដ្ឋាភិបាល​ដែល​ផ្តល់​រង្វាន់​ដល់​ការ​លួច​កម្មសិទ្ធិ​បញ្ញា។

លោក Parag Khanna អ្នក​អង្កេត​ការណ៍​និង​អ្នក​និពន្ធ​សៀវភៅ​ «The Future is Asian»⁠ និយាយ​ថា៖

«ចិន​ចង់​គ្រប់​គ្រង​ពិភពលោក​តាមរយៈ​បច្ចេកវិទ្យា​បញ្ញានិមិត្ត ឬ AI។ បច្ចេកវិទ្យា​ចិន​ស្មើ​នឹង​ការ​នាំ​ចេញ​នូវ​របប​ផ្តាច់​ការ»។

ប៉ុន្តែ​លោក Khanna ថា តំបន់ ​Silicon Valley មាន​អ្វី​ត្រូវ​ខាតបង់​ច្រើន​ បើ​អាមេរិក​បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ជំនួញ​ជាមួយ​វិនិយោគិន​ និង​ក្រុមហ៊ុន​ចិន។

​លោក​ Parag Khanna បន្ត​ថា៖

«បើ​មិន​ធ្វើ​ការ​ជាមួយ​ចិន យើងមាន​លទ្ធភាព​តិច​ជាង​មុន​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ ហើយ​ពួកគេ​នឹងរក​ដៃ​គូ​ផ្សេង។ យើង​នឹង​ត្រូវ​កាត់​ផ្ដាច់​ចេញ​ពី​ទីផ្សារ​ទាំង​ស្រុង»។

​រដ្ឋាភិបាល​អាមេរិក​ចង់​ដាក់​ការរារាំងថ្មីៗ​ ពី​ព្រោះ​ខ្លួន​ជឿ​ថា បច្ចេកវិទ្យាដូចជា​បញ្ញា​និមិត្ត និង​មនុស្ស​យន្ត​ គឺ​សំខាន់​សម្រាប់​សន្តិសុខជាតិ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ឃើញ​ហានិភ័យ​ក្នុង​ដាក់​ការ​រារាំង​ទាំងនោះ។

លោក Tim Draper ដែល​ជា​អ្នក​បណ្ដាក់​ទុន​និយាយ​ថា៖

«ខ្ញុំ​គិត​ថា យើង​គួរ​តែបើក​ចំហ និង​ចែករំលែក។ ប្រទេស​ទាំង​ពីរ​ទទួលផលប្រយោជន៍​ខ្លាំង​តាមរយៈការ​ទំនាក់ទំនង​ដែល​បើក​ចំហ​។ ខ្ញុំ​ជឿ​ថា​ យើង​មាន​បញ្ហា​មួយ​ នៅ​ពេលយើង​ដាក់ការ​រារាំង​នានា​ដែល​ធ្វើ​ឲ្យ​យើង​ខាត​ប្រយោជន៍»។

ក្រុមហ៊ុន​ចិន​កំពុង​តែ​ប្រជែង​គ្នា​ដើម្បី​បង្កើត​បណ្ដាញ​អ៊ីនធឺណិត​ 5G ជុំវិញ​ពិភពលោក។ ហើយ​អាមេរិក​ថា ការណ៍​នេះ​ជា​ហានិភ័យ​មួយ​ត្រង់​ថា​ ចិន​ទទួល​បានឱកាស​បង្កើត​ការ​ឃ្លាំ​មើល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។

ទម្ងន់​នៃ​ហានិភ័យ​ធ្វើ​ឲ្យ​ពិបាក​ទាយ​ថា​ ចិន​និង​អាមេរិក​នឹង​មាន​កិច្ច​ព្រម​ព្រៀង​បាន​យ៉ាង​ណា។

លោក Christian Brose ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​នៃ​ក្រុមហ៊ុន Anduril​ Industries និយាយ​ថា៖

«​នៅ​ពេល​អ្នក​មាន​ការ​សន្ទនា​ ​ដែល​ភាគី​ម្ខាង​យល់​ថា ចិន​កំពុង​បង្ក​បញ្ហា​សន្តិសុខជាតិ ​ហើយ​ភាគី​ម្ខាង​ទៀត​យើញ​ចិនជាឱកាស​ពាណិជ្ជកម្ម វា​ជា​ភាព​ខុស​គ្នា​នៃ​វប្បធម៌ និង​ការ​រំពឹង​ទុក​ដែល​ពិបាក​នឹង​សម្របសម្រួល។ ប៉ុន្តែ ​ខ្ញុំ​ក៏​គិត​ថា វា​មិនមែន​មិន​អាច​ទៅ​រួច​នោះ​ទេ»។

ខណៈ​ដែល​រដ្ឋាភិបាល​អាមេរិក​ចង់​ធានា​ថា សហរដ្ឋអាមេរិក​ឈ្នះ​ការ​ប្រជែង​ផ្នែក​បច្ចេកវិទ្យា​ តំបន់​ Silicon Valley បារម្ភ​ថា⁠ វប្បធម៌​ទំនាក់ទំនង​បើក​ចំហ​របស់​ខ្លួន​អាច​បាត់​បង់៕

ប្រែសម្រួល​ដោយ​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG