សេតវិមានបានបញ្ជាក់ថា ខ្លួនមិនទាន់ទទួលបានការបញ្ជាក់ណាមួយពីប្រទេសឥណ្ឌូណេស៊ី ដែលជាប្រធានវេទិកាសេដ្ឋកិច្ចនៃក្រុមប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G-20 ដែលថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះដែលនឹងគ្រោងធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះនៅលើកោះបាលីប្រទេសឥណ្ឌូណេស៊ីនោះទេ។
អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានប្រាប់ក្រុមអ្នកកាសែតនៅថ្ងៃពុធម្សិលមិញថា«យើងបានឃើញព័ត៌មានមួយចំនួនដែលថាប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G-20 ហើយយើងស្វាគមន៍ចំពោះដំណឹងនេះ។ ដូចអ្នកដឹងហើយថា ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយកាលពីខែមុនថា អ៊ុយក្រែនត្រូវអាចចូលរួមក្នុងជំនួបកំពូលនេះ ក៏ប៉ុន្តែយើងនៅពុំទាន់មានការបញ្ជាក់ណាមួយបន្ថែមទៀត ក្រៅពីអ្វីដែលយើងបានឃើញនៅលើព័ត៌មានដែលចេញផ្សាយនោះឡើយហើយដែលយើងគិតថាវាជារឿងវិជ្ជមានមួយ។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy កាលពីថ្ងៃពុធម្សិលមិញនេះបានបង្ហោះសារលើបណ្តាញ Twitter ថាលោកបានពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo ហើយបានអរគុណដល់លោកដែលបានគាំទ្រដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែនជាពិសេសបានបង្ហាញពីជំហរដ៏ច្បាស់លាស់នៅអង្គការសហប្រជាជាតិ។
លោកក៏បាននិយាយផងដែរថា«ខ្ញុំសូមអរគុណដែលបានអញ្ជើញខ្ញុំឱ្យចួលរួមក្នុងសន្និសីទកំពូលនៃក្រុមប្រទេស G-20»នាពេលខាងមុខនេះ។
សារក្នុង Twitter អំពីការសន្ទនានៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo មិនបានបញ្ជាក់ពីការអញ្ជើញលោក Zelenskyy ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនោះឡើយ។
លោកបាននិយាយនៅក្នុងសារនោះថា៖ «កាលពីម្សិលមិញ ខ្ញុំបាននិយាយជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy។ ខ្ញុំបានគូសបញ្ជាក់ឡើងវិញពីការគាំទ្ររបស់ឥណ្ឌូណេស៊ី លើកិច្ចប្រឹងប្រែងសម្រាប់ការចរចាសន្តិភាពដើម្បីឱ្យបានសម្រេចជោគជ័យហើយឥណ្ឌូណេស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់អ៊ុយក្រែន»។
ឥណ្ឌូណេស៊ីកាលពីខែមីនាកន្លងទៅបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចចិត្ត២របស់មហាសន្និបាតអង្គការសហប្រជាជាតិដោយបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ប៉ុន្តែបានបោះឆ្នោតអនុបវាទលើសេចក្តីសម្រេចទី៣ជាមួយប្រទេសចំនួន៥៧ផ្សេងទៀតដែលជាសមាជិករបស់អង្គការសហប្រជាជាតិក្នុងការបណ្តេញរុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សដែលជាស្ថាប័នរបស់អង្គការពិភពលោកនេះ។
ក្រោយកិច្ចប្រជុំជាមួយប្រទេសជាសមាជិករបស់អង្គការអូតង់និងសម្ព័ន្ធមិត្តអឺរ៉ុបនៅក្នុងទី ក្រុងព្រុចសែលប្រទេសបែលហ្ស៊ិកកាលពីខែមីនាកន្លងទៅនេះមក ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានស្នើថា រដ្ឋាភិបាលក្រុងកៀវគួរមានលទ្ធភាពអាចចូលរួមបាននៅក្នុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-20 ក្នុងនាមជាអ្នកសង្កេតការណ៍ ប្រសិនបើប្រទេសជាសមាជិកផ្សេងៗទៀតឯកភាពមិនយល់ព្រមដករុស្ស៊ីចេញពីក្រុម G-20 នោះ។
រហូតមកដល់ពេលនេះ រដ្ឋាភិបាលក្រុងមូស្គូនៅមិនទាន់ប្រកាសពីផែនការផ្លាស់ប្តូរណាមួយ សម្រាប់លោកPutinដើម្បីចូលរួមក្នុងជំនួបកំពូលរបស់ក្រុមប្រទេសG-20 នេះនៅឡើយនោះទេ៕