ថ្នាក់ដឹកនាំ និងសកម្មជនសហជីពយ៉ាងហោចណាស់៩នាក់ ត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការធ្វើកូដកម្មនៅមុខកាស៊ីណូណាហ្គាវើលដ៍ ដែលអូសបន្លាយពេលជិតពីរសប្តាហ៍មកហើយ។
ក៏ប៉ុន្តែ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនដោយមន្ត្រីនគរបាលរាជធានីភ្នំពេញ កាលពីយប់ឆ្លងឆ្នាំសកលនោះ មាន៣នាក់ ត្រូវបានដោះលែងនៅថ្ងៃចន្ទនេះ ហើយ៦នាក់ផ្សេងទៀត ត្រូវបានបញ្ជូនខ្លួនចុះឡើងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ តែមិនទាន់មានការចោទប្រកាន់ជាក់លាក់ពីសំណាក់តុលាការនៅឡើយទេ។
ការចាប់ខ្លួននេះ មិនបានបង្អាក់កូដកម្មរបស់កម្មករនិយោជិតក្រុមហ៊ុនណាហ្គាវើលដ៍នោះទេ ខណៈភាគីនិយោជកបានរក្សាភាពស្ងៀមស្ងាត់ មិនចេញមុខមកជួបចរចាជាមួយភាគីតំណាងកម្មករ។ នេះ បើតាមការបញ្ជាក់របស់មេដឹកនាំសហជីពនៅក្រុមហ៊ុនណាហ្គាវើលដ៍។
មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម សីថរ ប្រាប់វីអូអេ នៅថ្ងៃចន្ទនេះថា កម្មករនិយោជិតមិនបញ្ឈប់កូដកម្មទេ បើគ្មានដំណោះស្រាយសមស្របដើម្បីឆ្លើយតបទៅនឹងវិវាទការងារដែលបានកើតឡើងអស់រយៈពេលជិត៩ខែមកនេះ។
កញ្ញានិយាយថា ពេលនេះ ភាគីនិយោជក មិនបានធ្វើសកម្មភាពណាមួយដើម្បីឈានទៅរកដំណោះស្រាយបញ្ចប់វិវាទទេ ហើយមានតែភាគីរដ្ឋាភិបាលក្នុងនោះ គឺសាលារាជធានីភ្នំពេញ និងក្រសួងការងារកំពុងធ្វើការដោះស្រាយវិវាទការងារដែលជាប់គាំង ដោយសារក្រុមហ៊ុនបដិសេធមិនទទួលយកថ្នាក់ដឹកនាំសហជីព សកម្មជនរបស់សហជីព និងបុគ្គលិកប្រមាណ២៧៩នាក់ឲ្យចូលធ្វើការវិញ។
«ខាងនិយោជកគេអត់ចេញមុខដោះស្រាយតែម្តង ឥឡូវហ្នឹងគឺថា ប្រព័ន្ធតុលាការ អាជ្ញាធរសាលាក្រុង ក្រសួងការងារគឺជាអ្នកធ្វើការ គឺអ្នកចេញមុខបង្ក្រាបកម្មករនិយោជិត។ ខាងថៅកែ គេនៅស្ងៀម។ គេអត់ធ្វើអីទេ។ គេអត់ចាំបាច់ធ្វើអីទាំងអស់»។
ពាក់ព័ន្ធនឹងការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីព កញ្ញា ឈឹម ស៊ីថរ ថា មិនទាន់មានការចោទប្រកាន់យ៉ាងណាពីសំណាក់តុលាការទៅលើអ្នកដែលត្រូវបានចាប់ខ្លួនទាំង៦នាក់នោះទេ។
ការចាប់ខ្លួនក្រុមតំណាងកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានបុគ្គលិកសរុបប្រមាណ៨០០០នាក់នោះ ធ្វើឡើងក្រោយរដ្ឋបាលសាលារាជធានីភ្នំពេញបានចោទកញ្ញា ឈឹម សីថរ និងសហការី ព្រមទាំងបុគ្គលិកថា បានធ្វើសកម្មភាពសម្តែងមតិដោយខុសច្បាប់នៅលើសួនច្បារសាធារណៈ និងនៅតាមដងផ្លូវសាធារណៈ។
សាលារាជធានីភ្នំពេញលើកឡើងក្នុងសេចក្តីជូនដំណឹងមួយចេញផ្សាយកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ថា សកម្មភាពនេះ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងសិទ្ធិស្របច្បាប់របស់ក្រុមហ៊ុន ជាពិសេស ក្រុមអ្នកតវ៉ាមិនចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ថ្នាក់ដឹកនាំ និងសកម្មជនសហជីពទាំង៦នាក់ដែលកំពុងត្រូវបានបញ្ជូនចុះឡើងពីស្នងការដ្ឋានប៉ូលិសក្រុង ទៅកាន់តុលាការក្រុងភ្នំពេញនោះរួមមានឈ្មោះ ហៃ សុភាព ឈ្មោះ ទូច សិរីមាស ឈ្មោះ រី សុវណ្ណឌី ឈ្មោះ ឃ្លាំង សុបិន្ត ឈ្មោះ ឈឹម សុខន និងឈ្មោះ សុន ស្រីពេជ្រ។ នេះ បើតាមការបញ្ជាក់របស់អ្នកការពារសិទ្ធិមនុស្សមួយចំនួន។
នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូលោក អំ សំអាត ថ្លែងថា អង្គការសង្គមស៊ីវិលមួយចំនួនបានខ្នះខ្នែងផ្តល់មេធាវីការពារសិទ្ធិឲ្យទៅអ្នកទាំង៦នាក់ដែលត្រូវបានចាប់ខ្លួន និងបន្តសាកសួរនៅតុលាការនោះ តាមការស្នើសុំរបស់ក្រុមគ្រួសារ។
លោកប្រាប់វីអូអេបន្ថែមនៅថ្ងៃចន្ទនេះថា វិវាទការងារ គួរត្រូវបានដោះស្រាយឲ្យស្របតាមច្បាប់ការងារ ហើយអាជ្ញាធរមិនគួរអនុញ្ញាតឱ្យមានការចាប់ខ្លួនអ្នកតំណាងឱ្យកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ទាំង៦រូបនោះទេ ព្រោះការចាប់ខ្លួននេះ អាចនាំឱ្យមានការរិះគន់ពីក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ ទាក់ទងការរំលោភសិទ្ធិមនុស្ស និងវិជ្ជាជីវៈរបស់សហជីព។
«វាមិនមែនជាដំណោះស្រាយល្អទេ។ ផ្ទុយទៅវិញគេយល់ថា វាជាការគំរាមកំហែង ជាការបំភិតបំភ័យបំបាក់ស្មារតីទៅលើអ្នកធ្វើកូដកម្ម កន្លងមកហ្នឹងដើម្បីកុំឱ្យធ្វើកូដកម្មបន្តទៀត។ អ៊ីចឹង វាមិនមែនជាដំណោះស្រាយល្អទេ»។
ចំណែកមន្ត្រីកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា ការចាប់ខ្លួនថ្នាក់ដឹកនាំ និងសកម្មជនសហជីពខាងលើ«ជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត។ ការធ្វើកូដកម្មដោយសន្តិវិធី មិនមែនជាបទល្មើសនោះទេ»។
អ្នកការពារសិទ្ធិការងាររូបនេះ លើកឡើងទៀតថា សង្គមស៊ីវិលសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចរួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រើប្រាស់តួនាទីប្រកបដោយវិជ្ជាជីវៈ អព្យាក្រឹត មិនលម្អៀងទៅរកភាគីណាមួយនៅក្នុងដំណើរការស្វែងរកដំណោះស្រាយករណីវិវាទការងាររួមមួយ នេះប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក៏សូមអំពាវនាវឱ្យមានការដោះលែងដោយឥតលក្ខខណ្ឌសម្រាប់ថ្នាក់ដឹកនាំ និងសកម្មជនសហជីព ដែលត្រូវបានចាប់ខ្លួន។
លោកប្រាប់វីអូអេបន្ថែមតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមក្នុងន័យដើមថា៖«ចេតនារបស់អាជ្ញាធរក្នុងការដោះស្រាយវិវាទការងារនេះ គឺព្យាយាមអូសបន្លាយឱ្យកាន់តែយូរដែលធ្វើឱ្យស្ថានភាពនៃការតវ៉ារបស់បុគ្គលិកកាន់តែខ្សោយទៅៗ ហើយវាកាន់តែបង្កើតភាពអយុត្តិធម៌ និងការឈឺចាប់បន្ថែមទៀតចំពោះកូដករ»។
បើតាមលោក ឃុន ថារ៉ូ ចំនួនថ្នាក់ដឹកនាំ និងសកម្មជនសហជីព ព្រមទាំងពលរដ្ឋ១០នាក់ ត្រូវបានឃាត់ខ្លួន ប៉ុន្តែអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា អ្នកដែលត្រូវបានឃាត់ខ្លួននោះ គឺមានតែ៩នាក់ទេ ហើយ៣នាក់ ត្រូវបានដោះលែង។
ក្រុមហ៊ុនណាហ្គាវើលដ៍ជាសាខារបស់ក្រុមហ៊ុន NagaCorp និងបានចុះបញ្ជីនៅផ្សារហ៊ុនទីក្រុងហុងកុងមានប្រតិបត្តិការកាស៊ីណូនៅកណ្តាលទីក្រុងភ្នំពេញ។
កាលពីចុងខែមេសា ឆ្នាំ២០២១ ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវសហជីពនៅក្រុមហ៊ុននេះចោទប្រកាន់ថា បានកាត់បុគ្គលិកចេញពីការងារជាង១៣០០នាក់ទាំងបង្ខំ ដោយមិនផ្តល់អត្ថប្រយោជន៍ផ្សេងទៀត ក្នុងនោះក៏មានប្រាក់អតីតភាពការងារផងដែរ។ក្នុងចំណោមបុគ្គលិកជាង១៣០០នាក់នោះ មានបុគ្គលិកចំនួនប្រមាណ២៧៩នាក់ ដែលជាថ្នាក់ដឹកនាំសកម្មជនសហជីព និងបុគ្គលិកនៅក្រុមហ៊ុនណាហ្គាវើលដ៍កំពុងទាមទារឲ្យបានចូលធ្វើការវិញ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនទាន់ឆ្លើយសំណួររបស់សំឡេងសហរដ្ឋអាមេរិកដែលបានផ្ញើតាមប្រព័ន្ធទំនាក់ទំនង WhatsApp នៅថ្ងៃចន្ទនេះទេ។
វីអូអេ ក៏មិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លោក Hein Dames នៅថ្ងៃចន្ទនេះបានដែរ។
ដោយឡែក អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានច្រានចោលការរិះគន់របស់អ្នកការពារសិទ្ធិមនុស្សពាក់ព័ន្ធនឹងវិធានការចាប់ខ្លួនតំណាងកម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍នាពេលថ្មីៗនេះ ដោយថាកូដកម្មដែលបានធ្វើឡើងកន្លងមកនោះ ជាកូដកម្មខុសច្បាប់ និងអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខសង្គម។
«មានន័យថា គឺការដឹកនាំបាតុកម្មរបស់គាត់ហ្នឹង គឺខុសច្បាប់ទាំងស្រុង ដោយសាលារាជធានីភ្នំពេញគេបានចេញសេចក្តីណែនាំជាច្រើនលើកច្រើនសារឱ្យមេដឹកនាំបាតុកម្មទាំងអស់ហ្នឹង គឺបញ្ឈប់ជាបន្ទាន់ទាក់ទងនឹងការដឹកនាំបាតុកម្មខុសច្បាប់។ ហើយមួយវិញ គឺទាក់ទងនឹងការញុះញង់បង្កឱ្យមានភាពវឹកវរដល់សង្គមជាតិ ញុះញង់បង្កឲ្យមានការបិទផ្លូវសាធារណៈ ក៏ដូចជាធ្វើឲ្យរាំងស្ទះដល់ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុន»។
កូដកម្មដែលបានធ្វើឡើងចំនួន១៣ថ្ងៃមកនេះ មានការទាមទារ៩ចំណុចសំខាន់ៗ ក្នុងនោះ គឺការទូទាត់ប្រាក់អតីតភាពការងារការប្រើប្រាស់កិច្ចសន្យាកម្មសិក្សាដែលខុសច្បាប់ ការស្នើសុំដំឡើងប្រាក់ឈ្នួល និងការមិនគោរពច្បាប់ការងារ។
គិតត្រឹមរសៀលថ្ងៃចន្ទនេះ អាជ្ញាធរមានសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ បានឃាត់ខ្លួនអ្នកធ្វើកូដកម្មបន្ថែមទៀតចំនួនប្រមាណ១៤នាក់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះមួយរូបផងដែរ។ នេះ បើតាមការបញ្ជាក់ពីអ្នកការពារសិទ្ធិមនុស្សដែលឃ្លាំមើលកូដកម្មនៅកាស៊ីណូណាហ្គាវើលដ៍៕