ការសម្របសម្រួលវិវាទរវាងភាគីបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ និងតំណាងក្រុមហ៊ុន ត្រូវបរាជ័យជាបន្តបន្ទាប់ ដោយសារភាគីបុគ្គលិកនៅតែបន្តទាមទារឲ្យក្រុមហ៊ុនទទួលយកចូលធ្វើការវិញ ចំណែកភាគីក្រុមហ៊ុននៅតែរក្សាជំហរត្រឹមទូទាត់សំណងតាមច្បាប់។
កម្មករនិយោជិតរាប់រយនាក់របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលជាសាខារបស់ក្រុមហ៊ុន NagaCorp បានធ្វើកូដកម្មអស់រយៈពេល១១ថ្ងៃមកហើយ គិតត្រឹមថ្ងៃអង្គារនេះ។ពួកគេទាមទារដំណោះស្រាយចំនួនប្រាំបួនចំណុចសំខាន់ៗរួមមានការទូទាត់ប្រាក់អតីតភាពការងារការប្រើប្រាស់កិច្ចសន្យាកម្មសិក្សាខុសច្បាប់ការស្នើសុំដកប្រធានផ្នែកការស្នើសុំដំឡើងប្រាក់ឈ្នួលនិងការគោរពច្បាប់ការងារជាដើម។
ខណៈភាគីតំណាងកម្មករនិងនិយោជកមិនទាន់រកដំណោះស្រាយដើម្បីបញ្ចប់កូដកម្មនោះប្រធានផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនណាហ្គាវើលដ៍បានអំពាវនាវឲ្យបុគ្គលិកដែលមិនចូលធ្វើការចាប់ពីតាំងកូដកម្មចាប់ផ្តើមឲ្យត្រឡប់មកបំពេញការងារវិញនិងបានព្រមានថាពួកគេនឹងបាត់បង់ប្រាក់ខែនិងអត្ថប្រយោជន៍ផ្សេងទៀតបើបន្តអវត្តមាននៅកន្លែងធ្វើការ។
បើតាមលិខិតជូនដំណឹងមួយចុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លោក Hein Dames បញ្ជាក់ថា បុគ្គលិកដែលអវត្តមានពីការងារចាប់តាំងពីថ្ងៃដែលមាន «ការធ្វើកូដកម្មខុសច្បាប់»នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ គឺពុំមានសិទ្ធិក្នុងការទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗក្នុងអំឡុងពេលអវត្តមានឡើយ»។ លោក Hein Dames បានស្នើឲ្យបុគ្គលិកត្រឡប់ចូលធ្វើការងារវិញភ្លាមៗ។
លិខិតជូនដំណឹងនោះបានលើកឡើងក្នុងន័យដើមថា៖ «ក្នុងករណីដែលបងប្អូននៅតែមិនព្រមត្រឡប់ចូលមកធ្វើការងារវិញនោះ បងប្អូននឹងទទួលរងនូវវិធានការវិន័យស្របតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុនមានសិទ្ធិក្នុងការបញ្ឈប់ការងាររបស់បងប្អូនផងដែរ»។
ការអំពាវនាវរបស់ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍ឲ្យបុគ្គលិកវិលត្រឡប់មកធ្វើការវិញធ្វើឡើងក្នុងថ្ងៃតែមួយ ដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីយប់ថ្ងៃទី២៧ ខែធ្នូឆ្នាំ២០២១នេះបានចេញសេចក្តីប្រកាសបញ្ជាក់អំពីការមិនព្រមព្រៀងគ្នាក្រោយការចរចារវាងភាគីជម្លោះការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដោយភាគីអតីតកម្មករនិយោជិតដែលនៅសេសសល់ពីការព្រមទទួលយកសំណងទូទាត់បញ្ចប់កិច្ចសន្យាតាមច្បាប់ នៅតែបន្តទាមទារឱ្យក្រុមហ៊ុនទទួលយកចូលធ្វើការវិញ ចំណែកឯភាគីក្រុមហ៊ុននៅតែរក្សាជំហរមិនទទួលយកចូលធ្វើការវិញទេ ដោយឯកភាពទូទាត់សំណងត្រឹមត្រូវតាមច្បាប់។
ការចរចាកាលពីថ្ងៃចន្ទ ធ្វើឡើងដោយមានវត្តមានរបស់អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាលោកទេស រុក្ខាផល កញ្ញា ឈឹម ស៊ីថរ និង លោកមេធាវី ហម ស៊ុនរិទ្ធិ ដែលតំណាងអតីតកម្មករនិយោជិតទាំង៣៥៧នាក់ និងលោក Mike Ngai ជាតំណាងភាគីក្រុមហ៊ុន។ នេះជាការចរចាលើកទី៥ ក្រោយបុគ្គលិកណាហ្គាវើលដ៍ធ្វើកូដកម្មតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មកនោះ។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ទេស រុក្ខាផល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាបានទេ ដោយលោកថាជាប់ប្រជុំ។
កូដកម្មដែលកំពុងបន្តនៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ដែលចុះបញ្ជីនៅផ្សារភាគហ៊ុនក្នុងទីក្រុងហុងកុងបានផ្ទុះឡើងបន្ទាប់ពីមានកម្មករនិយោជិតប្រមាណជា១,៣២៩នាក់ត្រូវបានបញ្ឈប់ដោយបង្ខំអំឡុងខែមេសា ឆ្នាំ២០២១។ កម្មករនិយោជិតចំនួន៣៦៥នាក់ក្នុងចំណោមកម្មករនិយោជិតដែលត្រូវបញ្ឈប់នោះបានបដិសេធមិនទទួលការបញ្ឈប់និងបានតវ៉ាអស់រយៈពេលជាង៨ខែតែគ្មានដំណោះស្រាយ។
បើតាមសហជីពការពារប្រយោជន៍កម្មករនិយោជិតនៅក្រុមហ៊ុនណាហ្គាវើលដ៍ចំនួនកម្មករតវ៉ាទាមទារឲ្យបានចូលធ្វើការវិញបានថយមកនៅត្រឹមចំនួន២៧៦នាក់ដែលក្នុងនោះមានថ្នាក់ដឹកនាំសហជីពនិងសកម្មជនរបស់សហជីព។
មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍កញ្ញា ឈឹម ស៊ីថរប្រកាសនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍នារសៀលថ្ងៃអង្គារនេះថា ការចរចារវាងក្រុមហ៊ុន និងបុគ្គលិកដែលធ្វើឡើងចំនួន៥ដងកន្លងទៅនេះ មិនមានការបង្ហាញពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការដោះស្រាយនោះទេ។ កញ្ញា ស៊ីថរ បន្ថែមថា ការចរចានោះគឺពោរពេញដោយភាពអយុត្តិធម៌សម្រាប់សហជីព និងបុគ្គលិក។
«ណាហ្គាវើលដ៍គ្មានចេតនានៅក្នុងការបញ្ចប់វិវាទនេះទេ។ បងប្អូនប្រជុំជិត១០ប្រជុំ តាំងពីពេលដែលយើងជូនដំណឹងធ្វើកូដកម្មដោយសន្តិវិធីនេះប្រជុំជិត១០ប្រជុំគាត់ទៅនិយាយតែពាក្យមួយម៉ាត់ៗដដែលៗថា គាត់មិនអាចទទួលយកបុគ្គលិកទ៣៦៥នាក់ហ្នឹងចូលធ្វើការវិញទេ»។
កញ្ញា ឈឹម ស៊ីថរ បន្ថែមថាកម្មករនិយោជិតនឹងនៅរក្សាជំហរធ្វើកូដកម្មរហូតដល់និយោជកទទួលយកបុគ្គលិកដែលទាមទារឲ្យបានចូលបម្រើការងារវិញនៅក្នុងក្រុមហ៊ុន។
ក្រុមកូដករដែលធ្វើកូដកម្មនៅខាងមុខកាស៊ីណូណាហ្គាវើលដ៍នារសៀលថ្ងៃអង្គារនេះ នាំគ្នាអង្គុយមួយចំហៀងថ្នល់ ដោយដៃមានកាន់បដាទាមទារឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ដោះស្រាយទំនាស់ដែលកើតមាន។
កូដករមួយរូបដែលឈរធ្វើកូដកម្មនៅខាងមុខកាស៊ីណូណាហ្គាវើលដ៍អ្នកស្រី ម៉េង កន្និកា ប្រាប់វីអូអេថា ក្រុមបុគ្គលិកមិនអាចទទួលយកការកាត់បុគ្គលិកជាច្រើនរយនាក់របស់ក្រុមហ៊ុនបានទេ។ អ្នកស្រីថា ក្រុមហ៊ុនតែងរំលោភបំពានច្បាប់និងបញ្ឈប់សហជីពដែលការពារបុគ្គលិកជាហេតុធ្វើឲ្យក្រុមបុគ្គលិកនាំគ្នាចេញធ្វើកូដកម្មដើម្បីទាមទារឲ្យក្រុមហ៊ុនអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។
«បើយើងអត់មានសហជីពទេគឺយើងពិបាកយ៉ាងខ្លាំង ព្រោះអីក្រុមហ៊ុនរំលោភបំពានច្បាប់គ្រប់បែបយ៉ាង។ ពួកខ្ញុំអ្នកធ្វើការ គឺខ្ញុំយល់ដឹង អ៊ីចឹងបានពួកខ្ញុំយល់ដឹងគ្រប់គ្នា ពួកខ្ញុំចេញមកគ្រប់គ្នាដោយអត់មានការបង្ខិតបង្ខំ។ គឺដោយម្នាក់ៗសុទ្ធតែចិត្តតែម្តង»។
ប្រធានផ្នែកធនធានមនុស្សនៃក្រុមហ៊ុនណាហ្គាវើលដ៍លោក Hein Dames មិនទាន់ឆ្លើយតបសំណួររបស់សំឡេងសហរដ្ឋអាមេរិកផ្ញើតាមសារអ៊ីមែលនៅឡើយទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ៕