ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ហៅ​ការ​តវ៉ា​របស់​បុគ្គលិក​ណាហ្គា​វើលដ៍​«ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​»សន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ នាំ​ឲ្យ​បារម្ភ​អំពី​ការ​បង្រ្កាប


កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងនិយាយទៅកាន់កូដករដែលកំពុងធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនណាហ្គាវើលដ៍ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍ បាន​ចេញ​សេចក្តី​អំពាវ​នាវ​មួយ​ឲ្យ​អ្នក​តវ៉ា​បញ្ឈប់​ការ​ប្រមូល​ផ្តុំ ដោយ​ចោទ​ការ​ធ្វើ​កូដកម្ម​របស់​អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​រយៈ​ពេល​២​សប្តាហ៍​មក​នេះ​«ខុស​ច្បាប់» ហើយ​«ប៉ះ​ពាល់​ធ្ងន់​ធ្ងរ»​ដល់​សន្តិសុខ​សុវត្ថិភាព​សាធារណៈ។ ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្រ្កាប​នៅ​ពេល​ខាង​មុខ ខណៈ​មេដឹកនាំ​សហ​ជីព​ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​បញ្ចេញ​ឈ្មោះ​ថា​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​នេះ។

ការ​តវ៉ា​របស់​អតីត​បុគ្គលិក ខណៈ​មិន​ទាន់​មាន​ដំណោះ​ស្រាយទាក់ទង​នឹង​វិវាទ​ការងារ ដែល​ក្នុង​នោះ​មាន​ការ​បញ្ឈប់​បុគ្គលិក​៣៦៥​នាក់ ដែល​មាន​ទាំង​មេ​ដឹកនាំ​សហជីព​ផង​ដែរ។ បុគ្គលិក​ក៏​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ទូទាត់​ប្រាក់​បំណាច់​ឲ្យ​បាន​សម​ស្រប តាម​ច្បាប់​ការងារ ក្រោយ​មាន​ការ​បញ្ឈប់​បុគ្គលិក​ទ្រង់​ទ្រាយ​ធំ នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩។

នៅ​ក្នុង​សេចក្តី​អំពាវ​នាវ​មួយ​ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា​ការ​តវ៉ា​នោះដឹកនាំ​ដោយ​កញ្ញា ឈឹម ស៊ីថរ មេដឹក​នាំ​សហជីព​ម្នាក់ និង«​គូកន» ហើយ​បុគ្គលិក​«បាន​ធ្វើ​សកម្ម​ភាព​សម្តែង​មតិ​ដោយ​ខុស​ច្បាប់​នៅ​លើ​សួន​ច្បារ​សាធារណៈ និង​នៅ​តាម​ដង​ផ្លូវ​សាធា​រណៈ «ដែល​សកម្ម​ភាព​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សុវត្ថិភាព សណ្តាប់​ធ្នាប់​និង​របៀប​រៀប​រយ​សាធារណៈ​និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន ជា​ពិសេស​ពុំ​បាន​ចូលរួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩»។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​តវ៉ា​ទាំង​អស់​ត្រូវ​បញ្ឈប់​សកម្ម​ភាព​តវ៉ា។

អ្នកស្រី ហៃ សុភាព អាយុ​៣៥​ឆ្នាំ ដែល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ណាហ្គា​វើល​ដ៍​ជា​អ្នក​មើល​ការ​ខុស​ត្រូវផ្នែក​ចែក​បៀររយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ការ​តវ៉ា​របស់​បុគ្គលិក ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ ក្រោយ​ពួក​គេ​បាន​ព្យាយាម​តស៊ូ​មតិ​ជាមួយ​ក្រុម​ហ៊ុន​ប្រមាណ​៨​ខែ​មក​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​ឡើយ។

អ្នកស្រី​បញ្ជាក់​ថា៖ «អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​គឺ​រត់​តាម​នីតិ​វិធី​ច្បាប់​ទាំង​អស់។ អញ្ចឹង​ខ្ញុំ​អត់​ដឹង​ថា​កន្លែង​ណា ដែល​គេ​មើល​មកថា​ពួក​ខ្ញុំ​ធ្វើ​ខុស​ច្បាប់​ទេ​»។

អ្នកស្រី​ក៏​បារម្ភ​អំពី​ការ​បង្រ្កាប​នៅ​ពេល​ខាង​មុខ។ ហើយ​ប្រសិន​បើ​មាន​ការ​បង្រ្កាប​លើ​ការ​តវ៉ា អ្នកស្រី​ថា​វា​បង្ហាញ​អំពី​ភាព​អយុត្តិធម៌​សម្រាប់​បុគ្គលិក​ដែល​ធ្វើការ​នៅ​ណាហ្គា​វើល​ដ៍។

អ្នកស្រី​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​បើ​មាន​សកម្ម​ភាព​បែប​ហ្នឹង​កើត​ឡើង​មែន វា​ពិត​ជា​អយុត្តិធម៌​ដល់​បងប្អូន​កូដករ​យើង ដែល​គ្រាន់​តែ​ទាមទារ​រក​យុត្តិធម៌​នៅ​កន្លែង​ការងារ​ហ្នឹង ដើម្បី​ឆ្នាំង​បាយ​សោះ ទៅ​ជា​មាន​ការ​បង្រ្កាប​អ៊ីចឹង ខ្ញុំ​ពិត​ជា​មានអារម្មណ៍​ថា​អត់​មាន​ទំនុក​ចិត្ត​លើ​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទៀត​ទេ»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សារព័ត៌មាន​ក្នុង​ស្រុក​ដែល​ស្និទ្ធិ​នឹង​រដ្ឋាភិបាល Freshnews បាន​ផ្សព្វ​ផ្សាយ​អំពី​ហ្វេស​ប៊ុក​មួយ​ឈ្មោះ«Srey Aun Naga» ដោយ​រាយ​ការណ៍​ថា​មាន​ការ​បែក​សារ​សំឡេង​សម្ងាត់​របស់​កញ្ញា ឈឹម ស៊ីថរ ​មេដឹកនាំ​សហ​ជីព​មួយ​រូប អំពី​ការ​ណែនាំ​ឲ្យ​បុគ្គលិក​ទាំង​អស់​បន្ត​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ខាង​មុខ​កាស៊ី​ណូ​ណាហ្គា។

កាល​ពី​កន្លង​ទៅ អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​បាន​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ណាហ្គា​វើលដ៍​ត្រូវ​បញ្ឈប់​ទម្រង់​នៃ​ការ​រើស​អើង​សហជីព។

ក្រុមអតីតបុគ្គលិកណាហ្គាវើសលដ៍កំពុងធ្វើកូដកម្មនៅខាងមុខកាស៊ីណូណាហ្គាវើលដ៍ទាមទារឲ្យក្រុមហ៊ុនផ្តល់ដំណោះស្រាយលើការបញ្ឈប់បុគ្គលិក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)
ក្រុមអតីតបុគ្គលិកណាហ្គាវើសលដ៍កំពុងធ្វើកូដកម្មនៅខាងមុខកាស៊ីណូណាហ្គាវើលដ៍ទាមទារឲ្យក្រុមហ៊ុនផ្តល់ដំណោះស្រាយលើការបញ្ឈប់បុគ្គលិក នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ (រូបថត៖ កាន់ វិច្ឆិកា/វីអូអេ)

លោក​អំ សំអាត នាយក​រង​ទទួល​បន្ទុក​ឃ្លំាមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​បន្ត​ជំរុញ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ដោយ​តម្លាភាព និង​យុត្តិធម៌ ស្រប​តាម​ច្បាប់​ការងារ និង​បទដ្ឋាន​ពលកម្ម​អន្តរជាតិ។

លោក​ប្រាប់​វីអូអេ​៖ «ត្រូវ​តែ​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ ដើម្បី​ដោះ​ស្រាយ​ឲ្យ​បាន​សម​ស្រប ហើយ​អាច​ទទួល​យក​បាន អាហ្នឹង​វា​ជា​រឿង​ល្អ​ណា។ វា​មិន​មែន​ទៅ​ជា​ការ​លាប​ពណ៌ ឬ​ក៏​ការ​បង្កើត​ជា​បញ្ហា​ផ្សេងៗ»។

លោក ស៊ឹង សែន​ករុណា អ្នកនាំពាក្យ​សមាគម​អាដហុក ថ្លែងថា​ការ​តវ៉ា​របស់​បុគ្គលិកណាហ្គា ជា​កូដកម្ម មិន​មែន​បាតុកម្ម​ឡើយ។ លោក​បន្ថែម​ថា​អាជ្ញាធរ​គួរ​ដាក់​បន្ទុក​ទៅ​ខាង​ក្រុមហ៊ុន ដើម្បី​ធានា​ដំណោះ​ស្រាយ​មួយ​សម្រាប់​បុគ្គលិក។

លោក​ប្រាប់​វីអូអេ​ថា៖ «ការ​ទាមទារ​របស់​ពួកគេ​អត់​ទាន់​បាន​សម្រេច​ផង បែរ​ជា​មាន​ការ​ដាក់​សម្ពាធ​ផ្សេងៗ​ទៅ​ខាង​ពួកគាត់​ទៅ​វិញ អ៊ីចឹង​វា​ជា​រឿង​មួយ​មាន​ភាព​អយុត្តិធម៌​សម្រាប់​ពួកគាត់»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កាល​ពី​កន្លង​ទៅ លោក​ធ្លាប់​អះ​អាង​ថាមិន​មាន​ច្បាប់​ដែល​ហាម​ក្រុមហ៊ុន​មិន​ឲ្យកាត់​បន្ថយ​បុគ្គលិក​ឡើយ។

កាល​ពី​កន្លង​ទៅ ប្រធាន​ផ្នែក​ធន​ធាន​មនុស្ស​របស់​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍ បាន​អំពាវនាវ​ឲ្យ​បុគ្គលិក​ដែល​ចូលរួម​តវ៉ា ហើយ​មិន​ធ្វើការឲ្យ​ត្រឡប់​មក​បំពេញ​ការងារ​វិញ​និងព្រមាន​ថា​ពួកគេ​នឹង​បាត់​បង់​ប្រាក់​ខែ​និង​អត្ថ​ប្រយោជន៍​ផ្សេង​ទៀត​បើ​មិន​ត្រឡប់​ចូល​ធ្វើការ​វិញ។ នេះ​បើ​យោង​តាមលិខិត​ជូនដំណឹង​មួយ​របស់ក្រុមហ៊ុន​ណាហ្គាវើលដ៍ចុះ​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១។

គួរ​បញ្ជាក់​ថា​បុគ្គលិក​របស់​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​តវ៉ា​ជា​បន្ត​បន្ទាប់ ចាប់​តាំងពី​ចុង​ខែ​មេសា ឆ្នាំ​២០២១ នៅ​ពេល​ដែល​ក្រុម​ហ៊ុន​នេះ​ប្រកាស​បញ្ឈប់​បុគ្គលិក​ទ្រង់​ទ្រាយ​ធំ​រហូត​ដល់​១.៣០០​នាក់​នៃ​បុគ្គលិក​សរុប​ប្រមាណ​៨​ពាន់​នាក់ ដោយ​សារ​បញ្ហា​ហិរញ្ញវត្ថុ​ក្នុង​ពេល​វិបត្តិ​ជំងឺ​កូវីដ​១៩៕

XS
SM
MD
LG