ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ការដោះស្រាយ​វិវាទ​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បន្ត​ជាប់គាំង


អគារ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​នៅ​រាជធានី​ភ្នំពេញ ថត​នៅ​ថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។ (ណឹម សុភ័ក្រ្តបញ្ញា/វីអូអេ)

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណា​ហ្គាវើលដ៍ ​កញ្ញា​ ឈឹម ស៊ីថរ ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​ថា​ កិច្ច​ប្រជុំទាក់​ទង​នឹង​ជម្លោះ​ការងារ​របស់កម្មករ​និយោជិត​ចំនួន​៣៦៥នាក់​ ដែល​មិន​ទទួល​យក​ការ​បញ្ឈប់​ពី​ការងារ​នោះ​ មិន​បាន​ផ្តល់​លទ្ធផល​ជាដុំកំភួន​ទេ ហើយ​កម្មករ​និយោជិត នៅ​បន្តធ្វើ​បាតុកម្ម​ដដែល។

អ្នកការពារ​សិទ្ធិកម្មករ​និយោជិត​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​រូបនេះ​ បាន​លើកឡើង​ទៀត​ថា​ កិច្ចប្រជុំ​ធ្វើ​ឡើង​នៅក្រសួង​ការងារ​ កាល​ពី​ថ្ងៃ​ពុធ​ មិន​មាន​ភាគីនិយោជក​ចូលរួម​ទេ​ ហើយ​ភាគី​កម្មករ​ចំនួន​ជាង​ ៣៦០ នាក់​នោះ​ ក៏​មិន​បាន​បង្ហាញ​ខ្លួន​ក្នុងការ​ប្រជុំ​នោះ​ដែរ​ ដោយ​ពួកគេ​ បាន​ប្រគល់​សិទ្ធិ​ជូន​សហជីពឲ្យដោះស្រាយ​ជម្លោះ​របស់​ពួកគេ​។ ក្រុមកម្មករខ្លះ​ ទាមទារ​ប្រាក់​សំណង​សមស្រប​ចំពោះ​ការបញ្ឈប់​ពីការងារ​ និង​ខ្លះ​ទៀត​ ទាម​ទារ​ឲ្យ​បាន​ចូល​ធ្វើ​ការងារ​ដូចដើម​វិញ។

រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ ​ព្យួរ​ការងារ​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ខណៈបុគ្គលិកក្រុមហ៊ុន ណាហ្គា ​វើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​
រូបឯកសារ៖ កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីព​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​កាស៊ីណូ ណាហ្គាវើលដ៍ ​ព្យួរ​ការងារ​ និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ខណៈបុគ្គលិកក្រុមហ៊ុន ណាហ្គា ​វើសដ៍ (NagaWorld) ធ្វើ​កូដកម្ម​នៅ​ខាង​មុខ​កាស៊ីណូ​ ណាហ្គាវើសដ៍ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០។ (កាន់ វិច្ឆិកា/វីអូអេ)​

កញ្ញា ឈឹម ស៊ីថរ​ បា្រប់​វីអូអេ​នៅថ្ងៃ​ពុធនេះ​ថា៖​ «អីចឹង​សរុបជារួម​ទៅ​ កិច្ចប្រជុំ​ម្សិល​មិញ​ គឺអត់​បាន​ផ្លែផ្កា​ អី​ទាំង​អស់​ អត់មាន​សូម្បី​តែ ចុងក្រោយ​សូម្បី​តែ​យើង​ចង់ឲ្យ​ក្រសួង​បង្ហាញ​អំពី​រូបមន្ត​ ដែល​ត្រឹម​ត្រូវ​ក្នុងការ​ទូទាត់​ប្រាក់​សំណង​ ក៏ក្រសួង​អត់​ហ៊ាន​យក​ករណី​សិក្សាការ​ទូទាត់​របស់​ណាហ្គាផ្ទាល់​ដែរ​ ទៅ​យក​ឧទាហរណ៍​ផ្សេង ហើយមិន​ចេញ​ជា​ផ្លូវ​ការ​ទៀត​ថា​ តើ​អាហ្នឹង​ជារូបមន្តគោល​ ឬក៏អត់»។ ​

​បើតាម​កំណត់កិច្ចប្រជុំ​ ក្រោម​ការ​សម្របសម្រួល​ដោយ​លោក ​អ៊ូ រតនា​ អគ្គលេខាធិការ​រងនៃ​អគ្គលេខាដ្ឋាន​គណៈ​កម្មការ​សម្រាប់​ដោះស្រាយ​បញ្ហាកូដកម្ម​ បាតុកម្ម​នៅគ្រប់​មុខសញ្ញា​ មិនបាន​លើក​ឡើង​អំ​ពី​ចំណុច​ឯកភាព​ណាមួយរវាង​ភាគី​ដែលចូលរួម​ក្នុងការ​ប្រជុំ​នោះ​ទេ។ ប៉ុន្តែ​លោក ​អ៊ូ រតនា​ បាន​ស្នើ​ភាគី​កម្មករ​និយោជិត​រំសាយ​ការ​ធ្វើ​កូដ​កម្ម​ ដោយ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ រក្សា​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សហការ​ជិត​សិ្នទ្ធ​ជាមួយ​អាជ្ញា​ធរ​មាន​សមត្ថកិច្ច​ ព្រមទាំង​ភាគី​ពាក់​ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ចប់​វិវាទ​ ដោយ​សន្តិវិធី៕

XS
SM
MD
LG