ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រជាជន​នីហ្សេរីយ៉ា​អបអរ​នាយិកា​ថ្មី​នៃ​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ខណៈ​អ្នក​ជំនាញ​និយាយ​ថា​មាន​ការងារ​ធំៗ​នៅ​ចំពោះមុខ


អ្នក​ស្រី Ngozi Okonjo-Iweala ត្រូវ​បាន​តែង​តាំង​ជា​អគ្គនាយិកា​​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។
អ្នក​ស្រី Ngozi Okonjo-Iweala ត្រូវ​បាន​តែង​តាំង​ជា​អគ្គនាយិកា​​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO។

ប្រជាជន​នីហ្សេរីយ៉ាកំពុង​អបអរ​ការ​ឡើង​កាន់តំណែង​របស់​អតីត​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​អ្នក​ស្រី Ngozi Okonjo-Iweala ជា​ស្រ្តី​ដំបូង​និង​ជាជនជាតិ​អាហ្វ្រិក​ដំបូង​ជា​អគ្គនាយិកាអង្គការ​ពាណិជ្ជកម្ម​ពិភពលោក។​

អ្នក​ស្រី Ngozi Okonjo-Iweala ត្រូវ​បាន​តែង​តាំង​ជា​អគ្គនាយិកានៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោកWTO កាលពី​ថ្ងៃចន្ទ​ បន្ទាប់​ពី​គូប្រជែង​តែ​មួយ​របស់​អ្នក​ស្រី​គឺ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាងត្បូង​អ្នក​ស្រី​ Yoo Myung-Hee ដកខ្លួន​ចេញ​ពី​ការ​ប្រកួត។

ការ​តែងតាំង​នេះ​បាន​ធ្វើ​ឲ្យ​អ្នកស្រី​ក្លាយ​ជា​ស្រី​ដំបូង​និងជា​ជនជាតិ​អាហ្រ្វិក​ដំបូង​ដែល​នឹង​ដឹកនាំ​ស្ថាប័ន​ពាណិជ្ជកម្ម​សាកល​មួយ​នេះ។ តាំង​ពី​ការ​ប្រកាស​នោះ​មក ប្រជាជន​នីហ្សេរីយ៉ា​បាន​រីករាយ​យ៉ាង​ខ្លាំង។

នៅ​តាម​បណ្តាញ​សង្គម ស្ត្រី​ជនជាតិ​នីហ្សេរីយ៉ា​រាប់​ពាន់នាក់កំពុង​អបអរ​ដោយដោយ​ចម្លង​ស្ទីល​ស្លៀក​ពាក់​របស់​អ្នក​ស្រី​ ដែល​ជារឿយៗ​មាន​លក្ខណៈ​ប្រភេទ«អង់ការ៉ា» របស់​ជនជាតិ​ដើម ហើយ​ផ្សំ​ជាមួយ​នឹង​កន្សែង​ដូចគ្នា។

អ្នក​ស្រីToochukwu Ohanu បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​មួយ​ឈ្មោះ«ធ្វើ​ដូច​អ្នក​ស្រី Ngozi» ឬ« Be like Ngozi»។​ អ្នក​ស្រី​និយាយ​ថា៖«ក្នុង​នាម​ជា​ស្រ្តី​អាហ្វ្រិក​ម្នាក់ ធ្វើឲ្យខ្ញុំ​ត្រៀម​ខ្លួន​ជានិច្ច​។ ខ្ញុំ​ពិត​ជារីករាយ​ខ្លាំង​ណាស់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង។ ជាស្ត្រី​ជនជាតិ​អាហ្វ្រិកអាច​កាន់តំណែងនេះ​ វា​ពិត​ជា​រឿង​អស្ចារ្យ​ណាស់ ដូច្នេះហើយបានជាវា​គួរឲ្យ​ចាប់អារម្មណ៍​ជាពិសេស​សម្រាប់​ខ្ញុំ​ក្នុង​ការ​ចូល​រួម​ប្រកួត​ស្លៀក​ពាក់​ដូច​អ្នក​ស្រី​ Ngozi Okonjo-Iweala នៅលើ​ប្រព័ន្ធ​សង្គម twitter»។

អ្នក​ស្រី Okonjo-Iweala បាន​សន្យា​ថា​នឹង​ផ្តល់​អាទិភាព​លើការ​ធ្វើពាណិជ្ជកម្ម​ដោយ​យុត្តិធម៌​និង​ការ​ទទួល​បាន​វ៉ាក់សាំង​ជំងឺកូវីដ១៩ នៅពេល​ដែល​អ្នក​ស្រី​ចូល​កាន់​តំណែង​នៅ​ថ្ងៃទី​០១ ​ខែមីនា។

សេដ្ឋវិទូ​នីហ្សេរីយ៉ា​លោក Ken Ife និយាយ​ថា​ការ​តែង​តាំង​របស់​អ្នក​ស្រី​មាន​ន័យ​ថាការ​តំណាង​របស់​អាហ្វ្រិក​នៅ​លើ​បញ្ហា​ពាណិជ្ជកម្ម​សាកល​នឹង​ប្រសើ​រជាង​មុន។

លោក​និយាយ​ថា៖«វា​ជា​ពរ​មួយ​ដ៏​ធំ​សម្រាប់​អាហ្វ្រិក​និង​នីហ្សេរីយ៉ា​ជាពិសេស​ដោយសារ​តែអ្នក​ស្រី​នឹងជួយ​គាំទ្រ​ប្រទេស​ទន់ខ្សោយ​នានា​ឲ្យមានសំឡេង។ ហើយ​បញ្ហា​ដែល​កំពុង​ក្តៅ​គគុក​មួយ​ចំនួន​ដែល​យើង​កំពុង​ប្រឈម យើង​ដឹង​ថាអាចនឹងត្រូវ​បាន​យក​មកពិភាក្សា»​។​

សេដ្ឋវិទូ​លោក Eze Onyekpere និយាយ​ថា​ការ​ប្រឈម​មួយ​ដ៏ធំ សម្រាប់​នាយិកា​WTO ថ្មីនេះ ​គឺ​ការជំរុញ​ពាណិជ្ជកម្ម​សេរី​ ក្នុង​ចំណោម​ប្រទេស​ដែល​កំពុង​ព្យាយាម​ការពារ​សេដ្ឋកិច្ច​របស់​ពួកគេ​ដែល​ត្រូវ​បាន​ប៉ះទង្គិច​ដោយ​ជំងឺ​កូវីដ​១៩។ លោក​និយាយ​ថា៖«អ្នក​ស្រី​នឹងមាន​ភារកិច្ចនាំ​អ្នក​រាល់​គ្នា​មក​កាន់​តុពិភាក្សា​ដើម្បី​បង្ហាញ​ថា​ពាណិជ្ជកម្ម​ដែល​គ្មាន​ឧបសគ្គ​និង​គ្មាន​វិធានការពារ ​ផ្តល់ប្រយោជន៍ដល់​មនុស្ស​គ្រប់​គ្នា»។

អ្នក​ស្រី Okonjo-Iweala ​អតីត​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុនីហ្សេរីយ៉ា បាន​ចូល​រួមការ​ប្រកួត​ធ្វើ​ជានាយក​អង្គការWTO ជាមួយនឹង​បេក្ខជន​ជាច្រើន​នាក់​ផ្សេង​ទៀត​ បន្ទាប់​ពី​អតីត​មេដឹកនាំ​លោក Roberto Azevêdo បាន​ចុះ​ចេញ​ពី​ដំណែង​កាលពី​ខែ​សីហា។

ជ័យ​ជម្នះ​របស់​អ្នក​ស្រី​មាន​ការ​យឺតយ៉ាវ​នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ​បដិសេធ​មិនគាំទ្របេក្ខភាពរបស់​អ្នក​ស្រី ទោះ​បី​ជា​មាន​សមាជិក​ជា​ច្រើនផ្សេង​ទៀត​ដូចជា​ប្រទេស​ចិនគាំទ្រ អ្នក​ស្រី​ក៏ដោយ។

អ្នក​ជំនាញ​និយាយ​ថា​ការ​តែងតាំង​របស់​អ្នកស្រី Okonjo-Iweala អាច​ជំរុញ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វីប​អាហ្រ្វិក​ដែល​ចូល​បាន​ជា​ធរមាន​កាលពី​ខែ​មុន៕

ប្រែសម្រួល​ដោយ​កញ្ញា ទុំ ម្លិះ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG