លោកស្រី Nancy Kalembe បេក្ខនារីប្រធានាធិបតីអ៊ូហ្គាន់ដាជាស្ត្រីតែម្នាក់គត់ ដែលប្រកួតប្រជែងនឹងបុរស១០នាក់នៅក្នុងការបោះឆ្នោតក្នុងឆ្នាំនេះ។
លោកស្រីនិយាយថាមានការខ្វះខាតការថែទាំសុខភាព ការសិក្សាអប់រំ ហេដ្ឋារចនាសម្ព័ន្ធនិងការងារធ្វើ។
លោកស្រីបន្ទោសលោកប្រធានាធិបតី Yoweri Museveni ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ១៩៨៦ ហើយថា លោកធ្វើដូចពួកអ្នកកាន់អំណាចផ្តាច់ការដែលលោកបានជួយទម្លាក់ពីតំណែង។
អ្នកស្រីថ្លែងថា៖
«លោក Yoweri Museveni បាននិយាយថា សកម្មភាពសប្បុរសនិងសេចក្តីស្រឡាញ់ដំបូងរបស់លោកចំពោះប្រទេសនេះគឺចូលព្រៃហើយប្រយុទ្ធដើម្បីសេរីភាពយើងគឺប្រជារាស្ត្រ អ៊ូហ្គាន់ដា។ នៅពេលនោះ ខ្ញុំអាយុ៦ឆ្នាំ។ មតិខ្ញុំគឺថាសកម្មភាពល្អបំផុតបន្ទាប់គឺផ្ទេរអំណាចដោយសន្តិវិធី»។
ក៏ប៉ុន្តែលោក Museveni មានការគាំទ្រច្រើនក្នុងប្រទេសអ៊ូហ្គាន់ដា សូម្បីនៅតំបន់ Busoga ដែលជាកន្លែងកំណើតរបស់លោកស្រី Kalembe ផងដែរ។
លោកស្រីបានអំពាវនាវដល់អ្នកដែលមានជីវភាពមិនបានល្អជាងមុននៅក្រោមការគ្រប់គ្រងរបស់លោក Museveni។
ការស្ទង់មតិគ្រួសារអ៊ូហ្គាន់ដាកាលពីឆ្នាំ២០១៧បង្ហាញថា ៧៥%នៃប្រជាជនតំបន់ Busoga មានជីវភាពក្រីក្រ បើប្រៀបធៀបជាមួយនឹងប្រជាជនដែលមានជីវភាពមធ្យមភាគចំនួន ៦៣% នៅទូទាំងប្រទេស។
អ្នកស្រី Mutesi Aida ចូលចិត្តការអំពាវនាវរបស់លោកស្រី Kalembe។
អ្នកស្រី Mutesi និយាយថា៖
«យើងជាស្ត្រីមេម៉ាយថែទាំកូនតែម្នាក់ឯង។ កូនយើងទៅរៀន តែយើងមិនអាចធ្វើអ្វីបន្ថែមដើម្បីឱ្យអនាគតពួកគេបានល្អប្រសើរជាងនេះ។ ដូច្នេះខ្ញុំអំពាវនាវដល់ស្ត្រី អ៊ូហ្គាន់ដាទាំងអស់។ នេះជាឱកាសយើង។ យើងមានសំឡេងស្ត្រី យើងគួរមានប្រធានាធិបតីស្ត្រីដែរ»។
កាលពីឆ្នាំ១៩៩៤ប្រទេសអ៊ូហ្គាន់ដាបានក្លាយជាប្រទេសទីមួយក្នុងទ្វីបអាហ្វ្រិក ដែលមានអនុប្រធានាធិបតីស្រី្ត ហើយលោកស្រី Kalembe ជាស្ត្រីទីបួនដែលបានឈរឈ្មោះសម្រាប់តំណែងខ្ពស់បំផុតនៃប្រទេសនេះ។
ក៏ប៉ុន្តែការស្ទង់មតិមួយរបស់អង្គការ Research World International កាលពីឆ្នាំ២០១៦បង្ហាញថា មតិ៥៣%នៃពួកអ្នកឆ្លើយតបការស្ទង់មតិនិយាយថាប្រទេសអ៊ូហ្គាន់ដាមានសុវត្ថិភាពនៅពេលបុរសកាន់តំណែងប្រធានាធិបតី។
ពួកអ្នកវិភាគនិយាយថា ត្រូវការពេលយូរទៀតទើបប្រជាជនអ៊ូហ្គាន់ដាទទួលយកលទ្ធភាពឲ្យស្រី្តធ្វើប្រធានាធិបតី។
អ្នកស្រី Perry Aritua នាយិកាប្រតិបត្តិនៃបណ្តាញ ស្ត្រីប្រជាធិបតេយ្យ ក្នុងប្រទេសអ៊ូហ្គាន់ដា ថ្លែងថា៖
«មិនសំខាន់ទេបុរសឬស្ត្រីជាប់ឆ្នោតនោះ តែអ្វីដែលសំខាន់សម្រាប់អ្នកបោះឆ្នោតគឺតើអ្នកជាប់ឆ្នោតធ្វើការបែបណា។ តើពួកគេអាចកែប្រែជីវភាពប្រជារាស្ត្រដែលបានបោះឆ្នោតឱ្យពួកគេធ្វើតំណាងដោយប្រើអំណាចដែលពួកគេមានឬទេ?»
ទោះណាជាមិនធ្លាប់មានបេក្ខនារីណាម្នាក់ជិតក្លាយទៅជាប្រធានាធិបតីនៃប្រទេស អ៊ូហ្គាន់ដាក៏ដោយ ក៏លោកស្រី Kalembe សង្ឃឹមថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី យ៉ាងហោចណាស់ ក៏នឹងរក្សាគំនិតនៃការផ្លាស់ប្តូរពិតប្រាកដក្នុងការដឹកនាំដែរ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ