ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មេធាវី​សិទ្ធិ​មនុស្ស​អង់គ្លេស ត្រៀម​ខ្លួន​ក្លាយជា​អគ្គរដ្ឋអាជ្ញា​ប្រចាំ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ


មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ជនជាតិ​អង់គ្លស​លោក Karim Khan ត្រូវបាន​បោះឆ្នោត​ជ្រើសតាំង​ជា​អគ្គរដ្ឋអាជ្ញា​ប្រចាំ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) កាលពី​ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

បណ្តា​រដ្ឋ​សមាជិក​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ បាន​បោះឆ្នោត​ជ្រើសតាំង​មេធាវី​ការពារ​សិទ្ធិ​មនុស្ស​ជនជាតិ​អង់គ្លស​លោក Karim Khan ជា​អគ្គរដ្ឋអាជ្ញា​បន្ទាប់​ សម្រាប់​អាណត្តិ​រយៈពេល៩​ឆ្នាំ។ ​

​បន្ទាប់​ពី​ការ​បោះឆ្នោត​ចំនួន​ពីរ​ជុំ​កាល​ពី​ថ្ងៃ​ទី១២ ខែ​កុម្ភៈ នៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ក្នុង​ក្រុង​ញូវយ៉ក លោក Karim Khan បាន​យក​ឈ្នះ​លើ​បេក្ខជន​បីរូប​ផ្សេង​ទៀត​ដើម្បី​ក្លាយ​ជា​រដ្ឋ​អាជ្ញា​ទី​បី​ប្រចាំ​តុលាការ​ក្រុង​ឡាអេ។ ជា​អ្នកនាំ​មុខ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ដំបូង លោក Khan ទទួល​បាន​៧២​សំឡេង​ក្នុង​ចំណោម១២៣​សំឡេង ​នៅ​ក្នុង​ការ​បោះឆ្នោត​ជុំ​ទី​ពីរ។ ការ​ទទួល​បាន​សំឡេង​ភាគច្រើន​ចំនួន៦២ គឺ​ចាំបាច់​ដើម្បី​ទទួល​បាន​ការ​ជ្រើសតាំង។

លោក Khan ​បាន​យក​ឈ្នះ​លើ​លោក Carlos Castresana Fernandez មក​ពី​អេស្ប៉ាញ លោក Fergal Gaynor ​ពី​អៀរឡង់ និង​លោក Francesco Lo Voi ​ពី​អ៊ីតាលី។

លោក Khan បាន​តំណាង​ឲ្យ​រដ្ឋាភិបាល ប្រមុខ​រដ្ឋ មេដឹកនាំ​នយោបាយ មន្រ្តី​យោធា និង​ជនរងគ្រោះ​ នៅ​ចំពោះ​មុខ​តុលាការ​អន្តរជាតិ។

កាល​ពី​ឆ្នាំ ២០១៨ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក Antonio Guterres បាន​ចាត់​តាំង​រូបលោក​ជា​ទីប្រឹក្សា​ពិសេស​ដើម្បី​ដឹកនាំ​ក្រុម​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្ម​ដ៏​ឃោឃៅដែល​ត្រូវ​បាន​ចោទ​ថា​ ​ប្រព្រឹត្តឡើងដោយក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​អ៊ីរ៉ាក់​ រួម​មាន​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​កុលសម្ព័ន្ធ Yazidis​ ផង​ដែរ។

លោក Khan នឹង​ស្នង​តំណែង​អគ្គរដ្ឋអាជ្ញា បន្តពី​លោកស្រី Fatou Bensouda នៅ​ថ្ងៃ​ទី១៦ ខែ​មិថុនា នៅ​ពេល​អាណត្តិ​រយៈពេល៩​ឆ្នាំ​របស់​លោកស្រី​ត្រូវ​បានបញ្ចប់។ ​

លោកស្រី Bensouda ដែល​ជា​ជនជាតិ​ហ្គំប៊ី ជា​អគ្គរដ្ឋអាជ្ញា​ដ៏​ម៉ឹងម៉ាត់​មួយ​រូប ដោយលោកស្រីតាម​ប្រមាញ់​យកមេដឹកនាំ​សង្គ្រាម​នៅ​អាហ្វ្រិក និង​មេដឹកនាំ​មួយ​ចំនួន​នៅ​លើ​ពិភពលោក​មក​ប្រឈម​មុខ​ផ្លូវ​ច្បាប់។ លោកស្រី​បាន​ធ្វើ​ឲ្យ​រដ្ឋបាល​អតីត​ប្រធានាធីបតី​អាមេរិក​លោក Donald Trump មាន​ការ​ខឹង​សម្បារ​ជុំវិញ​ការ​ស៊ើបអង្កេត​ឧក្រិដ្ឋកម្ម​ដែល​ត្រូវ​បាន​ចោទ​ថា​ ​ប្រព្រឹត្តឡើងដោយកងកម្លាំងយោធា​អាមេរិកាំង​នៅ​អាហ្វហ្គានីស្ថាន និង​ជុំវិញ​ការ​បើក​ការ​ស៊ើបអង្កេត​លើ​ការ​ប្រព្រឹត្ត​របស់​អ៊ីស្រាអែល​មក​លើ​ជន​ប៉ាឡេស្ទីន។ ​

រដ្ឋបាល​លោក​ Trump បាន​តបត​វិញ​ដោយ​ដក​ហូត​ទិដ្ឋាការ​មក​កាន់​សហរដ្ឋ​អាមេរិក​របស់​លោកស្រី Bensouda ហើយ​បន្ទាប់​មក​បាន​បង្កក​ទ្រព្យ​សម្បត្តិ និង​ដាក់បម្រាម​លើ​ការ​ចូល​ក្នុង​សហរដ្ឋអាមេរិក​មក​លើ​លោកស្រី និង​មន្រ្តី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​មួយ​រូប​ទៀត។ រដ្ឋបាល​ថ្មី​ដឹកនាំ​ដោយ​លោក Biden បាន​បង្ហាញ​ថា ខ្លួន​នឹង​ពិនិត្យ​មើល​ការ​ដាក់​ទណ្ឌកម្មនេះ ប៉ុន្តែ​មិន​បាន​លុបចោល​បទបញ្ជា​ក្រោម​អាណត្តិ​លោក​ប្រធានាធិបតី​ Trump ដែល​បាន​ដាក់​មក​លើ​មន្រ្តី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នៅ​ឡើយ​ទេ។ សហរដ្ឋអាមេរិក​ មិនមែន​ជារដ្ឋ​សមាជិក​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នោះ​ទេ។ ​

តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៨ និង​បាន​ចាប់ផ្តើម​ដំណើរការ​សវនាការ​នៅ​ឆ្នាំ ២០០២ បន្ទាប់​ពី​ប្រទេស​ចំនួន ៦០ បាន​អនុម័ត​នូវ​សន្ធិសញ្ញា​ក្រុង​រ៉ូម។ សព្វថ្ងៃ​មាន​ប្រទេស​ចំនួន​ ១២៣​ ជា​សមាជិក។

លោកស្រី Akila Radhakrishnan ប្រធាន​អង្គការ Global Justice Center បាន​និយាយ​ថា៖ «យើង​ស្វាគមន៍​ការ​បោះឆ្នោត​ជ្រើសតាំង​លោក Karim Khan ជា​រដ្ឋអាជ្ញា​ថ្មី​ប្រចាំ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ និងទន្ទឹង​រង់ចាំ​សហការ​ជាមួយ​រូប​លោក​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ពី​ឧក្រិដ្ឋកម្ម​អន្តរជាតិ រួម​មាន​ អ្នក​នៅ​រស់រាន​មាន​ជីវិត​ពី​អំពើ​ហិង្សា​ផ្លូវ​ភេទ និង​យេនឌ័រ។ លោកស្រី​រដ្ឋអាជ្ញា Bensouda បាន​ចាត់​វិធានការ​សំខាន់ៗ​ដើម្បី​ពង្រឹង​ទស្សនវិស័យ និង​ចំណាត់ការ​ការងារ​ផ្តោត​លើ​យេនឌ័រ​នៅ​ការិយាល័យ​រដ្ឋអាជ្ញា​ ហើយ​យើង​សង្ឃឹម​ថា លោក​រដ្ឋអាជ្ញា​ Khan នឹង​បន្ត​ពង្រឹង​កេរដំណែល​នេះ»។

លោកស្រី​ Liz Evenson នាយិការង​ផ្នែក​យុត្តិធម៌​អន្តរជាតិ​ប្រចាំ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ បាន​និយាយ​ថា ការ​បោះឆ្នោត​ជ្រើស​តាំង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​«តុលាការ​ត្រូវការ​ខ្លាំង​ជាង​ពេល​ណា​ទាំង​អស់» ប៉ុន្តែ​ កំពុង​ប្រឈម​មុខ​នឹង​ទាំង​បញ្ហា​សមត្ថភាព​ផ្ទៃ​ក្នុង​ និង​សម្ពាធ​ពី​ខាង​ក្រៅ»។

លោកស្រី​បាន​និយាយក្នុង​សម្តី​ដើមថា៖ «យើង​រំពឹង​ថា លោក Karim Khan នឹង​ដោះស្រាយ​បញ្ហា​ខកខាន​នានា ខណៈ​បង្ហាញ​នូវ​ឯករាជ្យភាព​មុតមាំ​ដើម្បី​នាំ​យក​សូម្បី​តែ​ជន​មាន​អំណាច​ខ្លាំងក្លា​មក​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។ នៅ​ក្នុង​ស្ថានភាព​ញាំញី​ដោយ​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់​ៗនៅ​ជុំវិញ​ពិភពលោក រួម​មាន​ប្រទេស​អាហ្វហ្គានីស្ថាន សាធារណរដ្ឋអាហ្វ្រិក​កណ្តាល លីប៊ី និង​ប៉ាឡេស្ទីន តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ​គឺ​ជា​មាគ៌ា​សំខាន់មួយដើម្បី​ស្វែង​រក​យុត្តិធម៌​ដល់​ជនរងគ្រោះ»។ ​

​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ស៊ើបអង្កេត និង​កាត់ទោស​បុគ្គល​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរដែល​ជា​ការ​ព្រួយ​កង្វល់​ខ្លាំងពីសំណាក់សហគមន៍​អន្តរជាតិ​ រួម​មាន អំពើ​ប្រល័យ​ពូជសាសន៍ ឧក្រិដ្ឋកម្ម​សង្រ្គាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ពី​ការ​ប្រើប្រាស់​កម្លាំងយោធា។ មក​ទល់​ពេល​នេះ ករណី​ចំនួន ៣០​ ត្រូវ​បាន​នាំ​យក​មក​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ។ ចៅក្រម​បាន​ចេញ​ការ​ផ្តន្ទាទោស​ចំនួន៩​ករណី និង​ឲ្យរួចទោសចំនួន៤​ករណី៕

ប្រែសម្រួល​ដោយ​លោក​ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG