ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសារព័ត៌មាន​នីហ្សេរីយ៉ា​តវ៉ា​ប្រឆាំង​នឹង​សេចក្តីស្នើ​ច្បាប់​កំហិត​បណ្តាញ​ព័ត៌មាន


កាសែត​ដែល​គេ​ដាក់​លក់ នៅ​ទីក្រុង​អាប៊ូហ្សា​នៃ​ប្រទេស​នីហ្សេរីយ៉ា កាលពី​ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១។

ស្ថាប័ន​កាសែត​នីហ្សេរីយ៉ា ​កំពុង​តវ៉ា​ប្រឆាំង​សេចក្តី​ស្នើ​ច្បាប់​ដែល​កំពុង​ត្រូវ​បាន​ពិចារណា​នៅក្នុង​សភា​ដែល​នឹង​អនុញ្ញាត​ឱ្យ​អាជ្ញាធរ​ត្រួត​ត្រា​សារ​ព័ត៌មាន។ ​កាសែត​ជាតិ​ប្រចាំ​ថ្ងៃ​របស់​ប្រទេស​នីហ្សេរីយ៉ា​ទាំងអស់​នៅ​ថ្ងៃទី​១២​ ខែ​កក្កដា ​បាន​ផ្សាយ​ព័ត៌មាន​យ៉ាង​ក្លាហាន​អំពី​ការ​បិទ​ព័ត៌មាន​នេះ​នៅ​លើ​ទំព័រមុខ ​ដើម្បី​រក​ការ​គាំទ្រ​ប្រឆាំង​នឹង​សេចក្តី​ស្នើ​ច្បាប់​នេះ។

កិច្ច​ព្រមព្រៀង​ដើម្បី​ធ្វើ​ការ​តវ៉ា​នៅ​ទំព័រ​មុខ​នេះ ​ត្រូវ​ធ្វើឡើង​នៅ​ដើម​ខែ​កក្កដា​ក្នុង​អំឡុង​កិច្ច​ប្រជុំ​របស់​អង្គភាព​សារ​ព័ត៌មាន​នីហ្សេរីយ៉ា​ (NPO) ​នៅ​ក្រុង ​Lagos។​ សាមគ្គីភាព​នេះ ​នឹង​បន្ត​ដល់​ពាក់​កណ្តាល​ខែ​កក្កដា ​ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់ដឹង​និង​ប្រមូល​ផ្តុំ​ការ​គាំទ្រ​ពី​សាធារណ​ជន​ប្រឆាំង​សេចក្តី​ស្នើ​ច្បាប់​ដែល​នឹង​ផ្តល់​អំណាច​កាន់តែ​ច្រើន​ដល់​ស្ថាប័ន​បទ​បញ្ញត្តិ​ពីរ ​គឺ​ក្រុម​ប្រឹក្សា​សារ​ព័ត៌មាន​នីហ្សេរីយ៉ា​ និង​គណៈ​កម្មការ​ផ្សព្វផ្សាយ​នីហ្សេរីយ៉ា (NBC)។​

សមាជិក​សភា​និយាយ​ថា សេចក្តី​ស្នើ​ច្បាប់​នេះ​ មាន​គោល​បំណង​ទប់ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ។​ ប៉ុន្តែ​ក្រុម​អ្នក​រិះគន់​និយាយ​ថា​ សេចក្តី​ស្នើ​ច្បាប់​នេះ​ នឹង​ផ្តល់​សិទ្ធិ​អំណាច​ដល់​អាជ្ញាធរ​ក្នុង​ការ​វាយ​ប្រហារប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​អ្នក​សារ​ព័ត៌មាន​ដោយ​ការផាក​ពិន័យ​យ៉ាង​ច្រើន ​និង​ឃុំឃាំង​អ្នក​កាសែត​ដល់​ទៅ​៣ឆ្នាំ។​

សកម្ម​ជន​នីហ្សេរីយ៉ា ​និង​អ្នក​និពន្ធ​ឯករាជ្យ​ គឺ​លោក ​Raphael Adebayo​ ស្វាគមន៍ការ​តវ៉ា​របស់​កាសែត​ប្រចាំ​ថ្ងៃ​ ហើយ​និយាយ​ថា ​សេចក្តី​ស្នើ​ច្បាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ គឺ​ជា​ការ​វាយ​ប្រហារ​លើ​សេរីភាព​បញ្ចេញ​មតិ។

«វា​ជា​ការ​តវ៉ា​គួរ​ឱ្យ​សរសើរ។​ បណ្តា​អ្នក​អាជីវ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស ​បាន​ដឹង​ពី​សារៈ​សំខាន់​នៃ​សាមគ្គីភាព​ប្រឆាំងសត្រូវ​រួម​ដែល​ប្រឈម​មុខ​នឹង​សេរីភាព​សារ​ព័ត៌មាន​នៅ​ប្រទេស​នីហ្សេរីយ៉ា​សព្វថ្ងៃ»។

សមាជិក​សភា​នីហ្សេរីយ៉ា​ដែល​ផ្តួចផ្តើម​សេចក្តី​ស្នើ​ច្បាប់​នេះ​ គឺ​លោក ​Olusegun Odebunmi​ បាន​និយាយ​ថា ការ​ផ្លាស់ប្តូរ​នេះ ​មិនមែន​ជា​ការ​ប៉ុនប៉ង​ដើម្បី​បំបិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ។​ ការ​ពិភាក្សា​អំពី​ច្បាប់​នេះ​ បាន​ចាប់​ផ្តើម​ចំ​ពេលរដ្ឋាភិបាល​ចាត់​វិធានការ​រឹត​បន្តឹង​បទ​បញ្ញត្តិ​លើ​បណ្តាញ​សង្គម។​ កាល​ពី​ខែ​មុន​ រដ្ឋាភិបាល​បាន​ផ្អាក​ប្រព័ន្ធ​ធ្វីតធឺរ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​ដោយសារ​ការ​ត្រួត​ពិនិត្យ​អត្ថាធិប្បាយរបស់​លោក​ប្រធានាធិបតី​ Muhammadu Buhari។ ​អាជ្ញាធរ​ មិន​ទាន់​បាន​ដក​ចេញ​បម្រាម​នេះ​នៅ​ឡើយ​ទេ។​

អាជ្ញាធរ​និយាយ​ផង​ដែរ​ថា​ ការ​និយាយ​មិន​ពិត​ផ្សព្វផ្សាយ​នៅ​លើ​វេទិកា​បែប​នេះ​ អាច​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា។​ នាយក​ព័ត៌មាន​នៃ​វិទ្យុ​សំឡេងនីហ្សេរីយ៉ា ​គឺ​លោក​Ahaziah Abubakar ​មាន​ប្រសាសន៍​ថា​ ការ​ព្រួយ​បារម្ភ​របស់​រដ្ឋាភិបាល​ គឺ​ត្រឹមត្រូវ។​ ប៉ុន្តែ​លោក​ Adebayo ​និយាយ​ថា​ រដ្ឋាភិបាល​គ្រាន់​តែ​ព្យាយាម​រារាំង​មតិ​ដែល​ផ្ទុយ​ពី​គំនិត​របស់​ខ្លួន។​

លោកថ្លែងថា «មាន​ក្រម​ NBC ​ពិនិត្យ​ឡើង​វិញ​រួច​ហើយ​ដែល​បន្ត​ធ្វើ​ឱ្យ​កាន់តែ​លំបាក​សម្រាប់​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​សារ​ព័ត៌មាន។​

ប៉ុន្តែ​ពួកគេ​ចង់​ធ្វើ​ឱ្យកាន់តែ​ពិបាក​សម្រាប់​ពួកគេ​ ក្នុង​ការ​ផ្សព្វផ្សាយ​ ការបញ្ចេញ​មតិ​របស់​ប្រជាជន ​និងបង្ហាញ​ពី​ស្ថានភាព​ទូទៅ​នៅ​ក្នុង​ប្រទេស»។

ទណ្ឌកម្ម​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ត្រូវ​បាន​ពិភាក្សា​ញឹកញាប់​ជាង​មុន​ចាប់​តាំង​ពី​លោក ​Buhari ​ជាប់​ឆ្នោត​ជាលើក​ដំបូង​នៅ​ឆ្នាំ ​២០១៥ ។​ នៅ​ចន្លោះ​ឆ្នាំ​២០១៧ ​និង​ឆ្នាំ​២០១៩​ សមាជិក​សភា​ បាន​ពិចារណា​ច្បាប់​គ្រប់គ្រង​បណ្តាញ​សង្គម​ និង​ច្បាប់មួយ​ទៀត​ស្នើ​ឱ្យ​មានទោស​ប្រហារ​ជីវិត​ចំពោះ​ជន​ដែល​ផ្សព្វផ្សាយ​ការ​ជំរុញ​សម្អប់​រដ្ឋាភិបាល។​ សេចក្តីស្នើ​ច្បាប់​ទាំង​ពីរ​ត្រូវ​បាន​ផ្អាក​ បន្ទាប់ពី​មាន​ការ​រិះគន់​ជា​សាធារណៈ៕

ប្រែសម្រួល​ដោយ​លោក ពិន ស៊ីសុវណ្ណ

XS
SM
MD
LG