សេរីភាពតាមអ៊ីនធឺណិតក្នុងសាកលលោក បានបន្តធ្លាក់ចុះជាប់ៗគ្នាក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដោយនៅឆ្នាំ២០២០នេះ រដ្ឋាភិបាលជាច្រើន កំពុងប្រើប្រាស់ជំងឺរាតត្បាតជាសាកលកូវីដ១៩ ជជាលេស ដើម្បីបង្ក្រាបលើសេរីភាពបញ្ចេញមតិនិងសេរីភាពទទួលបានព័ត៌មាន។ នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការ Freedom House ដែលបានចេញផ្សាយនៅថ្ងៃពុធទី១៤ខែតុលា។
របាយការណ៍ប្រចាំឆ្នាំដែលមានចំណងជើងថា Freedom on the Net 2020: The Pandemic's Digital Shadow ឬ «ស្រមោលឌីជីថលរបស់ជំងឺរាតត្បាតជាសាកល» បានរកឃើញថា ក្នុងចំណោមប្រទេសចំនួន៦៥ដែលអង្គការនេះបានសិក្សាលើ មានប្រទេសចំនួន២៦ត្រូវបានរកឃើញមានការធ្លាក់ចុះខាងសេរីភាពតាមប្រព័ន្ធអ៊ីនធឺណិតនេះ ទោះបីជាសេរីភាពនេះបានកើនឡើងនៅក្នុងប្រទេសចំនួន២២ផ្សេងទៀតក៏ដោយ។
ប្រទេសដែលឃើញមានការធ្លាក់ចុះខ្លាំងជាងគេនូវសេរីភាពតាមអ៊ីនធឺណិតឆ្នាំ២០២០នេះរួមមានប្រទេសមីយ៉ាន់ម៉ា កៀហ្ស៊ីស៊ីស្ថាន ឥណ្ឌា អេក្វាទ័រ និងនីហ្សេរីយ៉ា។
ចំណែកប្រទេសកម្ពុជា ទទួលបានពិន្ទុ៤៣លើ១០០ ដែលមានន័យថា មានសេរីភាពតិចតួចប៉ុណ្ណោះ ដោយសារតែការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើក្រុមសំឡេងជំទាស់និងអ្នកសារព័ត៌មាន ដោយប្រើប្រាស់វិបត្តិសុខភាពសាកលនេះ ធ្វើជាហេតុផល។ នេះបើយោងតាមរបាយការណ៍ថ្មីនេះ៕