ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេរីភាព​សារព័ត៌មាន​នៅ​អាហ្វ្រិក​ខាងលិច​ស្ថិត​ក្នុង​ហានិភ័យ​ក្នុង​អំឡុងពេល​មាន​ជំងឺ​កូវីដ១៩


រូបឯកសារ៖ អ្នកសារព័ត៌មាន និងសកម្មជននីហ្សេរីយ៉ាដ៏ល្បីឈ្មោះម្នាក់ លោក Omoyele Sowore និយាយ​ទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយរដ្ឋាភិបាលនីហ្សេរីយ៉ា នៅក្រុង Abuja ប្រទេសនីហ្សេរីយ៉ា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។

សេរីភាព​សារព័ត៌មាន​នៅ​តំបន់អាហ្វ្រិក​ខាងលិច​មាន​ភាព​ប្រសើរ​ឡើង​ចាប់​តាំង​ពី​ទសវត្សរ៍១៩៩០មក​ ខណៈ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​ចាក់​ឫស​នៅ​តំបន់​នោះ។

ក៏​ប៉ុន្តែ​ចាប់​តាំង​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​បាន​ចាប់​ផ្តើម​ឡើង ក្រុម​សេរីភាព​សារព័ត៌មាន​បាន​ថ្លែងថា កងកម្លាំង​សន្តិសុខ​បាន​ធ្វើ​បាប​អ្នកកាសែត​ដែល​រាយការណ៍​អំពី​ការ​ផ្ទុះ​ឡើង​នៃជំងឺ​នេះ​នៅ​ក្នុង​ប្រទេស​ហ្គាណា នីហ្សេរីយ៉ា សេណេហ្គាល់ ​សៀរ៉ាឡេអូន និង​បណ្តា​ប្រទេស​ដទៃ​ទៀត។

លោក Muheeb Saeed នៃមូលនិធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​តំបន់អាហ្វ្រិក​ខាងលិច​ថ្លែងថា ​ឧបករណ៍​ប្រើប្រាស់របស់​ក្រុម​អ្នកសារព័ត៌មាន​ក៏​ត្រូវ​បាន​គេ​រឹប​អូស​ឬ​កម្ទេច​ចោល។

លោក Saeed ថ្លែងថា៖ «ការ​វាយប្រហារ​យ៉ាង​សាហាវ​ទៅ​លើអ្នកកាសែត​ដែល​រាយការណ៍​អំពី​ជំងឺ​រាតត្បាត​នេះ​បាន​ប៉ះពាល់​ដល់​ទឹកចិត្ត​របស់បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ប៉ះពាល់​ដល់​ការ​រួម​ចំណែករបស់​អ្នកកាសែត​ដើម្បី​កាត់​បន្ថយ​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ។ អ្នក​យក​ព័ត៌មាន​មាន​អារម្មណ៍​ថា​ វិស័យ​របស់​ពួក​គេ​ត្រូវ​គេ​ព្រួត​វាយប្រហារ ដែល​នេះ​មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​វិស័យ​មួយ​ដែល​មាន​តួនាទី​ជា​វេទិកា​អប់រំ ជូន​ដំណឹង និង​ផ្តល់​ព័ត៌មាន​មិន​លម្អៀង​ដល់​ប្រជាពលរដ្ឋ​អំពី​បញ្ហា​កូវីដ១៩នេះ»។

មូលនិធិ​នេះ​ក៏​បាន​ពិនិត្យ​ទៅ​លើ​ការ​អះអាង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំពី​ជំងឺ​រាតត្បាត​នេះ​ ហើយបាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​បញ្ជាក់​ការ​ពិត​មុននឹង​ចេញ​ផ្សាយ​ព័ត៌មាន​ ដើម្បី​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។

លោក Jonathan Rozen នៃ​អង្គការ​គណៈកម្មាធិការដើម្បី​ការ​ពារ​អ្នកសារព័ត៌មាន​ដែល​មូលដ្ឋាន​នៅ​ញូវយ៉ក បាន​ថ្លែងថា លោក​ក៏​បាន​ពិនិត្យ​ទៅ​លើ​ការវាយប្រហារ​លើ​អ្នក​សារព័ត៌មាន​នៅ​ក្នុង​តំបន់អាហ្វ្រិក​ខាងលិច នៅ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ។

លោកបាន​ថ្លែងថា រដ្ឋាភិបាល​នានា​កំពុង​ប្រើប្រាស់​ការ​ចោទប្រកាន់​ថា ​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មានថា​បាន​ផ្សាយ​ព័ត៌មាន​មិនពិត​ពាក់​ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩​ ដើម្បី​យក​ទៅ​បង្ក្រាប​លើ​សេរីភាព​សារព័ត៌មាន។

លោក​បាន​ថ្លែងថា​ពី​ទីក្រុង​ញូវយ៉ក​ តាម​រយៈ​កម្មវិធី​ផ្ញើសារ​មួយថា៖ «បច្ចុប្បន្ន​នេះ​ដែល​ក្រុម​អាជ្ញាធរ​កំពុងទប់ស្កាត់ព័ត៌មាន​មិនពិតពាក់ព័ន្ធ​នឹង​ជំងឺ​កូវីដ១៩ មាន​ការ​ព្រួយបារម្ភ​កាន់តែខ្លាំងថា​ ច្បាប់​ឬ​ច្បាប់គ្រាអាសន្ន​ដែល​រួមបញ្ចូល​ការ​ចាត់​ទុក​ការ​ផ្តល់​ព័ត៌មាន​មិនពិត​ជា​បទ​ឧក្រិដ្ឋ​នោះ ប្រហែល​ត្រូវ​បាន​ប្រើប្រាស់​ប្រឆាំង​នឹង​អ្នក​សារព័ត៌មាន»។

គណៈកម្មាធិការ​នេះ​ក៏​បាន​លើកឡើង​ពី​ឧទាហរណ៍​មួយចំនួន​ដែល​ក្រុម​អ្នកសារព័ត៌មាន​ត្រូវបាន​ចាប់​ខ្លួន​ឬ​ឃុំខ្លួន​ ខណៈពេល​រាយការណ៍​ព័ត៌មាន​អំពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ហ្គាណា នីហ្សេ នីហ្សេរីយ៉ា និង​សៀរ៉ាឡេអូន។

ទោះជា​យ៉ាង​នេះ​ក្តី​ តំបន់​មួយ​ចំនួននៅ​ក្នុង​តំបន់អាហ្វ្រិក​ខាងលិច​ក៏​មាន​ភាព​ប្រសើរ​ជាង​មុន​ផងដែរ។ ប្រទេស​ហ្គំប៊ី​ធ្លាប់​ជា​កន្លែង​ដែល​មាន​ការ​បំពាន​លើ​អ្នក​កាសែត​ខ្លាំង​ ក្រោមការ​គ្រប់គ្រង​របស់​មេដឹកនាំ​ផ្តាច់ការ​ដ៏​យូរ​អង្វែង​លោក Yahya Jammeh។

លោក Sheriff Bojang Jr. អ្នកកាសែត​ជនជាតិ​ហ្គំប៊ី​បានរត់​ភៀសខ្លួន​ពី​ការ​ចាប់​ខ្លួន​ហើយ​និរទ្ទេស​ខ្លួន​នៅ​ក្នុង​ប្រទេស​សេណេហ្គាល់ ទីដែល​លោក​បាន​រស់​នៅ​អស់​រយៈ​ពេល​ជិត​មួយ​ទសវត្សរ៍​ទៅ​ហើយ រហូត​ដល់​លោក Yahya Jammeh ត្រូវ​បាន​បង្ខំ​ឲ្យ​ចុះចេញ​ពី​តំណែង​កាលពីឆ្នាំ២០១៧ ដោយសារ​តែ​សម្ពាធ​របស់​អន្តរជាតិ។

លោក Bojang បាន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ហ្គំប៊ី​វិញ ហើយ​បាន​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​អ្នក​សារព័ត៌មាន​ប្រទេស​ហ្គំប៊ី ដែល​ធ្វើការ​ជាមួយ​នឹង​ក្រុម​មន្ត្រី​ដើម្បី​ការពារ​សេរីភាព​អ្នកសារព័ត៌មាន រួម​បញ្ចូល​ទាំង​ការ​រាយការណ៍​ពីជំងឺ​កូវីដ១៩​ផងដែរ។

ថ្លែង​ពី​ប្រទេស​ហ្គំប៊ី​តាម​កម្មវិធី​ផ្ញើសារ​មួយ​ លោក Bojang ថ្លែងថា សហជីពរបស់​លោក​បាន​ប្រតិកម្ម​ភ្លាមៗ​ នៅពេល​ដែល​ក្រុមមន្ត្រី​បាន​គំរាម​កំហែង​អ្នក​កាសែត​ដែល​ធ្វើការ​ស៊ើប​អង្កេត​ទៅ​លើ​មជ្ឈមណ្ឌល​ដែល​ដាក់​មនុស្ស​នៅ​ដាច់​ដោយឡែក​មួយ​កន្លែង។

លោក Bojang ថ្លែងថា៖«យើង​មាន​អារម្មណ៍ថា ការ​គំរាម​កំហែង​របស់​ប្រធាន​មជ្ឈមណ្ឌល​នោះ​មិន​សមស្រប ហើយ​ពិតណាស់​វាជា​ការ​វាយប្រហារ​ទៅ​លើ​សេរីភាព​សារព័ត៌មាន។ ហើយយើង​បានចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​ ហើយ​បន្ទាប់​មក​ការ​គំរាមកំហែង​នោះ​មិន​អាច​កើត​មាន​ឡើង​បាន​នោះទេ ក្រុម​អ្នកសារព័ត៌មាន​ក៏​បន្ត​ធ្វើការ​របស់​ពួកគេ​ដោយ​គ្មាន​ការ​ធ្វើ​បាប​ទៀត»។

ក្រោម​ការ​គ្រប់គ្រង​របស់​លោក Jammeh ក្រុមសេរីភាព​សារព័ត៌មាន​បាន​ចងក្រង​(ឯកសារ)​អំពី​សំណុំរឿង​នានា​ដែល​អ្នកកាសែត​ត្រូវបាន​ធ្វើ​ទារុណកម្ម ត្រូវបាន​ចាប់​ខ្លួន​ដោយ​ខុសច្បាប់ ត្រូវ​បាត់​ខ្លួន​ដោយ​បង្ខំ និង​សូម្បីតែ​ត្រូវបាន​សម្លាប់​ផងដែរ៕

ប្រែសម្រួលដោយ ស្រេង លក្ខិណា

XS
SM
MD
LG