ក្រោយមានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីព្រឹកថ្ងៃព្រហស្បតិ៍ឲ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អតីតតំណាងរាស្រ្តខេត្តត្បូងឃ្មុំ លោក ប្រាជ្ញ ចន្ទ បានថ្លែងថាលោកនឹងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន ដើម្បីធានាអព្យាក្រឹតភាពរបស់ស្ថាប័នមួយនេះ។
នេះជាការឆ្លើយតបរបស់លោក ប្រាជ្ញ ចន្ទ ដែលមានបទពិសោធន៍ជាអភិបាលខេត្តបាត់ដំបង និងត្បូងឃ្មុំផងនោះ ទៅនឹងការរិះគន់ថាស្ថាប័នរៀបចំការបោះឆ្នោត មិនទាន់អាចទុកចិត្តបានទេ ដោយសារសមាជិកស្ទើរតែទាំងអស់មានអតីតភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយសមាជិកមកពីគណបក្សសង្គ្រោះជាតិបានលាឈប់ ក្រោយបក្សនេះត្រូវបានរំលាយកាលពីចុងឆ្នាំ២០១៧។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ តំណាងរាស្រ្តរដ្ឋសភាដែលបានចូលរួមកិច្ចប្រជុំសរុបចំនួន៨២រូបរបស់គណបក្សប្រជាជនកម្ពុជាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត គឺ«ព្រម»ឲ្យលោក ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ធ្វើជាប្រធានស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានដាក់ពាក្យលាឈប់ ដោយសារបញ្ហាជំងឺប្រចាំកាយ។
ប៉ុន្តែការជ្រើសរើសនេះ ត្រូវបានរិះគន់ដោយគណបក្សប្រឆាំងនិងអ្នកតាមដានមួយចំនួនថាស្ថាប័នមួយនេះមិនអាចជាស្ថាប័នគួរជាឲ្យទុកចិត្តបានសម្រាប់រៀបចំការបោះឆ្នោតនោះទេ។
ទោះជាយ៉ាងណា លោក ប្រាជ្ញ ចន្ទ ប្រាប់ VOA នៅរសៀលថ្ងៃព្រហស្បតិ៍ថាលោកនឹងអនុវត្តតាមច្បាប់ និងបទបញ្ជាផ្ទៃក្នុងដែលមានតែប៉ុណ្ណោះ ហើយថានេះជាសិទ្ធិរបស់អ្នករិះគន់តែប៉ុណ្ណោះ ទាក់ទងនឹងបញ្ហាអព្យាក្រឹត និងតម្លាភាព។
លោកថ្លែងថា៖ «គ.ជ.បយើងធ្វើការតាមច្បាប់ និងនីតិវិធី បទបញ្ជាផ្ទៃក្នុង។ យើងមិនមានធ្វើអ្វីខុសពីហ្នឹងទេ។ អញ្ចឹងយើងធ្វើឲ្យបានត្រឹមត្រូវតាមហ្នឹងទៅវាត្រូវហើយ។ យើងមិនអាចធ្វើឲ្យខុសច្បាប់បានទេ។ អ្នកថាចេះតែថាទៅប៉ុន្តែយើងធ្វើឲ្យតែត្រឹមត្រូវតាមច្បាប់។ បើធ្វើខុសច្បាប់ម៉េចបាន? បើផ្លូវដើរ វាដើរតាមច្បាប់ហ្នឹង ហើយផ្លូវវាកំណត់ឲ្យយើងដើរ ហើយមានបទបញ្ជាផ្ទៃក្នុង នីតិវិធី លិខិតបទដ្ឋាន...យើងមិនអាចធ្វើខុសហ្នឹងបានទេ»។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ថ្លែងប្រាប់ VOA ថា ស្ថាប័នបោះឆ្នោតដែលជាអាជ្ញាកណ្តាល មិនអាចទុកចិត្តបាននោះទេ ដោយសារពួកគេមាននិន្នាការជាមួយគណបក្សប្រជាជនកម្ពុជា។
លោកបន្តថាការបោះឆ្នោតទទួលយកបាន ទាល់តែស្ថាប័នបោះឆ្នោតអាចទុកចិត្តបាននិងបរិយាកាសនយោបាយអំណោយផល។
លោកបញ្ជាក់ថា៖ «វាច្បាស់ហើយ បើការប្រកួតប្រជែងមួយ ដែលអាចប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវនិងមានយុត្តិធម៌ពិតប្រាកដវាមានកត្តាធំៗពីរមកជាមួយគ្នា។ ទីមួយគឺអាជ្ញាកណ្តាលនៃការបោះឆ្នោតនៅប្រទេសកម្ពុជា គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ទីពីរបរិយាកាសនយោបាយ។បើសិនជាអាជ្ញាកណ្តាលឯករាជ្យធ្វើការដោយឯករាជ្យប៉ុន្តែបរិយាកាសនយោបាយពោរពេញទៅដោយការចាប់ចង ទៅដោយការចោទប្រកាន់ បិទសិទ្ធិសេរីភាពលម្ហសេរីភាព គឺតូចចង្អៀត ដូចភាគីម្ខាងធ្វើអ្វីបានតាមចិត្ត ឯគូបដិបក្ខនិយាយអ្វីមិនបាន។ គ្រាន់តែនិយាយផ្ទុយពីគោលជំហរខ្លួនឯង[គណបក្សកាន់អំណាច] ចោទ និងចាប់ សុទ្ធតែវឹកវរសង្គមបែបនេះ គឺការបោះឆ្នោតហ្នឹងវាមិនអាចថាសេរីថាត្រឹមត្រូវបានទេ»។
លោកអេង ឆៃអ៊ាងបញ្ជាក់ថាជំហររបស់គណបក្សសង្រ្គោះជាតិ គឺតាមសហគមន៍អន្តរជាតិ ដែលលោកថាចង់ឲ្យដាក់ដំណើរការគណបក្សសង្រ្គោះជាតិឡើងវិញ។ ដូច្នេះលោកថាប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនកែប្រែនោះទេ កម្ពុជានឹងក្លាយជាប្រទេសឯកាមួយ។
លោកបន្ថែមថា៖ «យើងគាំទ្រជំហររបស់សហគមន៍អន្តរជាតិយើងដឹងហើយដូចជំហរសហភាពអឺរ៉ុប គេបានបញ្ជាក់ច្បាស់ហើយអំពីគោលនយោបាយរបស់គេគឺដើម្បីឲ្យគេទទួលយកបានទាល់តែឲ្យគណបក្សសង្គោះជាតិដំណើរការឡើងវិញ។ បែបហ្នឹងបានជាជំហររបស់សហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកដែរ ប៉ុន្តែលោកហ៊ុន សែន មិនរវីរវល់នឹងសំណើរបស់គេទេ ក៏គេមិនបន្ធូរដៃដែរ។ ទណ្ឌកម្មផ្សេងទៀត ក៏គេមិនអាចដកថយបានទេ។ ពេលហ្នឹងលោក ហ៊ុន សែនគាត់ឯកោខ្លួនគាត់ហើយ។ គាត់មានតែចិន មានតែយួនមានតែលាវ អីហ្នឹង ដែលជាអ្នកចាប់ដៃគាត់ ប៉ុន្តែប្រទេសលោកខាងលិច គេមិនទៅចាប់ដៃជាមួយគាត់ទេបាទ»។
ចំណែកលោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ ថ្លែងប្រាប់ VOA តាមរយៈប្រព័ន្ធTelegramថាគ.ជ.ប ស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច ព្រោះទាំងរដ្ឋសភា ទាំងគ.ជ.ប សុទ្ធតែជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា។
លោកបញ្ជាក់ថា៖ «ទាំងអស់នេះបង្ហាញថាទីលាននយោបាយនៅកម្ពុជាពុំមានភាពស្មើគ្នានោះទេសម្រាប់គណបក្សនយោបាយ ដោយសារថាគ.ជ.បស្ថិតក្រោមឥទ្ធិពលគណបក្សកាន់អំណាច។ គណបក្សឆន្ទៈខ្មែរចង់ឃើញគ.ជ.ប មួយដែលមានភាពឯករាជ្យ មិនលម្អៀងនិងគួរឲ្យជឿជាក់បាន»។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា យល់ឃើញស្រដៀងគ្នានឹងប្រធានគណបក្សឆន្ទៈខ្មែរថាលោកមិនមានជំនឿលើគ.ជ.បនោះទេ ដោយសារតែស្ថាប័ននេះកើតចេញមកពីគណបក្សកាន់អំណាច។
លោកថ្លែងថា៖ «សម្រាប់ខ្ញុំ មិនមានជំនឿចិត្តទេ ព្រោះប្រធានគ.ជ.បមួយទាំងមូលចេញពីកូតាគណបក្សនយោបាយ។ អាហ្នឹងចង់ [ឬ]មិនចង់គាត់នឹងលម្អៀង ឬសម្របសម្រួលការងារដល់គណបក្សនយោបាយដែលខ្លួនមាននិន្នាការហ្នឹងហើយ។ បើឆន្ទៈខ្ញុំ ខ្ញុំចង់ឲ្យប្រធានគ.ជ.ប ហ្នឹងជាមនុស្សដែលមិនពាក់ព័ន្ធជាមួយគណបក្សនយោបាយណាទេ»។
ចំណែកលោកម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ អះអាងថាច្បាប់គ.ជ.ប មានរួចមកហើយដែលបង្កើតដោយគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ។ ដូច្នេះលោកថាការអនុវត្តច្បាប់ដែលមានជារឿងសំខាន់ បើទោះមានការផ្លាស់ប្តូរសមាជិកគ.ជ.ប ក៏ដោយ។
លោកថ្លែងថា៖ «ច្បាប់មានហើយគឺដោយសារគណបក្សពីរ គណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិបានសហការគ្នាបង្កើតច្បាប់គ.ជ.បហ្នឹង ហើយបើយើងផ្លាស់តែមនុស្សហើយមនុស្សមកហ្នឹងគឺយកច្បាប់ទៅអនុវត្តទោះជាអ្នកណាក៏ដោយ ក៏យើងគោរពរដ្ឋធម្មនុញ្ញហើយយើងយកច្បាប់ទៅអនុវត្តដូចៗគ្នាហ្នឹង។ ដូច្នេះរឿងគ.ជ.បវារឹតតែរួមបញ្ចូលគ្នាកាន់តែតូចទៅៗ ហើយដូច្នេះការអនុវត្តអ្វីមួយគឺទៅតាមច្បាប់។ ដូច្នេះការផ្លាស់ប្រធានគ.ជ.ប អ្នកណាមួយៗ ក៏ដូចតែគ្នាដែរ ពីព្រោះយើងយកទៅអនុវត្តច្បាប់មិនមែនយកទៅធ្វើអ្វីតាមចិត្តរបស់ខ្លួន វាអត់កើត»។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានកាលពីថ្ងៃទី១១ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍មួយ ដោយស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញស្តីពីសមាសភាពស្ថាប័នគ.ជ.ប ដែលចែងពីដើមឡើយថាសមាសភាព៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល ៤រូបទៀតត្រូវជ្រើសរើសដោយគណបក្សមានអាសនៈក្នុងរដ្ឋសភាដែលមិនចូលរួមក្នុងរដ្ឋាភិបាល និងមួយរូបទៀតជ្រើសរើសដោយមានការព្រមព្រៀងគ្នារវាងគណបក្សទាំងអស់ដែលមានអាសនៈក្នុងរដ្ឋសភា។ គណបក្សប្រជាធិបតេយ្យមូលដ្ឋានស្នើថាក្នុងករណីដែលមានតែគណបក្សនយោបាយមួយដែលមានអាសនៈក្នុងរដ្ឋសភា សមាសភាពគ.ជ.ប ចំនួន៤រូប ត្រូវជ្រើសរើសដោយគណបក្សដឹកនាំរដ្ឋាភិបាល និង៥រូបទៀត ត្រូវជ្រើសរើសដោយបើកចំហ និងតម្លាភាព។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោតហៅកាត់ថាខុមហ្វ្រែល ថ្លែងថាការជ្រើសរើសប្រធានគ.ជ.បនេះ មានភាពចន្លោះប្រហោងនិងមិនទាន់មានភាពឯករាជ្យនោះទេ ដោយសារវាជាការជ្រើសរើសដោយឯកបក្សតែប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «អញ្ចឹងយើងឃើញថានីតិវិធីក្នុងការជ្រើសរើសនេះ នៅមានការកំណត់មួយដែលមិនទាន់ឆ្លើយថាជានីតិវិធីដែលមានការជ្រើសរើសបេក្ខជនដែលឯករាជ្យនេះគឺវានៅមានចន្លោះប្រហោង មិនទាន់បានពេញលក្ខណៈនោះទេ»។
លោកបន្ថែមថាទាល់តែមានគណបក្សប្រឆាំងមួយក្នុងរដ្ឋសភាដែលចូលរួមការជ្រើសរើសនេះ ទើបអាចធានាបានឯករាជ្យភាពនៃស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប៕